ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មជន​ដីធ្លី​៤​នាក់ ត្រូវ​បាន​តុលាការ​ដោះ​លែង​ពី​ពន្ធនាគារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សកម្មជន​ដីធ្លី​បឹង​កក់​៤​នាក់ ដែល​ក្នុង​នោះ​មាន​អ្នកស្រី ទេព វ​ន្នី ផង ត្រូវ​បាន​ដោះ​លែង​ចេញពី​ពន្ធនាគារ​ហើយ នៅ​យប់​ថ្ងៃ​ទី​២០ សីហា…

រាជធានី​ភ្នំពេញ ៖ សកម្មជន​ដីធ្លី​បឹង​កក់​៤​នាក់ ដែល​ក្នុង​នោះ​មាន​អ្នកស្រី ទេព វ​ន្នី ផង ត្រូវ​បាន​ដោះ​លែង​ចេញពី​ពន្ធនាគារ​ហើយ នៅ​យប់​ថ្ងៃ​ទី​២០ សីហា ២០១៨ នេះ​។ យោង​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើកលែងទោស​អ្នកស្រី ទេព វ​ន្នី អ្នកស្រី ហេង មុំ អ្នកស្រី បូ ឆវី និង អ្នកស្រី ហេង ច​ន្ថា ដែល​សុទ្ធ​សឹង​ជា​សកម្មជន​ដីធ្លី​បឹង​កក់ និង​តាម​សំណើ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ផង​នោះ​។

នៅ​ម៉ោង​ប្រមាណ​ជិត​៨​យប់​ថ្ងៃ​ទី​២០ សីហា នេះ​ដែរ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​ធ្វើការ​ដោះ​លែង សកម្មជន​ដីធ្លី​បឹង​កក់​ទាំង​៤​នាក់​នោះ​ហើយ ។ គួរ​រំលឹក​ផង​ដែរ​ថា​អ្នកស្រី ទេព វ​ន្នី ត្រូវ​បាន​ចាប់​ឃុំខ្លួន កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់​ប្រមាថ​អ្នករាជការ​សាធារណៈ​ដោយ​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។

ក្នុង​បទ​ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ​ដោយ​មាន​ស្ថាន​ទម្ងន់ទោស អ្នកស្រី ទេព វ​ន្នី ត្រូវ​បាន​ផ្តន្ទាទោស​កំណត់​ចំនួន​០៦​ខែ តាម​អំណាច​សាលដីកា​លេខ​៣៩៤ ចុះ​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល​។ ជាមួយ​គ្នា​នោះ អ្នកស្រី ទេព វ​ន្នី ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២​ឆ្នាំ​៦​ខែ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​អំណាច​សាលដីកា​លេខ​៥១ ចុះ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ របស់​តុលាការ​កំពូល​។

ស្ត្រី​បឹង​កក់​៣​នាក់​ទៀត គឺ​អ្នកស្រី ហេង មុំ អ្នកស្រី បូ​ឆវី និង​អ្នកស្រី គង់ ច​ន្ថា ក៏​ត្រូវ​បាន​ផ្តន្ទាទោស​ក្នុង​សំណុំរឿង​ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ​ដោយ​មាន​ស្ថាន​ទម្ងន់ទោស ហើយ​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​៦​ខែ តែ​ស្ត្រី​សកម្មជន​ដីធ្លី​បឹង​កក់​ទាំង​៣​នាក់​នេះ មិន​ត្រូវ​បាន​ចាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ទេ​។

សកម្មជន​ដីធ្លី​បឹង​កក់​គឺ​អ្នកស្រី ទេព វ​ន្នី បាន​ជាប់​ឃុំឃាំង​អស់​រយៈពេល​២​ឆ្នាំ​៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ចាប់​ឃុំខ្លួន​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ ។ ក្រុម​សកម្មជន​ដីធ្លី​បឹង​កក់ ធ្វើ​ដំណើរ​ទាំង​យប់​ទៅ​ទទួល​អ្នកស្រី ទេព វ​ន្នី នៅ​ពន្ធនាគារ​ព្រៃ​សទាំង​យប់ ដើម្បី​ទទួល​អ្នកស្រី ទេព វ​ន្នី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ