ក្រុមហ៊ុនសហគ្រាស ចុះបញ្ជីថ្មីមានកំណើនជាង100%ក្នុងឆ្នាំនេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការចុះបញ្ជីក្រុមហ៊ុនថ្មី និងការិយាល័យពាណិជ្ជកម្ម ព្រមទាំងការពង្រីកសាខាក្រុមហ៊ុនបរទេសក្នុងឆមាសទី១ឆ្នាំនេះ បានកើនឡើងរហូតដល់១០៧,៣% ដែលមានចំនួនសរុប៤.៥៣៤ក្រុមហ៊ុន បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន គឺមានតែចំនួន២.១៩០ក្រុមហ៊ុន ។

រដ្ឋមន្ត្រីក្រសួងពាណិ្ជកម្មលោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា កំណើនការចុះបញ្ជីថ្មីនៃក្រុមហ៊ុន សហគ្រាសទាំងនេះ ដោយសារតែប្រទេសកម្ពុជា បានបើកទូលាយនូវច្បាប់វិនិយោគ គួបផ្សំជាមួយបរិយាកាសវិនិយោគដ៏ល្អប្រសើរផងដែរ ។ លោកបន្តថា ប្រទេសកម្ពុជាមានលក្ខខណ្ឌពិសេសជាច្រើន ដែលអនុញ្ញាត្តឲ្យជនបរទេសបោះទុន១០០% បង្កើតក្រុមហ៊ុននៅទីនេះ និងមានច្បាប់ពន្ឋដាមិនមានភាពស្មុគ្រស្មាញជាដើម ។លោកបន្តថា ៖« កំណើនសេដ្ឋកិច្ចកម្ពុជារក្សាបានក្នុងរង្វង់៧% កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យកម្ពុជាក្លាយជាទីតាំងនៃការវិនិយោគរបស់អ្នកវិនិយោគអន្តរជាតិ »។
ក្រសួងពាណិជ្ជកម្មកាលពីឆ្នាំ២០១៥ បានប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីថ្មីតាមប្រព័ន្ធអុីនធើណេត (អនឡាញ) ដែលគិតរហូតមកទល់ពេលនេះ ការចុះបញ្ជីមានការកើនឡើងគួរឲ្យកត់សម្គាល់ និងល្អប្រសើរជាងមុន ដោយសារកាត់បន្ថយការចំណាយ និងពេលវេលាធ្វើដំណើរ ខណៈដែលចរាចរក្នុងស្រុកមានភាពកកស្ទះជារៀងរាល់ថ្ងៃ ៕
ចែករំលែកព័តមាននេះ