រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាកកាមរីព្រូស ពណ៌ក្រហម ជ្រុលបុកអ្នកដំណើរតាមផ្លូវរងរបួសធ្ងន់ ហើយបើកយកទៅចតចោលនៅក្បែរចិញ្ចើមផ្លូវលេខ២៥២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី២៨ មេសា។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តកាមរីព្រូសបើកបុកនារីម្នាក់ជិះម៉ូតូម៉ាកសេ១១០ ពណ៌ខ្មៅ នៅចំណុចផ្លូវលេខ៤៣២ កែងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ បណ្តាលឱ្យរងរបួសធ្ងន់ រួចរថយន្តបើករត់គេច តែរថយន្តបែកកង់ និងធ្លាយប្រេង ទើបយកទៅចតទុកចោលនៅចំណុចខាងលើ ហើយអ្នកបើកបរគេចខ្លួនបាត់ ។
ពេលនោះមាននគរបាលប៉ុស្តិ៍បឹងកេងកងទី១ ដែលល្បាតការពារភូមិសាស្ត្រ ឃើញភិនភាគរថយន្តខាងលើមានស្លាកស្នាមបុក ក៏ទាក់ទងទៅនគរបាលប៉ុស្តិ៍ទួលទំពូងទី១ ដែលជាកន្លែងកើតហេតុ ទើបដឹងថា រថយន្តនេះបុកគេ ហើយបើករត់ពីកន្លែងកើតហេតុបានជាង៣គីឡូម៉ែត្រ ។ សមត្ថកិច្ចសន្និដ្ឋានថា រថយន្តខាងលើពិតជាបុកនារីរងគ្រោះម្នាក់ផ្លោងបោកក្បាលខ្ទប់កញ្ចក់រថយន្តជាប់សក់នៅលើកញ្ចក់ មើលទៅគួរឱ្យរន្ធត់ណាស់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានយករថយន្តទៅការិយាល័យជំនាញចាត់ការតាមច្បាប់ រួមជាមួយម៉ូតូនារីរងគ្រោះ ។ ចំណែកនារីរងគ្រោះ រថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕
ចែករំលែកព័តមាននេះ