រាជធានីភ្នំពេញ ៖ អាចារ្យ-អាចារិនីទាំង៣១៨រូបក្នុងនោះស្ត្រីចំនួន៩រូប និងព្រះសង្ឃ៣៥អង្គបានបញ្ចប់ការបណ្តុះបណ្តាលស្តីពីតួនាទី និងក្រមសីលធម៌អាចារ្យក្នុងទម្រង់អាពាហ៍ពិពាហ៍ និងពិធីកម្មតាមបែបព្រះពុទ្ធសាសនាដោយជោគជ័យ។ ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សានេះប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកមិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកស្រី ងួន ធួន ជាភរិយា កាលពីរសៀលថ្ងៃទី២៩ មីនា ២០១៣។
លោកមិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានមានប្រសាសន៍ថា ទោះបីប្រទេសជាតិ ស្ថិតក្នុងសាកលភាវូបនីយកម្មយ៉ាងណាក៏ដោយ ក៏ការអភិរក្ស និងការថែរក្សាវប្បធម៌ប្រពៃណីដ៏ល្អផូរផង់នៅតែមាន ដែលនេះជាបញ្ហាចំបងទាមទារឲ្យមានការចូលរួមពីសំណាក់អាចារ្យ-អាចារិនីទាំងអស់ ហើយទាមទារឲ្យយកទៅផ្សព្វផ្សាយបន្តនៅតាមសហគមន៍ ។
លោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាមានប្រសាសន៍លើកឡើងទៀតថា ក្រសួងធម្មការ និងសាសនាបានកំពុងបំពេញតួនាទីរបស់ខ្លួនយ៉ាងសំខាន់ក្នុងការអប់រំផ្សព្វផ្សាយពីគោលការណ៍ធម៌ ព្រមទាំងអភិរក្សនូវប្រពៃណីវប្បធម៌របស់ជាតិតាមរយៈការតម្រង់ទិសតួនាទី និងភារកិច្ចអាចារ្យ-អាចារិនីខ្មែរ ដោយបណ្តុះបណ្តាលស្តីពីក្រមសីលធម៌ និងវិធីប្រតិបត្តិរបស់ដូនជី ក៏ដូចជានាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម។ គ្រប់កម្មវិធីទាំងអស់នេះ សុទ្ធសឹងតែបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ និងតម្លៃរបស់សង្គម ដើម្បីឲ្យក្លាយទៅជាសង្គមមួយមានក្បួនច្បាប់ទម្លាប់តែមួយ និងសន្តិភាពខាងផ្លូវចិត្ត៕
ចែករំលែកព័តមាននេះ