តោះទៅដឹងនិងស្គាល់ឱ្យច្បាស់… បណ្តាប្រាសាទក្នុងទឹកដីខេត្តបាត់ដំបងយើង
- បាត់ដំបង
ខេត្តបាត់ដំបង ៖ មានប្រាសាទបុរាណរាប់រយក្នុងខេត្តបាត់ដំបង ប៉ុន្តែបច្ចុប្បន្នមានតែប្រាសាទបុរាណល្បីៗចំនួន៥ប៉ុណ្ណោះដែលនៅមានរូបរាង ។ ក្រៅពីនេះ នៅសេសសល់តែទីតាំង រីឯកន្លែងខ្លះទៀតនៅសល់តែគ្រឹះ ជាតឹកតាង ។ នេះបើតាមការឱ្យដឹងពីលោកគឹម សោភ័ណ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបន្ទុកបេតិកភណ្ឌ និងសារមន្ទីរខេត្តប្រាប់កោះសន្តិភាព កាលពីពេលថ្មីៗកន្លងមក ។

ពាក់ព័ន្ធនឹងប្រវត្តិ ឬទីតាំងនៃប្រាសាទបុរាណទាំង៥នោះ ដែលបានសរសេរក្នុងសៀវភៅផែនការអភិវឌ្ឍ និងការការពារតំបន់ទេសចរណ៍ខេត្តបាត់ដំបង ចងក្រងដោយ «គណៈកម្មការរៀបចំប្លង់គោលខេត្តបាត់ដំបងឆ្នាំ២០០៨» ឱ្យដឹងថា «ប្រាសាទបាណន់» បានកសាងនៅលើកំពូលភ្នំបាណន់ ។ ប្រាសាទនេះ ស្ថិតនៅក្នុងភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ មានចម្ងាយផ្លូវជាង២០គីឡូម៉ែត្រពីទីរួមខេត្ត ឆ្ពោះទៅទិសខាងត្បូង ។ ប្រាសាទដ៏ល្បីនេះ បានកសាងឡើងនៅពាក់កណ្ដាលសតវត្សរ៍ទី១១ និងចុងសតវត្សរ៍ទី១២ ។
ព្រះរាជាដែលកសាងប្រាសាទបាណន់នេះមុនគេ គឺព្រះបាទឧទយាទិត្យាវរ្ម័នទី២ នៅចន្លោះឆ្នាំ១០៥០-១០៦៦ ក្រោយមក បានបញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី៧ នៅចន្លោះឆ្នាំ១១៨១-១២១៩ ។ ប្រាង្គប្រាសាទនេះ សង់តម្រៀបគ្នាមានលក្ខណៈដូចប្រាសាទអង្គរវត្ត តែជាសំណង់ ដាច់ៗពីគ្នាធ្វើអំពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ ។
«ប្រាសាទស្នឹងខាងលិច និងប្រាសាទស្នឹងខាងកើត» មានទីតាំងស្ថិតនៅក្បែរគ្នា នៅក្នុងភូមិស្នឹងខាងកើត ឃុំស្នឹង ស្រុកបាណន់ មានចម្ងាយផ្លូវជាង២២គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង តាមផ្លូវជាតិលេខ៥៧ ។ បើតាមប្រវត្តិនៅក្នុងឯកសារប្រាសាទបុរាណនេះ កសាងនៅក្នុងសតវត្សរ៍ទី១២ បានចែកចេញជា២ គឺប្រាសាទស្នឹងខាងកើត និងប្រាសាទស្នឹងខាងលិច តែមានគម្លាតគ្នាប្រមាណ៣០០ម៉ែត្រ ។ ប្រាសាទស្នឹងខាងលិចធ្វើអំពីថ្មភក់ និងប្រាសាទស្នឹងខាងកើត ធ្វើអំពីឥដ្ឋ នៅលើដីទួលមានទំហំ៣០ម៉ែត្រ គុណនឹង២០ម៉ែត្រ ដែលមានលក្ខណៈចេតិយចំនួន៣ដាច់ពីគ្នា ។ លក្ខណៈពិសេសនៃប្រាសាទទាំង២នេះ គឺងាយស្រួលដល់ភ្ញៀវទេសចរធ្វើដំណើរទៅទស្សនា ព្រោះនៅជាប់ផ្លូវជាតិលេខ៥៧ ។
ដោយឡែក «ប្រាសាទឯកភ្នំ» ស្ថិតនៅក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ មានចម្ងាយជាង១២គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ឆ្ពោះទៅទិសខាងជើង ។ បើតាមប្រវត្តិ ប្រាសាទឯកភ្នំ កសាងនៅសតវត្សរទី១១ ក្នុងឆ្នាំ១០២៧ រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) ។ នៅលើបរិវេណប្រាសាទមានដើមពោធិចំនួន១៨ដើម ដុះព័ទ្ធជុំវិញប្រាង្គប្រាសាទបង្កើតឲ្យមានម្លប់យ៉ាងត្រឈឹងត្រឈៃ និងខាងជើងប្រាសាទមានគូរទឹក ដែលសព្វថ្ងៃបានក្លាយជាស្រះទឹក សម្រាប់ព្រះសង្ឃប្រើប្រាស់ ។
ចំណែកឯ«ប្រាសាទបាសែត»វិញ រមណីយដ្ឋានវប្បធម៌មួយនេះ ហាក់មានសភាពទ្រុឌទ្រោមជាងគេ ក្នុងចំណោមប្រាសាទទាំង៥ ដែលមានរូបរាង តែបច្ចុប្បន្នមន្ត្រីជំនាញកំពុងជួសជុល និងលើកថ្មប្រាសាទរៀបបន្តុប ជារាងប្រាសាទឡើងវិញ ។ នៅក្នុងសៀវភៅទេសចរណ៍ខេត្ត ប្រាសាទបាសែត មានទីតាំងនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ មានចម្ងាយផ្លូវជាង១៤គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ឆ្ពោះទៅទិសខាងកើត ។ ប្រាសាទបាសែត បានកសាងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ក្នុងឆ្នាំ១០៣៦ និងឆ្នាំ១០៤២ ធ្វើអំពីថ្មភក ់និងថ្មបាយក្រៀម។ មានបរិវេណធំទូលាយ និងមានស្រះទឹកផងដែរ។ តួប្រាសាទទាំងមូលត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ក្នុងសម័យប៉ុលពត ដោយសារគាស់កកាយយកថ្ម ។
លោកគឹម សោភ័ណ ថ្លែងថា «ក្នុងចំណោមប្រាសាទបុរាណទាំង៥នោះ មានតែ«ប្រាសាទបាណន់» មួយទេ ដែលទាក់ទាញភ្ញៀវទេសចរទៅទស្សនាកម្សាន្តច្រើនជាងគេ ។ ចំពោះប្រាសាទ ដែលទ្រុឌទ្រោមជាងគេគឺ«ប្រាសាទបាសែត» ប៉ុន្តែមន្ត្រីជំនាញបាន និងកំពុងជួសជុលឡើងវិញអស់រយៈពេល៤ឆ្នាំកន្លងមកហើយ»។ លោកគឹម សោភ័ណ បញ្ជាក់ថា ក្រៅពីប្រាសាទទាំង៥នោះ នៅក្នុងខេត្តបាត់ដំបង មានប្រាសាទបុរាណរាប់រយទៀត លោកមិនអាចបញ្ជាក់ប្រាប់ឈ្មោះបានទេ ប៉ុន្តែគេអាចកំណត ឬស្គាល់ទីតាំងប្រសាទបុរាណទាំងនោះ ព្រោះទីតាំងខ្លះមាននៅសេសសល់គ្រឹះប្រាសាទខ្លះៗដែរ ។
ទីតាំងប្រាសាទមួយចំនួន ត្រូវបានមន្ត្រីជំនាញបោះបង្គោលព្រំ ដើម្បីការពារ និងអភិរក្សរួចហើយ រីឯកន្លែងខ្លះទៀត គ្រាន់តែបានចុះក្នុងបញ្ជី ដើម្បីគ្រប់គ្រង ប៉ុន្តែបានសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីអភិរក្ស និងការពារ ៕

























ចែករំលែកព័តមាននេះ