រាជធានីភ្នំពេញ ថ្ងៃទី២៩ មីនា ២០១៖ ធនាគារ ABA បានបើកដំណើរការសេវាកម្មពិសេសថ្មីមួយដែលមានឈ្មោះថា អាទិភាព ABA (ABA Priority) ដោយមានការតាំងចិត្ដក្នុងការផ្ដល់នូវសេវាកម្មទំនាក់ទំនងផ្ដាច់មុខជាមួយអតិថិជនដ៏មានតម្លៃ ។ ធនាគារ ABA ផ្ដល់ជូនបន្ទប់ថ្មីមួយសម្រាប់សេវាកម្មធនាគារអាទិភាពនៅសាខាកណ្ដាលរបស់ខ្លួននៅលើមហាវិថីព្រះមុនីវង្ស ហើយនឹងត្រូវបានគ្រប់គ្រងដោយអ្នកនាង ណេ រ៉ាវី ប្រធានផ្នែកសេវាកម្មធនាគារអាទិភាព ដែលនឹងផ្ដល់នូវការប្រឹក្សាយោបល់លក្ខណៈឯកជន និងសេវាកម្មហិរញ្ញវត្ថុឯកទេសដល់អតិថិជនដ៏មានតម្លៃ ។
បន្ទប់សេវាកម្មធនាគារអាទិភាពត្រូវបានបំពាក់ដោយបន្ទប់ប្រជុំឯកជនចំនួន៥បន្ទប់ និងសេវាកម្មអីុនធើរណែតដោយឥតគិតថ្លៃតាមរយៈបច្ចេកវិទ្យាទំនើប ទស្សនាវដ្ដីអាជីវកម្មអន្ដរជាតិ ឬកម្មវិធីទូរទស្សន៍ជាច្រើន ព្រមទាំងមានអាហារឆ្ងាញ់ពិសា និងភេសជ្ជៈជូនអតិថិជនអាទិភាពទៀតផង ។ ដោយតម្រូវការទីផ្សារមានការកើនឡើងនៅទីក្រុងភ្នំពេញ ធនាគារABAរំពឹងថា ចំនួនអតិថិជនរបស់ខ្លួននឹងកើនឡើងថែមទៀត ។
អតិថិជនអាទិភាពទាំងនេះ ដែលមានរបៀបរស់នៅដ៏មមាញឹក នឹងទទួលបានជំនួយពីប្រធានផ្នែកទំនាក់ទំនងពិសេស ហើយនិងសេវាកម្មធនាគារបន្ថែមផ្សេងទៀត ដែលមិនត្រឹមតែបំពេញតម្រូវការ ថែមទាំងលើសពីក្ដីរំពឹងទុកទៀតផង ។ សមាជិកអាទិភាពទទួលបាននូវឯកសិទ្ធិ អត្ថប្រយោជន៍បន្ថែម និងការបញ្ចុះតម្លៃពិសេសលើសេវាកម្មមួយចំនួនដូចជា ការទទួលទានអាហារ ការទិញអីវ៉ាន់ សេវាកម្មស្ប៉ា ឬថែទាំស្បែកឱ្យនៅក្មេង និងជម្រើសប័ណ្ណឥណទាន ។
លោក Askhat Azhikhanov អគ្គនាយកធនាគារABAមានប្រសាសន៍ថា៖ «ថ្ងៃនេះយើងមានសេចក្ដីសោមនស្សរីករាយក្នុងការផ្ដល់ជូនលោកអ្នកនូវសេវាកម្មអាទិភាព ABA ដែលជាសេវាកម្មថ្មីដែលត្រូវបានបង្កើតឡើងដើម្បីផ្ដល់ជូនលោកអ្នកអាទិភាពកម្រិតខ្ពស់បំផុតតាមរយៈការប្រព្រឹត្ដពិសេស និងអត្ថប្រយោជន៍មួយចំនួន ។ នៅធនាគារABA យើងយល់ឃើញថា តម្រូវការរបស់អ្នកលើបទពិសោធន៍សេវាកម្មធនាគាររហ័សទាន់ចិត្ដ ងាយស្រួល និងពិសេស នេះជាមូលហេតុដែលយើងចង់ស្វាគមន៍លោកអ្នកទៅកាន់បន្ទប់សេវាកម្មអាទិភាពផ្ដាច់មុខ ជាទីកន្លែងដែលប្រតិបត្ដិការទាំងអស់របស់អ្នកនឹងត្រូវបានធ្វើការតាមដានយ៉ាងរហ័ស តាមរយៈ បណ្ដាញសេវាកម្មអាទិភាពផ្ដាច់មុខរបស់យើង និងផ្ដល់ឱ្យអ្នកមានពេលទំនេរសម្រាប់កិច្ចការ សំខាន់ៗនៅក្នុងជីវិត ។ »
ទន្ទឹមនឹងនេះផងដែរ នៅអំឡុងពេលបើកដំណើរសេវាកម្មពិសេសនេះ ធនាគារនេះក៏បាន បង្ហាញពីរូបសញ្ញា (Logo)ថ្មីនៃសេវាកម្មអាទិភាព ABA ដែលបានបញ្ចូលគ្នាជាមួួយម៉ាកសញ្ញាធនាគាររបស់យើង ដោយអនុលោមតាមសោភ័ណភាពសម័យបច្ចុប្បន្នដើម្បីបញ្ជាក់ពីវិធីសាស្ដ្រទំនើបក្នុងការផ្ដល់ជូនសេវាកម្មធនាគារ។ រូបសញ្ញានៃសេវាកម្មអាទិភាពABA បង្ហាញពី ភាពសាមញ្ញ និងភាពទាន់សម័យជាមួយនឹងភាពប្រណីត ។ ពណ៌មាសគឺជានិមិត្ដសញ្ញានៃស្ថានភាពរបស់អតិថិជនអាទិភាព ដើម្បីបញ្ជាក់ពីការតាំងចិត្ដខ្ពស់ដោយសារវាស្ថិតនៅគែមខាងលើនៃរូបសញ្ញា ចំណែកឯពណ៌ប្រាក់តំណាងឱ្យភាពរឹងមាំ ទំនុកចិត្ដ និងសុវត្ថិភាព ដែលនេះជារបៀបដែលធនាគារABAធ្វើប្រតិបត្ដិការជាមួយអតិថិជនរបស់ខ្លួន ។
ឥឡូវនេះ សេវាកម្មអាទិភាពABA ចាប់បើកពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ដែលមានបន្ថែមម៉ោងសម្រាប់សមាជិករបស់ខ្លួន ។ ការពិភាក្សាលក្ខណៈបុគ្គលត្រូវបានផ្ដល់ជូនដើម្បីស្វែងយល់ពីតម្រូវការពិសេសរបស់អតិថិជន និងផ្ដល់ជំនួយដើម្បីពង្រីកអាជីវកម្ម និងតម្រូវការហិរញ្ញវត្ថុ របស់ពួកគេ ។ សម្រាប់ព័ត៌មានបន្ថែម អតិថិជនពាក់ព័ន្ធទាំងអស់អាចទាក់ទងលេខទូរស័ព្ទៈ០៩៨ ២០៣ ៦៦៦។
អំពីធនាគារ ABA
ធនាគារABAត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦មានឈ្មោះពេញថា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ។ ចាប់តាំងពីឆ្នាំ២០០៧ធនាគារABA បានពង្រីកវិសាលភាពរបស់ខ្លួនដោយផ្ដោតលើវិស័យសេវាកម្មធនាគារផ្នែកលក់រាយ និងមានគោលបំណងផ្ដល់សេវាកម្មធនាគារប្រកបដោយ បច្ចេកវិទ្យាទំនើប ងាយស្រួលប្រើប្រាស់ និងជាទីទុកចិត្ដនៅទូទាំងប្រទេសកម្ពុជា ។
ដោយបានបម្រើសេវាកម្មធនាគារដល់ក្រុមហ៊ុន និងអតិថិជនទូទៅនៅកម្ពុជាអស់រយៈពេល ១៥ឆ្នាំមកហើយ ធនាគារABAផ្ដល់ជូនផលិតផល និងសេវាកម្មជាច្រើនដែលបានបង្កើតឡើង ក្នុងគោលបំណងផ្ដល់ផលប្រយោជន៍ដល់គ្រប់វិស័យក្នុងសហគមន៍កម្ពុជា ដោយមានការផ្ដល់ជូនចាប់ពីប្រាក់កម្ចីសម្រាប់អាជីវកម្ម ប្រាក់កម្ចីសម្រាប់ទិញម៉ូតូ គណនីចរន្ដរហូតដល់ប្រាក់បញ្ញើមានកាលកំណត់ ។ រាល់ផលិតផលដែលធនាគារABAផ្ដល់ជូនគឺត្រូវបានរៀបចំឡើង ដោយយកចិត្ដទុកដាក់បំផុតដើម្បីបំពេញតម្រូវការទីផ្សារកម្ពុជា ។
ក្នុងឆ្នាំ២០១២ ទស្សនាវដ្ដីធនាគារនិងហិរញ្ញវត្ថុអាស៊ីបានផ្ដល់ពានរង្វាន់ធនាគារប្រតិបត្ដិការ និងបច្ចេកវិទ្យាដ៏ល្អបំផុតប្រចាំឆ្នាំ ចំណែកឯឆ្នាំ ២០១២ ធនាគារABAជាធនាគារទីមួយនៅ កម្ពុជាដែលទទួលបានពានរង្វាន់ផ្នែកលក់រាយប្រចាំឆ្នាំ ។ ក្នុងឆ្នាំដដែល ធនាគារABAបាន ទទួលពានរង្វាន់មាសផ្នែកទូទាត់សាច់ប្រាក់ជាសាកល និងគ្រប់គ្រងសាច់ប្រាក់ប្រចាំឆ្នាំ២០១០ពីធនាគារ HSBC ។នាពេលបច្ចុប្បន្ន ធនាគារABAមានសាខាចំនួន១១នៅទូទាំងប្រទេស ក្នុងនោះមាន៨ សាខានៅក្នុងទីក្រុងភ្នំពេញ ៕
ចែករំលែកព័តមាននេះ