ចិន​ផ្ដល់​ជំនួយ​259​លាន​ដុល្លារ​ដើម្បី​ស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី​3


រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ផ្តល់​ជំនួយ​២៥៩​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​កម្ពុជា ដើម្បី​ពង្រីក​សក្តានុពល​សេដ្ឋកិច្ច​របស់​ខ្លួន តាម​រយៈ​ការ​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា ថា គម្រោង​ទឹកប្រាក់​ជំនួយ​ដើម្បី​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ ត្រូវ​បាន​ចុះហត្ថលេខា​រួច​ហើយ​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ធនាគារ​នីហរ័ណ អាហរ័ណ​ចិន ។

គម្រោង​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​៣​នេះ នឹង​ត្រូវ​សាងសង់​ប្រវែង​៤៧,៦​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ដែល​អាច​ឲ្យ​រថយន្ត​ធ្វើ​ចរាចរណ៍​បាន​៤​គន្លង ដោយ​ផ្លូវ​មាន​ទទឹង​សរុប​២៥​ម៉ែត្រ ។

ផ្លូវ​នេះ​ចេញពី​ចំណុច​ផ្លូវជាតិ​លេខ​៤ តំបន់​អូរ​ដឹ​ម ត​ភ្ជាប់​ទៅ​កាន់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ផ្លូវ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​សាងសង់​រវាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កម្ពុជា និង​ក្រុមហ៊ុន​សៀង​ហៃ ខន​ស្ត្រា​ក់សិន ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣​នេះ ជា​គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​យ៉ាង​សំខាន់​នៅ​ជុំវិញ​ក្រុងភ្នំពេញ និង​ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​សំខាន់​ៗ ដោយ​ត​ភ្ជាប់​ពី​ស្ពាន​ព្រែក​ព្នៅ​ផ្លូវជាតិ​លេខ​៥ ត​ភ្ជាប់​មក​កាន់​​ផ្លូវជាតិ​លេខ​៤ មក​កាន់​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ ឆ្ពោះ​មក​កាន់​កំពង់​ផែ​អន្តរ​ជាតិ​ភ្នំពេញ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ។

លោក វ៉ា​ស៊ឹ​ម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ នឹង​មានការ​សាងសង់​ស្ពាន​មួយ​ចំនួន ដែល​បាន​បញ្ជូន​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​បាន​ទេ​ថា សម្តេច​តេ​ជោ នឹង​ជ្រើសរើស​យក​គំរូ​ណាមួយ​នោះ​ទេ ។ លោក​បន្ត​ថា ៖« ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿង​ចាំបាច់​សម្រាប់​ប្រទេស ព្រោះ​ដើម្បី​សម្រួលការ​ដឹក​ជញ្ជូន ជំរុញ​ការ​អភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ចជាតិ » ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ថា ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ គឺជា​ដំណោះស្រាយ​មួយ ខណៈ​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។ ហេតុនេះ ការ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា
សម្ព័ន្ធ​ជា​រឿង​ចាំបាច់​មួយ ដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់ ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ទៅ​កាន់​លំដាប់​ថ្មី​មួយទៀត ។

យោង​តាម​សេចក្តី​ព្រាង​ផែនការមេ​អភិវឌ្ឍន៍​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣​នេះ​បាន​លាតសន្ធឹង​លើ​ឃុំ​-​សង្កាត់​ចំនួន​១៧​នៃ​ស្រុក​ចំនួន​៣ ក្នុង​ខេត្តកណ្តាល និង​ខណ្ឌ​ចំនួន​២ របស់​រាជធានី​ភ្នំពេញ ។

គម្រោង​នេះ​ចាប់ផ្តើម​ចេញពី​ចំណុច PK ១៦+៨០០ ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​បញ្ចប់​នៅ​ចំណុចប្រសព្វ PK៦៤+៤០៨ និង​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ដីឥដ្ឋ កំពង់ស្វាយ និង​ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ។

គម្រោង​នេះ​ក៏​ឆ្លងកាត់​ស្រុក​ស្អាង​ដែរ រួម​មាន ឃុំ​កោះអន្លង់ចិន សិ​ត្បូ រកា​ខ្ពស់ ហើយ​ស្រុក​កណ្តាលស្ទឹង រួម​មាន ឃុំ​ក​ណ្តោ​ក ជើង​កើប និង​ឃុំ​ព្រះពុទ្ធ ។ ចំណែក​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ឆ្លងកាត់​សង្កាត់​គង​ន​យ សាក់​សំពៅ ពងទឹក និង​ប្រទះ​ឡា​ង​នៃ​ខណ្ឌដង្កោ សង្កាត់​ភ្លើង​ឆេះ​រទេះ កន្ទោក និង​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ