ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ធំ​ៗ​នៅ​អឺរ៉ុប​គ្រោង​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ធំ​ៗ​នៅ​អឺរ៉ុប​គ្រោង​មក​បោះទុន​វិនិយោគ​លើ​វិស័យ​បដិ​សណ្ឋារ​កិច្ច​នៅ​កម្ពុជា ដោយ​ពួក​គេ​អះអាង​ថា កម្ពុជា​ជា​ប្រទេស​ល្អ​ប្រសើរ​សម្រាប់​ការ​វិនិយោគ និង​កំណើន​ទេសចរ​អន្តរជាតិ​កើនឡើង​កាន់តែ​ច្រើន​ឡើង​ៗ ។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ល្ងាច​ថ្ងៃ​ទី​២៩ សីហា លោក…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ធំ​ៗ​នៅ​អឺរ៉ុប​គ្រោង​មក​បោះទុន​វិនិយោគ​លើ​វិស័យ​បដិ​សណ្ឋារ​កិច្ច​នៅ​កម្ពុជា ដោយ​ពួក​គេ​អះអាង​ថា កម្ពុជា​ជា​ប្រទេស​ល្អ​ប្រសើរ​សម្រាប់​ការ​វិនិយោគ និង​កំណើន​ទេសចរ​អន្តរជាតិ​កើនឡើង​កាន់តែ​ច្រើន​ឡើង​ៗ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ល្ងាច​ថ្ងៃ​ទី​២៩ សីហា លោក Mauro Gasparotti នាយក​​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Savills Hotels បាន​មាន​ប្រសាសន៍​ថា ៖« យើង​បានឃើញ​ភាព​លូតលាស់​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា ដែល​នឹង​ជំរុញ​នូវ​ការ អភិវឌ្ឍ​ផ្នែក​សណ្ឋាគារ​នា​ថ្ងៃ​អនាគត ។ វា​ធ្វើ​ឲ្យ​យើង​រំជើបរំជួល ដោយសារ​វា​នាំ​មក​នូវ​ឱកាស​ថ្មី​ដ៏​សំខាន់​សម្រាប់​អតិថិជន ជា​អ្នក​អភិវឌ្ឍន៍​របស់​យើង​ដែល​មាន​លទ្ធ​ភាព​ក្នុង​ការ​ច្នៃប្រឌិត »​។

លោក​បន្ត​ថា ៖« ឧស្សាហកម្ម​ផ្នែក​បដិសណ្ឋារកិច្ច ដើរតួ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច ហើយ​សក្តានុពល​នា​ពេល​អនាគត គឺ​ធំធេង​ណាស់ »​។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៧ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៥,៦​លាន​នាក់ ហើយ​នៅ​ឆ្នាំ​នេះ​រំពឹង​នឹង​កើនឡើង​ដល់​ជាង​៦​លាន​នាក់ ខណៈ​ឆមាស​ទី​១​ដើមឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​៣​លាន​នាក់​ទៅ​ហើយ ។

លោក Mauro Gasparotti បាន​បន្ត​ថា ៖« ការ​ប្រើប្រាស់​សក្តានុពល​របស់​ប្រទេស ដែល​មាន​ប្រវត្តិសាស្ត្រ​វប្ប​ធ៌​ម​ដ៏​រឹង​មាំ និង​ផ្តល់​នូវ​តំបន់​បេតិកភណ្ឌ​ដ៏​សម្បូរ​បែប យើង​ជឿ​ជាក់​​យ៉ាង​មុតមាំ​ថា ប្រទេស​កម្ពុជា​អាច​ដើរ​តាម​គន្លង​ប្រទេស​ថៃ និង​វៀតណាម ដើម្បី​ក្លាយជា​ទិស​ដៅ​ទេសចរណ៍​នៅ​ថ្ងៃ​ឈប់​សម្រាក ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​សាកល»។

ជាមួយ​គ្នា​នេះ​លោក Christian Puchher នាយក​ប្រចាំ​ទ្វីបអាស៊ី​នៃ​សណ្ឋាគារ​Hilton បាន​មាន​ប្រសាសន៍​ថា ជាមួយនឹង​ប្រាក់​ចំណូល​កើនឡើង និង​ភាព​ងាយស្រួល​នៃ​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ ទេសចរ​និង​អ្នកជំនួញ​ជា​ច្រើន​ត្រូវ​បាន​ទាក់ទាញ​មក​កាន់​ប្រទេស​កម្ពុជា ដែល​ជា​គោលដៅ​នៃ​ប្រាសាទ និង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​របស់​ខ្លួន​, ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត និង​តំបន់​ទេសចរណ៍ធម្មជាតិ​ជា​ច្រើន​ទៀត ហើយ​ជា​ការ​ពិត​ណាស់​ភ្ញៀវ​ទេសចរ​ទាំងនេះ​រំពឹង​ថា​នឹង​មាន​បន្ទប់​សណ្ឋាគារ​ល្អ​ៗ លើស​ពី​អ្នក​ធ្វើ​ទេសចរណ៍​ធម្មតា ។

លោក​បន្ត​ថា ៖« យើង​គ្រោង​នឹង​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​វិនិយោគ​សណ្ឋាគារ​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​នៅ​ប្រទេស​ដ៏​អស្ចារ្យ​មួយ​នេះ »​។

លោក Kevin Beauvais ស្ថាបនិក និង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន Invision Hospitality​បាន​មាន​ប្រសាសន៍​ដែរ​ថា ការ​រចនា​សណ្ឋាគារ និង​អចលនទ្រព្យ​នៅ​ប្រទេស​នេះ​ជា​មាគ៌ា​សម្រាប់​អនាគត ។ លោក​ថា ៖« យើង​កំពុង​តែ​បង្កើត​បទ​ពិសោធន៍​ជូន​ដល់​ភ្ញៀវ​ប្រកបដោយ​អត្ថន័យ និង​ការ​ប្រើប្រាស់​ការ​រចនា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដែល​ធានា​ឲ្យ​មាន​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព »​។

លោក​បន្ត​ថា ៖« យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ចំពោះ​អនាគត​ប្រទេស​កម្ពុជា ហើយ​យើង​រីករាយ​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​អ្នក​អភិវឌ្ឍន៍​ក្នុង​តំបន់ ដែល​ចង់​ផ្លាស់​ប្តូរ​គំនិត​បែប​ប្រពៃណី សម្រាប់​អនាគត​ដែល​អាច​បត់បែន និង​មាន​អត្ថប្រយោជន៍ »​។  លោក​បន្ត​ថា ៖« ជាមួយនឹង​ការ​រីក​ចម្រើន​នៃ​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា យើង​នឹង​វិនិយោគ​នៅ​ទី​នេះ​នា​ពេល​អនាគត »​។

ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា លោក លូ ម៉េ​ង បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា បច្ចុប្បន្ន​នេះ បើ​តាម​តួលេខ​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា ក្រសួងពាណិជ្ជកម្ម និង​ក្រសួងទេសចរណ៍​ជាដើម​នោះ សណ្ឋាគារ​ទូ​ទាំង​ប្រទេស​មាន​ប្រមាណ​៥០០ និង​ផ្ទះសំណាក់​ប្រមាណ​១.០០០​ដែល​កំពុង​បម្រើ​ការ​ស្នាក់​នៅ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ