ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ​សង្គម​ និង​នយោបាយ​កម្ពុជា ​៖ សង្គ្រាម​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ថៃ​ គឺជា​សង្គ្រាម​ឈ្លានពាន​ចូល​ក្នុង​បទឧក្រិដ្ឋ​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​សហជីព​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ការ​បាញ់ប្រហារ​របស់​ទាហាន​ថៃ​មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​៧ ខែធ្នូ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥​នេះ…

រាជធានីភ្នំពេញ​ ៖ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​សហជីព​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ការ​បាញ់ប្រហារ​របស់​ទាហាន​ថៃ​មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​៧ ខែធ្នូ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥​នេះ គឺជា​សង្គ្រាម​ឈ្លានពាន​ចូល​ក្នុង​បទឧក្រិដ្ឋ​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។

លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ មើលឃើញ​ថា ប្រទេស​ថៃ​ធ្វើសង្គ្រាម​ដោយ​ឈ្លានពាន​ជា​ឯកតោភាគី​មក​លើ​កម្ពុជា​ដោយ​ឈ្លានពាន​ចូល​ជ្រៅ​រហូត​ដល់​ចំណុច​ខ្លះ ១០០​គីឡូម៉ែត្រ និង​បាន​បំផ្លាញ ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល សាលារៀន ស្ពាន​ថ្នល់ វត្ត​អារាម ផ្ទះសម្បែង សម្បត្តិ​វប្បធម៌ និង​ទីតាំង​សាធារណៈ​ច្រើន​រាប់​មិន​អស់ ថែម​ទាំង​ធ្វើ​ឱ្យ​ជន​ស៊ី​វិល​ស្លូតត្រង់​បាត់បង់​ជីវិត និង​រង​បួស​ជា​ច្រើន​នាក់​ដោយ​សព្វាវុធ​ធុន​ធ្ងន់ សម្លាប់​រង្គាល​តាម​ទ​ង្វើ​ចិត្ត ដែល​ទាំង​អស់នេះ​សុទ្ធតែ​ជា​បទឧក្រិដ្ឋ​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។

លោក​ថ្លែង​ថា​៖«​ថៃ​ប្រកាសសង្គ្រាម​ជា​ឯកតោភាគី​ចាប់តាំងពី​ថ្ងៃ​ទី​៨ ខែធ្នូ មក​ដល់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥​នេះ គឺជា​សង្គ្រាម​ឈ្លានពាន ហើយ​ជា​សង្គ្រាម​ដែល​ចូល​ក្នុង​បទឧក្រិដ្ឋ​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដោយ​មិន​អាច​គេចវេស​បាន​»​។

រីឯ លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា និង​ជា​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​ខ្មែរ មើលឃើញ​ថា អំពើ​ឈ្លានពាន​ដ៏​សាហាវឃោរឃៅ​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា ដោយ​ប្រើ​សព្វាវុធ​ទំនើប​ៗ ការ​បាញ់ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​បណ្តាល​ឱ្យ​ស្លាប់​និង​រង​របួស​ជា​ច្រើន​នាក់ ការ​បំផ្លាញ​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ស្លូតត្រង់ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​ទៅ​រក​ទីទួល​សុវត្ថិភាព​ប្រមាណ​ជិត​១​លាន​នាក់ គឺជា​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ពិភពលោក​មិន​អាច​ទទួលយក​បាន​។

លោក​ថ្លែង​ថា​៖«​ថៃ​បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ដែល​អន្តរជាតិ​ហាមឃាត់ បាន​បាញ់​ផ្សែង​ពុល ផ្លោង​គ្រាប់បែក ប្រើ​យន្តហោះ​ទំនើប​ទម្លាក់​គ្រាប់បែក បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់ បាញ់​ផ្លោង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ ជាដើម គឺជា​ទ​ង្វើ​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា និង​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ដ៏​ឃោរឃៅ​មួយ ហើយ​ក៏​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ផង​ដែរ​»​។

ចំណែក​លោក​ថុ​ង ម៉េ​ង​ដា​វិត អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ និង​សន្តិសុខ បាន​ពន្យល់​ថា តាម​ច្បាប់​អន្តរជាតិ​នៃ​សង្គ្រាម សិទ្ធិ​ការពារ​ខ្លួន មិន​ផ្តល់​អាជ្ញា​បណ្ណ​ឱ្យ​ប្រទេស​ណាមួយ​វាយប្រហារ​លើ ជន​ស៊ី​វិល ឬ​អគារ​ស៊ី​វិល ទេ​។ ប្រសិនបើ​មានការ​វាយប្រហារ​លើ​អគារ ពលរដ្ឋ ផ្ទះ សាលារៀន វត្ត​អារាម មន្ទីរពេទ្យ ហើយ​គ្មាន​គោលដៅ​យោធា​ច្បាស់លាស់ នោះ​អាច​ចាត់​ទុក​ថា ជា​ការ​បំពាន​ធ្ងន់ធ្ងរ​នៃ​ច្បាប់​សង្គ្រាម​។

លោក​ថ្លែង​ថា​៖« បើ​ការ​វាយប្រហារ​មិន​អាច​បែងចែក​រវាង​គោលដៅ​យោធា និង​ស៊ី​វិល ឬ​ប្រើ​អាវុធ​ដែល​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ពលរដ្ឋ ជា​ពិសេស នៅ​ជិត ជំរំ​ជនភៀសខ្លួន នោះ​អាច​ត្រូវ​បាន​ចាត់ទុកជា បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​»​។

ចំពោះ​ទ​ង្វើ​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា ប្រជាពលរដ្ឋ​កម្ពុជា បាន​ចេញ​ញត្តិ​ថ្កោលទោស​យ៉ាង​ផុលផុស​ដោយ​បញ្ជាក់​ពី​ការ​ឈ្លានពាន​របស់​ថៃ​ថា ពិតជា​បាន​ប្រើប្រាស់​អាវុធ​ធុន​តូច និង​ធុន​ធំ ដោយ​កំរោល​និង​មិន​រើស​គោលដៅ យ៉ាង​សាហាវព្រៃផ្សៃ បាន​ធ្វើ​ឱ្យ​ប្រជាជន​ស៊ី​វិល​កម្ពុ​ជាមួយ​ចំនួន​រង​របួស ផ្ទះសម្បែង​ជា​ច្រើន​ខ្នង​ត្រូវ​បាន​បំផ្លាញ សិស្សសាលា ក្មេង​ចាស់ ប្រុស​ស្រី​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​រក​ទីកន្លែង​សុវត្ថិភាព​បណ្តោះអាសន្ន​ភ្លាម​ៗ ប្រាកដ​មែន​៕ អត្ថបទសហការ

WP Twitter Auto Publish Powered By : XYZScripts.com