ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei ចង់​យកឈ្នះ Samsung លើស្មា​ត​ហ្វូ​ន​អាច​បត់​បាន

5 ឆ្នាំ មុន

ការ​ប្រកួតប្រជែង​ក្នុង​ការ​ផលិត​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់​បាន​កំពុង​តែ​តានតឹង​ឡើង​ហើយ ។ តាម​របាយការណ៍​ពី CNET បាន​ឲ្យ​ដឹង​ថា Samsung​ ចង់​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់​បាន​នៅ​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​២០១៩ ខណៈ​ដែល​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា Huawei…

ការ​ប្រកួតប្រជែង​ក្នុង​ការ​ផលិត​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់​បាន​កំពុង​តែ​តានតឹង​ឡើង​ហើយ ។ តាម​របាយការណ៍​ពី CNET បាន​ឲ្យ​ដឹង​ថា Samsung​ ចង់​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់​បាន​នៅ​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​២០១៩ ខណៈ​ដែល​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា Huawei ក៏​ចង់​យកឈ្នះ​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​នេះ ដោយ​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់​បាន​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ​ដែរ ។

លោក Richard Yu នាយក​ប្រតិបត្តិ​របស់ Huawei បាន​ប្រាប់​មក​ថា ក្រុមហ៊ុន​លោក​មាន គំរូ​ស្មា​ត​ហ្វូ​ន​ដែល​អាច​ដំណើរការ​បាន​រួច​ជា​ស្រេច​តាំងពី​ឆ្នាំ​២០១៧​មក ប៉ុន្តែ Samsung នៅ​តែ​ចង់​ឈ្នះ ។

កាលពី​ក្នុង​អំឡុង​កម្មវិធី​ចេញ​លក់ Galaxy Note 9 នៅ​ដើមខែ​នេះ លោក DJ Koh នាយក​ប្រតិបត្តិ​របស់ Samsung បាន​ប្រាប់​ដល់​សារព័ត៌មាន​ថា ពួក​គេ​នឹង​មិន​ធ្វើ​ឲ្យ​ពិភពលោក​រង់ចាំ​យូរ​ទេ​ចំពោះ​ការ​ចេញ​លក់​ស្មា​ត​ហ្វូ​ន​នេះ ។

វា​ច្បាស់​ណាស់​ថា ក្រុមហ៊ុន​ទាំង​ពីរ​មាន​ចំណាប់អារម្មណ៍​លើ​ការ​ផលិត​ស្មា​ត​ហ្វូ​ន​នេះ​ឲ្យ​បាន​មុន​គ្នា​ទៅ​វិញ​ទៅ​មក តើ​ព្រោះតែ​មូលហេតុ​អ្វី ? មាន​ហេតុផល​មួយ​ចំនួន​ត្រូវ​បាន​គេ​រក​ឃើញ​ពី​ការ​ចង់​យកឈ្នះ​ចាញ់​នេះ ។

ជាដំបូង គឺ​ព្រោះតែ​ការ​ចូល​ក្នុង​ទីផ្សារ​មុនគេ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​តាំងខ្លួន​ជា​អ្នកដឹកនាំ​ក្នុង​បច្ចេកវិទ្យា​ទូរស័ព្ទ​ដែល​អាច​បត់បែន​បាន​មុនគេ​ជា​ប្រវត្តិសាស្ត្រ ។ វា​មានគុណ​តម្លៃ​ទាំង​សម្រាប់​ការ​ផ្សព្វផ្សាយ និង​គោល​ជំហរ​ក្នុង​វិស័យ​នេះ ព្រោះ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដទៃ​អាច​នឹង​ចង់​ទិញ​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​អ្នក​ដែល​នាំមុខ​នេះ ។

មូលហេតុ​ទី​ពីរ គឺ​ព្រោះតែ​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន ប្រៀប​បានជា​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ប្រភេទ​ថ្មី​មួយទៀត​ដែល​អាច​លូតលាស់​បាន​ច្រើន ។ Huawei និង Samsung ផ្តោត​សំខាន់​ទៅ​លើ​ផ្នែក​ស្មា​ត​ហ្វូ​ន​កម្រិត​ខ្ពស់ ហើយ​ការ​ក្លាយជា​ក្រុមហ៊ុន​ទី​មួយ​ដែល​ផលិត​ស្មា​ត​ហ្វូ​ន អាច​បត់បែន​បាន​កម្រិត​ខ្ពស់ អាច​ជួយ​ដល់​ពួក​គេ​ក្នុង​ការ​ទាក់ទាញ​អតិថិជន​ពី​ដៃគូ​ប្រកួតប្រជែង​ដូច​ជា Apple ជាដើម ។

មូលហេតុ​ទី​បី គឺ​វា​ផ្តល់​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ផ្លាស់​ប្តូរ​រូបរាង និង​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ដោយ​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន អាច​ផ្លាស់​ប្តូរ​ទម្លាប់​របស់​អ្នក​ប្រើប្រាស់ ។ ប្រាកដ​ណាស់ កម្មវិធី​លើ​ទូរស័ព្ទ​ទាំងនេះ អាច​ទាញ​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ពី​បច្ចេកវិទ្យា​3D និង Virtual reality (VR) ឬ Augmented reality (AR) ជាដើម ។

ក្នុង​រយៈពេល​ខ្លី ទូរស័ព្ទ​ដែល​អាច​បត់បែន​បាន​នេះ មិន​អាច​ជំនួស​ស្មា​ត​ហ្វូ​ន​ដែល​មាន​ប្រជាប្រិយភាព ឬ​កុំព្យូទ័រ និង​ថេ​ប្លែ​ត​បាន​ឡើយ ប៉ុន្តែ​ពួក​វា​ជា​ឧបករណ៍​សម្រាប់ Huawei និង Samsung ក្នុង​ការ​ជៀសវាង​ការ​អន់​ថយ​ក្នុង​ទីផ្សារ​ដែល​កំពុង​តែ​មានការ​ប្រកួតប្រជែង​យ៉ាង​ខ្លាំង ។

គួរ​រំឭក​ថា Huawei បាន​ដណ្តើម​តំណែង​របស់​Apple ជា​ក្រុមហ៊ុន​លក់​ស្មា​ត​ហ្វូ​ន​បាន​ច្រើន​ជាងគេ​លេខ​ពីរ​កាលពី​ត្រីមាស​ទី​២​នា​ឆ្នាំ​២០១៨​កន្លង​មកនេះ ។

យោង​ទៅ​តាម​របាយការណ៍​របស់ Gartner បាន​ឲ្យ​ដឹង​ថា Huawei បាន​ដណ្តើម​តំណែង​នេះ​ជាមួយនឹង​ចំនួន​លក់​ប្រមាណ​៤៩​លាន​គ្រឿង ខណៈ​ដែល Apple ត្រូវ​បាន​រុញ​ដល់​ចំណាត់ថ្នាក់​លេខ​៣​វិញ ជាមួយនឹង​ចំនួន​លក់​បាន​៤៤​លាន​គ្រឿង ។ ចំណែកឯ Samsung​វិញ បាន​បន្ត​តំណែង​ជា​ក្រុមហ៊ុន​លក់​ស្មា​ត​ហ្វូ​ន​បាន​ច្រើន​ជាងគេ​ដដែល បើ​ទោះ​ចំនួន​លក់​បាន​ធ្លាក់​ចុះ​១២,៧%​កាលពី​ត្រីមាស​ទី​២​ក៏​ដោយ ។

គួរ​បញ្ជាក់​ថា ការ​លក់​ស្មា​ត​ហ្វូ​ន​សរុប​នៅ​ទូ​ទាំង​ពិភពលោក បាន​កើនឡើង​២%​កាលពី​ត្រីមាស​ទី​២​ឆ្នាំ​២០១៨​នេះ មក​ស្មើ​៣៧៤​លាន​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ