មន្ទីរពេទ្យ​ណាខ្លះ​នៅ​ប្រទេស​ថៃ ដែល​សម​នឹង​សេដ្ឋកិច្ច​គ្រួសារ​របស់​អ្នក?


បាងកក ៖ នៅ​ពេល​ដែល​លោក​អ្នក​សម្រេចចិត្ត​ចាកចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស វា​ជា​រឿង​ចាំបាច់​បំផុត​ដែល​លោក​អ្នក​ត្រូវ​ដឹង​ព័ត៌មាន​ឲ្យ​ច្បាស់​អំពី​មន្ទីរពេទ្យ និង​ចំណាត់​ថ្នាក់​នៃ​តម្លៃ​ព្យាបាល និង​សេវាកម្ម​បកប្រែ​ភាសា​ខ្មែរ​-​ថៃ ព្រោះ​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​តែ​កំណើន​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ មន្ទីរពេទ្យ​ឯកជន​គ្រប់​កំរិត​បាន​បង្កើត​ក្រុម​អ្នកបកប្រែ​ភាសា​ខ្មែរ​-​ថៃ ដើម្បី​សម្រួល​ដល់ អ្នកជំងឺ​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​គ្រូពេទ្យ​ជំនាញ​តាម​មន្ទីរពេទ្យ​ទាំងនោះ​។

តាម​រយៈ​ក្រុមការងារ​កោះសន្តិភាព​ដែល​បាន​ចុះ​ទៅ​ផ្ទាល់ និង​ជួប​ថ្នាក់ដឹកនាំ​របស់​មន្ទីរ​ពេទ្យ​ធំ​ៗ និង​ឈានមុខ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ មួយ​ចំនួន ឬ​អាច​និយាយ​ថា មន្ទីរ​ពេទ្យ ដែល​បងប្អូន​ខ្មែរ​ចូល​ចិត្ត​ទៅ​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​ច្រើន​ជាងគេ ដូច្នេះ​យើង​អាច​ផ្តល់​ជូន លោក​អ្នក​នូវ​កំរិត​មន្ទីរពេទ្យ​នានា ដែល​ជួយ​លោក​អ្នក​ចំណាយ​ចំ​ទិស​​ដៅ និង​ប្រកបដោយ​ប្រសិទ្ធភាព​។

I – មន្ទីរពេទ្យ​សម្រាប់​អ្នកមាន​ជាន់ខ្ពស់ (High Class Hospitals) ៖

១- មន្ទីរពេទ្យ​បំ​រ៉ុ​ង​រ៉ាត់ (Bumrungrad International Hospital) ៖ គឺជា​មន្ទីរពេទ្យ កម្រិត​ផ្កាយ ៥ ដែល​មាន​ជនជាតិ​ខ្មែរ​លំដាប់​ខ្ពស់​ច្រើន​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ ។ បើ​តាម​ប្រសាសន៍​​របស់​អ្នក​នាង ណា​ផាស់ ផៅ​រូ​អ៊ី​ធី​យ៉ា (Napas Paorohitya) ប្រធាន​ផ្នែក​ទី​ផ្សារ (Chief marketing officer) នៃ​មន្ទីរពេទ្យ​បំ​រ៉ុ​ង​រ៉ាត់ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មន្ទីរ​ពេទ្យ​​លំដាប់​ខ្ពស់​ដែល​សាងសង់​អគារ​មន្ទីរពេទ្យ​មាន​លក្ខណៈ និង​សេវាកម្ម​លំដាប់​សណ្ឋា​គារ​ផ្កាយ ៥ នេះ គឺ​ដើម្បី​ឲ្យ​បងប្អូន​គ្រប់​សញ្ជាតិ​ដែល​ទៅ​ទទួល​សេវាកម្ម​នៅ​ទីនោះ​​មាន​អារម្មណ៍​កក់ក្តៅ មិន​មាន​អារម្មណ៍​ភ័យ​ខ្លាច​ជំងឺ ។

អ្នក​នាង​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​កិត្តិ​យ​នាម​របស់​មន្ទីរពេទ្យ​ដែល​បាន​កសាង​និង​បង្កើត​ទំនុក​ចិត្តជា​ច្រើន​ឆ្នាំ​ជាមួយ​អតិថិជន គឺ​មន្ទីរពេទ្យ​ទទួល​បាន​អ្នកជំងឺ​ចំនួន 1.1 លាន​នាក់​ក្នុង​១​ឆ្នាំ ដែល​ក្នុង​នោះ​ចំនួន​អ្នកជំងឺ​បរទេស​មាន​ចំនួន ៥០ ម៉ឺន​នាក់​មក​ពី​១៩០ ប្រទេស ក្នុង​តំបន់​ម​ច្ចឹ​ម​បូព៌ា អាស៊ាន អឺរ៉ុប និង​អា​មេ​រិ​ក ។ ជា​ពិសេស​អ្នកជំងឺ​កម្ពុជា​មាន​ចំនួន​ប្រមាណ ៣ ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​។

២ – មន្ទីរពេទ្យ​បាងកក (Bangkok Hospital) ៖ ជា​មន្ទីរពេទ្យ​កំរិត​ខ្ពស់​ផង​ដែរ សម្រាប់​អ្នកមាន​ជីវភាព​ធូរធា​ខ្លាំង​។ ស្ថិត​នៅ​ចំ​កណ្តាល​ទីក្រុង​បាងកក មន្ទីរពេទ្យ​បាងកក​ជា​មន្ទីរពេទ្យ​បណ្តុំ​ដោយ​មន្ទីរពេទ្យ​ជំនាញ​ៗ​ជា​ច្រើន​ដូច​ជា ជំងឺមហារីក ជំងឺ​បេះដូង ជំងឺ​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល និង​ជំងឺ​ទូទៅ​ជា​ច្រើន​ទៀត​។

យោង​តាម​ប្រសាសន៍​លោក រ៉ា​តា​ភុង អាម​ហាន​វង់ ( Ratapong Ambhanwong) អនុ​ប្រធាន​មន្ទីរពេទ្យ Bangkok Hospital ដែល​ជា​មន្ទីរពេទ្យ​កម្រិត​ខ្ពស់​មួយ​នៅ​ចំ​កណ្តាល​ក្រុង​បាងកក និង​ជា​មន្ទីរពេទ្យ​ដែល​មាន​បងប្អូន​ខ្មែរ​មាន​ជីវភាព​ខ្ពស់​ទៅ​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​ច្រើន មាន​ប្រសាសន៍​ថា ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​ខ្លួន គឺ​ទទួល​បាន​អ្នកជំងឺ​ពី​កម្ពុជា​មាន​ចំនួន​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ដូច្នេះ​មន្ទីរពេទ្យ​ក៏​បាន​រៀបចំ​សេវា​កម្ម​នៃ​ការ​ផ្តល់​អ្នកបកប្រែ​ភាសា​ខ្មែរ​-​ថៃ ដោយ​មាន​ជនជាតិ​ខ្មែរ​បម្រើ​ការ​នៅ​ទីនោះ​តែ​ម្តង​។

II – មន្ទីរពេទ្យ​សម្រាប់​អ្នកមាន​មធ្យម (Middle-Class Hospitals)៖

១- មន្ទីរពេទ្យ Phyathai 3 ៖ វេជ្ជបណ្ឌិត សុ​រ៉ា​ផ​ន ស៊ី​រី​វ៉ា​ត ( Suraporn Siriwat) ប្រធាន​មន្ទីរពេទ្យ Phyathai 3 , មាន​ប្រសាសន៍​ឲ្យ​សម្រាប់​មន្ទីរពេទ្យ Phyathai Hospital Group ដែល​មាន ៣ សាខា គឺ​ទទួល​បាន​អ្នកជំងឺ​ពី​កម្ពុជា​ប្រមាណ​ជាង ៥២ ០០០ នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​អ្នកជំងឺ​កម្ពុជា​ខ្លះ​ដែល​មក​មន្ទីរពេទ្យ​របស់​លោក គឺ​មាន​បញ្ហា​មហារីក​ក្រពះ និង​ពោះវៀន​ជា​ចម្បង បន្ទាប់​មក​គឺ​មានការ​មក​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​ជា​ធម្មតា និង​ប្រមាណ ១៦០០០ នាក់​ផ្សេង​ទៀត គឺ​អ្នកជំងឺ​មក​ខ្មែរ​ដែល​មក​ព្យាបាល​ជំងឺ​បេះដូង

២- មន្ទីរពេទ្យ Central General Hospital (CGH) ៖ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​ទៅ​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ CGH ច្រើន​ផង​ដែរ ជា​ពិសេស​ប្រភេទ​ជំងឺមហារីក​សួត​​មាន​ចំនួន​ច្រើន ។ យោង​តាម​ប្រសាសន៍​របស់​លោក សុក​ឆៃ សាន​ផា​វ៉ា​ត (Sokchai Sanpavat) ប្រធាន​មន្ទីរពេទ្យ​នេះ​បាន​អះអាង​ថា «​មន្ទីរពេទ្យ​របស់​យើង គឺ​ផ្តោត​លើ​អតិថិ​ជន​ជា Middle-class ពី​កម្ពុជា​។ សម្រាប់​តម្លៃ​ព្យាបាល​គឺ​ធូរ​ថ្លៃ​ជាង​បណ្តា​មន្ទីរ​ពេទ្យ​ដែល​មាន Brand ល្បី​ជាង​យើង តែបើ​និយាយ​ពី​គុណភាព​នៃ​គ្រូពេទ្យ​ជំនាញ និង​ភាព​ទំនើប​របស់​ឧបករណ៍​គឺ​ដូច​គ្នា​» ។

III- មន្ទីរពេទ្យ​សម្រាប់​អ្នកមាន​ចំណូល​មធ្យ​ម ​ឬ​ទាប (Lower-Class Hospitals)៖

១- មន្ទីរពេទ្យ​ចូឡា​រ៉ាត់ ៣ ៖ ដែល​ជា​មន្ទីរពេទ្យ​ឯកជន​មួយ​មា​នទី​តាំងនៅ​ជាយក្រុង​បាង​កក ឬ​ចម្ងាយ​ប្រមាណ​ត្រឹម ២០ គីឡូម៉ែត្រ​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សុវណ្ណ​ភូមិ ត្រូវ​បាន​ចាត់​ទុក​ថា ជា​មន្ទីរពេទ្យ​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាងគេ​ក្នុង​ចំណោម​មន្ទីរពេទ្យ​ដែល​បាន​រៀបរាប់​ខាងលើ ជា​ពិសេស​មន្ទីរពេទ្យ​ចូឡា​រ៉ាត់ ៣ មាន​ជនជាតិ​ខ្មែរ ២ រូប​បម្រើ​ការ​ងារ​ជា​អ្នកបកប្រែ​ភាសា​ខ្មែរ​-​ថៃ ហើយ​អតិថិជន​គោលដៅ​របស់​មន្ទីរពេទ្យ គឺ​ប្រជាជន​កម្ពុជា ជា​ពិសេស​អ្នកមាន​ជីវភាព​កំរិត​ទាប ឬ​មិន​ធូរធារ ។

អ្នកបកប្រែ​ប្រចាំ​មន្ទីរពេទ្យ​មួយ​នេះ គឺ​លោក ភាព សុ​ផា បាន​បញ្ជាក់​ថា ភាព​ខុស​គ្នា​នៃ​ចំណាត់ថ្នាក់​មន្ទីរពេទ្យ​នៅ​ទីក្រុង​បាងកក គឺ​អាស្រ័យ​តាម​តារាង​កញ្ចប់​សេវាកម្ម តែបើ​និយាយ​ពី​គុណភាព​ពេទ្យ និង​សម្ភារៈ​បរិក្ខារ គឺ​មាន​កម្រិត​ទំនើប និង​ស្តង់ដា​ប្រហាក់ប្រហែល​គ្នា​។ ត្រង់នេះ​មាន​ន័យ​ថា គឺ​អាស្រ័យ​លើ​ទំហំ​បន្ទប់ និង​ចំនួន​ម្ហូបអាហារ​រៀបចំ​ជូន​អ្នកជំងឺ​។

ក្រៅពី​នេះ​ក៏​មាន​មន្ទីរពេទ្យ​មួយ​ចំនួន​ទាប​នៅ​តាម​ព្រំដែន​ជាប់​ប្រទេស​កម្ពុជា​ផង​ដែរ​ដូច​ជា​មន្ទីរពេទ្យ​នៅ​ខេត្ត​សិរិ​ន្ទ​ជាដើម ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍-សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ