ការជឿនេះមិនត្រូវចេះតែជឿដោយគ្មានហេតុផលទេ ព្រោះបើជឿក្នុងផ្លូវខុសនឹងនាំឱ្យខ្លួនមានទោស តែបើជឿត្រូវវិញនឹងបានជាប្រយោជន៍ ដូចព្រះសម្មាសម្ពុទ្ធជាម្ចាស់ក៏ទ្រង់សំដែងក្នុងកាលាមសូត្រថា អ្នកទាំងឡាយកុំទាន់អាលជឿលើក្បួនតម្រា អ្នកទាំងឡាយកុំទាន់អាលជឿលើអ្វីដែលគ្រាន់តែបានមក កុំទាន់អាលជឿលើសម្តីគេនិយាយ អ្នកទាំងឡាយកុំទាន់អាលជឿថា នេះជាសមណៈ នេះជាគ្រូរបស់អ្នកជាដើមដោយគ្មានហេតុផលច្បាស់លាស់នោះទេ ។
ព្រះអង្គបានត្រាស់បញ្ជាក់ទៀតថា ពាក្យថា កុំទាន់អាលជឿ មិនមែនបានន័យថា មិនឲ្យជឿ សោះនោះទេ ដោយព្រះអង្គទ្រង់បញ្ជាក់ហេតុផលច្បាស់លាស់ថា បើអ្នកទាំងឡាយពិចារណាដោយបញ្ញាឃើញច្បាស់ថា ពាក្យនេះប្រព្រឹត្តទៅដើម្បីសេចក្ដីទុក្ខ មិនមែនជាប្រយោជន៍ អ្នកទាំងឡាយគប្បីលះបង់ចោលចេញ តែបើពាក្យណាប្រព្រឹត្តទៅដើម្បីសេចក្ដីសុខ សេចក្ដីចម្រើន ដើម្បីជាប្រយោជន៍ដល់ខ្លួននិងអ្នកដទៃ អ្នកទាំងឡាយគប្បីសមាទានយក គប្បីប្រព្រឹត្តជឿតាមចុះ ។
នេះជាពាក្យបណ្តាំរបស់ព្រះសម្ពុទ្ធទ្រង់អប់រំដល់សត្វលោកកុំឱ្យឮគេថា គេនិយាយហើយចេះតែនាំគ្នាជឿ នាំគ្នាធ្វើតាមដោយខ្វះបញ្ញាពិចារណារកការពិតនោះ ។
ចែករំលែកព័តមាននេះ