រាជធានីភ្នំពេញ ៖ ការប្រកួតលើកទី២ រវាងកីឡាករសួង បញ្ញា មកពីក្លិបមជ្ឈមណ្ឌលកីឡាខេមរភូមិន្ទ និងកីឡាករវង្ស គង់រាជ មកពីក្លិបបុរីនាគរាជ កាលពីថ្ងៃអាទិត្យ ទី២៨ មេសា នៅសង្វៀនប៉ុស្តិ៍លេខ៥ បានបង្ហាញថា កីឡាករដែលត្រូវការលទ្ធផលសងសឹកធំបំផុតនៅតែចាញ់ដូចដើម ។ សួង បញ្ញា អះអាងថា មិនសប្បាយចិត្តឡើយដែលប៉ុន្មានខែមុនធ្លាប់ចាញ់ម្តងហើយ ប៉ុន្តែបែរជាក្នុងលើកនេះត្រូវចាញ់ក្រោមដៃ វង្ស គង់រាជ ម្តងទៀត ។
នៅដើមទឹករវាងកីឡាករទាំងពីរនេះ ជើងខ្លាំង សួង បញ្ញា បានបង្ហាញពីការប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបំបាក់ វង្ស គង់រាជ ឱ្យចាញ់វិញម្តងដើម្បីកែប្រែប្រវត្តិសាស្ត្រចាស់ ។ នៅក្នុងទឹកទី១ និងទី២ កីឡាករបង្គោលខៀវ វង្ស គង់រាជ រាងពិបាកជាមួយកីឡាករបង្គោលក្រហម ប៉ុន្តែឈានចូលដល់ទឹកទី៣ និងទឹកទី៤ ស្រាប់តែឱកាសម៉ាត់ និងបោះកែងបែរជាធ្លាក់ទៅក្នុងដៃកីឡាករបង្គោលខៀវទៅវិញ ដោយឃើញគេហាក់ញាក់មុខញាក់មាត់ឌឺដង ព្រោះតែឃើញកីឡាករបង្គោលក្រហមថមថយកម្លាំងស៊ុហ្វនោះទៀតផង ។ នៅក្នុងទឹកទាំងពីរនេះ កីឡាករបង្គោលក្រហមហាក់ទទួលរងនូវកណ្តាប់ដៃ និងរន្ទះជើងពីកីឡាករបង្គោលខៀវច្រើន ខណៈដែលការតស៊ូរបស់គេក៏ហាក់មិនទទួលឱកាសក្នុងការវាយលុកទាល់តែសោះ បើធៀបនឹងដើមទឹកដែលគេបានវាយសង្គ្រុបទៅលើ វង្ស គង់រាជ។ ឈានចូលដល់ទឹកទី៥ កីឡាករទាំងពីរមិនស៊ីសងគ្នានោះទេ ប៉ុន្តែគេឃើញកីឡាករ វង្ស គង់រាជ ហាក់មានប្រៀបជាងបន្តិច ទើបគេឃើញលោកវ៉ៃឌឺផង សម្រុកផងទៅកាន់កីឡាករបង្គោលក្រហម ។ សួង បញ្ញា បានស្ទុះស្ទាប្រឹងប្រែងនៅក្នុងទឹកនេះយ៉ាងខ្លាំង ដោយសារតែគេមិនទាន់ប្រាកដពីជោគវាសនារបស់ខ្លួន បន្ទាប់ពីបណ្តោយឱ្យ វង្ស គង់រាជ វាយឈ្នះពិន្ទុនៅអំឡុងទឹកទី៣ និងទី៤ ។ ទោះយ៉ាងណា អ្វីដែលគេប្រឹងប្រែងបានត្រឹមតែទប់មិនឱ្យរអិលចូលក្នុងក្រឡាធ្វើបាវខ្សាច់ឱ្យកីឡាករវង្ស គង់រាជ វាយលេងប៉ុណ្ណោះ ខណៈដែល វង្ស គង់រាជ សម្តែងឱ្យឃើញថាខ្លួននៅមានកម្លាំងស៊ុហ្វពេញខ្លួន និងដេញវាយលុកគូប្រកួតធ្វើឱ្យគេមើលឃើញពីសន្ទស្សន៍ជោគជ័យខ្ពស់ជាងកីឡាករបង្គោលក្រហម ។ សម្រាប់គូនេះ សួង បញ្ញា ដែលខំប្រឹងវាយសងសឹកស្ទើរស្លាប់ស្ទើររស់តាំងពីដើមទឹក បានត្រឹមទទួលលទ្ធផលចាញ់ពិន្ទុក្រោមដៃកីឡាករបង្គោលខៀវជាលើកទី២ ។ កីឡាករទាំងពីរទំនងជាមានមុខឡើងសងសឹកគ្នាឆាប់ៗ ដោយសារតែពួកគេវាយគ្នាទៅវិញទៅមកមានសភាពល្អមើល ហើយរស់រវើកធ្វើឱ្យអ្នកទស្សនាជក់ចិត្ត ។
ដោយឡែកលទ្ធផលគូផ្សេងទៀត កីឡាករសេង សុខចាន់ មកពីក្លិបខេមរៈខ្លាហោះ ឈ្នះកីឡាករអ៊ុំ បូទីណា មកពីក្លិបខមខេត្តកំពង់ស្ពឺដោយពិន្ទុ ។ កីឡាករយិន បូរិន មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ប្រាសាទព្រះវិហារ ឈ្នះកីឡាករឡុង ប៊ុនយីម មកពីក្លិបសាលវ័ន្តកីឡាដោយពិន្ទុ ។ កីឡាករគង់ សំបូរ មកពីក្លិបបុរីរាជសីហ៍មានឫទ្ធិ ឈ្នះកីឡាករសល់ អាម៉ា មកពីក្លិបអាស៊ីកីឡាដោយពិន្ទុ និងកីឡាករចៅ ផលឌឿ មកពីក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង ផ្តួលកីឡាករភុន សោភ័ណ្ឌ មកពីក្លិបយុវកីឡាខេត្តកណ្តាល ឱ្យបោះបង់ការប្រកួតក្នុងទឹកទី៥៕
ចែករំលែកព័តមាននេះ