រាជធានីភ្នំពេញ ៖ ខណៈដែលសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាយក្សសេដ្ឋកិច្ចធំ២ កំពុងកើនឡើង ប្រាកដណាស់ថា ផលប៉ះពាល់តិចឬច្រើន នឹងកើនឡើងនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសក្រីក្រ ។ នៅប្រទេសកម្ពុជា កាលពីឆ្នាំ២០០៨-២០០៩ ក៏ធ្លាប់ទទួលរងផលប៉ះពាល់ដោយប្រយោលពីវិបត្តិសេដ្ឋកិច្ចពិភពលោកម្ដងដែរ ដែលជាបទពិសោធន៍មួយក្នុងការត្រៀមខ្លួនដើម្បីការពារហានិភ័យដែលនឹងអាចកើនឡើង ។ នៅពេលនេះ ប្រសិនបើសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក នៅតែបន្ដ តើអាចជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជាដែរឬទេ ?
កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានជំរុញឲ្យអ្នកស្រាវជ្រាវ និងសេដ្ឋវិទូនានាសិក្សាពីវិបត្តិនេះថា តើនឹងមានផលប៉ះពាល់ដល់កម្ពុជាយ៉ាងដូចម្តេច ហើយពេលនេះ ក្រុមអ្នកជំនាញអចលនទ្រព្យ និងសេដ្ឋវិទូកម្ពុជា បាននិងកំពុងផ្ដោតលើបញ្ហានេះ និងបានលើកឡើងពីទស្សនៈយល់ឃើញផ្សេងៗគ្នា ។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ Century21 Cambodia លោក គុយ វ៉ាត បានមានប្រសាសន៍ នាព្រឹកថ្ងៃទី១៤ កក្កដា ថា បទពិសោធន៍នៃវិបត្តិសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ២០០៨-២០០៩ កម្ពុជាបានរងផលប៉ះពាល់ពីវិបត្តិនេះ ប៉ុន្តែមិនខ្លាំងក្លានោះទេ។ ហេតុនេះ លោកយល់ឃើញថា ៖« សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និងជាមួយសហគមន៍អឺរ៉ុប ពិតជាមានផលប៉ះពាល់ដល់វិស័យនេះ ប៉ុន្តែមិនរងឥទ្ធិពល ឬប៉ះពាល់ខ្លាំងទេ ហើយវាបានចាប់ផ្តើមប្រសើរឡើងវិញក្នុងរយៈពេលដ៏ខ្លី ដោយសាររាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំពារបានទាន់ពេលវេលា និងត្រឹមត្រូវ » ។
លោកបន្តថា ៖« វិបត្តិនេះមិនទាន់ឃើញមានផលប៉ះពាល់អ្វីនោះទេ ហើយស្ថានភាពនេះអាចនឹងក្លាយជាឱកាសទៅវិញសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា ប៉ុន្តែវាអាចជាវិបត្តិផងដែរ ដែលយើងមិនអាចព្យាករណ៍បាននៅឡើយ » ។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Mekong បានថ្លែងស្រដៀងគ្នាថា វិស័យនេះមិនរងផលប៉ះពាល់នោះទេ ដោយសារគោលនយោបាយសហរដ្ឋអាមេរិក ជាពិសេស រដ្ឋបាលលោក ដូណាល់ ត្រាំ ចេះតែលលេងជាមួយប្រទេសនានា ហើយនាពេលឆាប់ៗខាងមុខ បញ្ហានេះនឹងអាចដោះស្រាយបាន ព្រោះការធ្វើសង្គ្រាមពាណិជ្ជកម្មមានតែខាតទាំងអស់គ្នា ។ លោកបន្តថា ៖« ខ្ញុំគិតថា វិបត្តិនេះអាចនឹងបញ្ចប់នៅពេលឆាប់ៗ ប្រសិនជាមើលទៅលើនិន្នាការនេះ » ។ ទោះជាយ៉ាងណា លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងថា សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន អាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោកថមថយល្បឿន និងមិនអាចឲ្យពិភពលោកព្យាករណ៍អ្វីទុកមុនបានទេ ហើយវិបត្តិនេះ ពិតជារងផលប៉ះពាល់ដល់ប្រទេសទាំងអស់ ប៉ុន្តែកម្រិតនៃផលប៉ះពាល់ វាអាស្រ័យលើគោលនយោបាយរបស់ប្រទេសនីមួយៗ ។ លោកបន្តថា ៖« សម្រាប់កម្ពុជា ក៏អាចមានផលប៉ះពាល់ផងដែរ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវមានភាពឆ្លាតវៃ ដោយត្រូវមានទំនាក់ទំនងល្អជាមួយប្រទេសទាំងអស់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើង » ។ លោកថ្លែងថា ៖« ប្រទេសកម្ពុជា គួរពង្រឹងសាច់ដុំរបស់ខ្លួន តាមរយៈការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់យើងឲ្យមានភាពរឹងមាំ ដើម្បីពង្រឹងផ្ទៃក្នុងផង ពង្រីកការនាំចេញទៅកាន់ប្រទេសដទៃផង កុំឲ្យយើងពឹងផ្អែកតែអាមេរិក ឬសហគមន៍អឺរ៉ុប » ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Markets Consulting បានថ្លែងថា នៅពេលដំរី២ប៉ះគ្នា ស្រមោចនិងសង្អារ ពិតជារងផលប៉ះពាល់ ប៉ុន្តែផលប៉ះពាល់ធ្ងន់ធ្ងរបែបណា មិនទាន់អាចព្យាករបាននៅឡើយទេ ដោយសារពេលនេះ អ្វីៗទើបចាប់ផ្តើមនៅឡើយ ។ ទោះជាយ៉ាងណា លោកថា ៖« ចរិតរបស់លោក ដូណាល់ ត្រាំ គឺជាអ្នកសេដ្ឋកិច្ច ។ ហេតុនេះ អាចនឹងមានការសម្របសម្រួលណាមួយកើតឡើង ហើយបញ្ហានឹងចប់ ប៉ុន្តែបើសិនវាជាសង្គ្រាមពាណិជ្ជកម្មអូសបន្លាយយូរ ច្បាស់ណាស់ វានឹងរងផលប៉ះពាល់ដល់កម្ពុជា » ។លោកបន្តថា ៖« យើងជាប្រទេសតូច យើងមិនមែនជាអ្នកកាច់ចង្កូតកប៉ាល់ទេ តែយើងអាចដើរតួនាទីជារលក ដើម្បីអមដំណើរកប៉ាល់បើកឲ្យដល់គោលដៅ » ៕
ចែករំលែកព័តមាននេះ