ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ចាប់ផ្ដើម​អនុវត្ត​គម្រោង​លើក​ស្ទួយ​វិស័យ​SME

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​ចំនួន​៣ ដើម្បី​លើក​ស្ទួយ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដែល​ត្រូវ​បាន​ចាត់ទុកជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ ។ ថ្លែង​នៅ​ក្នុង​ពិធី​ពិព័រណ៍​សហគ្រាស​ធុន​តូច…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​ចំនួន​៣ ដើម្បី​លើក​ស្ទួយ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដែល​ត្រូវ​បាន​ចាត់ទុកជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ ។

ថ្លែង​នៅ​ក្នុង​ពិធី​ពិព័រណ៍​សហគ្រាស​ធុន​តូច និង​មធ្យម​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១​ដល់​២ ខែកញ្ញា ម្សិល មិញ លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​លើក​ឡើង​ថា រាជរដ្ឋា ភិបាល​នឹង​អនុម័ត​លើ​គម្រោង​៣​សំខាន់​ៗ​សម្រាប់​លើក​ស្ទួយ​ដល់​សហគ្រាស​ធន​តូច និង​មធ្យមក្នុង​នោះ​មាន​ដូច​ជា ការ​លើក​ស្ទួយ​វិស័យ​ម្ហូបអាហារ​, ការ​ជួយ​បណ្ដុះបណ្ដាល​សហគ្រិនភាព និង​ការ​អភិវឌ្ឍ​ជំនាញ ។

លោក​បញ្ជាក់​ថា ៖« គម្រោង​ទាំងនេះ នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០១៩ ដើម្បី​ជំរុញ​ដល់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល និង​ពង្រីក​ការ​នាំ​ចេញ »​។
លោក​បន្ត​ថា ៖« សព្វថ្ងៃ​កម្ពុជា​មាន​សហគ្រាស​ប្រមាណ​៥២​ម៉ឺន​សហគ្រាស ដោយ​ក្នុង​នោះ​ជាង​៩៩% ជា​សហគ្រាស​ធន​តូច​បំផុត និង​មធ្យម ។ កំណើន​ដ៏​ច្រើន​នៃ​សហគ្រាស​ធន​តូច​និង​មធ្យម​នេះ បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ »​។

គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៧ វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​រួមចំណែក​រហូត​ដល់​៣០%​នៃ​ផលទុនជាតិ​សរុប ដែល​ដើរ​លឿន​ជាង​ផែនការ​រហូត​ដល់​៨​ឆ្នាំ ដោយ​ផែនការ​បាន​គិត​ថា ទាល់តែ​ឆ្នាំ​២០២៥ ទើប​សម្រេច​បាន​៣០% ដែល​វិស័យ​នេះ​អាច​រួមចំណែក​ផល​ទុប​ជាតិ​សរុប ។
លោក ហេង សុខ​គង់ បាន​បន្ត​ថា សព្វថ្ងៃ​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ជា​ខ្លាំង ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​តូច និង​មធ្យម ដោយ​រាជរដ្ឋាភិបាល​បាន​នឹង​បង្កើត​ធនាគារ SME ក្នុង​ឆ្នាំ​២០១៩ ក្នុង​ដើមទុន​ដំបូង​ចំនួន​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ខ្នាត​តូច​ខ្នាត​មធ្យម​ទាំងអស់ ។

នៅ​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច រាជរដ្ឋាភិបាល​នឹង​អនុវត្ត​គោលនយោបាយ​ថ្មី​ៗ​មួយ​ចំនួន​ដូច​ជា ផែនការ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ការ​ធ្វើ​ពិពិធ​កម្មវិស័យ​ទេសចរណ៍ ។ កំណត់​ឲ្យ​បាន​នូវ​ក្បាលម៉ាស៊ីន​កំណើន​ថ្មី​ដែល​មាន​សក្តានុពល​ខ្ពស់​ផ្សេង​ទៀត ។ អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) តាម​រយៈ​ការ​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម ។ មូលនិធិ​គម្រោង​អភិវឌ្ឍ​សហគ្រិន​កម្ពុជា (Cambodia Entrepreneurship Development Project Fund) ។

បង្កើត​ឧស្សាហកម្ម​ថ្មី​ដែល​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល ដោយ​មានការ​សហការ​ជាមួយ​វិស័យ​ឯកជន ដើម្បី​បង្កើន​ការ​ចូលរួម​កាន់តែ​ខ្លាំង​ជាង​មុន​ក្នុង​ការ​អភិវឌ្ឍ​ជាតិ ។ រៀបចំ​ខ្លួន​ដើម្បី​ទាញ​យក​ឲ្យ​អស់​លទ្ធភាព​នូវ​អត្ថប្រយោជន៍​ពី​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ខិតខំ​ទ្វេ​ដង​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅប្រទេស ដើម្បី​បំពេញបន្ថែម​ការ​វិនិយោគ​នៅ​ក្នុងស្រុក តាម​រយៈ​ការ​បញ្ចប់​វិសោធនកម្ម​ច្បាប់​ស្តី​ពី​វិនិយោគ​, អនុម័ត​ច្បាប់​ស្តី​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ពន្ធដារ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ