ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDC អនុម័ត​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ជា​ផ្លូវការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ដែល​មា​នទី​តាំងនៅ​តាម​មាត់​ទន្លេសាប លាតសន្ធឹង​ចាប់ពី​ស្ពាន​ជ្រោយចង្វា​រហូត​ដល់​ផ្សារ​រាត្រី ត្រូវ​បាន​គណៈ​កម្មាធិ​ការ​​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​តាម​ការ​ស្នើ​សុំ​ហើយ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​CDC កាល​ព្រឹក​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ដែល​មា​នទី​តាំងនៅ​តាម​មាត់​ទន្លេសាប លាតសន្ធឹង​ចាប់ពី​ស្ពាន​ជ្រោយចង្វា​រហូត​ដល់​ផ្សារ​រាត្រី ត្រូវ​បាន​គណៈ​កម្មាធិ​ការ​​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​តាម​ការ​ស្នើ​សុំ​ហើយ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​CDC កាល​ព្រឹក​ថ្ងៃ​ទី​២៩ សីហា បាន​បង្ហាញ​ថា ៖« តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ក្រុមហ៊ុន ដើម្បី​អភិ​វឌ្ឍន៍​គម្រោង​នេះ​ឡើង ដោយ​មាន​ទុន​វិនិយោគ​ប្រមាណ​៥៣១,៦​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ក្រោយ​សាងសង់​រួច នឹង​អាច​បង្កើត​ការងារ​បាន​២១.៦៨៤​កន្លែង ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ថា ៖« គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​នេះ ជា​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន CHEAN CHHOENG THAI GROUP CO.,LTD. មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ »​។

គម្រោង​ដ៏​ធំ​មិន​ធ្លាប់​មាន​នេះ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា Phnom Penh Harbour ដែល​នឹង​អភិវឌ្ឍន៍​ទៅ​ជា​តំបន់​ទេសចរណ៍​ធំ​ជាងគេ រួម​មាន​ទីកន្លែង​កម្សាន្ដ​, ផ្សារ​ទំនើប​ខ្នាត​អន្តរ​ជាតិ​, ផ្សារ​រាត្រី​, ហាង​លក់ទំនិញ​, កន្ត្រក​វិល​លើ​ទឹក សាល​ពិព័រណ៍​លើ​ទឹក​, សួនច្បារ​សិល្បៈ​និង​វប្បធម៌​, អគារ​ការិយាល័យ​SOHO​ចំនួន​ពីរ​, អគារ​ការិយាល័យ​ភ្លោះ​ខ្ពស់​ជាង​គេ​, មជ្ឈមណ្ឌល​ផ្លាស់​ប្តូរ​វប្បធម៌​ចិន​, អគារ​ពាណិជ្ជកម្ម និង​សណ្ឋាគារ​ចំនួន​៤, សណ្ឋា​គារ​​លំដាប់​ផ្កាយ​៥​ខ្នាត​អន្តរជាតិ Swan Bay, ខុន​ដូ​និង​លំនៅ​ឋាន​ប្រណីត​ចំនួន​៨​អគារ និង​កំពង់​ផែ​សម្រាប់​អ្នកដំណើរ ។

ដី​ទីតាំង​នេះ ត្រូវ​បាន​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន​ខាងលើ​រយៈពេល​៥០​ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០៦៨ ដែល​មាន​កំណត់​ក្នុង​អនុ​ក្រឹត្យ​លេខ​៣២ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៨ ស្ដី​ពី​ការ​ធ្វើ​អនុ​ប​យោគ​ទី​តាំង​​ដី​នៅ​បណ្ដោយ​ទន្លេសាប ពី​ស្ពាន​ជ្រោយចង្វា មក​ដល់​ផ្សារ​រាត្រី ។

ចំណែក​ប្រាក់​ឈ្នួល​លើ​ការ​ជួល​ដី​នេះ គឺជា​ការ​បង់ប្រាក់​ឈ្នួល​ផ្ដាច់​តែ​ម្ដង​ក្នុង​ចំនួន​១៦,៥​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​រយៈពេល​៥០​ឆ្នាំ រួម​បញ្ចូល​ទាំង​អាករ​លើ​តម្លៃបន្ថែម​(VAT)​ចំនួន​១០% ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំ​ពេញ។ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​លំដាប់​អន្តរជាតិ បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ពី​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​ទាំងនេះ​នៅ​រាជធានី​ភ្នំពេញ ។

អ្នក​នាង Grace Rachny Fong នាយិកា​ក្រុមហ៊ុន Century21 Cambodia បាន​ថ្លែង​ថា អ្នក​​វិនិយោគ​ចិន​មាន​យុទ្ធសាស្ដ្រ ឈ្នះ​-​ឈ្នះ ដោយ​គេ​លក់​គម្រោង​នៅ​ប្រទេស​ចិន រួច​ផ្តល់​ខុន​ដូ​នៅ​ស្រុក​ខ្មែរ​មួយ​ដោយ​មិន​គិតថ្លៃ ប៉ុន្តែ​តាម​ពិត ពួក​គេ​បាន​ដាក់​តម្លៃ​បញ្ចូល​ក្នុង​អចលនទ្រព្យ​នោះ​រួច​ទៅ​ហើយ ហេតុនេះ ទើប​យើង​ឃើញ​គម្រោង​ចិន​នៅ​កម្ពុជា​ទទួល​បាន​ជោគជ័យ ។

អ្នក​នាង​បន្ត​ថា ទោះជា​គម្រោង​នេះ​មាន​ច្រើន និង​ជា​អគារ​កប់​ពពក​ក្តី ប៉ុន្តែ​ពួក​គេ​សាងសង់​តាម​ដំណាក់កាល មិនមែន​សង់​ទុក​កប់​ចោល​នោះ​ទេ ។ អ្នក​នាង​បន្ត​ថា ៖« អ្នក​វិនិយោគ​ចិន​មានបទពិសោធន៍​ច្រើន​លើ​គម្រោង​អភិវឌ្ឍន៍​របស់ ពួក​គេ ហេតុនេះ ពួក​គេ​សិក្សា​ពី​ទីផ្សារ និង​ដំណាក់កាល​ត្រូវ​សាងសង់​ច្បាស់លាស់​ណាស់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា គម្រោង​ពួក​គេ​ទទួល​បាន​ជោគជ័យ » ។

អ្នក​នាង​បន្ត​ថា ៖« បច្ចុប្បន្ន ៨០%​នៃ​អ្នកទិញ​ខុន​ដូ​ជា​ជនបរទេស និង​២០%​ជនជាតិ​ខ្មែរ ប៉ុន្តែ​នៅ​រយៈពេល​៥​ទៅ​១០​ឆ្នាំ​ខាង​មុខ ជនជាតិ​ខ្មែរ​នឹង​នៅ​ខុន​ដូ​៨០% ហើយ​ជន​បរទេស​​នឹង​នៅ​តែ​២០% វិញ » ។

អ្នក​នាង Grace Rachny Fong បាន​បន្ត​ថា បែបផែន​ជីវិត (Life Style) របស់​ប្រជាពលរដ្ឋ​នឹង​ផ្លាស់​ប្តូរ​នៅ​ពេល​មានការ​កកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​កាន់តែ​កើនឡើង​ខ្លាំង ហើយ​របៀប​នៃ​ការ​គិត​របស់​មនុស្ស​សម័យ​ថ្មី ពិសេស​យុវជន​ធ្លាប់​ចេញ​ទៅ​សិក្សា​នៅ​បរទេស ពេល​ពួក​គេ​ត្រឡប់​មក​វិញ ពួក​គេ​នឹង​ផ្លាស់​ប្តូរ​រស់នៅ​តាម​ខុន​ដូ​ជំនួស​វិញ ។

អ្នក​នាង​បន្ត​ថា បើ​សួរ​ថា ហេតុ​អី​ចិន​សាងសង់​ខុន​ដូ​នា​ពេល​នេះ គឺ​ដោយសារ​តម្លៃ​ដី​បច្ចុ​ប្បន្ន​មាន​ភាព​ធូរ​ថ្លៃ​ខ្លាំង ធៀប​នឹង​ដី​នៅ​ប្រទេស​ចិន ហេតុនេះ ការ​វិនិយោគ​នា​ពេល​នេះ​ពួក​គេ​រក​ឱកាស​ចំណេញ​បាន​ច្រើន ។

លោក​បណ្ឌិត ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​ថា កំណើន​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា មិនមែន​ជា​រឿង​កើតឡើង​ដោយ​ឯកឯង​នោះ​ទេ ប៉ុន្តែ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ គោលនយោបាយ «ខ្សែក្រវាត់​មួយ ផ្លូវ​មួយ » របស់​ចិន ព្រមទាំង​កម្ពុជា​រក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព​នយោ​បាយ និង​កំណើនសេដ្ឋកិច្ច​រឹង​មាំ ក៏​ជា​ផ្នែក​សំខាន់​ទាក់ទាញ​ការ​វិនិយោគ​របស់​ចិន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ