ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​នៅ​តាម​មាត់ទន្លេ នឹង​តម្រូវ​ឱ្យ​រុះរើ​ឆាប់​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជីវកម្ម​នានា​ដែល​កំពុង​អាស្រ័យ​ផល​នៅ​តាម​មាត់ទន្លេ ចាប់ពី​ស្ពាន​ជ្រោយចង្វា រហូត​ដល់​ផ្សារ​រាត្រី នឹង​តម្រូវ​ឲ្យ​ផ្លាស់​ទីតាំង​ឆាប់​ៗ​ខាង​មុខ ខណៈ​ដី​ទីតាំង​នេះ ត្រូវ​បាន​ជួល​ឲ្យ​វិនិយោគិន​ចិន​ដើម្បី​អភិវឌ្ឍន៍​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ។ បច្ចុប្បន្ន…

រាជធានី​ភ្នំពេញ ៖ អាជីវកម្ម​នានា​ដែល​កំពុង​អាស្រ័យ​ផល​នៅ​តាម​មាត់ទន្លេ ចាប់ពី​ស្ពាន​ជ្រោយចង្វា រហូត​ដល់​ផ្សារ​រាត្រី នឹង​តម្រូវ​ឲ្យ​ផ្លាស់​ទីតាំង​ឆាប់​ៗ​ខាង​មុខ ខណៈ​ដី​ទីតាំង​នេះ ត្រូវ​បាន​ជួល​ឲ្យ​វិនិយោគិន​ចិន​ដើម្បី​អភិវឌ្ឍន៍​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ។

បច្ចុប្បន្ន អាជីវកម្ម​ដែល​កំពុង​រកស៊ី​នៅ​តំបន់​នោះ​រួម​មាន ចំណតទូក​ទេសចរណ៍ ការិយាល័យ​ក្រុមហ៊ុន និង​ភោជនីយដ្ឋាន​ជាដើម ។

បើ​តាម​ម្ចាស់​ទូក​ទេសចរណ៍​ជា​ច្រើន​ដែល​ចត​ដឹក​ភ្ញៀវ​ទេសចរ​នៅ​ខាង​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពួក​គាត់​កំពុង​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ឱកាស​រកស៊ី បើសិនជា​ត្រូវ​អាជ្ញា​ឲ្យ​ចាកចេញ ។
លោក ឌឿ​ន រ៉ា​វី ម្ចាស់​ទូក​ទេ​ចរណ៍ រ៉ា​វី បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​មិន​ទាន់​មាន​ចំណាត់ការ​ណាមួយ​នៅឡើយ​ទេ​ពាក់ព័ន្ធ​នឹង​ការ​ជួល​ដី​នេះ​ឲ្យ​ទៅ​វិនិយោគិន​ចិន ខណៈ​ចំណតទូក​របស់​ពួក​លោក​បច្ចុប្បន្ន​ក៏​នៅ​លើ​ទីតាំង​ដែល​ត្រូវ​អភិវឌ្ឍន៍​នោះ​ដែរ​។ យ៉ាងនេះ​ក្ដី លោក​ទទួល​ដំណឹង​ថា អាជ្ញាធរ​ត្រៀម​នឹង​យក​ទូក​ទេសចរណ៍​ទាំងអស់​ដែល​កំពុង​ចត​នៅ​ចំណត​បច្ចុប្បន្ន​នេះ​ទៅ​ទីតាំង​ថ្មី​ដែល​នៅ​ឆ្ងាយ​ពី​ទីតាំង​ចាស់ ។ លោក ឌឿ​ន រ៉ា​វី និយាយ​ថា ៖« តាម​ខ្ញុំ​លឺ​ត​ៗ​គ្នា​ថា អាជ្ញាធរ​ត្រៀម​យក​ទូក​ទេសចរណ៍​ទាំងអស់​ទៅ​ដាក់​នៅ​ចំណត​ផែ​របស់​រដ្ឋ គឺ​នៅ​គីឡូម៉ែត្រ​លេខ​៦ ដែល​ឆ្ងាយ​ពី​ទីតាំង​ចាស់ ហើយ​បើសិនជា​បែប​នោះ​មែន ពួក​យើង​ពិតជា​ប្រឈម​នឹង​បញ្ហា​ខ្លាំង​ណាស់ ព្រោះ​ទីតាំង​ថ្មី​នោះ នៅ​ឆ្ងាយ​ពី​រាជធានី ហើយ​ក៏​មិន​មាន​ភ្ញៀវ​ឯណា​ទៅ​ជិះ​ដែរ » ។ លោក​បន្ត​ថា គ្រាន់តែ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ទីតាំង​ថ្មី​នោះ ភ្ញៀវ​អស់​អារម្មណ៍​ជិះ​ទៅ​ហើយ ដោយសារ​ស្ទះ​ផង ឆ្ងាយ​ផង ហើយ​ម្យ៉ាងទៀត​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ក៏​មិន​ចង់​រៀបចំ​ភ្ញៀវ​ជូន​ពួក​លោក​ដែរ ដោយសារ​តែ​វា​នៅ​ឆ្ងាយ​ពេក ។

យ៉ាងណា​ក៏​ដោយ លោក​ថា ៖« ពួក​យើង​នឹង​សំណូមពរ​អាជ្ញាធរ​រៀបចំ​កំពង់​ផែ ឬ​ចំណត​ថ្មី​ដែល​នៅ​ជិត​នឹង​កំពង់​ផែ​ចាស់ ដូច​ជា​នៅ​មុខ​ផ្សារ​រាត្រី​មាត់ទន្លេ ហើយ​សង់​ចំណត់ទូក​នៅ​ត្រើយម្ខាង ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​ជិះទូក​កម្សាន្ដ និង​ទស្សនា​ទីក្រុង​ភ្នំពេញ »​។

លោក​បាន​បញ្ជាក់​ថា បើសិនជា​អាជ្ញាធរ​យក​ទូក​ទាំងអស់​ទៅ​ចត​នៅ​គីឡូម៉ែត្រ​លេខ​៦ ឬ​សង់​កំពង់​ផែ​នៅ​ទីនោះ​មែន ការ​បើកទូក​ក្រោម​ស្ពាន​ជ្រោយចង្វា អាច​ប្រឈម​នឹង​ហានិភ័យ ដោយសារ​តែ​នៅ​ក្រោម​ស្ពាន​ទឹក​ហូរ​ខ្លាំង ។ លោក​ថា ៖« នៅ​ពេល​បើក​ក្រោម​ស្ពាន វា​ប្រឈម​ហានិភ័យ​គ្រោះថ្នាក់​ខ្ពស់​ណាស់ ព្រោះ​ទឹក​ហូរ​នៅ​កន្លែង​នោះ​បញ្ច្រាស​គ្នា អីចឹង​បើសិនជា​ទូក​មាន​បញ្ហា​បច្ចេកទេស ត្រូវ​រលត់​ម៉ាស៊ីន វា​នឹង​បោក​ផ្ទប់​ជាមួយ​ស្ពាន ហើយ​វា​នឹង​បង្ក​គ្រោះថ្នាក់​ធំ​ដល់​ភ្ញៀវ​ទេសចរ » ។

ម្ចាស់​ភោជនីយដ្ឋាន​ទន្លេសាប ដែល​មា​នទី​តាំងនៅ​ជាប់​នឹង​កំពង់​ផែ​ទូក​ទេសចរណ៍​ផង​ដែរ នោះ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ដែល​លោក​កំពុង​ធ្វើ​អាជីវកម្ម​នេះ គឺជា​កម្មសិទ្ធិ​របស់​លោក​ផ្ទាល់ ហើយ​វិនិយោគិន​ចិន​ក៏​បាន​មក​មើល​ទីតាំង​នេះ​រួច​ហើយ​ដែរ តែ​លោក​បាន​បញ្ជាក់​ថា លោក​នឹង​ចាកចេញ បើសិនជា​ត្រូវ​ថ្លៃ​គ្នា ។
លោក​ថា ៖« ខ្ញុំ​កាត់ថ្លៃ​៣​លាន​ដុល្លារ​ចំពោះ​ទីតាំង​ខ្ញុំ ហើយ​ខ្ញុំ​នឹង​រុះរើ​ចេញ បើសិនជា​យើង​និយាយ​ត្រូវ​គ្នា ព្រោះ​ដីធ្លី​នេះ​ជា​ដី​កម្មសិទ្ធិ​របស់ខ្ញុំ​ផ្ទាល់ » ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដី​នៅ​ទីតាំង​នោះ​ត្រូវ​បាន​ជួល​ឲ្យ​វិនិយោគិន​ចិន រយៈពេល​៥០​ឆ្នាំ ក្នុង​តម្លៃ​ទឹកប្រាក់​ជាង​១៦​លាន​ដុល្លារ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០៦៨ ដែល​មាន​កំណត់​ក្នុង​អនុក្រឹត្យ​លេខ​៣២ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៨ ស្ដី​ពី​ការ​ធ្វើ​អនុ​ប​យោគ​ទីតាំង​ដី​នៅ​បណ្ដោយ​ទន្លេសាប ពី​ស្ពាន​ជ្រោយចង្វា មក​ដល់​ផ្សារ​រាត្រី ។

សេចក្ដី​ប្រកាស​បាន​បញ្ជាក់​ថា គម្រោង មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​នេះ រួម​មាន អគារ​បណ្ដុំ​ការិយាល័យ​ពាណិជ្ជកម្ម​, មជ្ឈមណ្ឌល​សិល្បៈ​, ទីធ្លា​សម្ដែង​វប្បធម៌​សិល្បៈ​, ទីធ្លា​សម្រាប់​បាញ់​ទឹក​, របាំ​ទឹក និង​ផ្សារ​អណ្ដែត​ទឹក​, សួន​កំពង់​ផែ​, ទីធ្លា​កម្សាន្ដ និង​សួនច្បារ​សាធារណៈ​, មជ្ឈមណ្ឌល​ទេសចរណ៍​, រាជធានី​ភ្នំពេញ​ដ៏​ឆ្លាត​វៃ​, ការិយាល័យ​បច្ចេកវិទ្យា​, អគារ​ស្នាក់​នៅ​រួម​បែប​វប្បធម៌​, អគារ​ស្នាក់​នៅ​រួម​បែប​ច្នៃប្រឌិត​ទំនើប និង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​, សាល​តាំងពិព័រណ៍​, មជ្ឈមណ្ឌល បេតិកភណ្ឌ​អរូបី និង​សិប្បកម្ម​, វិចិត្រសាល​បែប​វប្បធម៌​ព្រះពុទ្ធ​សាសនា និង​សកម្មភាព​ផ្សេង​ៗ​ទៀត ។

បច្ចុប្បន្ន​នេះ គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​នេះ ក៏​បាន​និង​កំពុង​ដំណើរការ​បណ្ដើរ​ៗ​ដែរ ក្នុង​នោះ​គេ​សង្កេត​ឃើញ​មានការ​រៀបចំ​បិទ​បាំង​របង ដើម្បី​ត្រៀម​បើក​ការដ្ឋាន​សាងសង់​នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ