រាជធានីភ្នំពេញ ៖ ប្លង់គោលរាជធានីភ្នំពេញ ដែលត្រូវបានរាជរដ្ឋាភិបាលអនុម័តជាផ្លូវការកាលពីប៉ុន្មានឆ្នាំមុន បានបែងចែកជាតំបន់ខុសៗគ្នា តាមលក្ខណៈប្រជាសាស្ត្រ សេដ្ឋកិច្ច និងកំណើននគរូបនីយកម្ម ។
យោងតាមសេចក្តីព្រាងប្លង់គោលរាជធានីភ្នំពេញ រាជរដ្ឋាភិបាលបានកំណត់លក្ខណៈវិនិច្ឆ័យលើចំណុចដូចជា ទម្រង់សេដ្ឋកិច្ចរាជធានីភ្នំពេញ, ការដឹកជញ្ជូន, ទីផ្សារអចលនវត្ថុ, ទីផ្សារអចលនទ្រព្យ, សង្កាត់មិនរៀបរយ,ការកកើត និងការរីកចម្រើនរបស់ទីក្រុងពីឆ្នាំ១៨៥០ ដល់ឆ្នាំ១៩៩៣, លក្ខណសម្បត្តិរូបសាស្ត្រ និងតួនាទីលំហក្រុង, សន្ទុះ និងបុគ្គលិកលក្ខណៈភ្នំពេញ, ទេសភាព និងសមាសភាគទីក្រុង, កសិកម្ម និងនគរូបនីយកម្ម, ហេដ្ឋារចនាសម្ព័ន្ធទីក្រុង, មធ្យោបាយ និងសេវាសាធារណៈ, និន្នាការ និងទស្សនវិស័យនៃនគរូបនីយកម្មភ្នំពេញ និងទស្សនវិស័យសេដ្ឋកិច្ចសង្គម និងលំហជាដើម ។
ប្លង់គោលរាជធានីភ្នំពេញ ត្រូវបានអនុម័តកាលពីឆ្នាំ២០១៥ តាមរយៈអនុក្រឹត្យ ស្តីពី «ការដាក់ឲ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ » ។
យោងតាមមាត្រា២ នៃអនុក្រឹត្យលេខ៧៧ អនបប្រក ចុះថ្ងៃទី៧ មិថុនា ឆ្នាំ២០១២ បានកំណត់ថា ប្លង់គោលប្រើប្រាស់ដីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាផែនការកំណត់ចក្ខុវិស័យនិងយុទ្ធសាស្ត្ររួម សម្រាប់ការអភិវឌ្ឍ ផ្នែករូបវ័ន្តហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍សំខាន់ៗ និងធ្វើសមាហរណកម្មថ្នាក់រាជធានី ថ្នាក់ស្រុក ថ្នាក់ខណ្ឌទៅនឹងតំបន់ និងថ្នាក់ជាតិ។
អតីតអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងថា ៖« គោលដៅប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ ជាឯកសារយុទ្ធសាស្ត្របម្រើឲ្យមហិច្ឆតារបស់រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ មានគោលដៅ និងទស្សនវិស័យដល់ឆ្នាំ២០៣៥ ក្នុងការគ្រប់គ្រង និងតម្រង់ទិសការអភិវឌ្ឍសេដ្ឋកិច្ចក្នុងព្រំប្រទល់រដ្ឋបាលរាជធានី និងតំបន់ប្រជុំជនពាក់ព័ន្ធទាំងទ្បាយនៅជាប់ជុំវិញ ឆ្លើយតបបាននឹងកំណើននៃការវិនិយោគឯកជន និងចំនួនប្រជាជនក្នុងរាជធានី តាមរយៈការតម្រង់ទិស និងជំរុញការវិនិយោគសាធារណៈ ស្របតាមរបបសេដ្ឋកិច្ចទីផ្សារសេរី និងអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ » ។
លោក ម៉េង ប៊ុណ្ណារិទ្ធ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្នុងប្លង់គោលនេះបានរៀបចំរាជធានីភ្នំពេញប្រមាណ១៥តំបន់ខុសៗគ្នា ដូចជា តំបន់ពាណិជ្ជកម្ម តំបន់លំនៅឋាន តំបន់ឧស្សាហកម្ម តំបន់កសិកម្ម និងតំបន់ដែលត្រូវអភិរក្ស ជាដើម ប៉ុន្តែនៅពេលប្លង់គោលនេះត្រូវសិក្សាលម្អិត តំបន់នីមួយៗអាចនឹងមានច្រើនជាងនេះ អាស្រ័យលើស្ថានភាពជាក់ស្តែង ។
នៅពេលសាកសួរថា តើទីក្រុងភ្នំពេញនឹងត្រូវពង្រីកបន្ថែមទៀតឬយ៉ាងណា លោក ម៉េង ប៊ុណ្ណារិទ្ធ បានថ្លែងថា ៖« នៅពេលនយោបាយកម្ពុជានៅតែមានស្ថិរភាព សេដ្ឋកិច្ចកម្ពុជាបន្តកើនទ្បើង និងមានកំណើននៃការអភិវឌ្ឍ ការពង្រីកក្រុងអាចត្រូវពិនិត្យតាមស្ថានភាពជាក់ស្តែងរៀងរាល់៥ឆ្នាំម្តង » ។
លោកបន្ថែមថា ៖« ប្លង់របស់យើងអាចមានការលម្អៀង ដូច្នេះ ការពង្រីកទីក្រុងនឹងត្រូវសិក្សាទ្បើងវិញតាមស្ថានភាពជាក់ស្តែងនៃការរីកចម្រើននគរូបនីយកម្ម និងកំណើនប្រជាសាស្ត្រ » ។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងថា នេះជាដំណឹងដ៏ល្អ ដែលយើងបានរង់ចាំរាប់ឆ្នាំមកហើយ ។ គ្រប់ទីក្រុងធំៗនៅតាមបណ្តាប្រទេសនៅលើពិភពលោក សុទ្ធតែមានប្លង់គោល នៅទ្បើយតែកម្ពុជាមិនទាន់មាន ។
ដូច្នេះ ការមានប្លង់គោលជាការប្រសើរណាស់ ព្រោះទី១ អាចបង្ហាញពីរចនាសម្ព័ន្ធទីក្រុងច្បាស់លាស់ថា ត្រូវសាងសង់អ្វី និងជាការងាយស្រួលដែលយើងបង្ហាញពីប្លង់គោលទីក្រុងរបស់យើងទៅអ្នកវិនិយោគ ។ ទី២ អាចដឹងពីតំបន់ណាត្រូវធ្វើអ្វី និងកសាងអគារកម្ពស់ប៉ុនណា ។ ទី៣ អាចកាត់បន្ថយការសាងសង់សំណង់អនាធិបតេយ្យ និងទី៤ អាចកាត់បន្ថយផលរំខាននានាលើការសាងសង់លំនៅឋាន និងទ្រព្យសម្បត្តិសាធារណៈ ៕
ចែករំលែកព័តមាននេះ