រាជធានីភ្នំពេញ ៖ រាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃទី២៣ មេសា បានប្រារព្ធពិធីថ្វាយគោរមងារកិតិ្តឧទ្ទេសបណ្ឌិត ប្រគេនសញ្ញាបត្រកិតិ្តបណ្ឌិត និងជូនគោរមងារកិត្តិសេដ្ឋាបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ចំពោះមន្ត្រីសង្ឃជាន់ខ្ពស់និងឥស្សរជនឆ្នើមនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាេសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា ។
ក្នុងពិធីនេះ ក៏មានការប្រគល់គោរមងារកិត្តិឧទ្ទេសបណ្ឌិតថ្វាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីបួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សញ្ញាបត្រកិត្តិបណ្ឌិតប្រគេនសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី៣ សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះឧត្តមវង្សា មួង រ៉ា លេខាថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ព្រះមុនីកោសល ហ៊ុល សុវណ្ណ សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងគោរមងារកិត្តិសេដ្ឋាបណ្ឌិតជូនលោកគាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ ។
ក្នុងសុន្ទរកថាស្វាគមន៍របស់លោកជំទាវបណ្ឌិតសភាចារ្យខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា កាលពីថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១១ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីអបអរសាទរថ្វាយសញ្ញាបត្រកិត្តិបណ្ឌិតចំពោះសម្តេចព្រះធម្មលិខិត លាស់ ឡាយ ប្រធានថេរសភាព្រះពុទ្ធសាសនា ដែលសម្តេចមានព្រះជន្មាយុច្រើនព្រះវស្សាហើយ និងមានព្រះរាជជរាពាធផង ។ ថ្ងៃទី៩ មីនា ឆ្នាំ២០១៣ កន្លងទៅ រាជបណ្ឌិត្យសភាកម្ពុជា ក៏បានរៀបចំពិធីថ្វាយគោរមងារកិត្តិឧទ្ទេសបណ្ឌិតចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និងសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជារួចហើយ។
លោកជំទាវបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍បន្តថា ថ្ងៃនេះថ្នាក់ដឹកនាំ មន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជាទាំងមូល មានកិត្តិយសនិងមោទនភាពយ៉ាងក្រៃលែង បានរៀបចំពិធីប្រគល់គោរមងារ«កិត្តិឧទ្ទេសបណ្ឌិតថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី និងសញ្ញាបត្រកិត្តិបណ្ឌិតប្រគេនសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង សម្តេចព្រះវនរ័ត ណយច្រឹក សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ សម្តេចព្រះឧត្តមវង្សា មួង រ៉ា និងព្រះមុនីកោសល ហ៊ុល សុវណ្ណ និងគោរមងារ កិត្តិសេដ្ឋាបណ្ឌិតជូនលោកគាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
មន្ត្រីសង្ឃជាន់ខ្ពស់ និងឥស្សរជនឆ្នើមខាងលើ សុទ្ធតែបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងសមិទ្ធផលធំៗទាំងក្នុងវិស័យព្រះពុទ្ធសាសនា និងក្នុងសេដ្ឋកិច្ចសង្គម ក្រោមមាគា៌ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។លោកជំទាវបណ្ឌិតសភាចារ្យខ្លូត ធីតា គូសបញ្ជាក់ថា ព្រះសង្ឃជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាទាំង៩អង្គ ព្រមទាំងលោកឧបនាយករដ្ឋមន្ត្រីគាត ឈន់ គឺជាឥស្សរជនជាតិដ៏ឆ្នើមដែលបានលះបង់កម្លាំងកាយប្រាជ្ញាស្មារតីយ៉ាងច្រើនសន្ធឹកសម្រាប់ប្រទេសជាតិ ។
ដោយឡែក លោកឧបនាយករដ្ឋមន្ត្រីគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសលើវិស័យសេដ្ឋកិច្ច ជាក់ស្តែងនៅឆ្នាំ១៩៩៣ លោកបានគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នូវសារណាមួយស្តីពី«តួនាទីរបស់រដ្ឋនៅក្នុងសេដ្ឋកិច្ចទីផ្សារ»ហើយលោកបានដឹកនាំដោយផ្ទាល់នូវក្រុមការងារជំនាញជាតិនិងបរទេស ក្នុងការរៀបចំចាត់ចែងនូវឯកសារដ៏មានសារសំខាន់មួយទៀតគឺ «កម្មវិធីជាតិសម្រាប់នីតិសម្បទា និងអភិវឌ្ឍន៍ » ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកបានចូលរួមដឹកនាំសកម្មភាពទាំងឡាយដែលប្រកាន់ទិសឆ្ពោះទៅកាន់សេដ្ឋកិច្ចទីផ្សារ ដោយឈរលើមូលដ្ឋានកំណែទម្រង់គ្រប់ប្រភេទនិងគ្រប់ផ្នែក ។ ដោយឈរលើសមិទ្ធផលកំណែទម្រង់របស់អតីតរដ្ឋកម្ពុជា បានឈានដល់ដំណាក់កាលលែងថយក្រោយ នៅឆ្នាំ១៩៨៩ ហើយបានបោះជំហានទៅមុខថែមទៀតចាប់ពីឆ្នាំ១៩៩៣មក ។
លោកកិត្តិសេដ្ឋាបណ្ឌិតគាត ឈន់ តំណាងជ័យលាភីដែលបានទទួលគោរមងារមានប្រសាសន៍ថា ក្នុងព្រះបរមរាជនាម និងបរមនាមសម្តេចដែលជាព្រះជ័យលាភីទាំង៩អង្គ និងក្នុងនាមទូលព្រះបង្គំ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជបណ្ឌិត្យសភាកម្ពុជា ពិសេសក្រុមសមាជិកពេញសិទ្ធិ ដែលបានសម្រេចលើសំណើជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្វាយព្រះមហាក្សត្រដើម្បីថ្វាយនិងផ្តល់នូវគោរមងារ«កិត្តិឧទ្ទេសបណ្ឌិត»គោរមងារ«កិត្តិសេដ្ឋាបណ្ឌិត» និងសញ្ញាបត្រ«កិត្តិបណ្ឌិត»ក្នុងក្របខណ្ឌរាជបណ្ឌិត្យសភាកម្ពុជា ។
លោកកិតិ្តសេដ្ឋាបណ្ឌិតគាត ឈន់ មានប្រសាសន៍បន្តថា តាមចលនាការនៃការអភិវឌ្ឍ និងកំណែទម្រង់លើគ្រប់វិស័យ និងកាន់តែស៊ីជម្រៅ កាន់តែទូលំទូលាយ និងកាន់តែគ្រប់ជ្រុងជ្រោយដែលសម្តេចតេជោនាយករដ្ឋមន្ត្រីដឹកនាំផ្ទាល់ ខ្ញុំយល់ថាក្នុងឆ្នាំ២០៣០ ព្រះរាជាណាចក្រកម្ពុជានឹងឈានដល់ចំណាត់ថ្នាក់ប្រទេសមានចំណូលមធ្យមខ្ពស់ ឱ្យតែព្រះរាជាណាចក្រកម្ពុជាបន្តអភិវឌ្ឍ និងកំណែទម្រង់ ហើយប្រកាន់ខ្ជាប់នូវទិសស្លោកដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលមានប្រសាសន៍ថា «កំណែទម្រង់គឺជាការស្លាប់រស់របស់រាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវចាត់ទុកថា កំណែទម្រង់គឺជាការងារប្រចាំថ្ងៃរបស់យើង ដើម្បីបន្តកែលម្អពង្រឹងបង្កើននិងពង្រឹងសមត្ថភាព លទ្ធភាព សក្តានុពលភាពរបស់យើងក្នុងគោលដៅរក្សាឱ្យបានជាមួយនិងការវិវឌ្ឍនៃសង្គម សេដ្ឋកិច្ច និងនយោបាយក្នុងប្រទេស ក្នុងតំបន់និងពិភពលោក» ។
នោះនៅឆ្នាំ២០៥០ កម្ពុជានឹងមិនធ្លាក់ក្នុងអន្ទាក់នៃប្រទេសមានចំណូលមធ្យមដូចបណ្តាប្រទេសមួយចំនួនដែលកំពុងជាប់និងរើខ្លួនពីអន្ទាក់នេះពុំទាន់រួច ហើយប្រទេសកម្ពុជាប្រាកដជា នឹងប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍មួយក្នុងចំណោមប្រទេសអភិវឌ្ឍន៍ដទៃទៀតជាក់ជាពុំខាន ៕
ចែករំលែកព័តមាននេះ