ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរ​អន្តរជាតិ​ទៅ​កម្សាន្ដ នៅ​តំបន់​ទេសចរណ៍​ភូមិភាគ ឦសាន​កើន​ជាង​9%

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំបន់​អេកូ​ទេ​ចរណ៍​ភូមិភាគ​ឦសាន ជា​កន្លែង​សក្តានុពល​ដ៏​សំខាន់​មួយ ក្នុង​ចំណោម​តំបន់​ទេសចរណ៍ធម្មជាតិ​ដទៃ​ទៀត​របស់​កម្ពុជា ដែល​ភាគច្រើន​ជា​គោលដៅ​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​ទស្សនា​កម្សាន្ដ ។ បើ​តាម​របាយការណ៍​ក្រសួងទេសចរណ៍ ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ​មាន​ជាង​៤​ម៉ឺន​នាក់…

រាជធានី​ភ្នំពេញ ៖ តំបន់​អេកូ​ទេ​ចរណ៍​ភូមិភាគ​ឦសាន ជា​កន្លែង​សក្តានុពល​ដ៏​សំខាន់​មួយ ក្នុង​ចំណោម​តំបន់​ទេសចរណ៍ធម្មជាតិ​ដទៃ​ទៀត​របស់​កម្ពុជា ដែល​ភាគច្រើន​ជា​គោលដៅ​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​ទស្សនា​កម្សាន្ដ ។ បើ​តាម​របាយការណ៍​ក្រសួងទេសចរណ៍ ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ​មាន​ជាង​៤​ម៉ឺន​នាក់ កើនឡើង​ជាង​៩% ។

យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨​នេះ តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឦសាន​បាន​ទាក់ទាញ​ភ្ញៀវ​ទេចរ​អន្តរជាតិ​ទៅ​កម្សាន្ត​មាន​ជាង​៤,២​ម៉ឺន​នាក់​ស្មើនឹង​១,២%​នៃ​ចំនួន​សរុប​ពោល​គឺ​មានការ​កើនឡើង​ប្រមាណ​៩,២% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​នៃ​ឆ្នាំ​២០១៧ ។
កំណើន​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​កម្សាន្ដ​នៅ​តំបន់​នេះ ត្រូវ​បាន​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​យល់​ឃើញ​ថា ដោយសារ​តែ​ការ​កសាង និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​នៅ​ជាដើម ហើយ​កត្តា​ដែល​ពិសេស​នោះ ដោយសារ​ប្រទេស​ជាតិ​មាន​សុខ​សន្ដិភាព និង​ស្ថិរភាព​នយោបាយ​ទូ​ទាំង​ប្រទេស ។

លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា មាន​ប្រសាសន៍​ថា ៖« ដោយសារ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ត​ភ្ជាប់​មាន​ភាព​ងាយស្រួល និង​ការ​ខិតខំ​ផ្សព្វផ្សាយ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងទេសចរណ៍ និង​វិស័យ​ឯកជន បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវ​អន្តរជាតិ​ទៅ​កម្សាន្ដ​នៅ​តំបន់​នោះ ។ កត្តា​ដែល​ពិសេស​នោះ គឺ​សន្ដិភាព និង​សុវត្ថិភាព ដែល​បាន​ផ្ដល់​ទំនុកចិត្ត​ដល់​ភ្ញៀវ​ពី​មួយ​រដូវ​ទៅ​មួយ​រដូវ អាច​ឱ្យ​ពួក​គាត់​ធ្វើ​ដំណើរ​ដល់​គោលដៅ​បាន​ដោយ​គ្មាន​ការ​ព្រួយបារម្ភ »​។

លោក​ជំទាវ​បញ្ជាក់​ថា ៖« តំបន់​ភូមិភាគ​ឦសាន​នេះ ថ្វី​ត្បិត​តែ​មិន​មាន​ប្រាសាទបុរាណ ឬអ្វី​ទំនើប​ទាក់ទាញ ប៉ុន្តែ​យើង​មាន​សក្តានុពល​ខ្ពស់​ទៅ​លើ​ធនធាន​ម​ធ្ម​ជាតិ គឺ​ភ្ញៀវ​គាត់​មាន​ចំណាប់អារម្មណ៍​បែប​ជា​ធម្មជាតិ ដូច​ជា ទឹកជ្រោះ​, ព្រៃឈើ និង​វប្បធម៌ ប្រពៃណី​នៃ​ការ​រស់នៅ​របស់​បងប្អូន​ជនជាតិភាគតិច​ជាដើម ។ ដូចនេះ ប្រ​សិន​យើង​ចេះ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ខ្លាំង ចេះ​ថែរក្សា​នូវ​វប្បធម៌​បែប​ភូមិភាគ​ឦសាន គឺ​កាន់តែ​មានការ​ទាក់ទាញ​ខ្លាំង​ថែម​ទៀត មិន​ថា​ភ្ញៀវ​ទេចរ​អឺរ៉ុប​ទេ សូ​ម្បី​តែ​ភ្ញៀវ​អាស៊ាន ក៏​ដូច​ជា​ទេសចរ​ចិន ក៏​មានការ​ចាប់អារម្មណ៍​ច្រើន​ដែរ »​។

លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី មាន​ប្រសាសន៍​ថា ៖« សម្រាប់​តំបន់​ភូមិភាគ​ឦសាន ពិសេស​នៅ​ខេត្តមណ្ឌលគិរី មាន​តំបន់​ទេសចរណ៍​សក្តានុពល​មាន​ពីរ​ផ្នែក​គឺ​វប្បធម៌ ដែល​មាន​ជនជាតិភាគតិច​រស់នៅ​ចម្រុះ​គ្នា និង​ផ្នែក​ធម្មជាតិ គឺ​សម្បូរ​ដោយ​ព្រៃ​ភ្នំ​, ទេសភាព​, សត្វព្រៃ ពិសេស​ធម្មជាតិ​មាន​ភាព​ស្រស់​ស្អាត ដែល​បង្កើត​បានជា​រមណីយដ្ឋាន​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ »​។

លោក​បន្ត​ថា ហេដ្ឋារចនាសម្ព័ន្ធ​ទៅ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍​មាន​កន្លែង​មួយ​ចំនួន​ធ្វើ​បាន​ល្អ តែ​មួយ​ចំនួន​ទៀត​មិន​ទាន់​ល្អ​នៅឡើយ ហើយ​ការ​អភិវឌ្ឍ និង​ការ​រៀបចំ​ផ្តល់​សេវា​ទៅ​ភ្ញៀវ ហាក់​នៅ​មាន​កម្រិត ដែល​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​គិតគូរ​ឡើង​វិញ ព្រោះ​ចំណុច​ទាំងនេះ​ជា​ឧបសគ្គ​សម្រាប់​វិស័យ​ទេសចរណ៍ ។ លោក​ជំទាវ ឆាយ ស៊ី​វលី​ន ក៏​បាន​លើក​ឡើង​ពី​ឧបសគ្គ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ដែល​កំពុង​ជួប​ប្រទះ​នៅ​តំបន់​នេះ​ផង​ដែរ ដូច​ជា​ការ​ផ្ដល់​សេវា​ដល់​ភ្ញៀវ​ទេសចរ​នៅ​មាន​កម្រិត ទាំង​បន្ទប់​ស្អាត​សម្រាប់​ស្នាក់​នៅ​, រមណីយដ្ឋាន នៅ​មាន​តិចតួច និង​ការ​ផ្ដល់​សេវាកម្ម​ម្ហូបអាហារ​មិន​ទាន់​សម្បូរ​បែប​ជាដើម ។ ចំណែក​ហេដ្ឋារចនាសម្ព័ន្ធ​ទៅ​ដល់​គោលដៅ​ទេសចរណ៍​ដូច​ជា ទឹកជ្រោះ ឧទ្យាន​ជាតិ និង​រមណីយដ្ឋាន​នីមួយ​ៗ​នៅ​មាន​ជា​បញ្ហា​ចោទ ហើយ​សហគមន៍​នៅ​ក្នុង​តំបន់​នោះ​មិន​ទាន់​យល់​ច្បាស់​អ្វី​ជា​សេវាកម្ម​ទេសចរណ៍ ខណៈ​ផលិតផល​ក្នុងស្រុក​មិន​ទាន់​ឆ្លើយ​តប​តម្រូវការ​ភ្ញៀវ​ទេសចរ​នៅឡើយ ។

ទន្ទឹម​នឹង​នេះ ការ​ផ្លាស់​ប្តូរ​វប្បធម៌​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ក៏​ជា​ចំណុច​ប្រឈម​មួយ​ដែរ ព្រោះ​ភ្ញៀវ​ទេចរ​ជាតិ និង​អន្តរជាតិ​ដែល​ចំណាយពេល​ធ្វើ​ដំណើរ​រាប់រយ​គីឡូម៉ែត្រ​ទៅ​កម្សាន្ត​ទៅ​នោះ គឺ​ចង់​ឃើញ​អ្វី​ជា​ប្រពៃ​ដើម ។ ដូចនេះ​ត្រូវ​រក្សា​វប្បធម៌​ដើម​ឱ្យ​បាន​ច្រើន​ជាង​នៅ​ពេល​សព្វថ្ងៃ ដើម្បី​រក្សា​នូវ​ចំណុច​ពិសេស​នេះ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ជំទាវ ឆាយ ស៊ី​វលី​ន ។

លោក​ជំទាវ​ក៏​បាន​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ គិតគូរ​ឡើង​វិញ​នូវ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទៅ​ដល់​គោលដៅ​សម្រាប់​ភ្ញៀវ ដើម្បី​ផ្តល់​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍ ដូច​ជា សាងសង់​អ្វីមួយ​ក្បែរ​នៅ​ទីនោះ ដើម្បី​ឱ្យ​ភ្ញៀវ​ស្នាក់​នៅ​បាន​យូរ និង​ចាយ​លុយ​បាន​ច្រើន​នៅ​ទីនោះ​ជាដើម ។ ទន្ទឹម​នឹង​នេះ គួរ​គិត​អំពី​ការ​កសាង និង​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​ពលរដ្ឋ​អំពី​សេវាកម្ម​ទេសចរណ៍​បន្ថែម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ