ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​​​​ឯក​​បក្ស​​នឹង​​នាំ​ស្នាម​​ញញឹម ​​ឬភាព​ក្រៀម​ក្រំដល់​​​កម្ពុជា​

5 ឆ្នាំ មុន
  • ភ្នំពេញ

២៥​ឆ្នាំ​បន្ទាប់​ពី​ការ​របោះ​ជំហាន​លើ​ផ្លូវ​ប្រជាធិបតេយ្យ​យ៉ាង​ក្លាហាន ចេញពី​របប​គ្រប់គ្រង​តាម​បែប​កុម្មុយនីស្ត ប្រទេស​កម្ពុជា​បាន​ឈាន​ដល់​ដំណាក់កាល​មួយ​នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​មាន​គណបក្ស​តែ​មួយ​នៅ​ក្នុង​សភាជាតិ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ដោយ​កាន់កាប់​ទាំង ១២៥​អាសន​:​នៅ​ក្នុង​រដ្ឋសភា ។ ប្រទេស​លោក​ខាងលិច​មួយ​ចំនួន ដូច​ជា​សហរដ្ឋអាមេរិក…

២៥​ឆ្នាំ​បន្ទាប់​ពី​ការ​របោះ​ជំហាន​លើ​ផ្លូវ​ប្រជាធិបតេយ្យ​យ៉ាង​ក្លាហាន ចេញពី​របប​គ្រប់គ្រង​តាម​បែប​កុម្មុយនីស្ត ប្រទេស​កម្ពុជា​បាន​ឈាន​ដល់​ដំណាក់កាល​មួយ​នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​មាន​គណបក្ស​តែ​មួយ​នៅ​ក្នុង​សភាជាតិ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ដោយ​កាន់កាប់​ទាំង ១២៥​អាសន​:​នៅ​ក្នុង​រដ្ឋសភា ។

ប្រទេស​លោក​ខាងលិច​មួយ​ចំនួន ដូច​ជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​បាន​ចោទសួរ​អំពី លទ្ធិប្រជា ធិបតេយ្យ​នៅ​កម្ពុជា បន្ទាប់​ពី​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​គិត​ថា​ជា​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ។

ពួក​គេ​ក៏​ប្រកាស​ថា​ ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ដែល​មាន​អ្នកបោះឆ្នោត​ចំនួន​ជាង​៨៣​ភាគរយ ទៅ​បោះ​ឆ្នោត​គឺ​ប្រព្រឹត្តិ​ទៅ​ដោយ​មិន​សេរី​និង​យុត្តិធម៌​ដែល​ពិបាកធ្វើ​ឱ្យ​ពួក​គេ​ទទួលស្គាល់ ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​អ្នក​សង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​បាន​វាយតម្លៃ​ថា កា​បោះ​ឆ្នោត​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​ត្រឹមត្រូវ​និង​យុត្តិធម៌ ដោយ​មានការ​ចូលរួម​របស់​គណបក្ស​រហូត​ដល់​២០​នៅ​ប្រទេស​កម្ពុជា ។

តាម​ពិត​ទៅ​ប្រទេស​អា​មេ​រិ​ក និង​សហភាព​អឺរ៉ុប​មិន​ទទួលស្គាល់​ការ​បោះ​ឆ្នោត​នេះ តាំង​តែ​ពី​មិន​ទាន់​បោះ​ឆ្នោត​ម្ល៉េះ ព្រោះតែ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការ​បោះ​ឆ្នោត ។

គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​ជោគជ័យ​ខ្លាំង​ហួស​ពី​ការ​ស្មាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​និង​កាន់កាប់ កៅអី​ទាំងអស់​នៅ​ក្នុង​រដ្ឋសភា​ក៏​ព្រោះតែ​គណបក្ស​ភាគច្រើន​ដែល​ចូលរួម​ប្រកួត​ការ​បោះ​ឆ្នោត​កើត​មាន​ឆាប់រហ័ស​ពេក និង​មិន​មាន​ធនធាន​ទាំង​ហិរញ្ញវត្ថុ និង​មនុស្ស​ព្រមទាំង​រចនាសម្ព័ន្ធ​រឹង​មាំ​ដែល​អាច​ប្រកួត ប្រជែង​បានជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​អាយុកាល​ជិត​៧​ទសវត្សរ៍​និង​មាន​ធនធាន​សម្បូរ​បែប ព្រមទាំង​បណ្តាញ​យ៉ាង​រឹង​មាំ​ទាំង​២៥​ខេត្ត​-​ក្រុង​នៅ​កម្ពុជា ។

ដោយ​សភា​ថ្មី​កើត​ចេញពី​ការ​បោះ​ឆ្នោត ដែល​មានការ​ចូលរួម​របស់​គណបក្ស​ជា​ច្រើន​នោះ​សភា​ថ្មី​នឹង​ក្លាយ ជា​តំណាង​របស់​ប្រជា​ជ​កម្ពុជា​បើ​ទោះបីជា​មាន​ប្រទេស​មួយ​ចំនួន​មិន​ទទួលស្គាល់​ក្តី ។

គ្រប់​គ្នា​គួរ​នាំ​គ្នា​សម្លឹង​ទៅ​មុខជា​ជាង​ការ​សម្លឹង​ថយក្រោយ ដោយ​ចោទសួរ​ថា តើ​សភា​ថ្មី​នោះ និង រដ្ឋាភិ បាល​ថ្មី​ដែល​នឹង​កើតឡើង​នោះ​នឹង​អាច​បម្រើ​ផលប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​ដោយ​កម្រិត​ណា?

ផ្លូវ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប្រហែលជា​រលាក់​ខ្លះ ហើយ​មិន​សម​ដូច​អ្វី​ដែល​គ្រប់​គ្នា​ចង់បាន ។ ប៉ុន្តែ​ជំនួស​ឱ្យ​ការ​ផ្តោតអារម្មណ៍​ខ្លាំង​ទៅ​លើ​ផ្លូវ​ដែល​ត្រូវ​ដើរ គេ​គួរតែ​សម្លឹង​មើល​គោលដៅ​ប្រសើរ​ជាង ។ នោះ​គឺ​តើ​នយោបាយ​និង​សេដ្ឋកិច្ច​កម្ពុជា នឹង​រីក​លូតលាស់​ល្អ​ឬ​ក៏​ដាំ​ក្បាល​ចុះ ?

បើសិនជា​សភា​ឯក​បក្ស​លើក​ដំបូង​នៅ​កម្ពុជា ចាប់តាំងពី​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣​មក ព្រមទាំង​រដ្ឋាភិបាល​ថ្មី​អាច​បម្រើ​ផលប្រយោជន៍​ប្រជាជន​បាន​យ៉ាង​ល្អ ហើយ​ប្រជាជន​កម្ពុជា​កាន់តែ​មាន​សេចក្តីសុខ​កាន់តែ​មាន​ជីវភាព​ធូរធា និង​កាន់តែ​មាន​សុភមង្គល​នោះ គេ​គួរ​នាំ​គ្នា​បំភ្លេច​ចោល​ផ្លូវ​ប្រជាធិបតេយ្យ​ដ៏​រលាក់​នេះ ហើយ​អបអរ​នឹង​ភាព​រីក​ចម្រើន​របស​កម្ពុជា ។ ផ្ទុយ​មក​វិញ​បើសិនជា​ប្រទេស​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ​នោះ​វា​នឹង​មាន​ន័យ​ថា​កម្ពុជា​បាន​ជ្រើស​ផ្លូវ​ដ៏​ខុសឆ្គង​មួយ​ហើយ​ផលវិបាក​នឹង​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​គ្នា ។

នេះ​ជា​អ្វី​ដែល​សភា​ថ្មី និង​រដ្ឋាភិបាល​ថ្មី​មាន​ភារកិច្ច​ទទួលខុសត្រូវ​ហើយ​ត្រូវ​បញ្ចៀស​ឱ្យ​បាន ។ក្នុង​ន័យ​នេះ​សមាជិក​សភា​ទាំងអស់​មាន​ភារកិច្ច​មួយ​ដែល​ត្រូវ​បំពេញ​តួនាទី ក្នុង​នាម​តំណាង​ប្រជាជន​កម្ពុជា​ឱ្យ​បាន​ល្អ​ហើយ​ការពារ​ផលប្រយោជន៍​ប្រទេស​ជាតិ​និង​ប្រជាជន​ជា​អាទិភាព ។

គេ​ត្រូវ​ហ៊ាន​ពិភាក្សា​ដេញដោល និង​កោះហៅ​រដ្ឋមន្ត្រី​ដែល​អសកម្ម ហើយ​ត្រូវ​សកម្ម​នៅ​ក្នុង​ការ​បង្កើត​ច្បាប់​នានា​ដែល​បម្រើ​ផលប្រយោជន៍​ប្រទេស​និង​ប្រជាជន ។

សភា​មិនមែន​គ្រាន់តែ​ជា​កន្លែង​ដែល​ពួក​គេ​អង្គុយ​ចាំ​លើកដៃ និង​ផឹក​កាហ្វេ​នៅ​ក្នុង​បន្ត​ប់​ម៉ាស៊ីនត្រជាក់​នោះ​ឡើយ ។

ចំណែក​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ត្រូវ​ធានា​ឱ្យ​បាន​ស្ថិរភាព​នយោបាយ សន្តិសុខ និង​សន្តិភាព ដែល​ជា​កត្តា​មូលដ្ឋាន​សម្រាប់​ទាក់ទាញ​វិនិយោគ ហើយ​ធ្វើ​យ៉ាងណា​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា មានការ​រីក​ចម្រើន​កាន់តែ​ខ្លាំង​ដោយ​ធ្វើ​ឱ្យ​ប្រជាជន​កាន់តែ​មាន​ជីវភាព​ធូរធា​និង​សម្បូរ​សប្បាយ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សន្យា​រួច​ហើយ​អំពី​ការ​ទទួលខុសត្រូវ​ដើម្បី​ធានា​ថា កម្ពុជា​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​មួយ​ដែល​នឹង​ទៅ​ដល់​អនាគត​កាន់តែ​ភ្លឺស្វាង ។ ជា​ច្រើន​ដង​បុរស​ខ្លាំង​នៅ​កម្ពុជា​បាន​សន្យា​ថា នឹង​មិន​បណ្តោយ​ឱ្យ​កម្ពុជា​បាត់បង់​សន្តិភាព​និង​ការ​អភិវឌ្ឍ ។

លោក​ថែម​ទាំង​ដាស់តឿន​ដល់​មន្ត្រី​ទាំងអស់ ឱ្យ​ត្រៀម​ធ្វើការ​បម្រើប្រជាជន កាន់តែ​សកម្ម​ជាង​មុន ដោយ​ត្រូវធ្វើ​ជា​អ្នកបម្រើ​ដ៏​ល្អ​សម្រាប់​ប្រជាជន ។ការ​សន្យា​ទាំងនេះ​អាច​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ស្ងប់ចិត្ត​ខ្លះ ប៉ុន្តែ​គ្មាន​រណា​អាច​ទស្សន៍ ទាយ​បាន​ទេ តើ​អនាគត​នឹង​ទៅ​ជា​យ៉ាងណា ?

រយៈពេល​៥​ឆ្នាំទៅ​មុខ​នឹង​ក្លាយជា​ពេលវេលា​សាកល្បង​ដ៏​សំខាន់​ថា តើ​សភា​ឯក​បក្ស​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​ឬ​ក៏​ខុសឆ្គង ?

ប៉ុន្តែ​យើង​គ្រាន់តែ​បួងសួង និង​សង្ឃឹមថា ស្នាមញញឹម​មាន​ច្រើន​ជាង​ភាព​ក្រៀមក្រំ​នៅ​លើ​ផ្ទៃមុខ​ប្រជាជន​កម្ពុជា​ក្រោម ប្រព័ន្ធ​សភា​ឯក​បក្ស​លើក​ដំបូង​នៅ​កម្ពុជា ចាប់តាំងពី​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ។ សូម​បួងសួង​ទាំងអស់​គ្នា ៕  ដោយ ប្រវីន

អត្ថបទសរសេរ ដោយ