ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរ​ពិភពលោក​ផ្តល់​តម្លៃប្រាសាទ​អង្គរ​ជា​សំណង់​ប្រវត្តិសាស្ត្រ​ល្បី​ជាងគេ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​ទទួល​បានការ​ចាប់អារម្មណ៍​ដ៏​លើសលុប​ពី​អ្នក​ធ្វើ​ដំណើរ និង​ទេសចរ​អន្តរជាតិ​រាប់​លាន​នាក់ នៅ​លើ​គេហទំព័រ​របស់​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការ​ធ្វើ​ដំណើរ (TripAdvisor) ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨ ក្នុង​ចំណោម​សំណង់​បុរាណ​ទាំង​២៥ ដែល​នេះ​ជា​ការ​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ ដោយ​ទទួល​បានការ​ចាប់អារម្មណ៍​ដ៏​លើសលុប​ពី​អ្នក​ធ្វើ​ដំណើរ និង​ទេសចរ​អន្តរជាតិ​រាប់​លាន​នាក់ នៅ​លើ​គេហទំព័រ​របស់​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការ​ធ្វើ​ដំណើរ (TripAdvisor) ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨ ក្នុង​ចំណោម​សំណង់​បុរាណ​ទាំង​២៥ ដែល​នេះ​ជា​ការ​បញ្ជាក់​ថា ពិភពលោក​នៅ​តែ​សាទរ​ចំពោះ​សំណង់​អច្ឆរិយ​របស់​ខ្មែរ ។

ពិធី​ប្រគល់​-​ទទួល​ពានរង្វាន់​នេះ​បាន​ធ្វើ​ឡើង​នៅ​មុខ​ប្រាសាទអង្គរវត្ត នា​រសៀល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប លោក​សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា លោកស្រី​សា​រ៉ា ម៉ា​ធ្យូ​ស៍ ប្រធាន TripAdvisor ។ មានការ​ចូលរួម​ពី​មន្ត្រីរាជការ មគ្គុទ្ទេសក៍​ទេសចរណ៍ ប្រជាពលរដ្ឋ រួម​ទាំង​ភ្ញៀវ​ទេសចរ​ច្រើន​កុះករ ។

លោក​អភិបាលខេត្ត​ឃឹម ប៊ុ​ន​សុង បាន ឱ្យ​ដឹង​ថា កន្លង​មក​កម្ពុជា​ក៏​ធ្លាប់​បាន​ទទួល​ពានរង្វាន់​លំដាប់ថ្នាក់​ពិភពលោក​ពី​ស្ថាប័ន​វាយតម្លៃ​អន្តរជាតិ ផ្សេង​ៗ​ទៀត នៅ​ឆ្នាំ​២០១៤ អង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​តំបន់​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​បំផុត​លើ​ពិភពលោក នៅ​លើ​គេហទំព័រ ArcheaoMadness ។

នៅ​ឆ្នាំ​២០១៦ អង្គរវត្ត​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ដ៏​ល្បីល្បាញ​លើ​ពិភពលោក នៅ​លើ​គេហទំព័រ Lonely Planet ។ នៅ​ឆ្នាំ​២០១៨​នេះ រាជធានី​អង្គរ​ក៏​ទទួល​បាន​ជ័យ​លា​ភី​ជា​រាជធានី​ទេសចរណ៍ និង​វប្បធម៌​ពិភពលោក​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​ថោ​ង ខុន ថ្លែង​ថា ការ​រីក​ចម្រើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ពិតជា​មិន​អាច​កាត់​ផ្តាច់​ចេញពី​ការ​បង្កើន​ភាព​ទាក់ទាញ​របស់​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ប្រកប​ដោយ​គុណភាព ទាំង​កម្រិត​តំបន់ និង​ពិភពលោក ព្រម​ជាមួយ​ការ​ដឹកនាំ​ប្រកបដោយ​ភាព​វៃឆ្លាត ។ កម្ពុជា​បាន​ទទួល​ជ័យ​លា​ភី​ជា​គោលដៅ​ទេសចរណ៍ ដែល​មាន​ភាព​ស្និទ្ធស្នាល​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​របស់​គេហទំព័រ Expat Insider ។

ក្រសួងទេសចរណ៍​ប្តេជ្ញា​ចិត្ត​បន្ត​ដឹកនាំ​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន ប្រកបដោយ​និរន្តរភាព ការ​ទទួលខុសត្រូវ ហើយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​ជាមួយ​ក្រសួងទេសចរណ៍​ក្នុង​ការ​ជំរុញ​ការងារ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​សហការ​ជាមួយ TripAdvisor ។

លោក ​សុខ សង្វារ បាន​បង្ហាញ​សុ​ទិ​ដិ្ឋ​និយម​ថា តាម​រយៈ​ការ​ផ្ដល់​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​នេះ​តំបន់​រមណីយដ្ឋាន​អង្គរ​ទាំងមូល​នឹង​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​ច្រើន​បន្ថែម​ទៀត ហើយ​កម្ពុជា​ក៏​កាន់តែ​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក​ទូលំទូលាយ​ទៀត​ផង​ដែរ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ពិធី​ប្រគល់​-​ទទួល​ពានរង្វាន់ លោកស្រី​សា​រ៉ា ម៉ា​ធ្យូ​ស៍ បាន​លើក​ឡើង​ថា ការ​ផ្ដល់​ចំណាត់ថ្នាក់​លេខ​១ ដល់​ប្រាសាទអង្គរវត្ត​របស់​ប្រទេស​កម្ពុជា ជាទី​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ឆ្នាំ​២០១៨ ធ្វើ​ឡើង​តាម​រយៈ​ការ​ស្រង់​មតិ​រយៈពេល​១២​ខែ លើ​ចំណាប់អារម្មណ៍ និង​ទស្សនៈ​របស់​អ្នកទេសចរ​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨​ ។

បន្ទាប់​ពី​បញ្ចប់​ពិធី​ប្រគល់​-​ទទួល​ពានរង្វាន់​ពី​ប្រធាន​គេហទំព័រ​អន្តរជាតិ​ដ៏​ល្បី​មួយ​នេះ​ហើយ គណៈអធិបតី ប្រតិភូ TripAdvisor រួម​ជាមួយ​ភ្ញៀវ​ទេរ​សចរ​បាន​នាំ​គ្នា​ជិះ​កង់​រ៉ឺ​ម៉ក​ដង្ហែ​បន្ត​ទៅ​ចូលរួម​កម្សាន្ត​សប្បាយ នៅ​ក្នុង​ពិធីជប់លៀង​ដ៏​អធិកអធម​មួយ​នៅ Pub Street នា​រាត្រី​ថ្ងៃ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ