ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​អ្នកគ្រូ​ដែល​លួច​ទឹក​ថ្នាំ​ជ្រលក់​ដៃ​ហើយ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សាកសួរលោកគ្រូ​-អ្នកគ្រូ​២​នាក់​ចប់​សព្វគ្រប់ ពាក់ព័ន្ធ​ពីបទ​លួច​និង​សមគំនិត​លួច​ទឹកខ្មៅ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) នៅ​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច​ថ្ងៃ​ទី​៣១ ​កក្កដា ជន​ត្រូវ​ចោទ ​គឺ​លោកគ្រូ​-អ្នកគ្រូ​ទាំង​២​នាក់​ត្រូវ​បាន​ចៅក្រម​សើ​ុ​ប​សួរ​បើក​ការ​ជំនុំជម្រះ​ផ្ទាល់ និង​ប្រកាស​សាលក្រម​ភ្លាម​ៗ​ផ្តន្ទាទោស​ម្នាក់​ៗ៦​ខែ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សាកសួរលោកគ្រូ​-អ្នកគ្រូ​២​នាក់​ចប់​សព្វគ្រប់ ពាក់ព័ន្ធ​ពីបទ​លួច​និង​សមគំនិត​លួច​ទឹកខ្មៅ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) នៅ​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច​ថ្ងៃ​ទី​៣១ ​កក្កដា ជន​ត្រូវ​ចោទ ​គឺ​លោកគ្រូ​-អ្នកគ្រូ​ទាំង​២​នាក់​ត្រូវ​បាន​ចៅក្រម​សើ​ុ​ប​សួរ​បើក​ការ​ជំនុំជម្រះ​ផ្ទាល់ និង​ប្រកាស​សាលក្រម​ភ្លាម​ៗ​ផ្តន្ទាទោស​ម្នាក់​ៗ៦​ខែ តែ​ទោស​នោះ ​ត្រូវ​បាន​ព្យួរ​ទាំងអស់ ពោល​គឺ​គ្រូបង្រៀន​ទាំង​២​នាក់ មិន​ត្រូវ​បាន​ឃុំខ្លួន​ទេ ពេល​បិទ​សវនាការ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​សេរីភាព​​វិញ ។

លោកគ្រូ​-អ្នកគ្រូ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះទែន រតនា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ជា សុធា​រី ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​អនុ​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែនជ័យ ។ អ្នកគ្រូ ជា សុធា​រី ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​លួច ចំណែក​លោក
គ្រូ ទែន រតនា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​លួច ។

ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជូន​គ្រូបង្រៀន​ដែល​ជា​ជនជាប់ចោទ​២​នាក់​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​តំណាងអយ្យការ​ធ្វើការ​សាកសួរ​ពី​រឿង​លួច​ទឹកខ្មៅជ្រលក់​ចង្អុលដៃ​របស់ គ​.​ជ​.​ប ។ ដំបូង​សមត្ថ​កិច្ចបាន​ធ្វើការ​ឃាត់ខ្លួន​អ្នកគ្រូ ជា សុធា​រី តែ​ម្នាក់​ទេ ប៉ុន្តែ​ក្រោយ​ពី​ធ្វើការ​សាកសួរ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​លោក​គ្រូ​ម្នាក់​ទៀត ទើប​តំណាង​អយ្យការ​តម្រូវ​ឱ្យ​សមត្ថកិច្ច​នាំ​មក​ទាំង​២​នាក់ ។

នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ គេ​ឃើញលោកគ្រូ​អ្នកគ្រូ​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ចនាំ​ទៅ​អង្គុយ​ជិត​គ្នា រង់ចាំ​ការ​សាកសួរ​ពី​សំណាក់​លោក​ព្រះរាជអាជ្ញា​រង​ដែល​កាន់​សំណុំរឿង​នោះ ។ពេល​ពួក​គាត់​អង្គុយ​ក្បែរ​គ្នា ឮ​តែ​សំឡេង​ជជែកគ្នា​ខ្លាំង​ៗ ដោយ​អ្នកគ្រូ​បាន​ដាក់បន្ទុក​ទៅ​លោកគ្រូ​ថា បានជា​គាត់​លួច​យក​ទឹកខ្មៅ​របស់ គ​.​ជ​.​ប នោះ ដោយសារ​លោកគ្រូ​បាន​ពឹងពាក់​ឱ្យ​គាត់​ជួយ​យក​ដប​ទឹក​ថ្នាំ​ខ្មៅ​នោះ​មក​ជ្រលក់​ដៃ ព្រោះ​លោក​គ្រូ​ជាប់រវល់​មិន​បាន​ទៅ​បោះ​ឆ្នោត​នឹង​គេនិង​មិន​មាន​ស្នាម​ទឹកខ្មៅ​ជាប់​ចង្អុលដៃ ដូច្នោះ​បានជា​គាត់​យក​ឱ្យ ។

ចំណែក​លោកគ្រូ​វិញបាន​បដិសេធ​ការ​ចោទប្រកាន់​របស់​អ្នកគ្រូនិង​បាន​តប​ទៅ​អ្នកគ្រូ​វិញ​ថា ខ្ញុំ​គ្រាន់តែ​និ
យាយ​ថា បើសិនជា​ខ្ញុំ​មិន​បាន​ទៅ​បោះ​ឆ្នោតតើ​ខ្ញុំ​អាច​សុំ​ទឹក​ថ្នាំ​ខ្មៅ​របស់​គ​.​ជ​.​ប មក​ជ្រលក់​ចង្អុលដៃ​បាន​ឬ​អត់? លោកគ្រូ​អ្នកគ្រូ​ទាំង​២​នាក់ បាន​ជជែក​គ្នា​ច្រើន​ជាង​នេះ​ទៀត ដែល​ម្នាក់​ៗ​ចង់​ដោះ​បន្ទុក​រៀង​ៗ​ខ្លួន ។ ទោះជា​យ៉ាងណា​ក្តី ការ​រក​ឃើញ​នូវ​ទោស​កំហុស​ដែល​លោកគ្រូ​និង​អ្នកគ្រូ​បាន​ប្រព្រឹត្ត តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ និង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​សើ​ុ​ប​សួរ ។ រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច​ថ្ងៃ​ដដែល សំណុំរឿង​នេះ​ត្រូវ​បាន​បើក​សវនាការ​ភ្លាម​ៗ និង​បាន​ផ្តន្ទាទោស​ជនជាប់ចោទ​ទាំង​ពីរ​នាក់​ដូច​បាន​រៀបរាប់​ខាងលើ ។

គួរ​រំឭក​ថា ដំបូង​ឡើយ​អ្នកគ្រូ ជា សុធា​រី ដែល​បង្រៀន​នៅ​អនុ​វិទ្យាល័យ ហុ​៊​ន សែន ជម្ពូ​វ័ន និង​ជា​អនុប្​រធាន​ការិយាល័យ​បោះ​ឆ្នោត​ផង​នោះ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ចាប់​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ បន្ទាប់​ពី​គាត់​លួច​យក​ទឹក​ថ្នាំ​ជ្រលក់​ដៃ​បោះ​ឆ្នោត​១​ដប ចេញពី​ការិយាល័យ​ដែល​គាត់​គ្រប់គ្រង ហើយ​ត្រូវ​បែក​ការណ៍ និង​កសាង​សំណុំរឿង​នៅ​ផ្នែក​នគរបាល​ព្រហ្​មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួច​បញ្ជូន​ទៅ​សាលាដំបូង ។ ពេល​នោះ​គាត់​បាន​ប្រាប់​នគរបាល​ថា ការ​ដែល​គាត់​លួច​យក​ទឹកខ្មៅ​ជ្រលក់​ដៃ​នោះ គឺ​ដើម្បី​ចែកចាយ​ឱ្យ​ក្រុម​គ្រួសារ និង​សាច់ញាតិ​ប្រើប្រាស់ ក្នុង​ការ​ជ្រលក់​ដៃ​ដោយ​មិន​ចាំបាច់​ទៅ​បោះ​ឆ្នោត ។

ម្យ៉ាងទៀត គាត់​ធ្វើ​បែប​នេះ​ក៏​ព្រោះតែ​ខឹងអនុប្រធាន​ភូមិ​គាត់​ម្នាក់ ដែល​តែង​មើល​រំលង​គាត់​ជា​សមាជិក​គណបក្ស​ប្រជាជន​ម្នាក់​ដែរ តែមិន​ដែល​ឱ្យ​គាត់​ចូល​ប្រជុំ​ការងារ​បក្ស​ដើម្បី​បាន​លុយ​២​ម៉ឺន​រៀល​ដូច​ជា​អ្នក​ឯទៀត​។ ការ​ចាប់ខ្លួន​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា នៅ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​លេខ​១៤០១ ស្ថិត​នៅ​ក្នុង​សាលា​បឋម​សិក្សា​ត្រពាំង​ក្រសាំង ភូមិ​ត្រពាំង​អណ្ដូង សង្កាត់​​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ អ្នកគ្រូ​ជា សុធា​រី ក៏​ជា​អនុប្រធាន​ការិយាល័យ​បោះ​ឆ្នោត​លេខ​១៤០១​នោះ​ដែរ និង​មាន​ទីលំនៅ​ក្នុងភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា អ្នកគ្រូ ជា សុធា​រី បាន​លួច​យក​ទឹក​ថ្នាំ​ជ្រលក់​ដៃ​បោះ​ឆ្នោត​ចេញពី​ការិយាល័យ​ខាងលើ​១​ដប ដាក់​នៅ​ក្នុង​កាបូបស្ពាយ​របស់​គាត់​បម្រុង​គេចខ្លួន ប៉ុន្តែ​ខណៈនោះ​ត្រូវ​បែក​ការណ៍​មាន​អ្នក​ប្រទះ​ឃើញ​ក៏​រាយ​កាណ៍​ជូន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ពេល​នោះ លោក​អភិបាលរង​ខណ្ឌ​មួយ​រូប ដឹក​នាំ​កងកម្លាំង​ទៅ​សហការ​ជា មួយ​នគរបាល​ប៉ុស្ដិ៍​ត្រពាំង​ក្រសាំង ចាប់​ឃាត់ខ្លួន​អ្នកគ្រូ​ភ្លាម​ៗ​តែ​ម្ដង ។ ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ធ្វើការ​ត្រួតពិនិត្យ បាន​រក​ឃើញ​ទឹក​ថ្នាំ​ជ្រលក់​ដៃ​១​ដប​នៅ​ក្នុង​កាបូប​ស្ពាយ​របស់​គាត់ ហើយ​ដៃ​របស់​គាត់​ក៏​មាន​ប្រឡាក់​ទឹក​ថ្នាំ​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ