ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​រយះ​8​ថ្នេរ ជើង​ខ្លាំង​ថៃ​សុំ​សងសឹក​វ៉ែន សុវណ្ណ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធ្លាប់តែ​វាយបំបាក់​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​រាប់​មិន​អស់​នា​ពេល​មក​បង្ហាញ​ខ្លួន​នៅ​កម្ពុជា​ម្ដង​ៗ សម្រាប់​ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​យប់​ថ្ងៃ​ទី​២៥ សីហា មុន​នេះ គេ​កត់​សម្គាល់ថា ជើង​ខ្លាំង​ថៃ Sayber…

រាជធានី​ភ្នំពេញ ៖ ធ្លាប់តែ​វាយបំបាក់​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​រាប់​មិន​អស់​នា​ពេល​មក​បង្ហាញ​ខ្លួន​នៅ​កម្ពុជា​ម្ដង​ៗ សម្រាប់​ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​យប់​ថ្ងៃ​ទី​២៥ សីហា មុន​នេះ គេ​កត់​សម្គាល់ថា ជើង​ខ្លាំង​ថៃ Sayber Fath ដែល​ធ្លាប់​ទទួល​ជ័យជម្នះ​លើ​កីឡាករ​កម្ពុជា​ខ្លាំង​ៗ​រាប់​មិន​អស់ បែរជា​រង​ការ​បរាជ័យ​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​ដោយ​ត្រូវ​កីឡាករ​កម្ពុជា​វាយ​ឡើង​ហូរ​ឈាម​ដល់​ថ្នាក់​គ្រូ​បង្វឹក​របស់​ថៃ​ស្នើ​សុំ​បញ្ឈប់​។

វ៉ែន សុវណ្ណ ដែល​ជា​កីឡាករ​ថ្មី​ទើប​ឡើង​កូដ​និង​មានឈ្មោះ​ដូច​កីឡាករ វ៉ែន សុវណ្ណ ដែល​បាត់​មុខ​យូរ បាន​អះអាង​ថា លោក​ពិតជា​មាន​អារម្មណ៍​សប្បាយចិត្ត​ណាស់​ដែល​ក្នុង​ពេល​ប៉ះ​គ្នា​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ Sayber Fath ជា​លើក​ដំបូង ស្រាប់តែ​ខ្លួន​អាច​ដណ្ដើម​បាន​ជ័យជម្នះ ដែល​លោក​មិន​នឹក​ស្មាន​ដល់ ។

ការ​ប្រកួត​ទាំងមូល​លោក​រំពឹង​ត្រឹមតែ​អាច​ឈ្នះ​ពិន្ទុ ដែល​មាន​ន័យ​ថា អាច​សងសឹក​ជូន​មិត្តភក្តិ​ក្នុង​ពិភព​ប្រដាល់​ប៉ុណ្ណោះ ប៉ុន្តែ​ដល់​ពេល​ប៉ះ​គ្នា​នៅ​លើ​សង្វៀន SEA-TV ស្រាប់​តែ​​លោក​អាច​វាយ​កីឡាករ​ថៃ​បែក​រយះ​ដល់​ថ្នាក់​ហូរ​ឈាម​ឡើង​លោក​ក៏​ស្រឡាំងកាំង​ដែរ ក្នុង​ពេល​វាយ​ត្រូវ​ចំណុច​ខ្ទាត​ឈាម​ម្ដង​ៗ ។ លោក​ចាត់​ទុក​ជ័យជម្នះ​លើក​នេះ មួយ​ចំណែក​បាន​ពី​សំណាង តែ​ក៏​កើតឡើង​ពី​ការ​ប្រឹងប្រែង​ផ្លាស់​ប្ដូរ​បច្ចេកទេស​ក្នុង​ពេល​ប្រកួតប្រជែង​ផង​ដែរ​។

លោក​ថា ខ្លួន​ត្រូវការ​ពេលវេលា​ប្រឹងប្រែង​ហ្វឹកហាត់​ឱ្យ​ច្រើន​ថែម​ទៀត ដើម្បី​អាច​ការ​ពារ​ជ័យជម្នះ​ឱ្យ​បាន​សម្រាប់​ការ​ប្រកួត​លើក​ក្រោយ ដោយសារ​តែ​លោក​យល់​ថា កីឡា​ករ​ថៃ ក្រោយ​ចាញ់​យ៉ាង​អាម៉ាស់​ក្រោម​ដៃ​របស់​លោក គឺ​ពិតជា​ប្រកាស​សងសឹក​ក្នុង​ពេល​ណាមួយ​។

លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ថ្លែង​ប្រាប់​ថា លោក​ក៏​មិន​នឹក​ស្មាន​ដែរ​ដែល​ការ​ប្រកួត​មួយ​នេះ ស្រាប់តែ​កីឡាករ​របស់​លោក​ទទួល​បរាជ័យ​ដល់​ម្លឹ​ង ។ លោក​បញ្ជាក់​ថា បើ​ឱ្យ​លោក​ទាយ គឺ​លោក​ជឿ​ថា វ៉ែន សុវណ្ណ នឹង​មិន​អាច​ឈ្នះ​ដោយ​ល្អ​យ៉ាងហ្នឹង​ឡើយ ។ ម្យ៉ាង​ដោយសារ​តែ​មុន​ឡើង​ប្រកួត កីឡា​ករ​ថៃ​ក៏​បាន​ហ្វឹកហាត់​ច្រើន​ថ្ងៃ និង​មិនមែន​ជា​កីឡាករ​ដែល​មិន​ធ្លាប់​មក​កាន់​កម្ពុជា និង​មិន​ស៊ាំ​របប​អាហារ ក៏​ដូច​ជា​បរិយាកាស​នៅ​កម្ពុជា​ផង ទើប​លោក​រឹតតែ​យល់​ច្បាស់​ថា នោះ​មិនមែន​ជា​បញ្ហា​ណាមួយ​ដែល​ធ្វើ​ឱ្យ​កីឡាករ​របស់​លោក​ចាញ់​ប្រៀប​កីឡាករ​ម្ចាស់ផ្ទះ​នោះ​ទេ ។

លោក​ថា ការ​ប្រកួត​មួយ​នេះ​លោក​សរសើរ​កីឡាករ​កម្ពុជា ដែល​វាយ​បាន​ល្អ និង​អាច​បំបាក់​កីឡាករ​របស់​លោក​ឱ្យ​រង​ការ​អាម៉ាស់​បាន​ខុស​ពី​ការ​គ្រោងទុក ខណៈ​ដែល​ទឹក​ទី​៤ គឺជា​ទឹក​ដែល​លោក​យល់​ថា​បាន​ធ្វើ​ឱ្យ​កីឡាករ​របស់​លោក​រង​ការ​អាម៉ាស់​ច្រើន​មិន​ធម្មតា​ព្រោះតែ​អាច​វាយ​ឱ្យ​កីឡាករ​លោក​បែក​រយះ​ដល់​ថ្នាក់​ដូច​គេ​វះ ប៉ុន្តែ​កីឡាករ​របស់​លោក​នៅ​តែ​ប្រកាស​ជំហរ​មិន​ព្រម​ឈប់​ប្រកួត ហើយ​បន្ត​ការ​ប្រកួត​ដោយ​មិន​ចុះចាញ់។

លោក​មិន​នឹក​ស្មានថា កីឡាករ វ៉ែន សុវណ្ណ អាច​ធ្វើ​ឱ្យ​កីឡាករ​ថៃ​របស់​លោក​ទទួល​លទ្ធ​ផល​អវិជ្ជមាន ហើយ​ឈាន​ដល់​ថ្នាក់​គ្រូបង្វឹក​របស់​ថៃ រត់​មក​ស្នើ​ឱ្យ​បញ្ឈប់​ការ​ប្រកួត ដើម្បី​​សម្រេចចិត្ត​មិន​ឱ្យ​ប្រកួត​បន្ត​ក្នុង​ទឹក​ទី​៥ ដោយសារ​តែ​យល់​ថា កីឡាករ​ថៃ​មាន​របួសធ្ងន់ ។ លោក​ថា​កីឡាករ​ខ្លួន​ភ្លាត់ស្នៀត​ក្នុង​ពេល​ប្រទាញប្រទង់​គ្នា​ប៉ុណ្ណោះ ទើប​នាំ​ឱ្យ​បែក​រយះ ហើយ​បណ្ដាល​មក​ពី​សំណាង​វាយ​ត្រូវ​កន្លែង​របួស​បន្ថែម​ទៀត ទើប​ធ្វើ​ឱ្យ​កូនសិស្ស​របស់​លោក​បែក​ឈាម​ដល់​ថ្នាក់​គ្រូបង្វឹក​ថៃ​មិន​អាច​ឱ្យ​ប្រកួតបន្ត ។

ទោះបី​យ៉ាងណា លោក​សរសើរ​Sayber Fath ដែល​បែក​រយះ​ដល់​ថ្នាក់​ហូរ​ឈាម​ដូច​ស្រោច​ពេញ​ក្បាល​ទៅ​ហើយ​ប៉ុន្តែ​នៅ​តែ​មិន​ព្រម​បោះបង់ ដោយ​មាន​តែ​ប្រឹង​ស្ទុះ​ចូល​វាយ​ខ្លាំង​ឡើង ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​ចង់​ទ័ល​ទី​ម្ដង​ៗ​។ លោក​ថា កីឡាករ​ថៃ​មិន​អស់ចិត្ត​ទេ ហើយ​គេ​ក៏​ប្រកាស​សុំ​សងសឹក​ដាច់ខាត​នោះ​ដែរ ដោយ​លោក​នឹង​រក​ពេលវេលា​សមរម្យ​មួយ ដើម្បី​ឱ្យ​គេ​បាន​ប៉ះ​ជាមួយ​កីឡាករ វ៉ែន សុវណ្ណ រូប​នេះ​ម្ដងទៀត ។ លោក​ថា ខ្លួន​នឹង​ស្នើ​ឱ្យ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​រៀបចំ​ការ​ប្រកួត​សងសឹក​ឆាប់​ៗ ដោយសារ​តែ​លោក​ចង់​ដឹង​ថាបើ​មានការ​ប្រកួត​ជា​ថ្មី តើ​កីឡាករ​កម្ពុជា​នឹង​ឈ្នះ​ម្ដងទៀត ឬ​កីឡាករ​របស់​លោក​នឹង​សងសឹក​បាន​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា លោក​ក៏​ពេញចិត្ត​ឱ្យ​កីឡាករ​ទាំង​ពីរ​ប៉ះ​គ្នា​ជា​ថ្មី​ផង​ដែរ បន្ទាប់​ពី​លោក​ក៏​មើលឃើញ​ថា ការ​ប្រកួត​របស់​ពួក​គេ​កាលពី​យប់​នោះ ក៏​ប្រកួត​អស់ដៃ ហើយ​ល្អមើល​ត្រូវចិត្ត​មហាជន ។ លោក​មិន​ទាន់​ច្បាស់​ថា​នឹង​ជ្រើស​យក​ថ្ងៃ​ណា ពេល​ណា ដើម្បី​ឱ្យ​កីឡាករ​ទាំង​ពីរ​បាន​សងសឹក​គ្នា​នោះ​ទេ ប៉ុន្តែ​មិន​លើស​ពី​មួយ​ខែ​ទេ គឺ​លោក​នឹង​រៀបចំ​ការ​ប្រកួត​បំពេញ​បំណង​កីឡាករ​ថៃ​ឱ្យ​បាន​ក្ដៅ​ៗ ដោយសារ​តែ​ភាគី​ខាង​លោក​ថៃ អ៊ូ បាន​អះអាង​ថា កីឡាករ​ថៃ​មិន​អស់ចិត្ត​នឹង​ការ​បរា​ជ័យ​ក្រោម​ដៃ​របស់​កីឡាករ វ៉ែន សុវណ្ណ នោះ​ទេ ដោយ​ភាគី​ថៃ​បាន​ទាំង​ចាត់​ទុក​ថា អ្វី​ដែល​គេ​ទទួល​បាន​គឺជា​រឿង​ភ្លាត់ស្នៀត​។

លោក​ថា កីឡាករ​ថៃ​បែក​រយះ​៨​ថ្នេរ ហើយ​របួស​ស្នាម​នោះ បើ​បណ្ដោយ​ឱ្យ​វាយ​បន្ត​ទៀត ក៏​ពិតជា​ហូរ​ឈាម​ច្រើន បណ្ដាល​ឱ្យ​កីឡាករ​ថៃ​មាន​គ្រោះថ្នាក់​ប៉ះពាល់​ដល់​សុខភាព​បាន​។

យ៉ាងណាមិញ លោក​ថា​ជំនួប​ប្រកួត​របស់​ពួក​គេ​នឹង​លេចឡើង​ក្នុង​ពេល​ឆាប់​ៗ​ដើម្បី
បំពេញចិត្ត​អ្នកគាំទ្រ​ដែល​និយម​ទស្សនា​កីឡាប្រដាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ