ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​អនុម័ត​គម្រោង​វិនិយោគ​ជាង​២ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល១​ខែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​១៣ ដែល​មាន​ទឹកប្រាក់​ជាង​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​ត្រឹមតែ​១​ខែ​ប៉ុណ្ណោះ ។ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​បាន​ចេញផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៨ កក្កដា…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​១៣ ដែល​មាន​ទឹកប្រាក់​ជាង​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​ត្រឹមតែ​១​ខែ​ប៉ុណ្ណោះ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​បាន​ចេញផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៨ កក្កដា បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ពេញ​១​ខែមិថុនា ឆ្នាំ​២០១៨​នេះ មាន​គម្រោង​វិនិយោគ​ថ្មី​ៗ​ចំនួន​១៣ ដែល​មាន​ទុន​វិនិយោគ​ជាង​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​អាច​បង្កើត​ការងារ​ថ្មី​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​១,៨​ម៉ឺន​កន្លែង ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​ជា​ផ្លូវការ ។

គម្រោង​វិនិយោគ​ទាំងនេះ​មាន​ដូច​ជា ៖១-​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ សម្លៀក​បំពាក់ របស់​ក្រុមហ៊ុន WUA TAI (CAMBODIA) GARMENT CO., LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ត្រពាំង​លើក សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ​៣,១១​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​៨៥៨​កន្លែង ។  ២-​គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ (​ជ្រូក មាន់ ទា​) និង​រោងចក្រ​កែ​ច្នៃ​សាច់ របស់​ក្រុមហ៊ុន GR FOOD (CAMBODIA) CO., LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៥១ ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ​៣០,៤៤​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៦៦១​កន្លែង ។ ៣-​គម្រោង​បង្កើត​រោងចក្រ​ផលិត​ដែក​គ្រប់​ប្រភេទ របស់​ក្រុមហ៊ុន HAI SHENG STEEL CO., LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ​៣១,០៧​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​១០៦​កន្លែង ។

​៤-​គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម (​អំពៅ​) និង​សាងសង់​រោងចក្រ​កែ​ច្នៃ របស់​ក្រុមហ៊ុន KAMPONG SPEU PLANTATION CO., LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ភូមិសាស្ត្រ​ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ​៨៥,៥៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​២.២៩០​កន្លែង ។ ៥-​គម្រោង​សាងសង់​ខ្សែបណ្តាញ​បញ្ជូន ១១៥​គីឡូវ៉ុល សៀមរាប​-​ឧត្តរមានជ័យ អនុ​ស្ថានីយ​ឧត្តរមានជ័យ និង​អនុ​ស្ថានីយ​បែក​ចាន (​ពោធិ៍​សែន​ជ័យ​) របស់​ក្រុមហ៊ុន SCHNEITEC ENERGY CO., LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ត្រឹប សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ភូមិ​អូរ​កន្សែង សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ មាន​ទុន​វិនិយោគ​ប្រមាណ ៨០,៦០​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​៤១៣​កន្លែង ។ ៦-​គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​៥០០​បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម របស់​ក្រុមហ៊ុន NAN HAI REAL ESTATE DEVELOPMENT CO., LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មាន​ទុន​វិនិយោគ​ប្រមាណ​៨៦,៥៦​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​១.៨៤៨​កន្លែង ។
៧-​គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៤ ចំនួន​១៤៩​បន្ទប់ និង​រី​សត របស់​ក្រុមហ៊ុន HEIN LI PROPERTIES CO., LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មាន​ទុន​វិនិយោគ​ប្រមាណ​៣៩,៣៧​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​២៤១​កន្លែង ។

៨-​គម្រោង​បង្កើត​រោងចក្រ​នំ​ស្រួយ និង​អាហារ​សម្រន់ របស់​ក្រុមហ៊ុន LYLY KAMEDA Co., LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវ​១៣៧​កា​១ ភូមិ​កា​កាប សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ​៩,១២​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​១៥៣​កន្លែង ។៩-​គម្រោង​បង្កើត​រោងចក្រ​អាជីវកម្ម​ថ្ម​អារ (​ថ្ម​ម៉ា​ប​) របស់​ក្រុមហ៊ុន CAPITAL MINERAL RESOURCES INVESTMENT CO., LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​តំបន់​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង មាន​ទុន​វិនិយោគ​ប្រមាណ​១១,៩៣​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​៧៣​កន្លែង ។  ១០-​គម្រោង​សាងសង់ ប្រតិបត្តិការ និង​ធ្វើ​អាជីវកម្ម​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ តាម​រូបភាព​សាងសង់​-​អាជីវកម្ម​-​ផ្ទេរ «BOT» របស់​ក្រុមហ៊ុន CAMBODIAN PPSHV EXPRESSWAY CO., LTD. មាន​ទុន​វិនិយោគ​ប្រមាណ​១,៨៧​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក (១,៨៧​ពាន់​លាន​ដុល្លារ​) និង​អាច​បង្កើត​ការងារ​បាន​៩.៥១៥​កន្លែង ។ ១១-​គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្បឿង ចាន​បង្គន់​អនាម័យ និង​ការ៉ូ របស់​ក្រុមហ៊ុន ROYAL CERA CO., LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត មាន​ទុន​វិនិយោគ​ប្រមាណ​១៥,៣៦​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​១.២២៤​កន្លែង ។

១២-​គម្រោង​បង្កើត​រោងចក្រ​កែ​ច្នៃ​ផ្លែ​ឈើ របស់​ក្រុមហ៊ុន TROPICAL FRUIT ASIA (CAMBODIA) CO., LTD. ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៤ គីឡូម៉ែត្រ​លេខ​២៧ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ​៦,៤៧​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​៣៨០​កន្លែង ។ ១៣-​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ របស់​ក្រុមហ៊ុន JOINT FORCE SPORTING GOODS (CAMBODIA) CO., LTD. ដែល​មាន​ទីតាំង​វិនិយោគ ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទុន​វិនិយោគ​ប្រមាណ​៤​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​១.២៣០​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ