ខេត្តបន្ទាយមានជ័យ ៖ កន្លែងខ្លះដាក់មែកឈើ ខ្លះដោតឈើដាក់ការ៉ុងជាសញ្ញាសម្គាល់ និងកន្លែងផ្សេងទៀតកាយចេញ ប៉ុន្តែគ្មានចំណាំងផ្លាត ឬសញ្ញាចរាចរត្រឹមត្រូវឡើយ ទាំងនេះអាចជាសញ្ញាបង្ករគ្រោះថ្នាក់ជាយថាហេតុនៅពេលយប់ដល់អ្នកដំណើដែលបើកបរយានយន្តបាន ។
ករណីលើកឡើង និងរៀបរាប់ខាងលើគឺរឿងផ្លូវបេតុងក្នុងក្រុងប៉ោយប៉ែតមួយចំនួនរងការខូចខាតដោយសាររថយន្តធំៗ និងដឹកធ្ងន់បំផ្លាញ ពិសេសផ្លូវទៅសាលាសង្កាត់ប៉ោយប៉ែតឆ្ពោះទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតតែម្តង ។ ផ្លូវមួយខ្សែនេះរងការខូចខាតដោយសាររថយន្តធំៗដឹកខ្សាច់ ថ្ម និងរថយន្តដឹកដី ។
មកទល់ពេលនេះអាជ្ញាធរមិនអាចជួសជុលបាននៅឡើយទេ ព្រោះជារដូវភ្លៀងហើយជង្ហុកទាំងនេះក៏មានដក់ទឹកពេញៗទៀតផង ។ អ្នកដំណើរក៏ដូចជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតបានសំណូមពរសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចមេត្តាទប់ស្កាត់រថយន្តធំៗ ពិសេសរថយន្តដឹកខ្សាច់ដែលសុទ្ធតែប្រភេទយីឌុបផង កុំឲ្យឆ្លងកាត់ផ្លូវបេតុងក្នុងក្រុងពេលរដូវលិចទឹក ព្រោះផ្លូវបេតុងក្នុងក្រុងប៉ោយប៉ែតស្ទើរ90%ជាថវិការរបស់ពួកគាត់ដែលខំបេះពីមាត់ពី.កចូលរួមអភិវឌ្ឍន៌ប្រទេសជាតិ ។
ពួកគាត់ក៏សំណូមពរឲ្យដាក់សញ្ញាចរាចរតាមទីតាំងជង្ហុកនីមួយៗឲ្យបានត្រឹមត្រូវផង ចៀសវាងមានអ្នកបើកបរលឿននៅពេលយប់ងងឹតធ្លាក់ជង្ហុកទាំងនោះអាចគ្រោះថ្នាក់ដល់អាយុជីវិតបាន ៕
ចែករំលែកព័តមាននេះ