ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ធ្វើ​ឱ្យ ម៉ឺន មេ​ឃា ចំណាយ​មិន​ដល់​មួយ​ទឹក​ផ្តួល​គូប្រកួត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដណ្ដើម​កៅអី​ឆ្ពោះទៅ​រក​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម នៅ​ប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃ​ទី​១ កញ្ញា កីឡាករ សំ ភក្តី មិន​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ចាប់កំហុស​គូប្រកួត​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដណ្ដើម​កៅអី​ឆ្ពោះទៅ​រក​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម នៅ​ប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃ​ទី​១ កញ្ញា កីឡាករ សំ ភក្តី មិន​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ចាប់កំហុស​គូប្រកួត​នោះ​ទេ បន្ទាប់​ពី​លោក​ចោទ​ថា ដៃគូ​វាយ​ត្រូវ​កន្លែង​ពិសេស អ៊ីចឹង​ហើយ​ទើប​ការ​ប្រកួត​ទាំងមូល​ត្រូវ​បញ្ចប់​យ៉ាង​ផុយ​ស្រួយ​។

ការ​ប្រកួត​នេះ​ស្ថិត​ក្នុង​វគ្គ​ជម្រុះ​ដណ្ដើម​កៅអី​៨​នាក់ គឺជា​ការ​ប្រកួត​កំពូល​ជើងឯក TV5 BOXING KNOCK OUT SERIES(K-Cement) ដែល​មាន​កីឡាករ​៤​នាក់​ប្រកួត​គ្នា​យក​កៅអី​៨​សម្រាប់​ស​ប្ដា​ហ៍​ចុង​ក្រោយ​។

កីឡាករ ម៉ឺន មេ​ឃា មក​ពី​ក្លិប​កងចក្រ​ភ្នំ​តូច ប៉ះ​កីឡាករ សំ ភក្តី មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយ​ប៉ាក ក្នុង​នាម​ជា​គូ​ស៊ីសាច់ហុតឈាម​ទី​១ ដើម្បី​ដណ្ដើម​កៅអី​ទី​៧ ក្នុង​ចំណោម​៨​នាក់ ឆ្ពោះទៅ​រក​តំណែង​ជើងឯក​វគ្គ​បន្ត​។ អ្នក​ប្រដាល់​ទាំង​២​រូប​នេះ បាន​ធ្វើ​ឱ្យ​អ្នក​មក​ទស្សនា​​ជក់ចិត្ត​យ៉ាង​ខ្លាំង ដោយសារ​តែ​ការ​ប្រកួត​ទើបតែ​ចាប់ផ្ដើម​បាន​មួយ​ដង្ហើម ក៏​រក​ឃើញ​ចាញ់​ឈ្នះ​បាត់​ទៅ​ហើយ​។

ការ​ប្រកួត​នេះ ម្នាក់​ៗ​ហួសចិត្ត ព្រោះ​ត្រឹម​ដើម​ទឹក​ប៉ុណ្ណោះ កីឡាករ​សំ ភក្តី ក៏​ត្រូវ មេ​ឃា លេង​តែ​ប៉ុន្មាន​ស្នៀត​ដួល​ភីង​ប្រកាច់ប្រកិន​លើ​រេញ ដោយ​ភាគី​អ្នក​សន្លប់​ចង់​ចាប់​កំហុស​​ថា មេ​ឃា ឈ្នះ​អុក​ត្រូវ​ប្រដាប់​ការងារ​ខ្លួន ដោយ​មិន​ព្រម​ក្រោក​ប្រកួត​ទៀត តែ​ដល់​គណៈកម្មការ​ចុច​វី​ដេ​អូ​មើលចុះ​ឡើង​ក៏​រក​ឃើញ​ថា មិន​អុក​ចំ​ប្រដាប់​ការពារ​ទេ ទើប​ជ័យជម្នះ​នេះ​ត្រូវ​ធ្លាក់​លើ​កីឡាករ​ម្ខាង​ទៀត​វិញ​។

ការ​ប្រកួត​នេះ​ត្រូវ​គេ​មើលឃើញ​ថា កីឡាករ សំ ភក្តី ខាតដើម​ខាតចុង ដ្បិត​បើ​តាម​កម្លាំង​​អុក​ត្រូវ​មិន​ដល់​ថ្នាក់​សន្លប់​ក្រោក​មិន​រួច​នោះ​ទេ ប៉ុន្តែ​មក​ពី​កន្លែង​រង​ទំនងជា​ស្ថិត​នៅ​កៀក​ៗ​នឹង​ប្រដាប់​ការពារ ដែល​អាច​ឱ្យ​គេ​រំពឹង​ថា អាច​ចាប់កំហុស​គូប្រកួត​បាន ទើប​ខំ​ផ្ដេកផ្ដួល​រមួល​ផ្សំ​គ្រិច​បន្ថែម​។ នេះ​បើ​យោង​ត​តាម​សម្ដី​ពី​គណៈកម្មការ​។ យ៉ាង​ណា​មិញ​​ការ​ប្រកួត​នា​ថ្ងៃ​នោះ កីឡាករ មេ​ឃា បាន​ក្លាយជា​អ្នក​ឈ្នះ​យ៉ាង​ស្រួល ដោយ​មិន​ចាំបាច់​ប្រើ​កម្លាំងបាយ​ច្រើន​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​អះអាង​ថា លោក​មិន​គាំទ្រ​ឱ្យ​កីឡាករ​ណា​ម្នាក់​ជោគជ័យ​ក្នុង​គម្រោង​ស៊ី​ឡាក់​នោះ​ទេ ជា​ពិសេស​សម្រាប់​កីឡាករ​ណាមួយ​ដែល​មិន​សម​សន្លប់ ហើយ​ធ្វើ​សន្លប់ ដើម្បី​ចាប់កំហុស​គូប្រកួត​។ កីឡា​មាន​ចាញ់​មាន​ឈ្នះ ប៉ុន្តែ​ជ័យជម្នះ​ត្រូវ​តែ​ធ្វើ​ឱ្យ​សមនិង​ល្អមើល គឺ​មិន​អាច​ឱ្យ​មានគំនិត​ខូច​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខកចិត្ត​ឡើយ ទើប​លោក​ទាមទារ​ឱ្យ​ចាក់​វី​ដេ​អូ​គ្រប់​មុំ​កាមេរ៉ា​ដើម្បី​ប្រាកដ​ថា តើ​កីឡាករ​ពិតជា​ចុក​មែន​នៅ​ត្រង់​កន្លែង ដើម្បី​ឱ្យ​យុត្តិធម៌​ក្នុង​ការ​កំណត់​លទ្ធផល? ហើយ​កន្លែង​ប្រដាប់​ការពារ​ខ្លះ​ក៏​គណៈកម្មការ​ត្រូវ​មើល​ផង​ដែរ​ថា តើ​កម្លាំង​នៃ​ការ​អុក​ត្រូវ និង​វាយ​ត្រូវ ពិតជា​សម​នឹង​សន្លប់​ក្រោក​មិន​រួច​ឬទេ? ប្រសិនបើ​គូប្រកួត​វាយ​ត្រូវ​មែន ប៉ុន្តែ​មិន​សម​នឹង​ឱ្យ​ដេក​ដួល​រមួល​ផ្សំ​គ្រិច ក៏​មិន​អាច​ឱ្យ​ឈ្នះ​បាន​ដែរ គឺ​នៅ​តែ​ឱ្យ​កីឡាករ​ដែល​ភ្លាត់​អុក​ត្រូវ​ដោយ​អ​ចេតនា​ជោគជ័យ​ដដែល​។

ចំណែក​កីឡាករ ម៉ឺន មេ​ឃា បានឱ្យ​ដឹង​ថា រូប​លោក​មុន​ពេល​ប្រកួត​សុទ្ធតែ​ត្រៀម​ទុក​មុន​ដូច​ជា​ហាត់​ជាដើម ដើម្បី​កុំឱ្យ​ពិបាក ព្រោះ​មិនដឹង​ថា ដៃគូ​ខ្លាំង​ជាង​យើង ឬ​យ៉ាង​ណា​​ទេ? លោក​ថា មុន​ប្រកួត​ទាំង​លោក និង​ដៃគូ​សុទ្ធតែ​ជឿ​ថា មាន​ល្បិច​ប្រកួត​ដូច​គ្នា​រៀង​ៗ​ខ្លួន ហើយ​លោក​ក៏​ភ័យ​មិន​តិច​ដែរ នៅ​ពេល​មិន​ទាន់​ប្រកាស​លទ្ធផល ដែល​អាច​ឱ្យ​ប្រឈម​នឹង​ត្រូវ​បាន​ភាគី​ម្ខាង​ទៀត​ចាប់កំហុស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ