ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ឱ្យ​ពលរដ្ឋជិះ​រថភ្លើង​អត់​គិតលុយនៅ​ថ្ងៃ​បុណ្យ​ភ្ជុំ និងចូល​ឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​ថា ខ្លួន​នឹង​ធ្វើការ​ចរចា​ជាមួយ​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់ គ្រុប នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ អំពី​ការ​ដឹក​អ្នកដំណើរ​តាម​រថភ្លើង​ក្នុងអំឡុងពេល​រៀង​រាល់​បុណ្យ​ភ្ជុំបិណ្ឌ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​ថា ខ្លួន​នឹង​ធ្វើការ​ចរចា​ជាមួយ​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់ គ្រុប នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ អំពី​ការ​ដឹក​អ្នកដំណើរ​តាម​រថភ្លើង​ក្នុងអំឡុងពេល​រៀង​រាល់​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំ​ខ្មែរ ដើម្បី​ឆ្លើយ​តប​តាម​សំណើ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​ដ្ឋា​មន្ត្រី​កម្ពុជា ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​បុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ ២០១៨ នេះ​ថា ៖« រាជរដ្ឋាភិបាល​នឹង​ធ្វើការ​ចរចា និង​សម្របសម្រួល ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ អាច​ធ្វើ​ដំណើរ​ដោយ​ឥត​គិតថ្លៃ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​យើង »​។
ក្រសួង​បន្ត​ថា ៖« នេះ​ជា​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើកកម្ពស់​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​យើង »​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​សកម្ម​ករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​កន្លង​ទៅ​នេះ​ថា ៖« រៀង​រាល់ពេល​ចូល​ឆ្នាំ និង​រៀង​រាល់​បុណ្យ​ភ្ជុំ ត្រូវ​ចរចា​ជាមួយ គិត ម៉េ​ង ទាក់ទង​ជាមួយនឹង​កម្មករ​ជិះ​រថភ្លើង​ដោយ​មិន​ប្រាក់​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក និង​ពី​ស្រុក​មក​ភ្នំពេញ​វិញ »​។ សម្តេច​បន្ត​ថា ៖« យើង​ពង្រាយ​ឡានក្រុង​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​ធ្វើ​ដំណើរ​ដោយ​មិន​បង់ប្រាក់​ក្នុង​រយៈពេល​ភ្ជុំបិណ្ឌ និង​ចូល​ឆ្នាំ ។ ការ​ធ្វើ​យ៉ាង​ដូច្នេះ យើង​រំពឹង​ថា យើង​នឹង​បង្កើត​បាន​នូវ​ប្រាក់​ចំណូល​របស់​កម្មករ តែ​យើង​នឹង​កាត់​បន្ថយ​ការ​ចំណាយ​របស់​កម្មករ​វិញ តាម​រយៈ​សេវា​ដឹក​ជញ្ជូន »​។

រាជរដ្ឋាភិបាល​កម្ពុជា​ជា​បន្ត​បន្តបន្ទាប់ បាន​ដាក់​ឲ្យ​ដំណើរការ​ផ្លូវដែក​ពី​ភ្នំពេញ រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត (​ព្រំដែន​កម្ពុជា​-​ថៃ​) មាន​ប្រវែង​សរុប​៣៨៦​គីឡូម៉ែត្រ និង​ដាក់​ឲ្យ​ដំណើរការ​ផ្លូវដែក​រត់​ពី​ក្រុងភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ។ ផ្លូវដែក​របស់​កម្ពុជា ត្រូវ​បាន​អាក់ខាន​ប្រើប្រាស់​អស់​រយៈពេល​ជាង​៤០​ឆ្នាំ ដោយសារ​រង​ការ​ខូចខាត​ដោយ​អន្លើ ព្រោះតែ​ភ្លើងសង្គ្រាម​។ បច្ចុប្បន្ន​ផ្លូវដែក​ត្រូវ​បាន​ជួសជុល និង​ស្តា​ឡើង​វិញ ដើម្បី​បម្រើ​ដល់​ការ​ដឹក​ជញ្ជូន​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ