រាជធានីភ្នំពេញ ៖ រថយន្តបែនដឹកដី១គ្រឿង បានបើកជ្រុលទៅកៀរបង្គោលភ្លើងបំភ្លឺផ្លូវ១ដើមដែលទើប និងដាំថ្មីៗមិនទាន់ដំណើរការនៅឡើយ ក៏បណ្ដាលឲ្យទ្រេត ស្ទើរតែដួលរលំដល់ដីដោយមិនដឹងថា អ្នកបើកបររថយន្តនោះរវល់តែងាកទៅណាឡើយ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តបែនដឹកដី១គ្រឿងនោះម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B- 9583 អ្នកបើកបរគេចខ្លួនបាត់ស្រមោលចោលរថយន្តនៅតាមផ្លូវ និងមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ហើយនគរបាលបាននាំយករថយន្តនេះទៅរក្សាទុក រង់ចាំឲ្យម្ចាស់ចូលខ្លួនទៅធ្វើការដោះស្រាយ ។
ចំណែកបង្គោលភ្លើងខាងលើនោះទើប និងដាំថ្មីៗមិនទាន់បានដំណើរការបំភ្លឺផ្លូវនៅឡើយត្រូវរថយន្តនេះបើកបុកទាំងកម្រោលបែបនេះតែម្ដង ។
នគរបាលបានឲ្យដឹងថា នៅមុនកើតហេតុរថយន្តបែនដឹកដី១គ្រឿងនោះ បានបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនគួរសមដែរ ។ លុះពេលទៅដល់ត្រង់ចំណុចខាងលើមិនដឹងថា អ្នកបើកបររវល់តែងាកទៅណា ឬងងុយដេកនោះទេ ស្រាប់តែរេចង្កូតជ្រុលទៅកៀរបង្គោលភ្លើងទាំងកម្រោល បណ្ដាលឲ្យបង្គោលភ្លើងនោះរលើងគល់ទ្រេតស្ទើរដួលរលំដល់ដី ។
បន្ទាប់មករថយន្តនេះបានបើកបន្តទៅមុខទៀត បានចម្ងាយប្រមាណជាង១០០ម៉ែត្រទើបឈប់ ហើយអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោលចោលរថយន្តខណៈនោះនគរបាលបានចុះទៅនាំយករថយន្តទៅរក្សាទុក និងផ្ដល់ព័ត៌មានដល់អ្នកទទួលខុសត្រូវខាងបង្គោលភ្លើងនោះ ដើម្បីដាំឡើងវិញ ៕
ចែករំលែកព័តមាននេះ