ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទន្លេបាទី​គ្មាន​ការ​អភិវឌ្ឍ​ឱ្យ​សមជា​រមណីយដ្ឋាន (មាន​វីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តតាកែវ ៖ រមណីយដ្ឋាន​ទន្លេបាទី​ស្ថិត​នៅ​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ ។ ក្រៅពី​ជាទី​កម្សាន្ត​លើ​ផ្ទៃ​ទឹក​កៀក​នឹង​រាជធានី ទន្លេបាទី​ក៏​ជា​កន្លែង​គោរព​សក្ការ​មួយ​ដ៏​ពិសិដ្ឋ…

ខេត្តតាកែវ ៖ រមណីយដ្ឋាន​ទន្លេបាទី​ស្ថិត​នៅ​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ ។ ក្រៅពី​ជាទី​កម្សាន្ត​លើ​ផ្ទៃ​ទឹក​កៀក​នឹង​រាជធានី ទន្លេបាទី​ក៏​ជា​កន្លែង​គោរព​សក្ការ​មួយ​ដ៏​ពិសិដ្ឋ ។

នៅ​ទន្លេបាទី​មាន​ប្រាសាទបុរាណ​ពីរ​គឺ​ប្រាសាទតាព្រហ្ម និង​ប្រាសាទយាយពៅ​ដែល​បាន​កសាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​១២ ដើម​សតវត្សរ៍​ទី​១៣​ក្នុង​រជ្ជកាល​ព្រះបាទ​ជយ​វរ្ម័ន​ទី​៧ ។ អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​នឹង​មិន​ភ្លេច​ចូល​ទស្សនា​ប្រាសាទ​ដែល​ជា​កេរដំណែល​ដូនតា​ខ្មែរ​ឡើយ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត និង​ទទួលទាន​អាហារ​លើ​ផ្ទៃ​ទឹក ។ ភ្ញៀវ​ទេសចរ​ពេល​ទៅ​លេង​រមណីយដ្ឋាន​ទន្លេបាទី មិន​បារម្ភ​អ្នកលក់​កោរ​ទេ​ព្រោះ​តម្លៃ​មុខ​ម្ហូប​ទាំងអស់​ត្រូវ​បាន​សហគមន៍​ជា​អ្នកគ្រប់គ្រង​មិន​ឲ្យ​ភ្ញៀវ​ទេសចរ​ថ្នាំងថ្នាក់ ឬ​មិន​សប្បាយចិត្ត​ឡើយ ។

លោកតា​ម្នាក់​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ដែល​ជា​អ្នក​ឈរ​ចាំ​យក​លុយ​រថយន្ត​គ្រប់​ប្រភេទ​ចូល​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទន្លេបាទី កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា រមណីយ​ដ្ឋាន​​ទន្លេបាទី​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សហគមន៍ ហើយ​ក្នុង​រថយន្ត​មួយ​គ្រឿង​ដែល​ចូល​កម្សាន្ត​ត្រូវ​បង់លុយ​ចំនួន​៣០០០​រៀល រីឯ​ត​ម្កៃ​ម្ហូប​ទាំង​អស់​ត្រូវ​សហគមន៍​ជា​អ្នកគ្រប់គ្រង ។ តម្លៃ​តូប​អង្គុយ​លេង​ក៏​មាន​កំណត់​តម្លៃ​ច្បាស់​លាស់​​ផង​ដែរ ។

អ្នកស្រី​នី យ៉ា វ័យ​ជា​៥០​ឆ្នាំ រស់នៅ​ភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ជា​អ្នកលក់​មាន់​បំពង ត្រី​អណ្តែង ត្រី​រ៉ស់ នៅ​រមណីយដ្ឋាន​ទន្លេបាទី​អស់​រយៈ​ជាង​២០​ឆ្នាំ​មក​ហើយ​បាន​និយាយ​ថា អាជ្ញាធរ​ខេត្តតាកែវ​ដកសិទ្ធិ​ធ្វើ​វិនិយោគ​រមណីយដ្ឋាន​ទន្លេ​បាទី​ពី​ឈ្មួញ ហើយ​បាន​ប្រគល់​ឲ្យ​មក​សហគមន៍​ឃុំ​ក្រាំងធ្នង់​ជា​អ្នកគ្រប់គ្រង​វិញ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយ​រីករាយ និង​បាន​ចែករំលែក​គ្នា​សាងសង់​តូប​តាម​មាត់បឹង​ទន្លេបាទី ។ អ្នកខ្លះ​ទៀត​តាំង​លក់​គ្រឿង​ហូប​ចុក ។

​រមណីយដ្ឋាន​ទន្លេបាទី​បច្ចុប្បន្ន​សំបូរ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត តែ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ បើ​ថ្ងៃ​ធម្មតា​មិនសូវ​មាន​មនុស្ស​ទេ រីឯ​ការ​លក់ដូរ​ក៏​ប្រឈម​ទៅ​តាម​នោះ​ដែរ ។ មាន​ថ្ងៃ​ខ្លះ​ក្នុង​មួយ​ថ្ងៃ​លក់​មាន់​មិន​បាន​មួយ​ក្បាល​ផង ។ តម្លៃ​មាន់​ស្រែ​មួយ​តម្លៃ​៣៥០០០​រៀល ចំណែក​មាន់​បី​សាសន៍​តម្លៃ​១៨០០០​រៀល ត្រី​រ៉ស់ ត្រី​អណ្តែង តម្លៃ​ពី​៧០០០​រៀល​ទៅ​៨០០០​រៀង រីឯ​តូប​អង្គុយ​កម្សាន្ត​តម្លៃ​១​មុ​ឺ​ន​រៀល ។

អ្នកស្រី​នី យ៉ា បញ្ជាក់​ថា កាលពី​ឈ្មួញ​វិនិយោគ​រមណីយដ្ឋាន​ទន្លេបាទី ពួក​គេ​មិន​អនុ​ញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​រមណីយដ្ឋាន​ប្រកប​របរ​លក់ដូរ​ជូន​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​​រមណីយដ្ឋាន​ទន្លេបាទី​ទេ តែបើ​យើង​រត់​ចាប់​ម៉ូយ​យក​មក​បាន​ដាក់​ក្នុង​តូប​ម្ចាស់​វិនិយោគ​គេ​នឹង​ឲ្យ​កម្រៃជើងសា ថ្ងៃ​ខ្លះ​រក​មិន​បាន​ភ្ញៀវ​ម្នាក់​ទេ តែ​ពេល​នេះ​គ្រាន់​បើជា​មុន​ឆ្ងាយ​ណាស់ ។

អ្នកស្រី​សំ សា​រ៉ា លក់​ជ្រក់​គ្រប់មុខ​ឲ្យ​ដឹង​ថា អ្នកស្រី​ប្រកប​មុខរបរ​លក់​ជ្រក់ម្ទេស ជ្រក់​ត្រសក់ ជ្រក់មមាញ ជ្រក់សណ្តែកបណ្តុះ នៅ​រមណីយដ្ឋាន​ទន្លេបាទី​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ គាត់​លក់ដាច់​ណាស់ ហើយ​អតិថិជន​និយម​​ហូប​ជ្រក់​ដែល​ធ្វើ​ពី​ដៃ​របស់​គាត់ ។ មុខរបរ​លក់​ជ្រក់​នេះ​បាន​ធ្វើ​ឲ្យ​ជីវភាព​ក្នុង​គ្រួ​សារបាន​ធូរធារ​មួយ​កម្រិត គឺ​ពេល​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​គាត់​លក់​នៅ​រមណីយដ្ឋាន​ទន្លេបាទី ហើយ​ថ្ងៃ​ធម្មតា​គាត់​លក់​នៅផ្ទះ​ក្នុង​មួយ​ខែ​យ៉ាងតិច​ណាស់​ក៏​សល់​លុយ​ពី​៣០០​ដុល្លារ​ទៅ​៤០០​ដុល្លារ​ដែរ ។ សហគមន៍​បាន​យក​លុយ​បង់ថ្លៃ​លក់ដូរ​ក្នុង​រមណីយ​ដ្ឋាន​តែ​ថ្ងៃ​បុណ្យ​ទាន​ប៉ុណ្ណោះ ដូច្នេះ​ទើប​គាត់​អាច​សល់​លុយ​ពី​ការ​លក់​ជ្រក់​ផ្គត់ផ្គង់​គ្រួសារ ។

លោក​កុយ យ៉​ន ជា​អ្នក​ហៅភ្ញៀវ​ដាក់​តូប​អង្គុយ​កម្សាន្ត បាន​ត្អូញត្អែរ​ថា ក្នុង​មួ​យស​ប្តា​ហ៍​មាន​តែ​មួយ​ថ្ងៃ​ប៉ុ​ណ្ណោះ​គឺ​ថ្ងៃអាទិត្យ​មាន​ភ្ញៀវ​ច្រើន​បង្គួរ​ដែល​នាំ​គ្នា​ទៅ​ជួល​តូប​អង្គុយ​ហូប​​បាយ និង​ជជែក​គ្នា​លេង ពេល​ខ្លះ​គាត់​បាន​ពីរ​បី​ម៉ូយ ពេល​ខ្លះ​អត់​តែ​ម្តង ដោយសារ​មិន​អាច​ឈ្នះ ក្មេង​ៗ​ដែល​មាន​ម៉ូតូ ហើយ​ឈប់​ចាំ​ហៅភ្ញៀវ​នៅ​ច្រកចូល​រមណីយដ្ឋាន ។ បញ្ហា​នេះ​គាត់​នៅ​ពេល​សហគមន៍​បើក​កិច្ចប្រជុំ​គាត់​នឹង​សុំ​ឲ្យ​សហគមន៍​លុប​បំបាត់​ភាព​អនាធិបតេយ្យ​ចំពោះ​ក្រុម​បើក​ម៉ូតូ​ដេញ​តាម​ហៅ​រថយន្ត​ភ្ញៀវ ។ ណាមួយ​ចាប់ពី​រមណីយ​ដ្ឋាន​ទន្លេបាទី​ក្រោម​ការ​គ្រប់គ្រង​របស់​សហគមន៍​មក​មិន​មានការ​អភិវឌ្ឍ​ទេ ជា​ពិសេស​សួនច្បារ​ស្មៅ​ដុះ​ពេញ ។ ទាំងនេះ​ហើយ​ធ្វើ​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ថយ​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

លោក​កែវ និមល ជា​អ្នកទេសចរ​បាន​នាំ​គ្រួសារ​តាម​រថយន្ត​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទន្លេបាទី​បាន​លើក​ឡើង​ថា រមណីយដ្ឋាន​ទន្លេបាទី នា​ពេល​បច្ចុប្បន្ន​ដែល​គ្រប់គ្រង​ដោយ​​សហគមន៍​មើលទៅ​ដូច​ជា​គ្មាន​ការ​រីក​ច្រើន​ទៅ​មុខ​សោះ​។ ចាប់ពី​ផ្លូវ​ចូល​រមណីយដ្ឋាន​ឃើញ​ចាក់​ក្រួស ហើយ​ឆ្លង​កាត់មុខ​ប្រាសាទតាព្រហ្ម​ឃើញ​បរិស្ថាន​ល្អ​គ្រាន់បើ តែ​សួនច្បារ​ស្មៅ​ដុះ​បណ្តោយ​ឲ្យ​គោ​ស៊ី​។ ម្យ៉ាង​គ្មាន​កសាង​រូបចម្លាក់​អ្វី​ឡើយ​សម្រាប់​ការ​បង្អួត​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។

មិនដឹង​ថា តើ​ការ​កសាង​សួនច្បារ​ក្នុង​រមណីយដ្ឋាន ផ្នែក​ខាង​ណា​ជា​អ្នក​ទទួលខុសត្រូវ​ឡើយ ។ ក្រសួងទេសចរណ៍​តែងតែ​ក្រើនរំលឹក​ដល់​មន្ទីរ​ទេសចរណ៍​តាម​បណ្តា​ខេត្ត​នានា​​ត្រូវ​តែ​យកចិត្តទុកដាក់​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ក្នុង​ដែនដី​របស់​ខ្លួន​ដែល​មាន​ស្រាប់​​ឲ្យ​កាន់តែ​រីក​ចម្រើន ទាក់ទាញ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត ក៏​ដូច​ជា​ការ​លើកមុខ​មាត់​ខេត្ត​របស់​ខ្លួន​ដើម្បី​ឈាន​ទៅ​ដល់​ការ​ប្រឡងប្រណាំង​ទូ​ទាំង​ប្រទេស ។

បឹង​ទន្លេបាទី ជា​បឹង​ធម្មជាតិ​មួយ​ដែល​មាន​បណ្តោយ​ប្រវែង​៧​ពាន់​ម៉ែ​ត្រ ទទឹង​ប្រវែង​ប្រហែល​មួយ​ពាន់​ម៉ែ​ត្រ​ទៅ​មួយ​ពាន់​ប្រាំ​រយ​ម៉ែ​ត្រ នៅ​រដូវវស្សា​ទឹក​មាន​កម្ពស់​២​ទៅ​៣​កន្លះ នៅ​រដូវប្រាំង​ទឹក​អាច​ស្រក​ចុះ​មក​នៅ​ត្រឹម​១​ម៉ែ​ត្រ​ទៅ​២​ម៉ែ​ត្រ​កន្លះ ។ អាស្រ័យ​ដោយ​​មាន​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ មាន​ប្រាសាទ​ប្រកបដោយ​ក្បូរក្បាច់ រូប​ចម្លាក់​រស់​រវើក​តាំងពី​សម័យ​បុរាណ អារាម​សាសនា​ដ៏​រុងរឿង និង​ធម្មជាតិ​ដ៏​ត្រកាល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ទៅ​កម្សាន្ត ។ ជា​ពិសេស​ពេល​មាន​ពិធីបុណ្យ​ទាន​ប្រពៃណី​ជាតិ​ម្តង​ៗ​ក៏​ដូច​ជា​បុណ្យ​ជាតិ​ផ្សេង​ៗ មាន​អ្នកទេសចរ​ច្រើន​ទៅ​លេង​កម្សាន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ