រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលរក្សាទុកសារធាតុញៀន ស្រាប់តែជនសង្ស័យមានកាំភ្លើងជ័រមួយដើមបានដកយកទៅភ្ជង់សមត្ថកិច្ចវិញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវបេតុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ ភាច និមល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមើលកូននៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រពាំងព្រៃ ស្រុកជលគិរី ខេត្តកំពត ។
តាមប្រភពព័ត៌មានពីកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យនឹងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ បានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានចេញល្បាតនៅក្នុងភូមិសាស្ត្រខាងលើ លុះល្បាតមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យម្នាក់កំពុងដើរតាមផ្លូវម្នាក់ឯងមានពាក់មួកទាហាន ហើយមានការសង្ស័យបានឃាត់សួរនាំ បន្ទាប់មកជនសង្ស័យខាងលើ បាននិយាយថា ពួកឯងមិនបាច់ចាំឆែកឆេរអញទេ ចំណែកកម្លាំងសមត្ថកិច្ចរឹតតែមានការសង្ស័យខ្លាំងឡើងក៏ឃាត់ឆែកឆេរ នៅពេលនោះដែរស្រាប់តែជនសង្ស័យបានយកកាំភ្លើងជ័រភ្ជង់សមត្ថកិច្ចវិញ ធ្វើឲ្យសមត្ថកិច្ចភិតភ័យដែរ ប៉ុន្តែពេលភ្ជង់ទៅកាំភ្លើងនោះស្រាលទើបសមត្ថកិច្ចដឹងថា ជាកាំភ្លើងជ័រ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានទះជនសង្ស័យ២-៣ដៃម្នាក់ បណ្តាលឲ្យរងរបួសទ្រមខ្លួន ហើយបានធ្លាក់ថ្នាំញៀនចេញពីខ្លួនចំនួនមួយកញ្ចប់ បន្ទាប់មកកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យនឹងកម្លាំងនគរបាលប៉ុស្តិ៍បាននាំជនសង្ស័យខាងលើទៅសាកសួរបន្ត នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ២ ។
ក្រោយពេលកើតហេតុជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ