ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តំណាងផលិតកម្មក្នុងស្រុក​ប្រតិកម្ម​​ការវាយលុកផលិតផលថៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​ថៃ​បាន​និង​កំពុង​ពង្រីក​ពាណិជ្ជកម្ម​របស់​ខ្លួន​ជា​ថ្មី​ទៀត​តាម​រយៈ​ការ​រៀបចំ​ព្រឹត្តិការណ៍​លក់​បញ្ចុះតម្លៃ​ទាប​បំផុត​នៃ​ផលិតផល​ខ្លួន ដែល​ធ្វើ​ឲ្យ​អ្នកតំណាង​ផលិតកម្ម​របស់​កម្ពុជា​សម្តែង​ការ​មិន​សប្បាយចិត្ត ខណៈ​ផលិតផល​របស់​សហគ្រាស​ក្នុងស្រុក​ខ្វះ​ការ​គាំទ្រ ។ បើ​តាម​នាយក​ប្រតិបត្តិ Maga Sale លោក​Thanawat…

រាជធានី​ភ្នំពេញ ៖ ប្រទេស​ថៃ​បាន​និង​កំពុង​ពង្រីក​ពាណិជ្ជកម្ម​របស់​ខ្លួន​ជា​ថ្មី​ទៀត​តាម​រយៈ​ការ​រៀបចំ​ព្រឹត្តិការណ៍​លក់​បញ្ចុះតម្លៃ​ទាប​បំផុត​នៃ​ផលិតផល​ខ្លួន ដែល​ធ្វើ​ឲ្យ​អ្នកតំណាង​ផលិតកម្ម​របស់​កម្ពុជា​សម្តែង​ការ​មិន​សប្បាយចិត្ត ខណៈ​ផលិតផល​របស់​សហគ្រាស​ក្នុងស្រុក​ខ្វះ​ការ​គាំទ្រ ។

បើ​តាម​នាយក​ប្រតិបត្តិ Maga Sale លោក​Thanawat Maneekornjongsiri បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២២ សីហា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ព្រឹត្តិការណ៍​តាំងពិព័រណ៍​បញ្ចុះតម្លៃ​ទាប​បំផុត​ប្រចាំឆ្នាំ​ថា ការ​រៀបចំ​ពិព័រណ៍​លក់​ផលិតផល​ថៃ​ដែល​មានគុណ​ភាព​ខ្ពស់ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០ សីហា ដល់​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០១៨​ខាង​មុខ ។ លោក​បន្ដ​ថា ៖« ព្រឹត្តិការណ៍​នេះ គ្រោង​រៀបចំ​ជា​៣​ផ្នែក ក្នុង​នោះ​ផ្នែក​ទី​១ មាន​ផលិតផល​ថៃ​គ្រប់មុខ រួម​មាន​ស្បែកជើង ការ​បុ​ប​ស្បែក សម្លៀក​បំពាក់ របស់របរ​ប្រើប្រាស់​ក្នុង ផ្ទះ និង​គ្រឿងអគ្គិសនី ។ ផ្នែក​ទី​២ មាន​ចំណីអាហារ​ជា​ច្រើន​មុខ និង​ច្រើន​ប្រភេទ តាម​រសជាតិ​អាហារ​ថៃ ដូច​ជា អាហារ​កំប៉ុង សាច់​ជ្រូក​អាំង សាច់ក្រក ប្រហិត​សាច់​ជ្រូក និង​សាច់​ត្រី​ជាដើម​។ ចំណែក​ផ្នែក​ទី​៣ នឹង​ដាក់​តាំង​ផលិតផល​គ្រឿងសំអាង ដោយ​មាន​គ្រឿងសំអាង​ម៉ាក​ល្បី​ៗ​ជា​ច្រើន​ប្រភេទ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន »​។

លោក​បន្ថែម​ថា នេះ​ជា​លើក​ទី​២​ហើយ ក្នុង​ការ​ពង្រីក​ធុរកិច្ច​នៅ​កម្ពុជា ។ ជា​ពិសេស​ការ​ពង្រីក​ទំនាក់ទំនង​រវាង​ក្រុម​អា​ជីករ​ថៃ និង​កម្ពុជា ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ជា​ពិសេស​ការ​ផ្តល់​ទំនិញ​ដែល​មានគុណ​ភាព ។ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ​កាលពី​ឆ្នាំ​មុន​សម្រេច​បាន​ជាង​៦​ពាន់​លាន​ដុល្លារ ហើយ​ប្រមុខ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ មាន​គោលដៅ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​បាន​១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ។ ទោះជា​យ៉ាងនេះ​ក្ដី មាន​អ្នក​ពេញចិត្ត និង​អ្នក​មិន​ពេញចិត្ត​ចំពោះ​ការ​វាយលុក​ទំនិញ​មក​ពី​ប្រទេស​ថៃ​នេះ ខណៈ​ផលិតផល​ក្នុងស្រុក​កំពុង​ខ្វះ​ការ​គាំទ្រ ។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម លោក​ឧកញ៉ា តែ តាំង​ប៉ បាន​មាន​ប្រសាសន៍​រិះគន់​ក្រសួងពាណិជ្ជកម្ម ដែល​បន្ត​អនុញ្ញាត​ឲ្យ​ទំនិញ​ថៃ​វាយលុក​ទីផ្សារ​កម្ពុជា ដោយ​លោក​អះអាង​ថា ពាណិជ្ជករ​នៅ​តាម​បណ្តា​ខេត្ត​បាន​ព្រួយបារម្ភ​ពី​អាជីវកម្ម​របស់​ពួក​គេ ដោយសារ​តែ​ផលិតផល​ថៃ មិន​ត្រឹមតែ​វាយលុក​នៅ​ទីក្រុង​ទេ ប៉ុន្តែ​បាន​វាយលុក​ដល់ទី​ជនបទ តាម​រយៈ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​រថយន្ត​ទៅ​ដល់​បណ្តា​ស្រុក​នៅ​ទូ​ទាំង​ប្រទេស​តែ​ម្ដង ។ លោក​បន្ត​ថា ៖« ទីផ្សារសេរី សមាហរណកម្ម​អាស៊ាន​យើង​ទទួលស្គាល់ ប៉ុន្តែ​យើង​ពិបាក​នាំ​ចេញ​ទៅ​គេ តែ​គេ​វិញ​នាំ​ចេញ​មក​កម្ពុជា​បាន​យ៉ាង​ងាយស្រួល »​។ លោក​ថា ៖« គេ​ដាក់​ពន្ធ​ទំនិញ និង​របាំង​នានា​ដើម្បី​ទប់ស្កាត់​ការ​នាំ​ចូល​ពី​កម្ពុជា ហេតុនេះ​យើង​គួរ​មាន​របាំង​ផង​ដែរ ដើម្បី​ធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​មាន​តុល្យភាពខ្លះ »​។ ជា​ការ​ពិត ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ឆ្នាំ​មុន ថៃ​បាន​នាំ​ចូល​កម្ពុជា​ជាង​៥​ពាន់​លាន​ដុល្លារ តែ​កម្ពុជា​នាំ​ចូល​ប្រទេស​ថៃ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៩០០​លាន​ដុល្លារ​អា​មេ​រិ​កប៉ុណ្ណោះ ។

យ៉ាងណា​ក្ដី លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែងថា ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន ការ​មាន​លំហូរ​ផលិតផល​ឬ​ទំនិញ​ដោយ​សេរី​ជា​រឿង​ធម្មតា​ក្នុង​សហគមន៍​នេះ​។ ហេតុនេះ​ផលិតករ​ក្នុងស្រុក​គួរ​ទទួលយក​បញ្ហា​នេះ ហើយ​រិះគិត​រក​វិធី​ថ្មី​ៗ​ដើម្បី​បង្កើន​ការ​លក់​ផលិតផល​របស់​ខ្លួន ព្រោះ​និន្នាការ​ទីផ្សារ​មិន​នៅ​មួយ​កន្លែង​ទេ វា​តែងតែ​មានការ​ផ្លាស់​ប្តូរ ។
លោក​បន្ត​ថា ៖« ការ​មានគំនិត​ច្នៃប្រឌិត​ថ្មី និង​យុទ្ធសាស្ត្រ​ទីផ្សារ​ច្បាស់លាស់​ជាង​មុន និង​បត់បែន​តាម​និន្នាការ​សង្គម គួរតែ​ប្រកាន់​យក​ដោយ​សហគមន៍​ផលិត​ក្នុងស្រុក »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ