ខេត្ត​ព្រះ​សីហ​នុ​ជា​គោលដៅ​អភិវឌ្ឍន៍​វិស័យ​សំណង់​ថ្មី​មួយទៀត​នៅ​កម្ពុជា


រាជធានី​ភ្នំពេញ ៖ វិស័យ​សំណង់​គឺជា​ជ​ន្ទ​ល់​ដ៏​រឹង​មាំ​ដែល​បាន​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​បាន​កៀងគរ​វិស័យ​ឯកជន​ទាំង​ក្នុងស្រុក និង​អន្តរជាតិ មក​បណ្ដាក់ទុន​វិនិយោគ​យ៉ាងច្រើន ។

បន្ទាប់​ពី​សំណង់​អគារ​ខ្ពស់​ៗ​ក្នុង​រាជធានី​ភ្នំពេញ​បាន​រីក​ដុះដាល​ជា​បន្តបន្ទាប់ វិស័យ​មួយ​នេះ​បាន​និង​កំពុង​រីក​ដុះដាល​ទៅ​ដល់​បណ្ដា​ខេត្ត​សក្ដានុពល​មួយ​ចំនួន ដូច​ជា ខេត្ត​សៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ ជាដើម ហើយ​ក្នុង​នោះ ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​កំពុង​​ទាក់ទាញ​ការ​វិនិយោគ​ខ្លាំង​ជាង​តំបន់​ទេសចរណ៍វប្បធម៌​ខេត្តសៀមរាប ។

បើ​តាម​លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ គម្រោង​និង​ផែនការ​របស់​រាជរដ្ឋាភិបាល​បាន​អភិ​វឌ្ឍន៍​អគារ​ខ្ពស់​ៗ​ជា​បន្តបន្ទាប់ ដើម្បី​ចូលរួម​ជំរុញ​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ផែនការ​និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​បាន​កំណត់​ប៉ូ​ល​សម្រាប់​អភិវឌ្ឍន៍ ទី​១ នៅ​រាជធានី​ភ្នំពេញ និង​ទី​២ គឺ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ខេត្ត​នេះ​ដែរ កំពុង​មាន​សន្ទុះ​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​សំណង់​អគារ ។

លោក​បន្ត​ថា ៖« ការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះ​សីហ​នុ គឺ​មាន​ផែនការ​ច្បាស់​លាស់​ និង​ត្រឹមត្រូវ ដោយ​ក្នុង​នោះ​យើង​ឃើញ​ថា បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​មាន​សន្ទុះ​ឧស្សាហកម្ម​យ៉ាង​ខ្លាំង ដើម្បី​ទាក់ទាញ​ដល់​បណ្ដា​វិនិយោគិន​នានា​មក​អភិ​វឌ្ឍន៍​វិស័យ​ផ្សេង​ៗ​ទៀត ជា​ពិសេស អចលនទ្រព្យ និង​ការ​កសាង​អគារ​ខ្ពស់ » ។

លោក ឡៅ ទិព្វ​សីហា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សំណង់ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹងផង​ដែរ​ថា សព្វ​ថ្ងៃនេះ សំណង់​អគារ​ខ្ពស់​ៗ​បាន​រីក​ដុះដាល​ទៅ​ដល់​តំបន់​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ប៉ូ​ល​ខេត្ត​ព្រះ​សីហ​នុ ដោយ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា ការ​អភិវឌ្ឍ​សំណង់​អគារ​នៅ​ទីនោះ​កំពុង​តែ​មាន​សន្ទុះ​ខ្លាំង ។ ទោះបីជា​យ៉ាងណា លោក​ថា ៖«​ការ​អភិវឌ្ឍ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ គឺ​យើង​ត្រូវ​គោរព​ទៅ​តាម​ផែន​ការ​នៃ​ការ​ប្រើប្រាស់​ដី ទៅ​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល » ។

លោក​បន្ត​ថា ការ​អភិ​វឌ្ឍ​វិស័យ​សំណង់ គឺ​បាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស ។ ជាក់ស្ដែង នៅ​ពេល​មានការ​អភិវឌ្ឍ​អគារ គឺ​ត្រូវការ​កម្លាំង​ពលកម្ម​ជា​ច្រើន​ដើម្បី​បំពេញ​ការងារ​។ ទាំងនេះ​ហើយ​ដែល​វា​នឹង​ផ្ដល់​ប្រាក់​ចំណូល​ជា​ច្រើន​ដល់​កម្មករ​ក្នុងស្រុក និង​អាច​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​។ ទោះជា​យ៉ាង​ណា ក៏​មានការ​ប៉ះពាល់​ដែរ​រាល់ពេល​មានការ​អភិវឌ្ឍ ដូចនេះ​ហើយ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ក៏​បាន​រៀបចំ​ច្បាប់​សំណង់​មួយ ដើម្បី​គ្រប់គ្រង​ការ​អភិវឌ្ឍ​សំណង់​ប្រកបដោយ​ចីរភាព ។

លោក ឌឹ​ត ច​ណ្ណា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី (Lucky Real Estate Cambodia) មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​វត្តមាន​វិនិយោគិន​ចិន​បាន​ចូល​មក​ស្នាក់​នៅ​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ៗ​គួរ​ឲ្យ​កត់សម្គាល់ ជា​ពិសេស ចូល​មក​រស់នៅ​ក្នុង​ក្រុងភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ដែល​ធ្វើ​ឱ្យ​ទីក្រុង​ជាប់មាត់​សមុទ្រ​មួយ​នេះ ស្ទើរតែ​ក្លាយជា​ទីក្រុង​ចិន ឬ​ហៅ​ថា (China Town) ដូច​នៅ​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​អាស៊ី​ទៅ​ហើយ ហើយ​តម្លៃ​អចលនទ្រព្យ​នៅ​ខេត្ត​នេះ​ក៏​ឡើង​ខ្ពស់​ដែរ ដោយសារ​ជា​តម្រូវការ​ចាំបាច់​ក្នុង​ការ​ស្នាក់​នៅ ឬ​ជាទី​តាំង​ដែល​មាន​សក្តានុពល​ក្នុង​ការ​បណ្តាក់ទុន​រកស៊ី ។

លោក​បន្ដ​ថា ៖« ជន​ជាតិចិន​ភាគច្រើន​មក​រកស៊ី​បណ្តាក់ទុន​ក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់​ដេរ និង​វិស័យ​អចលនទ្រព្យ ដីធ្លី និង​សាងសង់​សំណង់​ខុន​ដូ​លក់ ជាដើម » ។

លោក​បញ្ជាក់​ថា ការ​មក​រកស៊ី​ដីធ្លី និង​សំណង់​នេះ គឺ​ដោយសារ​ជនជាតិ​ចិន​មើលឃើញ​ឱកាស​វិនិយោគ​កម្ពុជា​នៅ​មាន​ច្រើន ទទួលផល​ចំណេញ​ច្រើន​ទៅ​ថ្ងៃ​អនាគត ខណៈ​ដែល​​ប្រទេស​របស់​ខ្លួន តម្លៃ​អចលនទ្រព្យ​ឡើង​ខ្ពស់​ខ្លាំង ស្ទើរ​អស់​ឱកាស​រក​ប្រាក់​ចំណេញ​​លែង​បាន​ទៅ​ហើយ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​ថ្មី​ៗ​នេះ មាន​ក្រុមហ៊ុន​វិនិយោគ​មួយ​ចំនួន​បាន​ត្រៀម​វិនិយោគ​សំណង់​អគារ និង​គម្រោង​វិនិយោគ​ជា​ច្រើន​ទៀត​នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​ផ្ដោត​ទៅ​លើ​សណ្ឋាគារ អគារ​ខុន​ដូ និង​ការិយាល័យ ជាដើម ។ មិនតែប៉ុណ្ណោះ នៅ​ក្នុង​ខេត្ត​នេះ ក៏​មាន​គម្រោង​បង្កើត​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បន្ថែម​ទៀត ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ ជា​ពិសេស ដីធ្លី​ក្នុង​ខេត្ត​នេះ​បាន​ឡើង​ខ្ពស់ ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ ។

ជា​ការ​កត់សម្គាល់ មាន​តំបន់​ខ្លះ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ តម្លៃ​ដីធ្លី​បាន​កើនឡើង​ខ្ពស់​ប្រហាក់​ប្រហែល​នឹង​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​ដែរ ។ ក្នុង​នោះ​អ្នក​វិនិយោគ​ភាគច្រើន គឺ​មក​ពី​ប្រទេស​ចិន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ