មហាសង្ក្រាន្ត ៖ ព្រះពុទ្ធសករាជព្រះសាសនាអតិក្កន្តាកន្លងទៅហើយបាន២៥៥៦ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខ ឆ្នាំម្សាញ់ បញ្ចស័កទៅចូលពុទ្ធសករាជ២៥៥៧ ។
នឹងគណនាឆ្នាំម្សាញ់ឥឡូវនេះ សង្ក្រាន្តចូលមកនៅថ្ងៃអាទិត្យ ៤កើត ខែចេត្រ ត្រូវនឹងថ្ងៃអាទិត្យ ទី១៤ ខែមេសា គ្រិស្តសករាជ ២០១៣ វេលាម៉ោង២និង១២នាទីរំលងអធ្រាត្រ ។ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសីតាមផ្លូវគោវិថី គឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម ធុង្សៈទេវី ជាបុត្រីទី១នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរ ពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយសៀតផ្កាទទឹម អភរណទ្រង់ពាក់ កែវបទុមរាគ ភក្សាហារទ្រង់សោយផ្លែឧទុម្ពរ ព្រះហស្តស្តាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ស័ង្ខ ទ្រង់ផ្ទំបិទព្រះនេត្រលើខ្នង គ្រុឌ (សត្វសសេះ)ជាពាហនៈ។ ទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវធម្មមាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី(២៤ម៉ោង) ។ បន្ទាប់មកទើបនាំយកទៅតម្កល់នៅកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញ ពីបំពង់ថ្មកែវជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យហើយ នាំគ្នាចូលទៅសមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលាដែលវិស្សកម្មទេវបុត្រនិមិ្មតថ្វាយ ដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះហើយចម្រើននូវសិរីសួស្តី ជ័យមង្គល ជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានធូរទូលំទូលាយ សុខក្សេមក្សាន្ត តរៀង ទៅ ។
ថ្ងៃអាទិត្យ ៤កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ២០១៣ វេលាម៉ោង០២ និង១២នាទីរំលងអធ្រាត្រជាថ្ងៃចូលឆ្នាំម្សាញ់ បញ្ចស័ក ។
ថ្ងៃចន្ទ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រិស្តសករាជ២០១៣ជាវារៈវ័នបត ។
ថ្ងៃអង្គារ ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃ១៦ ខែមេសា គ្រិស្តសករាជ ២០១៣ នៅវេលាម៉ោង០៥ និង៥៦នាទី ២៤វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃស្រេចបរិបូណ៌ចូលជាសកល ឆ្នាំម្សាញ់បញ្ចស័ក ចុល្លសករាជ១៣៧៥ និងមហាសករាជ ១៩៣៥ តទៅ ។
ក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការគ្រឿងសក្ការបូជា អុជប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយ ជាចិត្តអប្រិយជាប់ដោយគំនុំគុំកួន ព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទើបទេវតានឹងឱ្យពរ សព្ទសាធុការ លោកអ្នក នឹងមានសិរីសួស្តី សុភមង្គល វិបុលសុខ គ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ ។
រណ្តាប់ទទួលទេវតា
រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់ តាំងគ្រឿងពលិការផ្សេងៗ ។ ត្រូវរៀបក្រាលសំពត់ពណ៌.ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី ៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន៥ធូប៥) លាច៥ ផ្កា៥ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា ដាក់ពានមួយគូ ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ ។ ឆ្នាំនេះគួររកផ្លែឧទុម្ពរ ផ្លែល្វាម៉ង់ ដាក់ទទួលទេវតាផង ព្រោះជាភក្សាហាររបស់ទេវធីតា។ ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្ការព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ទីរឭកលុះចប់ពិធីទទួលទេវតា ។
ទំនាយប្រចាំឆ្នាំ
កេណ្ឌព្រះពិរុណសាស្ត្រ ៈ ឆ្នាំនេះ ភពសុក្រ ជាអធិបតី នាំផ្លូវទៅសុំទឹកភ្លៀងពីស្តេចនាគ ហើយបាននាគ ១បង្អុរទឹកភ្លៀង ៦០០ មេដែលចែកចេញជា៖
-ចក្កវាឡ ២៤០មេ
-ព្រៃហេមពាន្ត ១៨០មេ
-មហាសមុទ្រ ១២០មេ
-និងជម្ពូទ្វីបមនុស្សលោកយើង មានចំនួន៦០មេ ដើមឆ្នាំភ្លៀងច្រើន កណ្តាលឆ្នាំភ្លៀងល្អ ចុងឆ្នាំភ្លៀងល្អ ។
កេណ្ឌធារាទិគុណ ៈ ឆ្នាំនេះមានកេណ្ឌ(៣)វាយោធាតុចុះទំនាយថា មានខ្យល់ព្យុះ និងទឹកជំនន់ ។
ទឹកជំនន់ និងទឹកទន្លេ៖ ឆ្នាំនេះទឹកជំនន់ដោយទឹកភ្លៀងមានច្រើន គឺមានកម្រិត១៥/១៦គឺមានសំណល់ (១៥) ទឹកមានច្រើនធំជាងឆ្នាំកន្លងទៅ ។
កេណ្ឌធញ្ញាហារ៖ ឆ្នាំនេះមានកេណ្ឌមួយ(១) មានឈ្មោះថា លាភៈ ទំនាយថាស្រូវ សំណាបស្រែចម្ការបានផល៩ភាគ ខូច១ភាគ ប្រជានុរាស្ត្រនឹងមានសេចក្ដីសុខសួស្ដីចម្រើនជាភយាភាព ធញ្ញាហារ មង្សាហារ ផល្លានុផលហារ និងមានបរិបូរណ៌ឧត្តមល្អណាស់ ។
ទំនាយការធ្វើស្រែ
ទំនាយកេណ្ឌការធ្វើស្រែមានសេស(១)ទំនាយថា ស្រែដីទួល និងស្រែដីទំនាបបានផលដូចគ្នា ដោយមានភ្លៀងដើមឆ្នាំច្រើន កណ្តាលឆ្នាំល្អ ចុងឆ្នាំតិច ។
កេណ្ឌព្រឹក្សា
ឆ្នាំនេះត្រូវចំ៦ត្រូវត្រង់ ដើមរកាជាស្តេចមានសេចក្តីទំនាយថា មនុស្សផងទាំងឡាយឥតមានកលិយុគ ស្រណុកជាពន់ពេក ។
កេណ្ឌព្រះអាទិត្យ
ឆ្នាំនេះព្រះអាទិត្យធ្វើដំណើរដោយជិះភ្លើង ទំនាយថា ជាឆ្នាំដែលមានគ្រោះពុំជានា៧ថ្ងៃក្រោយពីថ្ងៃមហាសង្ក្រាន្ត ភ្លើងនឹងឆេះក្នុងស្រុកនាមគ្រុឌ ខ្លា ពពែ និងស្រុកនាមនាគ រីឯស្រុកនាមកណ្តុរនឹងកើតទុរ្ភិក្ស អត់បាយ ។
ទំនាយតាមថ្ងៃសង្ក្រាន្ត
ទំនាយថ្ងៃមហាសង្ក្រាន្ត ថ្ងៃចូលឆ្នាំដែលជាថ្ងៃទី១ត្រូវនឹងថ្ងៃ អាទិត្យ ទំនាយថា ឆ្នាំនេះធ្វើស្រែមិនសូវបានផលល្អឡើយ ។ របស់ក្នុងផែនដី ស្រូវ អង្ករនឹងថ្លៃ ដំណាំផល្លាបានផលតែពាក់កណ្ដាល ខូចអស់ពាក់កណ្ដាល មានមនុស្សកាប់សម្លាប់គ្នាច្រើននឹងចាញ់ ។ ឯអ្នកប្រាជ្ញ និងអ្នកសប្បុរស មនុស្សផងទាំងឡាយនឹងទទួលនូវក្ដីលំបាកច្រើន ។
ទំនាយថ្ងៃវ័នបត ថ្ងៃកណ្តាលត្រូវនឹងថ្ងៃចន្ទ ទំនាយថា ឆ្នាំនេះអំបិលឡើងថ្លៃ ជំទាវខុណ្ណាងទាំងឡាយនឹងក្ដៅក្រហាយចិត្ត ក្នុងស្រុកនឹងមានជំងឺតម្កាត់ច្រើន ។
ទំនាយថ្ងៃឡើងស័ក ថ្ងៃចុងក្រោយជាថ្ងៃអង្គារ ទំនាយថា ឆ្នាំនេះរាជអាមាត្យ នាម៉ឺនសព្វមុខមន្ត្រីនឹងរស់នៅត្រជាក់ត្រជុំសុខស្រួល ទោះបីជាតស៊ូប្រយុទ្ធជាមួយសត្រូវ បច្ចាមិត្រគ្រប់ទិសទី ក៏នឹងមានជ័យជម្នះគ្រប់វេលា ភ្លៀងឱ្យដោយអន្លើ នឹងមានកើតកលិយុគនៅក្នុងព្រះ នគរ ។
ការពិគ្រោះទៅលើព្រះរាជទេពធីតា
នៅក្នុងឆ្នាំនេះ សង្ក្រាន្តចូលមកនៅថ្ងៃអាទិត្យ ៤កើត ខែចេត្រ គឺថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០១៣ ដោយហេតុនេះទេវធីតារបស់កបិលមហាព្រហ្មដែលជាមគ្គនាយិកាប្រចាំឆ្នាំម្សាញ់ មានព្រះនាមថា «ធុង្សៈទេវី»
១-ព្រះនាម ធុង្សៈទេវី
២-គ្រឿងទ្រង់និងផ្កា អម្ពរពណ៌ ក្រហម សៀតផ្កាទទឹម
៣-អាភរណៈ កែវបទុមរាគ
៤-ភក្សាហារ ផ្លែឧទុម្ពរ(ផ្លែល្វាតូច)
៥-សាស្ត្រាវុធ ព្រះហស្តស្តាំកងចក្រ ព្រះហស្តឆ្វេងស័ង្ខ
៦-ពាហនៈនិងការធ្វើចលនា ទ្រង់ផ្ទំបិទព្រះនេត្រលើខ្នងគ្រុឌ
ពិគ្រោះទៅលើចំណុចទី៤ ឆ្នាំនេះទេវធីតាមានភក្សាហារជាផ្លែឧទុម្ពរ ផ្លែល្វា ។ ល្វាមានពីរបែបធំ(ល្វាមមង់)ហូបមិនកើត និងល្វាតូច(គ្មានមមង់ទេ)អាចហូបបាន ។ មានទំនៀមពីបុព្វបុរសរៀងមកតែងរាប់អានយកឈើល្វាធ្វើជារាជាសនៈ និងស្លឹក១២១សន្លឹកក្រាលលើរាជាសនៈក្នុងព្រះរាជពិធីរាជាភិសេក ។ សម្តែងថា ផលដំណាំកសិកម្មនឹងហុចផលល្អបរិបូរណ៌ ហើយមានគុណភាពខ្ពស់ មានតម្លៃដែលនាំឱ្យមានការទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្មជាមួយបរទេស ហើយឱ្យព្រះរាជាណាចក្រកម្ពុជាមានកិត្យានុភាពខ្ពស់ថែមទៀត ព្រមទាំងមានការនាំចេញនូវផលិតផលខាងកសិកម្មដែលជាផលិតផលកើតមាននៅក្នុងស្រុកមិនខុសប្លែកពីឆ្នាំកន្លងទៅដែលនាងទេពធីតាសោយចេកណាំវ៉ា -ចេកទឹកដែលយកធ្វើជាអាហារផងហើយថ្វាយព្រះ និងថ្វាយវត្ថុស័ក្ដិសិទ្ធផង ។
ពិគ្រោះទៅលើចំណុចទី៥ ឆ្នាំនេះនាងទេពធីតាមានអាវុធព្រះហស្ដស្ដាំកងចក្រ ឯនៅព្រះហស្ដឆ្វេងជាស័ង្ខ ។ ឆ្នាំកន្លងទៅទេពធីតាប្រើដៃម្ខាងកាន់ព្រះខ័ន្ធហើយដៃម្ខាងទៀតកាន់ពិណ ហេតុនេះទើបឆ្នាំកន្លងទៅមានសេចក្ដីសុខសាន្តគ្មានសង្គ្រាម គ្មានការប្រើប្រាស់អាវុធ ។ តែឆ្នាំនេះទេពធីតាប្រើកងចក្រ គឺជាអាវុធទិព្វដែលមានប្រសិទ្ធភាពខ្លាំងសម្រាប់ប្រហារសត្រូវពីទីឆ្ងាយ ម្យ៉ាងទៀតនៅព្រះហស្ដឆ្វេងរបស់ទេពធីគឺប្រើស័ង្ខ ។ ស័ង្ខគឺជាអាវុធដ៏ពិសិដ្ឋ មានឥទ្ធិពលខ្លាំងអាចធ្វើឱ្យអពមង្គលទាំងឡាយវិនាសទៅ ហើយក៏នាំមកនូវសុភមង្គល ហេតុនេះនឹងមានហេតុមិនល្អខ្លះៗនៅក្នុងប្រទេស និងមានការប្រើប្រាស់ឬចល័តអាវុធជាច្រើននៅក្នុងន័យទីពីរអាចសម្ដែងជាន័យថា នៅក្នុងឆ្នាំនេះ ប្រទេសនឹងត្រូវធ្វើការអនុវត្តច្បាប់ និងពង្រឹងផ្នែកច្បាប់ ឬច្បាប់ទាំងឡាយដែលសភាអនុម័តកន្លងមក ហើយនឹងត្រូវបានយកមកប្រើប្រាស់ ហើយការប្រើប្រាស់យ៉ាងហ្មត់ចត់ទៀតផង មានន័យថា ប្រទេសនឹងត្រូវនឹងឈានចូលនីតិរដ្ឋហើយ ។
ពិគ្រោះទៅលើចំណុចទី ៦ ឆ្នាំ នេះទេវធីតាទ្រង់ផ្ទំបិទព្រះនេត្រនៅលើខ្នងគ្រុឌ ជាសត្វធំបំផុត ជាសត្វដែលមាននៅក្នុងវណ្ណកម្មរូបបុរាណហើយជាសត្វដែលមានអំណាចខ្លាំង បើប្រៀបធៀបមកសម័យបច្ចុប្បន្នអាចថា ជាយន្តហោះបាន អាចសម្តែងថា ក្នុងឆ្នាំនេះគឺជារឿងល្អសម្រាប់ប្រទេសជាតិ ជាពិសេសផ្នែកទេសចរណ៍ អាចនឹងមានភ្ញៀវកើនច្រើនឡើងតាមការធ្វើដំណើរផ្លូវអាកាស ។ ចំណុចទីពីរ ទេពធីតាផ្ទុំបិទព្រះនេត្រសម្ដែងថា គឺគ្មានក្ដីកង្វល់ គ្មានការភ័យព្រួយញញើត ញញើមអ្វីឡើយ ព្រះមហាក្សត្ររាជត្រកូល នាម៉ឺនសព្វមុខមន្ត្រី ទាហានក្លាហានទាំងឡាយប្រជានិករមានតែសេចក្ដីសុខក្សេមក្សាន្តទោះបីមានយុទ្ធសង្គ្រាមយ៉ាង ណាក៏ទទួលបាននូវជ័យជម្នះគ្រប់ទិសទី ។
ជោគជតាឆ្នាំម្សាញ់
លោកអ្នកកើតឆ្នាំម្សាញ់ ពង្សមនុស្សប្រុស នាមសត្វពស់ ធាតុភ្លើងទន្សា កំណើតនៅថ្ងៃសុក្រ សិរីធ្លាក់មកពីផ្ទៃពោះរបស់ព្រះព្រហ្ម មូលព្រលឹងនៅនឹងដើមពោធិ៍ ឬដើមរាំង ។ លោកអ្នកកើតឆ្នាំនេះ ប្រសិនបើចេញស្វែងរកទ្រព្យមាសប្រាក់ត្រូវទៅបួងសួងថ្លាថ្លែងសេចក្ដីដល់ដើមពោធិ៍ ឬដើមរាំងដែលមូលព្រលឹងរបស់អ្នកនៅទីនោះ និងបានសមសេចក្ដីប្រាថ្នា និងរស់នៅត្រជាក់ជាសុខ ។
មនុស្សកើតឆ្នាំនេះ រមែងជាមនុស្សមាននិស្ស័យ ចូលចិត្តសិក្សារកចំណេះដឹងមកដាក់ក្នុងខ្លួនយកចិត្តទុកដាក់ នឹងព្រឹត្តិការណ៍ទូទៅមិនថា នៅជិត ឬនៅឆ្ងាយ ។ មានបុណ្យវាសនាខ្ពង់ខ្ពស់មានអំណោចឥទ្ធិពលជាទីគោរពរាប់អាននៃជនទូទៅ ជាមនុស្សចូលចិត្តដើរ ឬផ្លាស់ប្ដូរទីលំនៅច្រើនចូលចិត្តខាងភាពខ្ពង់ខ្ពស់ ធ្វើការនៅក្នុងទីណាៗរមែងមិនសប្បាយរីករាយ ចិត្តចូលចិត្តរស់នៅតាមទីជនបទ ។
មុខរបរ ឬការងារដែលសមនឹងខ្សែជីវិត របស់មនុស្សកើតឆ្នាំនេះ អាចចម្រើនរុងរឿងលូតលាស់ត្រូវនឹងសម្លោករបស់ខ្លួននៅគឺធ្វើជំនួញជួញប្រែ នឹងបានទៅជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ។
បើធ្វើរាជការមិនសូវល្អប៉ុន្មានទេ ច្រើនតែត្រូវទទួលទោសទណ្ឌ ឬត្រូវបានទទួលការឥច្ឆាច្រណែនឈ្នានីស ពុំសូវមានសេចក្ដីសុខចម្រើនក្នុងជីវិតឡើយ ពុំនោះទេជាអ្នកប្រកបដោយរោគច្រើន ។
ព្យាករណ៍អ្នកកើតឆ្នាំម្សាញ់
ពីអាយុ ០៦ ឆ្នាំ ដល់ ៨០ ឆ្នាំ
បុរសអាយុ ៧,១២,១៩,២៤,៣១,៣៦,៤៣,៤៨,៥៥,៦០,៦៧,៧២,៧៩,៨៤ឆ្នាំ
និងស្ត្រីអាយុៈ១២,១៧,២៤,២៩,៣៦,៤១,៤៨,៥៣,៦០,៦៥,៧២,៧៧,៨៤ឆ្នាំ
ទំនាយថា ៈ ជាឆ្នាំនាំមកនូវជោគលាភសក្ការ គិតប្រកបការងារអ្វីៗតែងតែបានសម្រេចដូចសេចក្តីប្រាថ្នាគ្រប់ប្រការ ដែលអាចចែកចេញបានដូចតទៅនេះ៖
ជោគលាភនឹងបានទ្រព្យសម្បត្តិ លុយកាក់មាសប្រាក់ និងវត្ថុមានតម្លៃគ្រឿងប្រដាប់លម្អគេហដ្ឋាន ដីធ្លីឬបានឡើងប្រាក់ខែ និងប្រាក់ដំណាច់ឆ្នាំ រង្វាន់ផ្សេងៗទៀត ។
កិត្តិយស ៈ ការសិក្សា និងការប្រឡងជាប់ដូចសេចក្ដីប្រាថ្នា បើនៅទំនេរនឹងបានការងារធ្វើ បើមានការងារធ្វើស្រាប់ហើយនឹងបានឡើងមុខតំណែងខ្ពស់ឡើង ។
កេរ្តិ៍ឈ្មោះៈ នឹងទទួលបានសេចក្ដីនិយមរាប់អាន លើកតម្កើងមុខមាត់ពីមនុស្សក្នុងមជ្ឈដ្ឋានការងារ ឬនៅក្នុងផ្ទះ ជាទីពេញចិត្តដល់ខ្លួនឯង និងអ្នកដទៃ ។
សេចក្តីសុខ នឹងជួបប្រទះសេចក្ដីសុខបរិសុទ្ធ ឯអ្នកដែលមានគូគ្រងហើយ នឹងមានបុត្រជាទីស្រឡាញ់ពេញចិត្ត សេចក្ដីសុខនឹងកើនទ្វេឡើងថែមទៀត ។
បុរសអាយុ ៈ ៣៦,៤៣,៤៨,៥៣,៦០ឆ្នាំ
និងស្ត្រីអាយុៈ២៩,៣៦,៤៨ឆ្នាំ
ទំនាយថាៈបើរៀបអាពាហ៍ពិពាហ៍នឹងមានកូន បើនៅលីវនឹងបានរួមរក្សអភិរម្យសមសេចក្តីបំណងប៉ងប្រាថ្នា ឬបានទទួលលាភសក្ការ ជាវត្ថុមានជីវិតផ្សេងៗទៀតចូលមកនៅក្នុងផ្ទះ ។
បុរសអាយុៈ៨,១១,២០,២៣,៣២,៣៥,៤៤,៤៧,៥៦,៥៩,៦៨,៧១,៨០,៨៣ឆ្នាំ
និងស្ត្រីអាយុៈ៧,១០,១៩,២២,៣១,៣៤,៤៣,៤៦,៥៥,៥៨,៦៧,៧០,៧៩ឆ្នាំ
ទំនាយថាៈ ជាឆ្នាំនាំមកនូវគ្រោះកាច ឱ្យប្រញាប់ប្រុងប្រយ័ត្នខ្លួន ដែលអាចចែកចេញបានដូចតទៅនេះ៖
១-នឹងជួបប្រទះរឿងទុក្ខសោកខូចចិត្ត ដោយពពួកសត្រូវ ក្រុមពាលទាំងឡាយប៉ុនប៉ងព្យាបាទ កុំធ្វើដំណើរទៅទីស្ងាត់ និងពេលរាត្រីព្រោះនឹងត្រូវចោរខ្មួយគំរាមកំហែង ។
២-រោគាព្យាធិបៀតបៀនកាយ សត្វអា
សិរិ្ពសទិច ឬខាំធ្វើឱ្យអស់សេចក្តីសុខ។
៣-លុយកាក់ត្រូវចំណាយច្រើនទាំងក្នុងផ្លូវដែលចាំបាច់ និងមិនចាំបាច់ ដែលអាចហៅបានថា ជាឆ្នាំដែលចុះដើមទុនក្នុងផ្លូវដែលចាំបាច់ និងជាឆ្នាំនៃការចំណាយទៅក្នុងផ្លូវដែលមិនចាំបាច់ បើធ្វើជំនួញជួញប្រែនឹងត្រូវខាតដើមទុន ។
៤-សង្ឃឹមផលប្រយោជន៍ទៅលើផ្លូវអ្វីច្រើនតែខុសភ្លាំងភ្លាត់ ប្រាក់ចំណូលតិចជាងប្រាក់ចំណាយ ឬបានមកហើយចាយអស់ទៅវិញ ។
៥-បងប្អូនញាតិមិត្តដែលធ្លាប់ស្រឡាញ់រាប់អានគ្នានឹងប្រែក្លាយជាសត្រូវ។
៦-ទីលំនៅ ឬកន្លែងធ្វើការត្រូវផ្លាស់ប្តូរ ឬធ្វើដំណើរទៅស្រុកឆ្ងាយ ឬបើលោកអ្នកមិនចាកចេញទៅទេ ក៏គង់មានមនុស្សនៅក្នុងផ្ទះចាកចេញទៅដែរ ។
៧-រងទទួលសេចក្តីយ៉ាប់យឺុន លំបាកលំបិន ឬនឿយហត់ជាខ្លាំង ទាល់តែមានះ និងអត់ធន់ ។
៨-ធ្វើការងារជាមួយអ្នកដទៃនឹងត្រូវគេឆ.បោក បងប្អូនញាតិមិត្តស្និទ្ធស្នាល ប្រែក្លាយទៅជាសត្រូវ កន្លែងធ្លាប់ទៅនឹងត្រូវក្តៅក្រហាយ ឬត្រូវគេបណ្តេញចេញ ចិត្តថ្លើមអន្ទះអន្ទែង ។
បុរសអាយុ ៈ៩,១០,២១,២២,៣៣,៣៤,៤៥,៤៦,៥៧,៥៨,៦៩,៧០,៨១,៨២ឆ្នាំ
និងស្ត្រីអាយុៈ ១៤,១៥,២៦,២៧,៣៨,៣៩,៥០,៥១,៦២,៦៣,៧៤,៧៥,៨៤,ឆ្នាំ
ទំនាយថាៈ ឆ្នាំនេះជាឆ្នាំប្រក្រតីកាល គឺមិនល្អណាស់ ហើយក៏មិនអាក្រក់ណាស់ដែរ ។ ការ សិក្សាបានត្រឹមប្រឡងជាប់មិនធ្លាក់ ប្រកបការងារបានផលល្មម បើធ្វើជំនួញជួញប្រែបានត្រឹមមិនខាតដើម ។
បងប្អូនញាតិមិត្តជិតឆ្ងាយ បើឧស្សាហ៍ទៅ មករាប់រកគ្នាទើបអាចផ្សារភ្ជាប់ចំណងសាមគ្គីបានល្អ។
ការងារអ្វីៗអាស្រ័យដោយការព្យាយាម ហើយប្រើការពិនិត្យពិចារណាល្អិតល្អន់ ទើបអាចរកផលកម្រៃបាន។ សេចក្តីស្នេហាត្រូវប្រើសេចក្តីមានះព្យាយាម ទីបំផុតសម្រេចផល និងអាចរឹតចំណងស្នេហារវាងគ្នា និងគ្នាបានជាបង្គួរ គឺមិនល្អពេក ហើយក៏មិនអាក្រក់ពេក តែក៏មិនអា ក្រក់ដល់ទៅដាច់ដោចលែងលះផ្តាច់មគ្គសង្វាសគា្នដែរ។
បុរសអាយុៈ១៥,១៦,២៧,២៨,៣៩,៤០,៥១,៥២,៦៣,៦៤,៧៥,៧៦,៨៧ឆ្នាំ
និងស្ត្រីអាយុៈ ៨,៩,២០,២១,៣២,៣៣,៤៤,៤៥,៥៦,៥៧,៦៨,៦៩,៨០,៨១ឆ្នាំ
ទំនាយថាៈ ឆ្នាំនេះជាឆ្នាំស្រមោលអន្ទោលតាមប្រាណ គឺនៅក្នុងឆ្នាំនេះបើលោកអ្នកធ្វើល្អនឹងបានទទួលផលល្អ បើធ្វើអាក្រក់បានអាក្រក់តបស្នងវិញយ៉ាងប្រាកដ ។ ធ្វើការងារអ្វីៗ ប្រដូចទៅនឹងស្រមោលអន្ទោលតាមប្រាណ បើខុសគឺត្រូវទទួលផលកម្មដោយគ្មានការអភ័យ ឬបន្ធូរបន្ថយ គ្មានផ្លូវផ្លាស់ប្តូរកែកុនថាធ្វើអាក្រក់ឱ្យក្លាយទៅជាល្អ ឬធ្វើល្អទៅជាអាក្រក់បានទេ បើទុកជាគេជួយក៏ជួយមិនរួចដែរ។
បុរសអាយុៈ ១០,១៧,២២,២៩,៣៤,៤១,៤៦,៥៣,៥៨,៦៥,៧០,៧៧,៨២ឆ្នាំ
និងស្ត្រីអាយុៈ ១១,១៨,២៣,៣០,៣៥,៤២,៤៧,៥៤,៥៩,៦៦,៧១,៧៨,៨៣ឆ្នាំ
ទំនាយថាៈ ឆ្នាំនេះជាឆ្នាំមានជោគលាភ ប៉ុន្តែនឹងល្អបានទៅតាមលំដាប់ គឺចាប់តាំងពីដើមឆ្នាំ ហើយនឹងចេះតែកើនទ្វេឡើងៗពីតិចទៅច្រើនជាលំដាប់រហូតដល់ចុងឆ្នាំ ។ ការសិក្សានឹងចេះតែរីកចម្រើនទៅមុខបន្តិចម្តងៗ លុះដល់ចុងឆ្នាំទើបល្អពេញកម្រិត ។ ការងារអ្វីៗ ក៏ដូចគ្នាដែរ នៅដើមឆ្នាំមិនសូវមានការរីកចម្រើនខ្លាំងប៉ុន្មានទេ ដល់ទៅកណ្តាលឆ្នាំទើបឃើញផលល្អជាមធ្យម លុះចុងឆ្នាំទើបទទួលផលពេញបរិបូរណ៌ ។
ភាពរីកចម្រើននឹងឃើញបានចាប់ពីខែ
ឧសភាឡើងទៅ ហើយចេះតែកើនចម្រើនតទៅ ជាលំដាប់រហូតពេញលេញបរិបូរណ៌ដល់ទៅចុងឆ្នាំ ។
បុរសអាយុៈ ១៤,១៧,២៦,២៩,៣៨,៤១,៥០,៥៣,៦២,៦៥,៧៤,៧៧,៨៦ឆ្នាំ
និងស្ត្រីអាយុៈ ១៣,១៦,២៥,២៨,៣៧,៤០,៤៩,៥២,៦១,៦៤,៧៣,៧៦,៨៥ឆ្នាំ
ទំនាយថាៈ ឆ្នាំនេះជាឆ្នាំមានគ្រោះថ្នាក់ធំ ចូរប្រុងប្រយ័ត្នឱ្យមែនទែន ព្រោះហេតុនឹងកើតឡើងបានជាច្រើនប្រការគឺ៖
១-កើតហាយនៈលិចលង់ គឺត្រូវខូចខាតលុយកាក់អស់រលីងពីខ្លួន ។
២-កើតការផ្លាស់ប្តូរ ព្រាត់ប្រាសនិរាសចាកចោលគ្នា ដោយសត្រូវធ្វើទោស ឬជួបសេចក្តីទុក្ខលំបាក ឬត្រូវធ្វើដំណើរទៅស្រុកឆ្ងាយដោយមានហេតុចាំបាច់ ។ ចំពោះអ្នកដែលមានបំណងនឹងផ្លាស់ប្តូរ ឬចង់ធ្វើដំណើររមែងបានដូចសេចក្តីប្រាថ្នា ។
៣-បងប្អូនញាតិមិត្តជាទីស្រឡាញ់ នឹងប្រែក្លាយទៅជាសត្រូវ ស្អប់ខ្ពើមគ្នា ។
៤-ត្រូវគេឆបោកកេងប្រវ័ញ្ចធ្វើបាប ឱ្យខូចខាតនូវរបស់ជាទីស្រឡាញ់ជាទីគាប់ចិត្ត។
៥-ត្រូវចោរលួច ឬភ្លើងឆេះឱ្យបានទទួលសេចក្តីក្តៅក្រហាយ និងការខកចិត្ត ។
៦-អ្នកធ្វើការជាមួយគ្នា មានគំនិតផ្តន្ទាឈ្នានីស ឬរង់ចាំចាប់កំហុស ជាហេតុធ្វើឱ្យទទួលទោសទណ្ឌធ្វើការងារច្រើនលើសលន់ ប៉ុន្តែ «សេចក្តីគួរគាប់» គ្មាន ត្រូវគេបោកបញ្ឆោតទៅក្នុងផ្លូវអកុសល ។
ទំនាយជោគជតារាសីប្រចាំឆ្នាំ ម្សាញ់បញ្ចស័ក
លោកអ្នកកើតឆ្នាំជូត
បើជាមនុស្សប្រុសទំនាយទាយថា ៈ
ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរជំងឺឈឺថ្កាត់ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង ។ ចង់ធ្វើអ្វីត្រូវពិចារណាមុខក្រោយឱ្យល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការអ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនគួរឱ្យធរមានចិត្ត ។ ចូរកុំគប្បីបញ្ចេញឈ្មោះបោះសំឡេងជាត្លុកកំប្លែងលេងញយៗពេក ចូរខំបំពេញខ្លួនឱ្យឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរាបសារ ចូរធ្វើសេចក្ដីល្អតប.តជាមួយសត្រូវទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយមានគេជួយឱ្យបានទ្រព្យស្ដុកស្ដម្ភ ។
បើជាមនុស្សស្រីទំនាយថា ៈ
ក្នុងឆ្នាំនេះ ការរៀបមង្គការរបស់អ្នកបានផលសម្រេចបំណងមែនពិតប្រកបទៅដោយសេចក្ដីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែបនេះទៅ នឹងបានល្អឡើងវិញ ។ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទី អ្នកត្រូវបានតំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះគឺចោរកម្ម និងអគ្គិភ័យបំផ្លាញបើសិនជាមានជំងឺច្រើនតែផ្ដាសាយ ។
លោកអ្នកកើតឆ្នាំឆ្លូវ
បើជាមនុស្សប្រុសទំនាយទាយថា ៈ
ក្នុងឆ្នាំនេះជាឆ្នាំដែលជោគលាភមុខនឹងមានដល់លោកអ្នក ។ បើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាប មិត្តភក្ដិ ឬចៅហ្វាយនាយជាធំ ប្រុងទំនុកបម្រុងដល់អ្នក តែថា រឿងដែលអ្នកត្រូវប្រិតប្រៀបខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីឯនេះ ទៅនិន្ទាឱ្យអ្នកឯនោះឮដឹង បើអ្នកបានតមប្រាកដក្នុងហេតុភេទបែបនេះឈ្មោះថា ខ្លួនបានដោះស្រាយពីការបែកបាក់មេត្រីភាព ។
បើជាមនុស្សស្រីទំនាយទាយថា ៈ
ក្នុងឆ្នាំនេះអ្នកតោងកែកុនប្រើសេចក្ដីពិនិត្យពិច័យឱ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់អានអ្នកយ៉ាងណា ឬធ្វើការងារជាមួយនឹងគេ អ្នកកុំសង្ឃឹមឡើយថា នឹងបានកម្រៃផងពីវង់ការបែបនោះឱ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្នុងក្រុមគ្រួសារ មានភ័យព្រួយឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបម្រើក្នុងលំនៅឋាន ។ ជតារាសីអ្នកក្នុងឆ្នាំនេះពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នកឬសេចក្ដីស្និទ្ធស្នាលរបស់លោកអ្នកនឹងផ្ដល់ផលជាអសារឥតការដល់អ្នកវិញ ។ បើអ្នកចង់បន្ធូបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្ដីឆ្លៀតឆ្លាត និងសេចក្ដីអង់អាចឱ្យគ្រប់កម្លាំងទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ ។
លោកអ្នកកើតឆ្នាំ ខាល
បើជាមនុស្សប្រុសទំនាយទាយថា ៈ
ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលជូនដល់កណ្ដាប់ដៃយើងហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទូសរ៉ាយយ៉ាងណាក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅ ។ ប្រសិនបើអ្នកបានរៀបមង្គការក្នុងឆ្នាំនេះរាប់ថាល្អផ្ដាច់ហើយ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសូន្យដែរ ចំពោះក្រុមញាតិពន្ធុនឹងផ្ដល់សេចក្ដីរំខានដល់អ្នកខ្លះៗក្នុងឆ្នាំនេះ ។
បើជាមនុស្សស្រីទំនាយទាយថាៈ
ក្នុងឆ្នាំនេះអ្នកនឹងបានមុខការងារធ្វើជាលក្ខណដ្ឋាន ។ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួនមុខជាបានសម្រេចដូចសេចក្ដីប្រាថ្នា ជួបលាភយ៉ាងបន្ទាន់ តែបើទោះជាយ៉ាងណាក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្យាចំពោះលទ្ធផលរបស់អ្នកជានិច្ច ។ នៅក្នុងរឿងនេះអ្នកកុំគប្បីខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំឈឺឆ្អាលអ្នកពេញទំហឹង ។ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយមកបញ្ចុះបញ្ចូលបញ្ជោរលើកជើងអ្នកឱ្យចូលរួមការងារជាមួយគេ ទោះបីការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់ ។ ហើយមិនគួរលីសែងរែកពន្ធលើកដាក់របស់ធ្ងន់ៗហួសពេកទេ ក្រែងថ្លោះចង្កេះ ឬគ្រេចឆ្អឹងខ្នង ។
លោកអ្នកកើតឆ្នាំថោះ
បើសិនជាមនុស្សប្រុសទំនាយថាៈ
ក្នុងឆ្នាំនេះ អ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្ដិជាទីស្រឡាញ់ ឬញាតិសន្ដានដែលមានគុណបំណាច់លើរូបអ្នកត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះ អ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តែអ្នកមិនត្រូវរងទុក្ខក្ដៅពេកទេព្រោះមានគេចាំជួយឧបត្ថម្ភគាំទ្រឱ្យអ្នកបានសេចក្ដីសុខសាន្ត បើទុកជាមានឧបសគ្គក្នុងការងារអ្នកខ្លះ ក៏គង់នឹងសាបរលាបទៅវិញបានដោយសារពេលនេះ អ្នកមានមិត្តភក្ដិបានជួយទប់ស្កាត់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសម្បែងជួសជុល ឬក៏ត្រូវធ្វើថ្មីផង ។
បើជាមនុស្សស្រីទំនាយថា ៈ
ឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានក្ដីសុខសម្រាន្តយ៉ាងលើសលុបហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឱ្យដល់កន្លែង ។ ក្នុងឆ្នាំនេះ ជោគជាតារាសីរបស់លោកអ្នកល្អបំផុតបើអ្នកមានបំណងធ្វើអ្វី មុខជាបានសម្រេចផលយ៉ាងពិតមែន ។ ប៉ុន្តែថា អ្នកកុំផ្ដេកផ្ដួលនឹងការជួយឈឺឆ្អាលពីគេឯងទៀតខ្លាំងពេក ។ នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរ
ចែករំលែកព័តមាននេះ