ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​ចំណុច​គួរ​ដឹង ពេល​វិល​ត្រឡប់​មក​វិញ​តាម​ផ្លូវអាកាស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រហែលជា​មានបទពិសោធន៍​ខ្លះ​ហើយ ពេល​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​​ប្រទេស​កំណើត ហើយ​ក៏​ដល់​ពេល​ដែល​អ្នក​ត្រូវ​ឈ្វេងយល់​ពី​ចំណុច​មួយ​ចំនួន នៅ​ពេល​អ្នក​ត្រូវ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ដែរ ។ បើសិនជា​ការ​វិល​វិញ​នេះ​ជា​លើក​ដំបូង អ្នក​នឹង​រឹតតែ​ត្រូវការ​ចំណេះដឹង ឬ​ការ​ណែនាំ​ខ្លះ​ៗ​ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រហែលជា​មានបទពិសោធន៍​ខ្លះ​ហើយ ពេល​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​​ប្រទេស​កំណើត ហើយ​ក៏​ដល់​ពេល​ដែល​អ្នក​ត្រូវ​ឈ្វេងយល់​ពី​ចំណុច​មួយ​ចំនួន នៅ​ពេល​អ្នក​ត្រូវ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ដែរ ។

បើសិនជា​ការ​វិល​វិញ​នេះ​ជា​លើក​ដំបូង អ្នក​នឹង​រឹតតែ​ត្រូវការ​ចំណេះដឹង ឬ​ការ​ណែនាំ​ខ្លះ​ៗ​ថែម​ទៀត ដើម្បី​ងាយស្រួល​ក្នុង​ការ Check-in នៅ​ព្រ​លាន​យន្ដហោះ​របស់​គេ ព្រោះ​ថា វា​មិន​ងាយស្រួល​ដូច​ព្រ​លាន​យន្ដហោះ​យើង​នោះ​ទេ ។ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​​នៅ​ប្រទេស​គេ ប្រៀប​ដូចនឹង​អ្នក​ដើរ​ផ្សារ​ទំនើប​ដែរ គឺ​ច្រើន​ណាស់ ដូច្នេះ​អ្នក​ត្រូវ​រូតរះ​មក​ដល់​ព្រ​លាន​យន្ដ​ឲ្យ​បាន​មុន​យ៉ាងតិច​២​ម៉ោង ដើម្បី Check-in និង​ត្រូវ​បន្ដ​ដំណើរ​ទៅ​កន្លែង​ត្រួតពិនិត្យ​ជា​ច្រើន​ដំណាក់​ទៀត មុន​នឹង​ទៅ​ដល់​ច្រក​ឡើង​យន្ដហោះ ដែល​ហៅ​ថា Gate នោះ ។

អត្ថបទ​នេះ នឹង​ធ្វើ​ឲ្យ​លោក​អ្នក​លែង​ស្មុគស្មាញ​បញ្ហា​ទាំងនេះ​ទៀត​ហើយ ដែល​នឹង​ជួយ​​ត្រួសត្រាយ​ដើម្បី​ឲ្យ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក​ប្រកបដោយ​ភាព​កក់ក្ដៅ និង​រំភើប ដូចដែល​អ្នក​ចាក​ចេញពី​ព្រ​លាន​យន្ដហោះ​ដែរ ។ ដូច្នេះ​ត្រូវ​យល់​ដឹង​ចំណុច​មួយ​ចំនួន​ដូច​ខាងក្រោម ៖

១-​មក​ដល់​ព្រ​លាន​យន្ដហោះ ៖ ប្រសិនបើជា​ការ​ធ្វើ​ដំណើរ​លើក​ទី​១ ឬ​ទី​២ ហើយ​តែ​ម្នាក់​ឯង​ទៀត​នោះ លោក​អ្នក​ប្រហែល​ទទួល​អារម្មណ៍​ឯកា ឬ​ភិតភ័យ​មិន​សប្បាយចិត្ត​បន្ដិច ព្រោះ​មិនដឹង ថា​ត្រូវ​ចាប់ផ្ដើម​ពី​ចំណុច​ណា​ទេ តែបើ​សម្រាប់​អ្នក​មាន​បទ​ពិសោធន៍​​ច្រើន​ដង​ហើយ ប្រហែលជា​គិត​ថា វា​ជា​រឿង​ធម្មតា ។

ជា​ទូទៅ នៅ​ពេល​មក​ដល់​ព្រ​លាន​យន្ដហោះ​ភ្លាម កិច្ចការ​ដំបូង គឺ​អ្នក​ត្រូវ​ទៅ Check-in នៅ Counter ដូច​ពេល​យើង​ចាក​ចេញពី​ប្រទេស​ដែរ ហើយ​ត្រូវ​មើល​ឲ្យ​ច្បាស់ ចៀស​វាង​​តម្រង់​ជួរ​ខុស Counter នាំ​ឲ្យ​ខាតបង់​ពេលវេលា ព្រោះ​អ្នក​ត្រូវ​តម្រង់​ជួរ​សា​ដើម ។ ដូច្នេះ​ត្រូវ​មើល Counter ក្រុមហ៊ុន​អាកាសចរណ៍​របស់​យើង​ឲ្យ​ច្បាស់ ដែល​មាន​បង្ហាញ​នៅ​តាម​ស្គ្រី​ន​ទូរទស្សន៍​ពីលើ Counter នោះ​។

២-​ពេល Check-in ៖ អ្នក​ត្រូវ​រៀបចំ​ជា​ស្រេច​នូវ​លិខិតឆ្លងដែន និង​សំបុត្រ​យន្ដហោះ​របស់​​យើង រួច​ហុច​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន ដើម្បី​បំពេញ​ព័ត៌មាន បន្ទាប់​មក​គេ​នឹង​ប្រគល់ Boarding Pass ឲ្យ​យើង ព្រមទាំង​កន្ទុយ​សំបុត្រ​អីវ៉ាន់​ផង​ដែរ ។ និយាយ​ឲ្យ​ខ្លី ដូចនឹង​ពេល​ដែល​យើង​ចាក​ចេញពី​ប្រទេស​ដែរ ប៉ុន្ដែ​នៅ​ពេល​ទទួល​បាន​Boarding Pass ហើយ លោក​អ្នក​ត្រូវធ្វើ​ដំណើរ​ទៅ​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ​ដោយ​មាន​អ្នកដំណើរ​ឈរ​តម្រង់​ជួរ​យ៉ាងច្រើន ខុស​ពី​ព្រ​លាន​យន្ដ​នៅ​ប្រទេស​យើង​។

ត្រង់នេះ អ្នក​ត្រូវ​ប្រយ័ត្ន​បន្ដិច គឺ​ត្រូវ​សម្លឹង​រក​ច្រក​ត្រួតពិនិត្យ​អ្នកដំណើរ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​មាន​បិទ​ទង់ជាតិ​ព្រះរាជាណាចក្រ​កម្ពុជា និង Logo អាស៊ាន ព្រម​ទាំង​សរសេរ​ថា ASEAN Lane ។ បើ​អ្នក​ធ្វេសប្រហែស​បន្ដិច អាច​នឹង​ខាត​ពេលវេលា​ច្រើន ព្រោះ​ត្រូវត្រឡប់​មក​តម្រង់​ជួរ​នៅ​ច្រក​យើង​វិញ​ក្រោយ​គេ​ដដែល ។

៣-​នៅ​កន្លែង​ត្រួតពិនិត្យ ៖ អ្នក​ត្រូវ​ហុច​លិខិតឆ្លងដែន​ឲ្យ​សមត្ថកិច្ច , ស្គេ​ន​ម្រាមដៃ និង​ថតរូប ដូច​គ្នា​នឹង​ពេល​ចាក​ចេញពី​ប្រទេស​ដែរ ហើយ​នៅ​ពេល​រួចរាល់ អ្នក​ត្រូវ​បន្ដ​ឡើង​ទៅ​ជាន់​លើ ដើម្បី​ត្រួតពិនិត្យ​អីវ៉ាន់​ដែល​នៅ​ជាប់​ខ្លួន​មួយ​ដំណាក់កាល​ចុង​ក្រោយ​ទៀត។

៤- ទៅ​កាន់​ច្រក​ឡើង​យន្ដហោះ (Gate) ៖ លោក​អ្នក​ប្រហែលជា​ធូរស្បើយ​បន្ដិច​ហើយ ក្រោយ​ពេល​ឆ្លងកាត់​បទ​ពិសោធន៍​ជា​ច្រើន​ដំណាក់កាល​បែប​នេះ ហើយ​សង្ឃឹមថា លោក​​អ្នក​អាច​ធ្វើ​បាន​ដោយ​រលូន ទាំង​មោទនភាព​ខ្លួនឯង ប៉ុន្ដែ​កុំ​ភ្លេច​មើល​ម៉ោង​ផង​ថា ជើងហោះហើរ​យើង​នឹង​ចាកចេញ​នៅ​ម៉ោង​ប៉ុន្មាន ។ ប្រសិនបើ​យើង​ឆ្លងកាត់​ដំណាក់​កាល​​ខាងលើ​បាន​ល្អ​នោះ អាច​សល់​ម៉ោង​បាន​ច្រើន​គួរសម ដូច្នេះ​លោក​អ្នក​អាច​សម្លឹង​មើល​ហាង​ដែល​កំពុង​តាំង​លក់​ផលិតផល​ល្អ​ៗ​ជា​ច្រើន និង​ទិញ​សម្រាប់​កាដូ​អនុ​វស្សា​វ​រី​យ៍​ដល់​អ្នក​ផ្ទះ ឬ​បងប្អូន​ដែល​កំពុង​រង់ចាំ​ពេល​ចេញពី​ព្រ​លាន​យន្ដហោះ​ផង ប៉ុន្ដែ​ប្រសិន​ជា​គ្មាន​ពេល​ទេ លោក​អ្នក​ត្រូវ​ប្រញាប់​ឆ្ពោះ​មក​ច្រក​យន្ដហោះ​ជា​បន្ទាន់​ដោយ​ពិនិត្យ​មើល​លេខ Gate នៅ​ក្នុង Boarding Pass របស់​យើង និង​អក្សរ​ដែល​គេ​សរសេរ​ដាក់​នៅ​តាម​ទិស​ដៅ​នីមួយ​ៗ​ឲ្យ​ច្បាស់ ។

ឧទាហរណ៍​ថា ៖ Gate ចាប់ពី​លេខ​៤០​ដល់​៦០ ត្រូវ​ទៅ​តាម​ផ្លូវ​ដែល​មាន​សញ្ញា​ព្រួញ​បង្ហាញ​នោះ​ជាដើម ។ ក្រោយ​ពេល​ឃើញ​លេខ Gate ហើយ លោក​អ្នក​អាច​ងាក​មក​ដើរ​ទិញ​អីវ៉ាន់ ឬ​អង្គុយ​លេង​សិន​ក៏​បាន ទៅ​តាម​ពេលវេលា​ជាក់ស្ដែង ។

៥-​ការ​មក​ដល់​ស្រុក​ដោយ​សុវត្ថិភាព ៖ អ្វី​ៗ​ពិតជា​អស្ចារ្យ​សម្រាប់​ដំណើរ​កម្សាន្ដ ក៏​ដូច​ជា​ទទួលយក​នូវ​បទ​ពិសោធន៍​នៃ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​របស់​លោក​អ្នក សូម​ចូលរួម​អបអរសាទរ​ផង ក៏​ប៉ុន្ដែ​នៅ​លើ​យន្ដហោះ បុគ្គលិក​បាន​ឲ្យ​ឯកសារ​បញ្ជាក់​ពី​ទំនិញ ឬ​អីវ៉ាន់​ម្នាក់​១ ឬ​២​សន្លឹក ដើម្បី​បំពេញ​ព័ត៌មាន ។ បើ​គ្មាន​ឯកសារ​នេះ​ទេ មន្ត្រី​គយ​​នឹង​តម្រូវ​ឲ្យ​បំពេញ​ដដែល ។ ដូច្នេះ​មុន​តម្រង់​ជួរ​ឆ្លងកាត់​ច្រក​ត្រួត​និ​ពិ​ត្យ ដើម្បី​ចាក​ចេញពី​ព្រ​លាន​យន្ដហោះ លោក​អ្នក​ត្រូវ​បំពេញ​ឯកសារ​នោះ​សិន ។

ចំណែក​វ៉ាលិស និង​អីវ៉ាន់​របស់​យើង​កំពុង​វិល​នៅ​កន្លែង​ផ្ទុក​វ៉ាលិស​នោះ រង់ចាំ​លោក​អ្នក​ទៅ​លើកយក​ដាក់​ក្នុង​កន្ត្រក​រុញ​ចេញ​មក​ក្រៅ​ព្រ​លាន ដោយ​មាន​មន្ត្រី​គយ​ចាំ​រហូត​យក​ក្រដាស​ឯកសារ​នោះ​វិញ មុន​ពេល​ឃើញ​ស្នាមញញឹម​ពី​បងប្អូន​សាច់ញាតិ​ដែល​កំពុង​រង់ចាំ​នៅ​ច្រកចេញ​ខាងក្រៅ ។

សូម​ចាំ​ថា រាល់​ដំណាក់កាល​នីមួយ​ៗ លោក​អ្នក​ត្រូវ​ឆ្លាត​បន្ដិច គឺ​សង្កេត​មើល​អ្នក​នៅ​ខាង​មុខ​យើង ឬ​អ្នក​ដែល​មាន​ទិស​ដៅ​រួម​ដំណើរ​ជាមួយ​យើង ។ អ្វី​ដែល​សំខាន់​នោះ ពេល​មាន​ឧបសគ្គ​ត្រង់​ណា ត្រូវ​សួរ​គេ​ភ្លាម ដូច​ពាក្យចាស់​ថា «​ដៃ​ជា​បន្ទាត់ មាត់​ជា​ផ្លូវ»៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ