ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ណែនាំ​គណៈមេធាវី​ពង្រាយ​មេធាវី ដើម្បី​ជួយ​កូនក្តី​នៅ​តាម​ខេត្ត និង​ជនបទ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន នា​ឱកាស​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​ព្រឹក​ថ្ងៃ​ទី ២៧ សីហា​នេះ បាន​ណែនាំ​ដល់​ស្ថាប័ន​មួយ​នេះ​ថា…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន នា​ឱកាស​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​ព្រឹក​ថ្ងៃ​ទី ២៧ សីហា​នេះ បាន​ណែនាំ​ដល់​ស្ថាប័ន​មួយ​នេះ​ថា «​គប្បី​ណា​រាល់​ការ​កែទម្រង់​ទាំងឡាយ ដែល​គណៈមេធាវី នឹង​ធ្វើ គឺ​ត្រូវធ្វើ​ឲ្យ​ស្រប​តាម​ច្បាប់ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផង និង​តាម​និយាម​អន្តរជាតិ​ផង​» ។

សម្តេច​តេ​ជោ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា សូម​ពិនិត្យ​មើល​ចំណុច​មួយ​ចំនួន​ដែល​មិន​សម​ស្រប​ទៅ​តាម​កាលៈទេសៈ​ព្រោះថា គណៈមេធាវី​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៥ រហូត​មក​ដល់​ពេល​នេះ ក៏​មាន​រយៈពេល​យូរអង្វែង​ដែរ​ហើយ ដែល​ចំណុច​មួយ​ចំនួន​មិន​សម​ស្រប​តាម​បរិបទ​សង្គម​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ ។

យ៉ាងណាមិញ សម្ដេច​តេ​ជោ ក៏​បាន​ធ្វើការ​ណែនាំ​ដោយ​សហការ​ជាមួយ​ក្រសួងយុត្តិធម៌ ដើម្បី​ធ្វើការ​សម្រួល​នូវ​ការ​កែទម្រង់​នេះ ។ សម្តេច​តេ​ជោ​ក៏​បាន «​ណែនាំ​ដល់​គណៈមេធាវី​ផង​ដែរ​ថា សូម​ពិនិត្យ​មើល​ការ​បញ្ចេញ​មេធាវី ដោយ​ធ្វើ​យ៉ាងណា ការ​បញ្ជូន​មេធាវី​នេះ គឺ​រក្សា​ឲ្យ​បាន​នូវ​សមត្ថភាព​មេធាវី ពង្រឹង និង​លើកកម្ពស់​សមត្ថភាព​មេធាវី​ផង និង​ធ្វើ​យ៉ាងណា​ពង្រាយ​មេធាវី ដើម្បី​ជួយ​ដល់​កូនក្តី​នៅ​តាម​បណ្ដា​ខេត្ត និង​ជនបទ​ផង​» ។

ការ​ណែនាំ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ធ្វើ​ឡើង បន្ទាប់​ពី​លោក សួន វិសាល ដែល​បាន​ដឹកនាំ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គោរព​រាយការណ៍​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន អំពី​ប្រវត្តិ​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នូវ​សកម្មភាព កាលពី​ពេល​កន្លង​មក ។ គណៈមេធាវី​បាន​ធ្វើការ​កែទម្រង់​យ៉ាងច្រើន​ជា​ពិសេស លើ​វិស័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ក៏​ដូច​ជា វិស័យ​អប់រំ​ផង​ដែរ ។ ក្នុង​ន័យ​នេះ​លោក​បាន​មាន​ប្រសាសន៍​ថា គណៈមេធាវី​បាន​ធ្វើការ​កែទម្រង់​នៃ​ការងារ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សម​ស្រប​ទៅ​តាម​បរិបទ​នៅ​កម្ពុជា​ផង និង​អន្តរជាតិ​បច្ចុប្បន្ន​ផង ។

លើស​ពី​នោះ​ទៅ​ទៀត​លោក​ក៏​បាន​គោរព​រាយការណ៍​ជូន​សម្តេច​តេ​ជោ អំពី​កិច្ចសហការ​ជាមួយ​ក្រសួងមហាផ្ទៃ​ជាមួយ​គណៈមេធាវី​អន្តរជាតិ ក្នុង​ន័យ​នេះ​ដែរ លោក​បាន​ជម្រាប​ជូន​សម្ដេច អំពី​កិច្ច​សហប្រតិបត្តិការ​លើ​ឆាក​អន្តរជាតិ ជាមួយ​គណៈមេធាវី​អន្តរជាតិ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ ហើយនឹង​រៀបចំ​កិច្ចប្រជុំ​សមាគម​មេធាវី​អាស៊ាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេល​ខាង​មុខ ។

លោក សួន វិសាល ក៏​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ផង​ដែរ អំពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួងយុត្តិធម៌ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​ទៅ​ដល់​ជន​ក្រីក្រ ហើយ​ធ្វើ​យ៉ាងណា​រៀបចំ​នូវ​ប្រព័ន្ធ​ទិន្នន័យ​សម្រាប់​ការ​តាមដាន​ករណី​នីមួយ​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ