ការ​ទិញ​លក់​ដោយ​មិន​ឆ្លងកាត់​ភ្នាក់ងារ មាន​ហានិភ័យ​ខ្ពស់


រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ការ​ទិញ​-​លក់​អចលនទ្រព្យ​កំពុង​មាន​កំណើន​ខ្លាំង​នៅ​លើ​ទីផ្សារ ការ​ទិញ​-​លក់​ដោយ​មិន​ឆ្លងកាត់​ក្រុម​អ្នកជំនាញ គឺ​មាន​ហានិភ័យ​ខ្ពស់ និង​ងាយ​រង​គ្រោះ​ដោយ​ការ​ឆបោក​ផ្សេង​ៗ ។ ដូច្នេះ ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​នេះ បាន​ជំរុញ​ឲ្យ​អ្នកទិញ​-​លក់​ដីធ្លី​ប្រើប្រាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ស្រប​ច្បាប់ ។

លោក ឃាង ពុ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​អចលនវត្ថុ​កម្ពុជា បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា នេះ​ថា ការ​មិន​ប្រើប្រាស់​ភ្នាក់ងារ​អចលនវត្ថុ អាច​នឹង​ធ្វើ​ឲ្យ​ម្ចាស់ទ្រព្យ​បាត់បង់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​។ ក្នុង​នាម​អ្នក​មានបទពិសោធន៍ លោក​បាន​ស្នើ​ឲ្យ​ម្ចាស់ទ្រព្យ ឬ​អ្នកទិញ ប្រើប្រាស់​នូវ​ភ្នាក់ងារ​អចលនវត្ថុ​ណាមួយ ដែល​ស្រប​ច្បាប់​ត្រឹមត្រូវ ដើម្បី​កាត់​បន្ថយ​បញ្ហា​ប្រឈម​ខាងលើ​។

ការ​បញ្ជ្រាប​ចំណេះដឹង​អំពី​សេវាកម្ម​របស់​ភ្នាក់ងារ​អចលនវត្ថុ វេទិកា​ខាងលើ​ក៏​បាន​ជជែក​គ្នា អំពី​ការ​ទទួល​បាន​នូវ​សិទ្ធិ​ផ្ដាច់មុខ​ក្នុង​ការ​លក់​អចលនវត្ថុ​ផង​ដែរ ។

លោក ឃាង ពុ​ទ្ធី បាន​ពន្យល់​ថា ប្រសិនបើ​យើង​មិន​ទទួល​បាន​សិទ្ធិ​លក់​ផ្ដាច់មុខ ទី​ភ្នាក់​ងារ​អចលនទ្រព្យ​នឹង​ចំណាយពេល​ឥតប្រយោជន៍ និង​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្សព្វផ្សាយ​អចលន​ទ្រព្យ ដែល​ធ្វើ​ឲ្យ​ការ​លក់​ចេញ​មាន​ភាព​យឺតយ៉ាវ​។ តែ​ប្រសិនបើ​ក្រុមហ៊ុន​មួយ​ទទួល​បាន​សិទ្ធិ​ផ្ដាច់មុខ ពួក​គាត់​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព ក្នុង​ការ​ជំរុញ​ការ​លក់​ឲ្យ​បាន​លឿន ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​អតិថិជន ។

ចំណែក​លោក​ឧកញ៉ា ចេ​ង ខេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​គាំទ្រ​ពេញទំហឹង ចំពោះ​ការ​រៀបចំ​វេទិកា​ខាងលើ​ជាមួយនឹង​ប្រធានបទ​ថ្មី ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​ភ្នាក់ងារ​អចលនវត្ថុ និង​ម្ចាស់​ទ្រព្យ​រួម​ទាំងអស់ ដើម្បី​កាត់​បន្ថយ​នូវ​ហានិភ័យ​ផ្សេង​ៗ​នៅ​ក្នុង​វិស័យ​ដ៏​មាន​សក្ដានុពល​មួយ​នេះ ។

លោកស្រី តាំង ហួរ អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​​ថ្លែង​ថា សកម្មភាព​ទិញ​-​លក់​អចលនទ្រព្យ​ដោយ​មិន​ប្រើប្រាស់​អ្នកជំនាញ ពិតជា​មាន​ហានិភ័យ​ដល់​អតិថិជន ដោយសារ​បែបបទ​នីតិវិធី​នៃ​ការ​ទិញ​-​លក់ ក៏​ដូច​ប្លង់​កម្ម​សិទ្ធិ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ច្រើន​ប្រភេទ ដោយសារ​កម្ពុជា​ឆ្លងកាត់​នូវ​របប​ច្រើន ។

ហេតុនេះ ការ​យល់​ដឹង​ពី​បែបបទ​នីតិវិធី និង​ទម្រង់​នៃ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​អចលន​ទ្រព្យ​មាន​សារសំខាន់​ណាស់ ដើម្បី​ផ្តល់​នូវ​សុវត្ថិភាព និង​បញ្ចៀស​បញ្ហា​ដែល​អាច​កើតឡើង​គ្រប់ ពេលវេលា ។

លោកស្រី​បន្ត​ថា ៖« ហេតុនេះ ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​អ្នកទិញ​-​លក់​អចលនទ្រព្យ​នានា គួរ​ងាក​មក​ប្រើប្រាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ស្របច្បាប់ ព្រោះ​ពួក​គេ​មានបទពិសោធន៍ និង​ជំនាញ​លើ​ការងារ​នេះ » ។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន Century21 Cambodia បាន​បង្ហាញ​នូវ​សូច​នាករ​​សំខាន់​ៗ​មួយ​ចំនួន ដែល​អ្នកលក់​ឬ​អ្នកទិញ គួរ​ជ្រើសរើស​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ជំនាញ ដើម្បី​ធ្វើ​ជាទី​ប្រឹក្សា ដោយហេតុ​ថា ក្រុមហ៊ុន​ភ្នាក់ងារ​អចលនវត្ថុ​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច គឺជា​ក្រុមហ៊ុន​ដែល​មាន​ទីតាំង​ពិតប្រាកដ ត្រូវ​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​សេដ្ឋកិច្ច ។ ក្រុមហ៊ុន​បែប​នេះ​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់​លាស់ និង​បទ​ពិសោធន៍​គ្រប់គ្រាន់​។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​ក៏​ទទួលខុសត្រូវ​ខ្ពស់​លើ​សេវាកម្ម​របស់​ខ្លួន​, មានការ​ធានា​ពី​គុណភាព​នៃ​សេវាកម្ម​វិជ្ជាជីវៈ​, គោរព​តាម​គោល​ការណ៍​គ្រឹះ​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ គឺ​សុចរិត​ភាព​, អ​ព្យា​ក្រឹត្យ​ភាព​, សមត្ថភាព​វិជ្ជាជីវៈ​, រក្សា​ការ​សម្ងាត់ និង​ប្រតិបត្តិ​វិជ្ជាជីវៈ និង​មាន​សេវាកម្ម​ជា​កញ្ចប់​ពី​ដើម​ដល់​ចប់ ។

ចំណុច​ទាំងអស់​ខាងលើ​នេះ ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អតិថិជន​មាន​ទំនុកចិត្ត​ខ្ពស់ និង​គួរតែ​ប្រើប្រាស់​សេវាកម្ម​ភ្នាក់ងារ​អចលនវត្ថុ ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច ។

របាយការណ៍​ដដែល​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​អត្ថប្រយោជន៍​ដែល​អតិថិជន​ទទួល​បាន​ពី​សេវាកម្ម​របស់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនវត្ថុ រួម​មាន ទទួល​បាន​ទីប្រឹក្សា​ជា​ភ្នាក់​ងារ​អចលនវត្ថុ ដែល​មានបទពិសោធន៍ និង​វិជ្ជាជីវៈ​ច្បាស់លាស់​។ ទទួល​បានការ​ផ្សព្វ​ផ្សាយ​ទូលំទូលាយ ដោយ​មិន​ចាំបាច់​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ។ ទទួល​បាន​សេវាកម្ម​រៀបចំ​ឯកសារ​ទិញ​-​លក់​ពី​ដើម​ដល់​ចប់ តាម​ផ្លូវច្បាប់ ។ អាច​លក់​អចលនវត្ថុ​បាន​លឿន​ឆាប់រហ័ស​ក្នុង​តម្លៃ​ទីផ្សារ ឬ​ទិញ​ផ្ទះ​-​ដី​ក្នុង​ក្តី​ស្រមៃ​បាន​តម្លៃ​ថោក​ជាង​ទីផ្សារ ចំណេញ​ពេលវេលា និង​កាត់​បន្ថយ​ការ​ប្រថុយប្រថាន ។

បើ​តាម​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​បាន​ឲ្យ​ដឹង​ថា ជា​រឿយ​ៗ ការ​ទិញ​-​លក់​ខ្លួនឯង គឺ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា ៖

១-​តម្លៃ ៖ អាច​ខ្ពស់ ឬ​ទាប​ជាង​ទីផ្សារ ។

២-​បញ្ហា​ដីធ្លី ៖ ជា​រឿយ​ៗ តែង​កើតឡើង​រវាង​អ្នកទិញ និង​អ្នកលក់ ដោយសារ​ភាព​មិន​ច្បាស់លាស់​លើ​អចលនវត្ថុ ដូច្នេះ ពេល​ផ្ទេរកម្មសិទ្ធិ គឺ​តែង​មាន​បញ្ហា ។

៣-​អំពើ​ចោរកម្ម ៖ ដោយសារ​ការ​ដាក់​លក់​ខ្លួនឯង ហើយ​មាន​ជនខិលខូច​បន្លំ​ណាត់ជួប ដើម្បី​ប្រ​ព្រឹទ្ធ​បទល្មើស ជាដើម ។

ផ្ទុយ​មក​វិញ ប្រសិនបើ​ប្រើប្រាស់​សេវាកម្ម​ស្របច្បាប់ និង​មានបទពិសោធន៍​វិញ គឺ​មិនបាច់​ខ្វល់​ពី​បញ្ហា​ទាំងនេះ​ឡើយ ពោល​គឺ​មាន​សុវត្ថិភាព​ខ្ពស់​បំផុត ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ