រាជធានីភ្នំពេញ ៖ ផ្សារញ៉ែជាឈ្មោះផ្សារមួយ ដែលអាជីវករលក់ដូរនៅតាមមុខផ្ទះ ឬសំយាបផ្ទះលើចិញ្ចើមផ្លូវ ហើយបានដាក់ឈ្មោះហៅតៗគ្នារហូតមក ដែលការពិតមិនមានការដាក់ឈ្មោះជាផ្លូវការនោះទេ ។ បើតាមការស្រាវជ្រាវ គឺផ្សារនេះ ពិតជាទីកន្លែងមួយដែលបង្កប់ដោយអនុស្សាវរីយ៍រាប់មិនអស់ តែបច្ចុប្បន្នផ្សារនេះ មានសភាពស្ងប់ស្ងាត់ ស្ទើរបាត់ទ្រង់ទ្រាយ ពុំមានលក្ខណៈជាផ្សារទៀតទេ ជាហេតុធ្វើឱ្យអ្នកនៅរាជធានីភ្នំពេញមួយចំនួន ដែលធ្វើដំណើរឆ្លងកាត់មិនបានដឹងថា ទីនោះជាផ្សារនោះឡើយ ។
ផ្សារញ៉ែ មានលក្ខណៈជាផ្សារក្រមួនស្ថិតនៅចំណុចកែងរវាងវិថីព្រះនេហ៍រុ និងផ្លូវលេខ១៣៤ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។ បច្ចុប្បន្ន ផ្សារនេះមានអាជីវករប្រមាណជា២០ ទៅ៣០នាក់ប៉ុណ្ណោះភាគច្រើនលក់បាយ ម្ហូប សម្ល ត្រីអាំង ត្រីងៀតជាដើម ដែលខុសពីមុនលក់គ្រឿងក្លែម ហើយមានប្រុសៗនាំគ្នាមកប្រមូលផ្តុំផឹកស៊ី សាសងលែបខាយជាមួយនារីៗ រហូតដល់យប់ជ្រៅ ។
តាមប្រវត្តិផ្សារនេះ ពិតជាមានបង្កប់ស្នាមអនុស្សាវរីយ៍ប្រៀបដូចជាសាលាបណ្តុះបណ្តាលស្នេហា និងមានប្រវត្តិស្នេហ៍របស់នាយទាហានមួយចំនួនផងដែរ ដែលកាលនោះជាយុទ្ធជន នៅបន្ទាយទាហានដេអិន តែងតែមកជួបជុំគ្នា ហូបចុកផឹកស៊ីនិងញ៉ែអ្នកលក់ និងបានសាងស្នេហ៍ជាមួយអ្នកលក់គ្រឿងក្លែម លក់បារី រហូតដល់បានគ្នាជាប្តី-ប្រពន្ធ និងមានកូនចៅមកដល់សព្វថ្ងៃទៀតផង ។
លោក ទូច វ៉ាន់ថន ចៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក បានឱ្យដឹងថា ផ្សារញ៉ែបានកកើតឡើងតាំងពីឆ្នាំ១៩៧៩ មុនដំបូងស្ថិតនៅក្នុងមណ្ឌល៣ សង្កាត់លេខ៤ ដែលគ្រប់គ្រងដោយលោក គឹម មឿន និងលោក ជា សុផារ៉ា ជាអនុប្រធាន ។ នៅក្នុងសម័យ លន់ នល់ តំបន់នេះក៏មានប្រជាពលរដ្ឋលក់ដូរដែរតែមិនច្រើនទេ តែក្រោយឆ្នាំ១៩៧៩ ប្រជាពលរដ្ឋនាំគ្នាលក់បាយ ពងទាកូន បារី គ្រឿងក្លែម ទឹកត្នោតជូរ ហើយយុទ្ធជននៅអគ្គបញ្ជាការដ្ឋានកងទ័ព(ដេអិន) ដែលនៅលីវ តែងនាំគ្នាមកផឹកស៊ីនិងអង្គុយសាសងលែបខាយគ្នាដែលពាក្យសាមញ្ញថា «ញ៉ែ» រហូតដល់យប់ជ្រៅជារៀងរាល់ថ្ងៃ រហូតគេហៅតៗគ្នាថាផ្សារញ៉ែរហូតមកដល់សព្វថ្ងៃនេះ ទោះបីអ្វីៗបានប្រែប្រួលអស់ទៅហើយក្តី ។
លោកចៅសង្កាត់បានបន្តទៀតថា នៅកំឡុងចុងទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលកងទ័ព វៀតណាមធ្វើមាតុភូមិនិវត្តន៍ ផ្សារញ៉ែក៏បានស្ងប់ស្ងាត់ ឯអ្នកលក់ដូរក៏បានបង្វែរមកលក់បាយ ម្ហូបវិញ ហើយតំបន់នោះបានជាប់ឈ្មោះជាផ្សារញ៉ែរហូតមក ។ ផ្សារនេះមិនមែនជាផ្សារធំនោះទេ គឺដូចជាផ្សារក្រមួន ។
លោកយាយ ស៊ឹម ឆេង អាយុ៧០ឆ្នាំ មានទីលំនៅផ្ទះលេខ៦៥E២ ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូទី២ បានឱ្យដឹងថា គាត់មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម និងបានមករស់នៅម្តុំផ្សារញ៉ែនេះតាំងពីឆ្នាំ១៩៧៩ ដោយសារប្តីគាត់ធ្វើការនៅស្ថានីយរថភ្លើង ។
ផ្សារញ៉ែនេះត្រូវបានគេហៅតៗគ្នាតាំងពីឆ្នាំ១៩៧៩ ព្រោះកាលនោះផ្សារនេះមានគេលក់ទឹកត្នោតជូរគ្រឿងក្លែម ហើយពេលល្ងាចមានទាហាននាំគ្នាមកផឹកស៊ីអង្គុយញ៉ែគ្នារហូតដល់ម៉ោង១២ឬម៉ោង១រំលងអធ្រាត្រ ទើបអ្នកស្រុកហៅថាផ្សារញ៉ែរហូតមក ។ លោកយាយបានឱ្យដឹងទៀត គាត់មានកូន២នាក់ និងចៅម្នាក់បច្ចុប្បន្ន លក់បាយនិងម្ហូបនៅផ្សារញ៉ែនេះ ។
អ្នកស្រី ឡាំង អ៊ាង អាយុ៥៦ឆ្នាំ ជាអាជីវករលក់បាយបានឱ្យដឹងថា ផ្សារញ៉ែនេះមានឈ្មោះល្បីតាំងពីកំឡុងឆ្នាំ១៩៨០មកម្ល៉េះ ដែលកាលនោះមានគេលក់ស្រា គ្រឿងក្លែម ហើយមានទាហាននៅដេអិនតែងនាំគ្នាមកផឹកស៊ីញ៉ែគ្នាតាមទំនោរយុវវ័យ តែពេលនេះលែងមានការញ៉ែគ្នាទៀតហើយ ព្រោះប្រជាពលរដ្ឋបាននាំគ្នាលក់បាយម្ហូបវិញហើយ ។
អាជីវកររូបនេះបានឱ្យដឹងទៀតថា ផ្សារញ៉ែពេលនេះលក់តែបាយ ម្ហូប ហើយលក់ដាច់តែពេលបាយពីម៉ោង១១និង៣០នាទីទៅម៉ោង១២ថ្ងៃត្រង់ និងពីម៉ោង៦ល្ងាចទៅម៉ោង៨យប់ប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាអាជីវកររូបនេះបានត្អូញត្អែរថា ឥឡូវស្ងាត់ណាស់ លក់មិនសូវដាច់ទេ ៕

ចែករំលែកព័តមាននេះ