សល់​ជិត​១​ម៉ែត្រ​ទៀត​ទឹកស្ទឹង​ព្រែក​ត្នោត​ក្នុង​ខណ្ឌដង្កោ​ប្រកាស​អាសន្ន​​(​មាន​វី​ដេ​អូ​)


រាជធានី​ភ្នំពេញ ៖ ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​បាន​ជន់​ឡើង​យ៉ាង​គំហុក​ដែល​ត្រឹមតែ​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ​បាន​ឡើង​ពេញ​ប្រៀប​ច្រាំង ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ជា​ច្រើន​ថ្ងៃ​កន្លង​មកនេះ ប៉ុន្តែ​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​មិន​ទាន់​ដល់​កម្រិត​ដែល​ត្រូវ​ប្រកាស​អាសន្ន​នៅឡើយ​ទេ ។

តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សាក់​សំពៅ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​មាត់​ស្ទឹង​ព្រែក​ត្នោត​នោះ​បាន​អះអាង​ថា នៅ​សល់​ត្រឹមតែ​ជិត​១​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ និង​ដល់​ពេល​ប្រកាស​អាសន្ន​ជម្លៀស​ប្រជាពលរដ្ឋ​រក​ទីតាំង​សុវត្ថិភាព​ហើយ ។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ​អាជ្ញាធរ​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​អភិបាល​ខណ្ឌ នុ​ត ពុធ​ដា​រ៉ា អមដំណើរ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ និង​លោក ស សុ​ភ័​ណ្ឌ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​ទឹកស្ទឹង​ព្រែក​ត្នោត​នេះ និង​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​ព្រមទាំង​រក​ទីតាំង​សុវត្ថិភាព​ទុក​មុន​ឲ្យ​ហើយ សម្រាប់​នាំ​ប្រជាពលរដ្ឋ​ទៅ​ស្នាក់​នៅ​ពេល​ទឹកជំនន់​មក​ដល់ ហើយ​ក៏​បាន​ផ្សព្វផ្សាយ​ឲ្យ​ពួក​គាត់​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​បញ្ហា​មួយ​នេះ​ផង​ដែរ ។

លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ថ្លែង​ថា ទឹកបាន​ឡើង​ខ្លាំង​ពេញ​ប្រៀប​ស្ទឹង​ទៅ​ហើយ​ដែល​ជា​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​មាត់​ស្ទឹង​នេះ ។ ថ្វី​ដ្បិតតែ​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា​នេះ​មិន​ទាន់​ដល់​ពេល​ត្រូវ​ប្រកាស​អាសន្ន​មែន ប៉ុន្តែ​បើ​នៅ​តែ​មាន​ភ្លៀង​ធ្លាក់​ជាប់​ជា​បន្ត​ទៀត​នោះ​ទឹក​ក៏​នៅ​តែ​ជន់​ឡើង​បន្ត​ដែរ ។ ដូច្នេះ​ទើប​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បាន​ចុះ​ត្រួតពិនិត្យ​ពី​ស្ថានភាព​ជាក់ស្ដែង​នៃ​កម្រិត​ទឹកស្ទឹង ព្រមទាំង​រៀបចំ​ផែនការ​ផ្សេង​ៗ ដើម្បី​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ពេល​ស្ថានភាព​គ្រោះអាសន្ន​មក​ដល់ ។

នគរបាល​ប៉ុស្ដិ៍​សាក់​សំពៅ​បាន​ឲ្យ​ដឹង​ថា ទឹកស្ទឹង​ព្រែក​ត្នោត​ចាប់ផ្ដើម​ឡើង​យ៉ាង​គំហុក​កាលពី​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៨ ខែកក្កដា ហើយ​មក​ដល់​ថ្ងៃ​ទី​១៩ បន្ត​ឡើង​ទៀត ប៉ុន្តែ​ឡើង​យឺត​បន្តិច​វិញ ។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​កម្រិត​ទឹក​ប៉ុណ្ណឹង​នៅ​សល់​កម្ពស់​ជិត​១​ម៉ែត្រ​ទៀត ទើប​ដល់​ការ​ប្រកាស​អាសន្ន និង​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​លំនៅ​ឋាន​រក​ទីទួល​ល​សុវត្ថិភាព​។ មិនតែប៉ុណ្ណោះ​កម្រិត​ទឹក​នេះ​ក៏​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​នៅឡើយ​ថា តើ​អាច​ជន់​បណ្ដាល​ឲ្យ​មានការ​លិចលង់​ឬ​អត់​នៅឡើយ​ទេ គឺ​អាស្រ័យ​ទៅ​លើ​អាកាសធាតុ​ដែល​មាន​ភ្លៀង​ធ្លាក់​បន្ត​ទៀត ឬ​ក៏​អត់​តែ​ប៉ុណ្ណោះ ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់​បន្ត​នោះ គឺ​មិន​អី​នោះ​ទេ តែបើ​មាន​ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​ទៀត​ច្បាស់​ជា​ជន​លិច​មិន​ខាន​ឡើយ ។

ជាង​នេះ​ទៀត​ប្រសិនបើ​មាន​ទឹកជំនន់​កើតឡើង​ដោយ​ចៀស​មិន​ផុត​សង្កាត់​ទទួល​រង​នូវ​ការ​ប៉ះពាល់​នោះ​រួម​មាន​ សង្កាត់​សាក់​សំពៅ ,​ក្រាំង​ពង្រ ប្រទះ​ឡា​ង ,​គង​ន​យ ,​ទៀន​,​រលួស​, ព្រែក​កំពឹស​,​ស្ពានថ្មជាដើម ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្យាករណ៍​ឧតុនិយម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ