ប្រើកណ្តាប់ដៃដែកលើរថយន្តដឹកលើសទម្ងន់ផ្គើនអនុសាសន៍សម្តេចតេជោ…!
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ជាការឆ្លើយតបទៅនឹងករណីខូចខាតផ្លូវនៅក្រុងព្រះសីហនុ ហើយមន្ទីរជំនាញកំពុងរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្តនៅខេត្តព្រះសីហនុ ដូចនេះជាវិធានការណ៍ការពារប្រសើរជាងព្យាបាលដើម្បីទប់ស្កាត់ និងកាត់បន្ថយការរងខូចខាតវិថីនានានៅក្នុងក្រុងដែលផ្តើមចេញពីរថយន្តដឹកទំនិញធំៗលើសទម្ងន់ ។

លោក នុត លី អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តទទួលបន្ទុកសុវត្ថិភាពចរាចរផ្លូវគោកបានឲ្យដឹងថា ជាលទ្ធផលនៃការត្រួតពិនិត្យបទល្មើសរថយន្តដឹកលើសទម្ងន់កំណត់របស់ក្រសួងសាធារណៈការតាមពេលវេលាខាងលើស្ថានីយ៍ និងមន្ទីរសាធារណៈការបានឃាត់រថយន្តបានចំនួន៤គ្រឿង ។

ក្រុមប្រជាពលរដ្ឋសូមស្នើថ្នាក់ដឹកនាំខេត្តក្រុងព្រះសីហនុ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធ សូមពង្រឹងសមត្ថកិច្ចរបស់ខ្លួនឡើងវិញ ហើយសូមកុំភ្លេចនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលបានថ្លែងព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា «ចាប់ពីម៉ោង០០យប់នេះតទៅនឹងមិនអនុញ្ញាតឲ្យរថយន្តតទ្រុងដឹកលើសទម្ងន់ខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនេះបានបង្កឲ្យរងការខូចខាតផ្លូវ» ។

ការព្រមានខ្លាំងៗបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាមទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នាពេលកន្លងទៅ ៕
ចែករំលែកព័តមាននេះ