ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហកម្ម​សណ្ឋាគារ​កំពុង​ប្រកួតប្រជែង​ខ្លាំង​ជាង​មុន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​ចូល​មក​ដល់​នៃ​សណ្ឋាគារ​ថ្មី​ៗ និង​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​កើនឡើង បាន​ធ្វើ​ឲ្យ​ឧស្សាហកម្ម​សណ្ឋាគារ​នៅ​កម្ពុជា កាន់តែ​មានការ​ប្រកួតប្រជែង​តានតឹង​ជាង​មុន ។ លោក ឌិន សុមេធា​រិ​ទ្ធ…

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​ចូល​មក​ដល់​នៃ​សណ្ឋាគារ​ថ្មី​ៗ និង​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​កើនឡើង បាន​ធ្វើ​ឲ្យ​ឧស្សាហកម្ម​សណ្ឋាគារ​នៅ​កម្ពុជា កាន់តែ​មានការ​ប្រកួតប្រជែង​តានតឹង​ជាង​មុន ។

លោក ឌិន សុមេធា​រិ​ទ្ធ ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​នេះ​ពិតជា​ខ្លាំង ដោយសារ​ចំនួន​មក​ដល់​របស់​ភ្ញៀវ​ទេសចរ រំពឹង​កើនឡើង​ក្នុង​រង្វង់​ជាង​១០% ប៉ុន្តែ​ចំនួន​សណ្ឋាគារ​ថ្មី​ៗ​បាន​កើនឡើង​ច្រើន ដែល​ធ្វើ​ឲ្យ​ម្ចាស់​សណ្ឋាគារ​នីមួយ​ៗ​នៅ​ខេត្តសៀមរាប​បាន​ធ្វើការ​បញ្ចុះតម្លៃ​ច្រើន ធ្វើ​ឲ្យ​សណ្ឋាគារ​តូច​ៗ​ប្រឈម​មុខ​នឹង​បញ្ហា ។
លោក​បន្ត​ថា ៖« សណ្ឋាគារ​នៅ​រាជធានី​ភ្នំពេញ មិនសូវ​មានការ​លក់​បញ្ចុះតម្លៃ​នោះ​ទេ ប៉ុន្តែ​ខេត្តសៀមរាប ការ​លក់​បន្ទប់​សណ្ឋាគារ​បាន​បញ្ចុះតម្លៃ​ខ្លាំង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ស្នាក់​នៅ » ។
យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​ប៊ុ​ណ្ណា​រៀល​ធី គ្រុប ដែល​បាន​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​រក​ឃើញ​ថា នៅ​ខេត្តសៀមរាប​ជាទី​ក្រុង​ដែល​មាន​ចំនួន​សណ្ឋាគារ និង​ការ​វិនិយោគ​សណ្ឋាគារ​ថ្មី​ៗ​ច្រើន​ជាងគេ ។ ជាក់ស្តែង ទីក្រុង​នេះ​មាន​សណ្ឋាគារ​ចំនួន​៥៦៨ និង​បន្ទប់​សរុប​ចំនួន​២៣.០៤១​បន្ទប់ ។ ចំណែក​នៅ​រាជធានី​ភ្នំពេញ​មាន​សណ្ឋាគារ​ចំនួន​៣៤៨ និង​បន្ទប់​សរុប​១៦.៣៧០​បន្ទប់​, ខេត្ត​ព្រះ​សី​ហនុមាន​សណ្ឋាគារ​ចំនួន​១៦០ និង​មាន​បន្ទប់​សរុប​៥.៤៦២​បន្ទប់ និង​ខេត្តបាត់ដំបង​មាន​សណ្ឋាគារ​ចំនួន​៤៩ និង​មាន​បន្ទប់​សរុប​ចំនួន​១.៧៦០​បន្ទប់ ។
ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ចំនួន​សណ្ឋាគារ​ដែល​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ថ្មី​ៗ និង​មានការ​ស្នាក់​នៅ​ច្រើន ភាគច្រើន​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៣ និង​ផ្កាយ​៤ ប៉ុន្តែ​សណ្ឋាគារ​ផ្កាយ​៤ ជា​ប្រភេទ​សណ្ឋាគារ​ដែល​មានការ​ផ្គត់ផ្គង់​ច្រើន​ជាងគេ ។
លោក ឌិន សុមេធា​រិ​ទ្ធ បាន​បន្ត​ថា ៖«​ការ​កើនឡើង​បែប​នេះ ជា​ការ​ធម្មតា សម្រាប់​ខែ​មួយ​ដល់​ខែ​បី​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ប្រសិនជា​មើល​និន្នាការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ឆ្នាំ​នេះ មិន​កើន​ខ្ពស់​ពេក​នោះ​ទេ » ។
លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា បាន​ថ្លែង​ផង​ដែរ​ថា ចំនួន​សណ្ឋាគារ​ថ្មី​ៗ និង​ការ​ពង្រីក​សណ្ឋាគារ​បន្ថែម​មានការ​កើនឡើង​ច្រើន ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​ខ្លាំង ព្រោះ​ចំនួន​មក​ដល់​របស់​ភ្ញៀវ​មិន​កើន​គំហុក​ដូច​គ្នា​នឹង​ចរន្ត​នៃ​ការ​ផ្គត់ផ្គង់​សណ្ឋាគារ​ថ្មី​ៗ​នោះ​ឡើយ ។ លោក​បន្ត​ថា ៖« ក្នុង​ស្ថានភាព​បែប​នេះ បាន​ធ្វើ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ខ្លះ​បាន​ពង្រីក​ការ​លក់​បន្ទប់​សណ្ឋាគារ​របស់​ខ្លួន​ដល់​ក្រៅប្រទេស ដោយសារ​ទីផ្សារ​របស់​យើង​តូច ហេតុនេះ អ្នក​គ្មាន​បណ្តាញ​ទីផ្សារ ពួក​គេ​ប្រឈម​មុខ​នឹង​បញ្ហា » ។ លោក​បន្ត​ថា ៖« វា​ជា​ការ​បារម្ភ​មួយ​សម្រាប់​អ្នកមាន​ធនធាន​តិច អ្នក​គ្មាន​បណ្តាញ​គ្រប់គ្រាន់ និង​ការ​ប្រកួតប្រជែង​គ្មាន​តម្លាភាព​ទាំង​ក្នុង និង​ក្រៅប្រទេស » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ