ខេត្ដកែប ៖ មានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ កុម្ភៈ នៅឆ្នេរសមុទ្រកែបដោយសារតែបុរសម្នាក់បានស្លាប់នៅក្នុងទឹក ខណៈមនុស្សម្នាជាភ្ញៀវជាតិនិងអន្ដរជាតិកំពុងហែល និងមុជទឹកកំសាន្ដនៅឆ្នេរសមុទ្រនោះ។ បុរសដែលស្លាប់ដោយលង់ទឹកសមុទ្រនេះឈ្មោះមាស សុផា អាយុ៣៧ឆ្នាំ នៅភូមិបង់បក់ ឃុំកន្ថោរខាងកើត ស្រុកកំពង់ត្រាច ខេត្ដកំពត។
តាមភរិយាជនរងគ្រោះនិយាយថាពួកគាត់២នាក់ប្ដីប្រពន្ធចេញរកស៊ីនៅកន្លែងផ្សេងគ្នា តែប្ដីគាត់ជួបគ្រោះថ្នាក់ចរាចរណ៍មានរបួសមិនទាន់ជា ក៏បានវិលមកផ្ទះម្ដាយវិញនៅភូមិបង់បក់ រីឯគាត់ជាប្រពន្ធនៅធ្វើការឯរាជធានីភ្នំពេញ លុះនៅរដូវចូលឆ្នាំចិនគាត់និងបងប្អូនក៏បានជួលរថយន្ដមកដើរលេង ហើយឆៀងចូលទៅហៅប្ដីឱ្យទៅលេងកែបទាំងអស់គ្នា ។
ស្ដ្រីជាភរិយានិយាយទៀតថា ក្នុងពេលហូបចុកជុំគ្នា ប្ដីគាត់មិនមានស្រវឹងអីទេ ហើយក៏ចុះទៅមុជទឹក ឯគាត់រវល់តែមើលគេឯងទំរាំតែដឹងគឺប្ដីលង់ទឹកស្លាប់ទៅហើយ ។ ភ្លាមៗនោះប្ដីគាត់ត្រូវបានគេសែងមកដាក់លើគោក ហើយធ្វើចលនាគក់ច្របាច់សង្ឃឹមក្រែងជួយសង្គ្រោះបាន តែទោះជាខិតខំយ៉ាងណាក៏មិនជួយប្ដីគាត់បានដែរ ទើបប៉ូលិសនៃស្នងការដ្ឋានខេត្ដបានដឹកសពទៅកាន់ភូមិបង់បក់ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
មន្ដ្រីប៉ូលិសនិយាយថាតាមការពិនិត្យទំនងពេលកំពុងមុជទឹកលេងជាមួយកូនៗ បុរសរូបនេះខ្យល់គរក៏ស្លាប់នៅក្នុងទឹកតែម្ដង។ លោកជា ថៃ មន្ដ្រីកងរាជអាវុធហត្ថខេត្ដកែបមានប្រសាសន៍ថា តាមការសាកសួរគឺបុរសរូបនេះធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ ហើយអាចមានជំងឺតេតាណូសទើបបណ្ដាលឱ្យប្រកាច់ស្លាប់នៅក្នុងទឹកក៏ថាបាន ឯក្រុមគ្រួសារសពក៏មកកំសាន្ដទាំងអស់គ្នាដូច្នេះគ្មានបញ្ហាអ្វីក្រៅពីនេះទេ។
ចែករំលែកព័តមាននេះ