ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន បន្ទាប់​ពី​មាន​ករណី​ប្លន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​បាន​អះអាង​ថា ស្ថាប័ន​របស់​ខ្លួន​នឹង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​បង្កើន​សន្តិសុខ​នៅ​តាម​គ្រឹះស្ថាន​របស់​ខ្លួន បន្ទាប់​ពី​មាន​ករណី​ប្លន់​ធនាគារ RHB Indochina ទាំង​កណ្ដាល​ថ្ងៃ ត្រង់…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​បាន​អះអាង​ថា ស្ថាប័ន​របស់​ខ្លួន​នឹង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​បង្កើន​សន្តិសុខ​នៅ​តាម​គ្រឹះស្ថាន​របស់​ខ្លួន បន្ទាប់​ពី​មាន​ករណី​ប្លន់​ធនាគារ RHB Indochina ទាំង​កណ្ដាល​ថ្ងៃ ត្រង់ កាលពី​ថ្ងៃ​ទី​២៣ សីហា នោះ​មក ។

អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​លោក ជា ផល្លា​រិ​ន បាន​មាន​ប្រសាសន៍​នា​ព្រឹក​ថ្ងៃ​ទី​២៤ សីហា ថា ករណី​ប្លន់​ធនាគារ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែសីហា កន្លង​មកនេះ ពុំ​មាន​អ្វី​ប៉ះពាល់​ដល់​វិស័យ​ធនាគារ ឬ​បង្កក្ដី​ព្រួយបារម្ភ​ដល់​ប្រជាជន​កម្ពុជា​នោះ​ទេ ។

ទោះ​យ៉ាងណា លោក​មានការ​សោកស្ដាយ ចំពោះ​ហេតុការណ៍​ប្លន់​ធនាគារ​ដែល​បាន​កើតឡើង​នៅ​រាជធានី​ភ្នំពេញ​ទាំង​កណ្តាលថ្ងៃត្រង់​បែប​នេះ ។ ទោះបីជា​ដូច្នេះ​ក្ដី លោក​បាន​បញ្ជាក់​ប្រាប់​ថា ហេតុការណ៍​នេះ​គ្រាន់តែ​ជា​រឿង​ដាច់​ដោយឡែក​មួយ ពុំ​មាន​អ្វី​ជះ​ឥទ្ធិពល​អាក្រក់​ដល់​វិស័យ​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​នោះ​ទេ ។

លោក​បញ្ជាក់​ថា ៖« ករណី​ប្លន់​នេះ​មានការ​បាត់បង់​ទឹកប្រាក់​ក្នុង​ទំហំ​មួយ​តូច​ប៉ុណ្ណោះ បើ​ធៀប​នឹង​ទ្រព្យសកម្ម​របស់​ធនាគារ លើស​ពី​នេះ​ធនាគារ​នីមួយ​ៗ​សុទ្ធតែ​មានការ​ធានា​រ៉ាប់រង​ចំពោះ​គ្រោះ​ហានិភ័យ​ណាមួយ »​។

លោក ជា ផល្លា​រិ​ន ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា កុំ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​បាត់បង់​ថវិកា​របស់​ខ្លួន ដែល​បាន​ដាក់​តម្កល់​នៅ​ធនាគារ​នោះ​ទេ ព្រោះ​គ្រប់​ធនាគារ​សុទ្ធតែ​បាន​ពង្រឹង​នូវ​និ​តិ​វិធី​ធ្វើការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ទាំង​ផ្នែក​កាមេរ៉ា​សុវត្ថិភាព ការ​ពង្រឹងសមត្ថភាព​កង​សន្តិសុខ ក៏​ដូច​ជា​ការ​សហការ​យ៉ាង​ល្អជា​មួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក​បណ្ឌិត អុ​ី​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា បាន​មាន​ប្រសាសន៍​ថា ធនាគារ​អេ​ស៊ី​លី​ដា បាន​វិនិយោគ​លើ​ប្រព័ន្ធ​សុវត្ថិ​ភាព​នេះ​រួច​ហើយ ដោយ​បាន​វិនិយោគ​ច្រើន​ទាំង​ផ្នែក​ធនធានមនុស្ស និង​សម្ភារ​បរិក្ខារ​នានា ។

លោក​បណ្ឌិត​ថ្លែង​ថា ៖« យើង​មិន​រង់ចាំ​ដល់​ហេតុការណ៍​កើតឡើង ទើប​ចាប់ផ្តើម​ការ​ពារ​នោះ​ទេ ។ ការ​វិនិយោគ​លើ​ប្រព័ន្ធ​សុវត្ថិភាព​ជា​រឿង​ចាំបាច់​មួយ ហើយ​យើង​បាន​គិតគូរ​ពី​បញ្ហា​នេះ​ជាប់​ជា​ប្រចាំ ព្រោះ​សុវត្ថិភាព​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ប្រព័ន្ធ​គ្រប់គ្រង​របស់​យើង »​។

លោក​បន្ត​ថា ៖« ហេតុការណ៍​បែប​នេះ​មិន​មាន​អ្វី​ចម្លែក​នោះ​ទេ វា​កើត​មាននៅ​តាម​បណ្តា​​ប្រទេស​នានា​នៅ​លើ​ពិភពលោក ហេតុនេះ​អ្វី​សំខាន់​គឺ​យើង​ត្រូវ​ត្រៀម​បង្ការ​ការពារ​ជា​មុន ដើម្បី​ការពារ​ហានិភ័យ​ណាមួយ​កើតឡើង »​។​លោក​បន្ថែម​ថា ៖« អ្វី​ដែល​កើតឡើង​គឺ​យើង​បាន​ត្រៀម​បង្ការ​វា​រួច​ហើយ យើង​បាន​ប្រុង​ប្រយ័ត្ន​ជា​មុន​រួច​ហើយ »​។

យោង​តាម​ធនាគារជាតិ​នៃ​កម្ពុជា បច្ចុប្បន្ន​ទ្រព្យសកម្ម​វិស័យ​ធនាគារ​មាន​ចំនួន​១២៥​ទ្រី​លាន​រៀល ស្មើនឹង​៣១​ប៊ី​លាន​ដុល្លារ កើនឡើង​៧៣​ដង បើ​ធៀប​នឹង​ឆ្នាំ​១៩៩៨ ។ ក្នុង​នោះ ឥណទាន​សរុប​ដែល​បាន​ផ្តល់​ទៅ​គ្រប់​វិស័យ​មាន​ចំនួន​៧១​ទ្រី​លាន​រៀល ស្មើនឹង​១៧​ប៊ី​លាន​ដុល្លារ ខណៈ​ប្រាក់​បញ្ញើ​សរុប​បាន​កើនឡើង​៧៧​ទ្រី​លាន​រៀល ស្មើនឹង​១៩​ប៊ី​លានដុល្លារ ។

ដោយឡែក វិស័យ​មីក្រូហិរញ្ញវត្ថុ បាន​ទទួល​ប្រាក់​បញ្ញើ​សរុប​ប្រមាណ​៩,១​ទ្រី​លាន​រៀល ស្មើនឹង​ជាង​២​ពាន់​លាន​ដុល្លារ កើនឡើង​ប្រមាណ​២៤,៧% និង​បាន​ផ្តល់​ឥណទាន​ប្រមាណ​​១៩,៦​ទ្រី​លាន​រៀល ស្មើនឹង​ប្រមាណ​ជិត៥​ពាន់​លាន​ដុល្លារ កើនឡើង​៣៤,២%។

ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​នេះ កម្ពុជា​មាន​ធនា​គារពាណិជ្ជ​ចំនួន​៣៩ (​សាខា​ធនាគារ​បរទេស​មាន​១២, ធនាគារ​ក្នុងស្រុក​១២ និង​បុត្ត​សម្ព័ន្ធ​ធនាគារ​មាន​១៥) និង​ធនាគារ​ឯកទេស​ចំនួន​១៥ ក្នុង​នោះ​ធនាគារ​រដ្ឋ​១ ។ ចំណែក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សរុប​មាន​ចំនួន​៧៧ ក្នុង​នោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​មាន​៧ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ពី​ធនា​គារ​ជាតិ​​នៃ​កម្ពុជា​មាន​៣០២ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៣ សីហា កន្លង​មក មាន​ករណី​ប្លន់​ធនាគារ អ អេ​ច ប៊ី ឥ​ណ្តូ​ឆៃ​ណា សាខា​ម៉ៅ​សេ​ទុង ទាំង​កណ្តាលថ្ងៃត្រង់ ដែល​មា​នទី​តាំងនៅ​ក្បែរ​សាលា​វ៉ា​ន់​ដា តាម​​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន បង្ក​ឱ្យ​មានការ​ភ្ញើ​ល​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ ករណី​ប្លន់​នេះ ក្រុម​មាន​គ្នា​ប្រមាណ​ពី​៤​ទៅ​៥​នាក់ ចូល​ទៅ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ បាន​ប្រាក់​រហូត​ទៅ​ដល់​ជាង​១០​ម៉ឺន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ