ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការ​ម្នាក់​ពាក់​សក្តិ​៥ ត្រកូល «​ហ៊ុន​» គេ​នាំ​គ្នា​ខ្លាច

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ អធិការ​នគរបាល​ស្រុក​ថ្ពង លោក ហ៊ុន សុខ​ហុ​ន អាច​ប្រឈម​នឹង​ការ​ដក​ចេញពី​តំណែង​ក្រោយ​ពលរដ្ឋ​ប្តឹង​ទៅ​ក្រសួងមហាផ្ទៃ​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត ដែល​កើតឡើង​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​។ ថ្មី​ៗ​នេះ​ស្រាប់តែ​បែកធ្លាយ​ឯកសារ​របស់​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​លិខិត​បញ្ជា​ឲ្យ​ដាក់​វិន័យ​រដ្ឋបាល​ដល់​លោក​វរសេនីយ៍ឯក…

ខេត្តកំពង់ស្ពឺ ៖ អធិការ​នគរបាល​ស្រុក​ថ្ពង លោក ហ៊ុន សុខ​ហុ​ន អាច​ប្រឈម​នឹង​ការ​ដក​ចេញពី​តំណែង​ក្រោយ​ពលរដ្ឋ​ប្តឹង​ទៅ​ក្រសួងមហាផ្ទៃ​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត ដែល​កើតឡើង​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​។ ថ្មី​ៗ​នេះ​ស្រាប់តែ​បែកធ្លាយ​ឯកសារ​របស់​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​លិខិត​បញ្ជា​ឲ្យ​ដាក់​វិន័យ​រដ្ឋបាល​ដល់​លោក​វរសេនីយ៍ឯក ហ៊ុន សុខ​ហុ​ន អធិការ​ស្រុក​ថ្ពង ចេញពី​តំណែង ដែល​លិខិត​នោះ​ត្រូវ​បាន​បញ្ជូន​មក​តាំងពី​ពាក់កណ្តាល​ខែមិថុនា ឆ្នាំ​២០១៨​មក​ម្ល៉េះ​។

ប្រភព​ពី​មន្ត្រី​នគរបាល​ខេត្ត​បាន​ខ្សឹបខ្សៀវ​គ្នា​ថា «​រឿង​លោក​អធិការ​ស្រុក​ថ្ពង​នេះ កុំ​ថា លោកស្នងការ សូ​ម្បី​លិខិត​របស់​រដ្ឋលេខាធិការ​ចេញ​មក​ហើយ​នៅ​គេ​មិន​ហា៑ន​ដក​ផង ព្រោះ​ខ្នងបង្អែក​គាត់​ក្រាស់​ណាស់ ថ្នាក់​ខេត្ត​មិន​អាច​ដក​បាន​ទេ ស្រួល​មិន​ស្រួល​រលាក​ខ្លួនឯង​ក៏​ថា​បាន​។

បើ​គេ​ដក​បាន​គឺ​គេ​ដក​តាំងពី​លិខិត​របស់​ក្រសួងមហាផ្ទៃ​បាន​ចេញ ស​.​ជ​.​ណ បញ្ជា​ឲ្យ​ដាក់​វិន័យ​រដ្ឋបាល​០០៦ ដោយ​តម្រូវ​ឱ្យឈ្មោះ ហ៊ុន សុខ​ហុ​ន មក​នៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​តាំងពី​ខែ​៦​មក​ម្ល៉េះ​មិនមែន​ទុក​រហូត​មក​ដល់​ខែ​៩​នោះ​ទេ​។ ម្យ៉ាង​លិខិត​ជូន​ដំណឹង​នេះ គឺ​បាន​ជំរាប​មក​លោកស្នងការ​នគរបាល​ខេត្ត​ឱ្យ​កោះហៅ​មក​ឈរជើង​នៅ​ស្នងការ​ក៏​ដូច​ជា ដកហូត​តំណែង​អធិការ​ស្រុក​ចេញពី​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង​តែ​ម្តង​។

លិខិត​នោះ​ទៀត​សោត​ត្រូវ​បានដឹង​ថា ចុះហត្ថលេខា​លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហា​ផៃ្ទ លេខ​៩៩២ ស​ផ​៣ ចុះ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ តាម​ចំណារ​លិខិត​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨​។

លិខិត​នេះ ត្រូវ​បានដឹង​ថា ខាង​ក្រសួង​បាន​យោង​តាម​ពាក្យបណ្ដឹង​ជន​រង​គ្រោះ​២​នាក់ ម្នាក់​ឈ្មោះ ស៊ុន យឿ​ន និង​ម្នាក់​ទៀត​ឈ្មោះ ឃឹម ច​ន្ធា ចុះ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ដែល​បាន​ប្តឹង​លោក​វរសេនីយ៍ឯក ហ៊ុន សុខ​ហុ​ន អធិការ​ស្រុក​ថ្ពង ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា និង​ឆបោក​។

យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ទាំង​២​នាក់​ដាក់​ជូន​ក្រសួង​មហា​ផៃ្ទ​បាន​រៀប​រាប់​ថា កាល​អំឡុង​ឆ្នាំ​២០១២ លោក ហ៊ុន សុខ​ហុ​ន បាន​ជួល​ពួក​គាត់​ឲ្យ​កត់​បញ្ជី​ដីធ្លី ដោយ​​ឲ្យ​ឈ្នួល​១​ហិ​កតា​៥០​ដុ​ល្លារ​។ លុះ​ចប់​ការងារ​ពួក​គាត់​ទៅ​ទារ​លុយ​នោះ តែ​លោក ហ៊ុន សុខ​ហុ​ន មិន​ព្រម​ឲ្យ ហើយ​ថែម​ទាំង​រក​លេស​ចោទប្រកាន់​លើ​ពួក​គាត់​ថា ចេះ​អំពើ​អាប​ធ្មប់ ព្រមទាំង​គំរាម​សម្លាប់​ផ្តាច់ជីវិត​ពួក​គាត់​ទៀត​ផង​។ ដោយ​កើតទុក្ខ​មិន​សុខចិត្ត​នឹង​ការ​ឆបោក​ផង គំរាម​សម្លាប់​ផង ជន​រង​គ្រោះ​ក៏​នាំ​គ្នា​ដាក់​ពាក្យបណ្តឹង​ចូល​ក្រសួងមហាផ្ទៃ និង​តុលាការខេត្ត​កំពង់ស្ពឺ ឲ្យ​ជួយ​រក​យុត្តិធម៌​។ ក្រោយ​ទទួល​ពាក្យ​បណ្តឹង​​នេះ តុលាការ​ក៏​ធ្វើការ​តាម​នីតិវិធី ដោយឡែក​ខាង​ក្រសួង​ក៏​បាន​ស្រាវជ្រាវ និង​ធ្វើ​របាយការណ៍​ដាក់​ជូន​សម្តេច​ក្រឡាហោម​ផង​ដែរ​។

ក្រោយ​ទទួល​របាយការណ៍​ពី​ក្រសួងមហាផ្ទៃ​រួច​មក សម្តេច ស ខេ​ង បាន​ប្រគល់​ភារកិច្ច​ឲ្យ​លោក ព្រំ សុខា ជា​រដ្ឋលេខាធិការ​ចាត់ការ​តាម​នីតិវិធី ហើយ​លោក​រដ្ឋលេខាធិការ​ក៏​ចេញ​លិខិត​លេខ​៩៩២ ស​ផ​៣ ចុះ​ថ្ងៃ​១១ ខែមិថុនា ឆ្នាំ​២០១៨ បញ្ជា​មក​ស្នងការដ្ឋាន​ខេត្ត​កំពង់ស្ពឺ អនុវត្ត​វិន័យ​កងកម្លាំង រួច​ក៏​បញ្ជូន​លិខិត​មក​សាលាខេត្ត​កាលពី​ព្រឹក​ថ្ងៃ​១៩ មិថុនា ឆ្នាំ​២០១៨ ដើម្បី​អនុវត្ត​បន្ត​។

គួរ​បញ្ជាក់​ថា លោក​សក្តិ​៥ ហ៊ុន សុខ​ហុ​ន នេះ ពិតមែន​មានត្រកូល «​ហ៊ុន​» ប៉ុន្តែ​មិនមែន​សាច់ញាតិ​តេ​ជោ ហ៊ុន សែន ទេ ។ គាត់​គ្រាន់តែ​មាន​ត្រូល «​ហ៊ុន​» ដែល​ធ្វើ​ឱ្យ​មហាជន​ខ្លះ​យល់​ច្រឡំ​ក៏​ខ្លាច​ឥទ្ធិពល​គាត់​ទៅ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​ក្នុង​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ