អាស៊ីតហ្វូលិកត្រូវបានគេស្គាល់ថា ជាវីតាមីន B9 ហើយក៏មានសារសំខាន់ច្រើនយ៉ាងដែរ ចាប់ពីការបង្កើត និងជួសជុល DNA ផលិតកោសិកាគ្រាប់ឈាមក្រហមរហូតដល់បំពេញមុខងារដល់ខួរក្បាល ។
ដោយសារតែវាជាវីតាមីនដែលរលាយក្នុងទឹក ដូច្នេះរាងកាយមិនអាចរក្សាវាបានក្នុងខ្លួនទេ ដូច្នេះអ្នកត្រូវតែញ៉ាំអាហារដែលមានជីវជាតិនេះរាល់ថ្ងៃ ។ កង្វះវីតាមីនមួយនេះ ប្រហែលជាអាចបណ្តាលឱ្យមានបញ្ហាច្រើនកើតឡើង ។
បើសិនជាអ្នកមិនអាចទទួលបានជីវជាតិមួយនេះគ្រប់គ្រាន់ អ្នកអាចនឹងមានបញ្ហាជាច្រើនដូចជា ខ្សោយ អស់កម្លាំង ឆេវឆាវ ភ្លេចភ្លាំងច្រើន មិនឃ្លានអាហារ និងស្រកទម្ងន់។ ជំងឺកង្វះគ្រាប់ឈាមដែលទាក់ទងនឹងការកង្វះវីតាមីន B9 ប្រហែលជាអាចកើតមានជាមួយនឹងការខូចតម្រងនោម ចំពោះអ្នកញ៉ាំស្រាច្រើន ។
ស្ត្រីមានផ្ទៃពោះងាយនឹងកង្វះជីវជាតិមួយនេះណាស់។ អ្នកជំនាញនិយាយថា ស្ត្រីមានផ្ទៃពោះគួរតែប្រើថ្នាំបំប៉នអាស៊ីហ្វូលិក ជាពិសេសបើសិនជាពួកគេទទួលបានជីវជាតិមួយនេះមិនគ្រប់គ្រាន់ពីរបបអាហារតែម្តង ដើម្បីកុំឱ្យកូនកើតមកខូចអវយវៈ ។
មិនមែនមានតែស្ត្រីទេដែលទទួលបានប្រយោជន៍ពីអាស៊ីតហ្វូលិកនេះ ប៉ុន្តែបុរសក៏អញ្ចឹងដែរ ។ ដូច្នេះតើអាស៊ីតហ្វូលីកមានប្រយោជន៍អ្វីខ្លះទៅ ?
១-ជំនួយដល់សុខភាពប្រព័ន្ធបេះដូងសរសៃឈាម ៖ អាស៊ីតហ្វូលីកគឺជាដៃគូររបស់វីតាមីន B12 ដែលមានតួនាទិបង្ការការកើតជាកំណកឈាម ដូច្នេះវានឹងកាត់បន្ថយការប្រឈមនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល ។
២-ជួយឱ្យមានអារម្មណ៍ល្អ ៖ ថ្នាំបំប៉នដែលមានជីវជាតិមួយនេះត្រូវបានណែនាំឱ្យប្រើលើអ្នកមានបញ្ហាបាក់ទឹកចិត្ត។ វាក៏ជារបស់ដែលអាចជួយធ្វើឱ្យអារម្មណ៍ហ្នឹងនរដែរ ។
៣-ជួយទប់ស្កាត់ជំងឺទឹកនោមផ្អែម ៖ អាស៊ីតហ្វូលីកជួយកាត់បន្ថយចំនួនជាតិខ្លាញ់ Triglyceride ក្នុងឈាម ។ អ្នកជំនាញនិយាយថា ជំងឺទឹកនោមផ្អែមគឺមានកម្រិតជាតិខ្លាញ់មួយនេះខ្ពស់ណាស់ក្នុងឈាម ។
៤-ការពារខួរក្បាល ៖ ការសិក្សាជាច្រើនបានបង្ហាញថា អាស៊ីតហ្វូលីកប្រហែលជាអាចបន្ថយការប្រឈមនឹងជំងឺភ្លេចភ្លាំងពេលចាស់ជរាបានរហូតដល់៥០ភាគរយឯណោះ ។ ជីវជាតិមួយនេះក៏ជួយបង្ការការភ្លេចភ្លាំងពេលអាយុច្រើនដែរ ។
នេះគឺជាប្រភពអាហារដ៏ល្អបំផុតនៃអាស៊ីតហ្វូលីក ៖ សណ្តែក, បន្លែពណ៌បៃតង, ក្រូច, ផ្លែឈើដូចជា ស្វាយ ល្ហុង ចេក និងផ្លែប៊័រ និងស៊ុត (ស្រង់ពីគេហទំព័រសុខភាព) ៕
ចែករំលែកព័តមាននេះ