តោះ​មក​ដឹង​ប្រវត្តិ​ប្រាសាទ​ព្រះវិហារ​យើង តើយ៉ាង​ណា​ដែរ?


ថ្ងៃ​ទី​៧ ខែកក្កដា ២០១៨​នេះ​គឺជា​ខួប​លើក​ទី​១០​ដែល​ប្រាសាទព្រះវិហារ​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ។ ក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះ​សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ជ្រាប​ពី​ប្រវត្តិ​ប្រាសាទព្រះវិហារ ។

ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិត​ក្នុងភូមិ​ស្វាយ​ជ្រំ ឃុំ​កន្ទួត ស្រុក​ជាំ​ខ្សា​ន្ត នៅ​លើ​ខ្នងភ្នំ​ដងរែក (៨០០​គុណ​នឹង​៤០០​ម៉ែត្រការ៉េ​) ។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ ។

ប្រាសាទព្រះវិហារ​មាន​ចម្ងាយ​​៤០៥​គី​ទ្បូ​ម៉ែ​ត្រ​ពី​ទី​រាជធានី​ភ្នំពេញ តែបើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​​វិញ វា​មាន​ចម្ងាយ​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​ត្រ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំ​ខ្សា​ន្ត​។ នៅ​ឯ​ភ្នំ​ដងរែក​នោះ​មាន​ជណ្ដើរ​មួយ ដែល​អាច​ឲ្យ​គេ​ឡើង​​ទៅ​ដល់​កំពូលភ្នំ ដែល​ជាទី​តាំងរបស់​ប្រាសាទព្រះវិហារ​ស្ថិត​នៅ​។

សព្វ​ថ្ងៃនេះ​អ្នក​លក់ដូរ និង​ប្រជាជន​តំបន់​នោះ​ភាគច្រើន​តែងតែ​ឡើង​ទៅ​លើ​ភ្នំ​តាម​ផ្លូវ ស៊ី​១ ពីព្រោះ​ថា​ផ្លូវ​នោះ​វា​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។ ប្រាសាទព្រះវិហារ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មានឈ្មោះ​ថា សេ​ការី​ស្វា​រៈ មាន​ន័យ​ថា អំណាច​នៃ​ភ្នំ ហើយ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​អំឡុង​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ ដោយ​ព្រះ​មហា​​ក្សត្រ​៤​អង្គ​ព្រះ​នាម​៖ ព្រះបាទ​យ​សោ​វរ្ម័ន​ទី​១ (​សាងសង់​ក្នុង​គ​.​ស ៨៨៩-៩១០) ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី​១(​សាងសង់​ក្នុង​គ​.​ស ១០០២-១០៥០) ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ (​សាងសង់​ក្នុង​គ​.​ស ១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (​សាងសង់​ក្នុង​គ​.​ស​១០៨០-​១១០៩)។

ប្រាសាទព្រះវិហារ​បាន​ប្រគល់​ឲ្យ​ប្រទេស​ថៃ​ដោយ​ពួក​អាណានិគម​បារាំង ក្នុង​ឆ្នាំ​១៩៥៤ តែ​ត្រូវ​ទាមទារ​បាន​មក​វិញ​ដោយ​ការ​កាត់សេចក្ដី​ពី​តុលាការអន្តរជាតិ ក្រុង​ទ្បា​អេ ១៥ មិថុនា ១៩៦២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះមហាក្សត្រ​ខ្មែរ ។

១-កាលបរិច្ឆេទ​សំខាន់​ៗ ៖ ថៃ្ង​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ ៖ ប្រាសាទព្រះវិហារ​ត្រូវ​បាន​សាលក្រម​តុលាការអន្តរជាតិ​ក្រុង​ទ្បា​អេ សម្រេច​ឲ្យ​ភាគី​កម្ពុជា​ជា​អ្នក​ឈ្នះក្ដី រវាង​វិវាទ​កម្ពុជា​-​ថៃ​លើ​ប្រាសាទព្រះវិហារ​។ ថៃ្ង​ទី​៧ ខែកក្កដា ឆ្នាំ​២០០៨៖ អង្គការ UNESCO បាន​សម្រេច​ដាក់​ប្រាសាទព្រះវិហារ​របស់​កម្ពុជា​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ ពិភពលោក ក្នុង​សម័យប្រជុំ​លើក​ទី​៣២ នៅ​ក្នុង​ទីក្រុង​កេ​បិ​ក ប្រទេស​កា​ណា​ដា ។

២-ប្រវត្តិ​នៃ​ប្រាសាទព្រះវិហារ ៖ តាម​ការ​ស្រាវជ្រាវ​ពី​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ប្រាសាទព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម ចាប់តាំងពី​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ។ ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ សោយរាជ្យ នៅ​ពាក់កណ្តាល​ទី​មួយ​នៃ​សតវត្សរ៍​ទី​១១ ។ ទីតាំង​ធ្វើ​ប្រាសាទ ដែល​ស្ថិត​នៅ​លើ​ទី​ខ្ពស់​ជាងគេ នោះ​មាន​កម្ពស់ ៦២៥​ម៉ែត្រ​(ឯកសារ​បារាំង​)​រឺ​៦១៥​ម៉ែត្រ​(​ឯកសារ​អង់គ្លេស​) ។

ប្រវត្តិ​នៃ​ការ​កសាង​ប្រាសាទព្រះវិហារ មាននៅ​លើ​សិលាចារឹក​ខ្មែរ នៅ​ឯ​ប្រាសាទបាពួន ក្នុង​ខេត្តសៀមរាប គឺ​កា​លេខ​៥៨៣៖«​អ្នក​ដែល​សរសេរ​សិលាចារឹក​ហ្នឹង​ឈ្មោះ​ហរិ វា​ហៈ នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​រា​ជិ​ន្ទ្រ​វ​រ័​ន្ម គ្រិស្តសករាជ ៩៤៤ ដល់​៩៦៨ ។ គេ​សរសេរ​ជា​ភាសា​​សំស្ក្រឹត​និង​ជា​ភាសា​ខ្មែរ ។ គេ​សរសេរ​ថា មានព្រះអង្គ​ម្ចាស់​មួយ​អង្គ​ព្រះ​នាម ឥន្ទ្រា​យុទ្ធ លោក​បាន​យក​លិង្គ​មួយ ឈ្មោះ​ស្រី​សិ​ខៈ រិ​ស្វា​រៈ មក​តាំង​មក​ប្រតិស្ឋ​នៅ​ទី​នេះ​ៗ​គឺ​ប្រាសាទព្រះវិហារ​នេះឯង ។

គេ​សរសេរ​ថា ព្រះ​អង្គ​លោក​ខ្លាំងពូកែ​ខ្លាំង​ណាស់។ លោក​មាន​ម​ហិ​ទ្ធ​ឫទ្ធិ ទៅ​ច្បាំង​ជាមួយនឹង​ស្តេច​ចាម ហើយ​ចាប់​ស្តេច​ចាម​នោះ​បាន​ទៀត ។ ចំពោះ​សេចក្តី​សិលាចារឹក​នេះ អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​គិត​ថា មិន​មាន​សិលាចារឹក​ឯណា​ទៀត និយាយ​ពី​ចម្បាំង​​ទៅ​ចាប់​ស្តេច​ចាម​នោះ​ទេ ក៏​ប៉ុន្តែ​ស្តេច​ដែល​លោក​ចាប់​បាន​នោះ ប្រហែលជា​មិនមែន​ជា​ស្តេច​ចាម ដែល​ត្រួត​ប្រទេស​ចាម​ទាំងមូល​នោះ​ទេ​។ ប្រហែលជា​ស្តេច​អង្គ​តូច​មួយ ដែល​ត្រួត​នៅ​នគរ​មួយ ដែល​មាន​ព្រំប្រទល់​នៅ​ជាប់​នឹង​ប្រទេស​ខ្មែរ​។

៣-ព្រះ​អង្គ​ម្ចាស់​ឥន្ទ្រា​យុទ្ធ ៖ អំពី​ជីវប្រវត្តិ សង្ខេប​របស់​ព្រះ​អង្គ​ម្ចាស់ ឥន្ទ្រា​យុទ្ធ ៖  ​ព្រះ​​អង្គ​ម្ចាស់ ឥន្ទ្រា​យុទ្ធ ដល់​ពេល​ដែល​លោក​ចាស់​ទៅ លោក​ទៅ​រៀន​ធម៌ តាំងសីល​នៅ​លិង្គ​បូ ៗ គឺជា​វត្ត​ភូ នៅ​ខាងត្បូង​ស្រុក​លាវ សព្វ​ថ្ងៃនេះ ។ រួច​ហើយ លោក​បាន​កសាង​លិង្គ​មួយ យក​ថ្ម​នោះ​ជា​បំណែក​នៃ​លិង្គ​ធំ​មួយ ។

លិង្គ​នោះ​ឈ្មោះ​ថា ស្រី​សិ​ខៈ រិ ស្វា​រៈ លោក​យក​លិង្គ​នេះ​មក​ទុក​នៅ​ប្រាសាទព្រះវិហារ ។ ឈ្មោះ លិង្គ ស្រី​សិ​ខៈ រិ​ស្វា​រៈ​នេះ ពេល​ក្រោយ​ឆ្នាំ​ក្រោយ មក​ទៀត គេ​តែងតែ​ហៅ​សម្រាប់​ឈ្មោះ​លិង្គ​ផង និង​ឈ្មោះ​ទី​ប្រាសាទ​វិហារ​នេះ​ផង ដូច្នេះ​អ្នក​ដែល​មក​ប្រតិស្ឋ​ស្ថាន [ស្រី​សិ​ខៈ រិ​ស្វា​រៈ​ ថ្ម​ហ្នឹង​គឺជា​បំណែក​មួយ ដែល​នៅ​នឹង​លិង្គ​បូ នោះ នៅ​វត្ត​ភូ​នោះ គឺ​យក​មក​ទុក​នៅ​ប្រាសាទ​ព្រះ​វិហារ​នោះ គឺ​ព្រះ​អង្គ​ម្ចាស់ ឥន្ទ្រា​យុទ្ធ ។

ពេល​នោះ អ្នកប្រាជ្ញ​ដែល​សិក្សា​ពី​សិលាចារឹក និង​អំពី​ប្រាសាទព្រះវិហារ​នោះ គេ​សន្មត់​ថា ទីនោះ​ប្រហែលជា​ទីតាំង​ទាំង​ប៉ុន្មាន គឺ​មិនមែន​ដូច​សព្វ​ថ្ងៃនេះ​ទេ ។ មាន​តែ​អាស្រម​ធ្វើ​អំពី​ឈើ ពីព្រោះ​ជាទី​កន្លែង​សម្រាប់​ស្នាក់​នៅ​នៃ​ពួក​ព្រាហ្មណ៍ ដែល​មាន​ភារៈ​ទទួល​គោរព​ថែរក្សា​លិង្គ ស្រី​សិ​ខៈ រិ​ស្វា​រៈ នេះឯង​» ។

៤-ព្រាហ្មណ៍​តៈបៈ​ស្វិ​ន្ទ្រ​បណ្ឌិត ៖ បើ​តាម​អត្ថបទ សិលាចារឹក នៅ​ឯ​ប្រាសាទព្រះវិហារ កា​លេខ ៣៨១ ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ផង​និង​សំស្ក្រឹត​ផង បាន​ឲ្យ​ដឹង​បន្ថែម​ថា មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ តៈបៈ​ស្វិ​ន្ទ្រ​បណ្ឌិត ជា​មនុស្ស​សំខាន់​ដែល​ទាក់ទិន​នឹង​ប្រ​វ​តិ្ត​ប្រាសាទព្រះវិហារ ។ តៈបៈ​ស្វិ​ន្ទ្រៈ​បណ្ឌិត មាន​អាស្រម​មួយ នៅ​នឹង​ដែនដី​នៃ​ទីតាំង​ប្រាសាទ​ព្រះវិហារ​នោះ ។ នៅ​រវាង​ឆ្នាំ​១០២៤ គឺ​លោក​បាន​ទទួល​អង្រឹងស្នែង​មាស និង​វត្ថុ​ដ៏​មាន​តម្លៃ​ដទៃ​ទៀត​ជា​ច្រើន ពី​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ព្រោះតែ​ព្រះ​អង្គ​ដឹងគុណ​ដល់​លោក តៈបៈ​ស្វិ​ន្ទ្រៈ​បណ្ឌិត ដែល​បាន​ថែរក្សា​លិង្គ​ព្រះ​អាទិទេព ស្រី​សិ​ខៈ​រិ​ស្វា​រៈ ។

ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​ជឿ​ខ្លាំង​ណាស់ នេះ​បើ​តាម​សិលាចារឹក ។ លោក​ជឿ​ថា លិង្គ​ដែល​មាន​ព្រះ​នាម ស្រី​សិ​ខៈ រិ​ស្វា​រៈ ដែល​ធ្វើ​រួច​ហើយពី​វត្ត​ភូ យក​មក​ទុក​នៅ​នឹង​ប្រាសាទព្រះវិហារ លិង្គ​នេះឯង តែងតែ​សម្តែង​មហិទ្ធិឫទ្ធិ ប​ដិ​ហារ​ឲ្យ​លោក​ឃើញ ។

លោក​គ្មាន​ពេល​នឹង​ទៅ​ធ្វើ​ពិធី​គោរព​បូជា​ដល់​លិង្គ​ហ្នឹង មាន​តែ តៈបៈ​ស្វិ​ន្ទ្រៈ​បណ្ឌិត នោះ​ទេ គាត់​ធ្វើ ហើយ​លោក​សុំ​ឲ្យ​ខំ​ធ្វើ​នោះ​តទៅ​ទៀត ដើម្បី​ឲ្យ​បាន​បុណ្យ​បាន​ផល​ហ្នឹង​ដល់​លោក​និង​ប្រទេស​កម្ពុជា ។ សេចក្តី​ក្នុង​សិលាចារឹក​នោះ បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ព្រះ​អង្គ​ម្ចាស់​ខំ​ធ្វើ​ខ្លាំង​ណាស់ ខ្ញុំ​សូម​បញ្ជាក់​ថា អ្នក​ដែល​នៅ​បម្រើ​នៅ​ក្នុង​ប្រាសាទ​ព្រះវិហារ នៅ​ដើម​សតវត្សរ៍​ទី​១ នៃ​រជ្ជកាល​របស់​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១​មាន​មនុស្ស​ច្រើន​ណាស់ មិនមែន​មាន​តែ​ព្រាហ្មណ៍​ទេ មាន​អ្នកខ្លះ ជា​ពល ជា​អ្នកស្រុក​នៃ​ភូមិ​ដែល​នៅ​ជិត​ៗ​ហ្នឹង គេ​មានឈ្មោះ​ភូមិ​គេ ប៉ុន្តែ​ភូមិ​ខ្លះ​យើង​អត់​ដឹង​ថា ទីតាំង​នៅ​ត្រង់​ណា តែ​នៅ​នឹង​ជើងភ្នំ អាច​ឡើង​មក​នៅ​លើ​ភ្នំ​ទៀត សុទ្ធតែ​ជា​អ្នក​នៅ​គោរព នៅ​បូជា អ្នក​ដែល​​ជួយ​ធ្វើ​នេះ​ធ្វើ​នោះ ដើម្បី​ថែរក្សា ។ អ៊ីចឹង ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​សុំ​ឲ្យ​យក​អ្នក​ទាំងអស់​គ្នា​នេះ ចូល​មក​ស្បថ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ។ មិនមែន​គ្រាន់​ជា​អ្នកបម្រើ យើង​ធ្វើ​តាម​ចិត្ត អត់​ទេ ។

សម្បថ​នោះ​មានអី​ខ្លះទៅ ? គឺថា សម្បថ​នោះ​មាន បើ​អ្នកឯង​ស្បថ​ថា យាម​ប្រាសាទ គឺ​ប្រាកដជា​យាម​ប្រាសាទ ។ បើ​អ្នកឯង​ថែទាំ​ប្រាសាទ ប្រាកដជា​ថែទាំ​ប្រាសាទ ។ ហើយ​លោក​បញ្ជាក់​ថា បើ​អ្នកឯង​ជា​អ្នក​ថែទាំ​ប្រាសាទ អ្នកឯង​ជា​អ្នក​ការពារ អ្នក​នៅ​បម្រើ​ទាំង​អស់​ហ្នឹង សូ​ម្បី​តែ​នៅ​ក្នុង​ប្រាសាទ ក៏​ត្រូវការ​រ​ពារ អ្នកអស់ហ្នឹង សូ​ម្បី​តែ​គេ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រាសាទ ឧទាហរណ៍​ដូច​ជា​ទៅ​ធ្វើស្រែ ឃ្វាលគោ ដែល​នៅ​ក្រៅ​រង្វង់​ប្រាសាទ អ្នក​ឯង​ក៏​ត្រូវ​ការពារ​គេ​នោះ​ដែរ ។ ហើយ​លោក​ឲ្យ​ការពារ​កុំ​ឲ្យ​មាន​ពួក​បះបោរ មក​ធ្វើបាប​អ្នកស្រុក​អស់នោះ ។ ដូច្នេះ​សម្បថ​នេះ​មិន​ដូច​សម្បថ​ដែល​ពួក​អ្នករាជការ គេ​ហៅ​តម្រួត​លោក​ឲ្យ​ធ្វើ​ស្បថ​ចំពោះ​លោក ដែល​គេ​ចារ​នៅ​លើ​ខ្លោងទ្វារ​ប្រាសាទវិមានអាកាស នៅ​អង្គរ​នោះ​មិន​ដូច​គ្នា​ទេ ។ នេះ​គឺ​យើង​ស្បថ យើង​សម្រេច​ថា យើង​នៅ​បម្រើ​អាទិទេព សិ​ខៈ រិ​ស្វា​រៈ នៅ​នឹង​ភ្នំ​ព្រះ​វិហារ​នេះ​» ។

៦-ស្រី​សុកៈ​រា​មា ៖ នៅ​ក្នុង​ចំណោម​អ្នក ដែល​នៅ​បម្រើ​លិង្គ​ព្រះ​អាទិទេព ស្រី​សិ​ខៈ រិ ស្វារៈ កាល​ណោះ​មាន​បុរស​ម្នាក់​ឈ្មោះ ស្រី​សុកៈ​រា​មា ជា​មនុស្ស​សំខាន់ ។ ស្រី​សុកៈ​រា​មា​នេះ មាន​ក្រុម​គ្រួសារ​របស់​គាត់ ជា​អ្នករក្សា​ទុក​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ តាំងពី​ព្រះ​រាជា​កម្ពុជា រឿងរ៉ាវ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ កិច្ចការ​រាជការ និង​រឿង​ស្នា​ព្រះ​ហស្ត​ផ្សេង​ៗ តាំងពី​សម័យ​មុន​អង្គរ​គឺ​ព្រះបាទ​ស្រី​ប្ប​វរ្ម័ន រហូត​មក​ដល់​ព្រះបាទ ស្រី សុរិយ​វរ្ម័ន​នេះ មាន​ទាំងអស់ គេ​សរសេរ​ទុក ខ្ញុំ​មើល​នៅ​ស្លឹក​ហ្នឹង គឺ​ស្លឹករឹត​ហើយ ។ ទុក​នៅ​នឹង​ប្រាសាទ​ព្រះវិហារ​ផង និង​ទុក​នៅ​នឹង​ប្រាសាទ​មួយទៀត ដែល​សព្វ​ថ្ងៃនេះ នៅ​នឹង​ប្រាសាទ​ខាងជើង​ភ្នំ​ដងរែក ។ គេ​យក​គាត់​មក​និយាយ​នេះ គឺ​គាត់​ជា​អ្នក​គោរព​ត្រឹមត្រូវ ជួយ​ធ្វើការ​បោសសំអាត រៀបចំ​គោរព ស្រី សិខា​រិ​ស្វា​រៈ ។

ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ លោក​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ថេរវាទ ។ លោក​នៅ​តែ​គោរព​ព្រះ​ឥសូរ ព្រោះ​នៅ​ក្នុង​សិលាចារឹក​នេះឯង គេ​បាន​និយាយ​ថា ដើម្បី​កំណត់​ព្រំប្រទល់​អំណាច​របស់​លោក​បណ្តោះអាសន្ន លោក​ឲ្យ​គេ​ធ្វើ​លិង្គ​៤ ដែល​លិង្គ​នីមួយ​ៗ​ឈ្មោះ​ដដែល​គឺ សុរិយ វ៉ារ​មិ​ស្វា​រៈ គឺ​ឥសូរ​ដែល​មានឈ្មោះ​ហៅ​ថា សុរិយ​វរ្ម័ន​នេះឯង ។

លិង្គ​មួយ​ត្រូវ​បាន​យក​ទៅ​ទុក នៅ​ក្នុង​ខេត្តបាត់ដំបង គឺ​វត្ត​ឯក គឺ​ឈ្មោះ​ថា ជ័យ​ក្សេត្រ នៅ​ព្រំប្រទល់​ខាងលិច ។ នៅ​ព្រំប្រទល់​ខាងជើង គឺ​យក​លិង្គ​មួយ ផ្សេង​ទៀត​ដែល​ព្រះ​នាម​ដដែល​នោះ យក​មក​ទុក​នៅ​ព្រះ​វិហារ កំណត់​បណ្តោះអាសន្ន​ព្រំប្រទល់​អំណាច​របស់​លោក​នៅ​ផ្នែ​ខាងជើង ។ ​មាន​មួយទៀត​យក​ទៅ​ទុក​នៅ​លើ​ភ្នំ សូ​រិ​យា​ទ្រិ គឺ​ភ្នំ​ព្រះ​ឥសូរ ភ្នំ​ឥសូរ​យើង​នៅ​ខេត្តតាកែវ​សព្វ​ថ្ងៃនេះ ហ្នឹង​គឺ​ផ្នែក​ទិស​ខាងត្បូង ។

​ហើយ​មាន​មួយទៀត លិង្គ​ឈ្មោះ​ដដែល​ហ្នឹង គឺ​ទុក​នៅ​ឥ​សាន តិ​រថៈ ប្រហែលជា​នៅ​តាម​ដង​ទន្លេមេគង្គ ប្រហែលជា​នៅ​ខាង​ក្រចេះ​ស្ទឹង​ត្រែង ។​លិង្គ​ទាំង​បួន​នេះ គេ​យក​ទៅ​ប្រតិស្ឋ​នៅ​ទិស​ទាំង​បួន​ហ្នឹង នៅ​នឹង​គ​.​ស​. ១០១៨ ។ នេះ​គឺជា​អ្វី​ដែល​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​បាន​ធ្វើ​សម្រាប់​ប្រាសាទភ្នំព្រះវិហារ ។

៧-ព្រាហ្មណ៍ ទិវា​កា​រៈ ឬ ទិវាក ៖ សិលាចារឹក​នៅ​នឹង ភ្នំ​សន្តក កា​លេខ ១៩៤ នៅ​ភ្នំ​ព្រះ​វិហារ​នេះ កា​លេខ ៣៨៣ និយាយ​ច្រើន​ណាស់ តែ​អំពី​ព្រាហ្មណ៍​ម្នាក់ ឈ្មោះ ទិវាក ឬ ទិវា​កា​រៈ ។ ហេតុ​អ្វី ព្រាហ្មណ៍​នេះ បម្រើ​ស្តេច​ខ្មែរ​តាំង​តែ​ពី​នៅ​វ័យក្មេង តាំង​តែ​ពី​ជំនាន់​រជ្ជកាល​ព្រះបាទ ឧ​ទ័​យៈ​ទិ​ត្យ​វរ្ម័ន ទី​២ ដែល​លោក​កសាង​ប្រាសាទ បាពួន ហើយ​រហូត​មក​ដល់​រជ្ជកាល​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ ។

លោក​បាន​ទទួល​ងារ​ធំ​ជាងគេ​បំផុត ក្នុង​ចំណោម​ព្រាហ្មណ៍​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ ហើយ លោក​តែងតាំង​ជា​ព្រាហ្មណ៍​ធំ សម្រាប់​ធ្វើ​រាជាភិសេក​ទាំងអស់​ស្តេច​ទាំង​ប៉ុន្មាន ។ សេចក្តី​សំខាន់​នៃ​សិលាចារឹក​ដែល​ទាក់ទង​នឹង​ព្រះ​វិហារ គឺ​លោក​ជា​អ្នក​ចាត់ចែង​ត​បញ្ជា​ពី​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ មក ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន​សម្រាប់​ប្រាសាទ​ទាំងអស់ នៅ​ក្នុងស្រុក​ខ្មែរ​ហ្នឹង គឺ​លោក​ចាត់ចែង ។

ទ្រព្យសម្បត្តិ​ភាគច្រើន​ដែល​ព្រាហ្មណ៍​ទិវាក បាន​ទទួល​ជា​ព្រះ​រាជទាន​ពី​ព្រះមហាក្សត្រ រួម​មាន​គ្រឿងអលង្ការ​ជា​មាស ជា​ពេជ្រ​ដ៏​មាន​តម្លៃ និង​ជា​វត្ថុ​មាន​តម្លៃ​ជា​មធ្យម​ក្តី គឺ​លោក​​យក​ទៅ​ថ្វាយ​ព្រះ​អាទិទេព ស្រី​សិ​ខៈ រិ​ស្វា​រៈ ទាំងអស់ ។ ដូច្នេះ​ចំពោះ​ប្រាសាទ​ភ្នំព្រះវិហារ​នេះ ដែល​មាន​អាទិទេព ស្រី​សិ​ខៈ រិ​ស្វា​រៈ ហ្នឹង ព្រាហ្មណ៍ ឈ្មោះ ទិវា​កា​រៈ លោក​មាន​កិច្ចការ​សម្រាប់​ប្រាសាទព្រះវិហារ​។

ព្រាហ្មណ៍ ទិវា​កា​រៈ ឬ ទិវាក នេះ លោក​ទៅ​សង់​រូប​អាទិទេព​ផ្សេង​ៗ លោក​ឲ្យ​ដី​ភូមិ​លោក​​ទៅ​បោះ​ព្រំប្រទល់ លោក​ឲ្យ​ពល​សម្រាប់​ភូមិ​ណា ដែល​ត្រូវការ​សម្រាប់​ធ្វើ​ម៉េច​ឲ្យ​អាច​បាន​ធ្វើការ យក​ស្រូវ យក​អង្ករ​ហ្នឹង យក​មក​បូជា​ធ្វើ​ពិធី​ផ្សេង​ៗ នៅ​ក្នុង​ប្រាសាទ​ព្រះ​វិហារ​នេះ ។ ហើយ​មួយ​ពេល​នោះ លោក​ទទួល​បាន​បុស្បុក​មាស​ជា​រង្វាន់​ពី​ព្រះបាទ​សុរិយ​​វរ្ម័ន​ទី​២ លោក​យក​ទៅ​ថ្វាយ​អាទិទេព ស្រី​សិ​ខៈ រិ​ស្វា​រៈ ។ ពេល​ដែល​ចូល​ឆ្នាំ​ក៏​លោក​ធ្វើ​សម្រាប់​អាទិទេព​ស្រី​សិ​ខៈ រិ​ស្វា​រៈ ហ្នឹង គឺ​លោក​យក​សំរឹទ្ធ​ទៅ​ក្រាល​នៅ​កណ្តាល​​ប្រាសាទ ដែល​គេ​យល់​ថា​ប្រាសាទ​នៅ​ឯ​ចុង​ភ្នំ​នោះ ហើយ​យក​ចាន​ធ្វើ​អំពី​មាស ពី​ប្រាក់ យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ប្រាសាទ មាន​ឲ្យ​ជា​សត្វពាហនៈ មាន​ឲ្យ​ជា​ខ្ញុំបម្រើ ។

បន្ទាប់​មក​ទៀត លោក​ធ្វើការ​ជួសជុល​សំណង់​ផ្សេង​ៗ លោក​ជា​អ្នក​ទទួល​ព្រះករុណា​យាង​ទៅ​ណា លោក​ទៅ​តាម​ដើម្បី​នឹង​ទទួល​កិច្ចការ​ដែល​ពិនិត្យ​មើល​ប្រាសាទ​នានា ក្នុង​ព្រះរាជាណាចក្រ ។ អ៊ីចឹង​ផ្នែក​ខាង​បូជា ផ្នែក​ខាង​រក្សា​ប្រាសាទ ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ លោក​ផ្ទុកផ្ដាក់​ទៅ​លើ​ព្រាហ្មណ៍ ឈ្មោះ ទិវាក ឬ ទិវា​កា​រៈ នេះឯង​។

៨-គោលបំណង​នៃ​ការ​កសាង​ប្រាសាទព្រះវិហារ ៖ ប្រាសាទព្រះវិហារ ត្រូវ​បាន​ស្ថាបនា​ឡើង​​ក្នុង​បំណង​ពិសេស ខុស​ប្លែក​ពី​ការ​កសាង​ប្រាសាទអង្គរវត្ត ដែល​ស្ថាបនា​ឡើង​ដើម្បី​​រំឭក​គុណ​ព្រះ​វិ​ស្នុ​រ ប្រាសាទបាពួន រំឭក​គុណ​ព្រះ​ឥសូរ ។ ប្រាសាទព្រះវិហារ​ត្រូវ​បាន​​ស្ថាបនា​ឡើង ដើម្បី​ធ្វើ​ជាទី​ដែល​គេ​រក្សា​ទុក​លិង្គ​ព្រះ​អាទិទេព ស្រី​សិ​ខៈ រិ​ស្វា​រៈ ពីព្រោះ​តាម​ជំនឿ​របស់​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ជា​ពិសេស​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ ក៏​អ៊ីចឹង​​ដែរ លោក​នៅ​តែ​គាំទ្រ​គំនិត​ដែល​ថា មហិទ្ធិឫទ្ធិ​ធំ​ណាស់​អាទិទេព​នេះ ដូច្នេះ​ត្រូវធ្វើ​ម៉េច បន់ស្រន់ គោរព​បូជា យ៉ាង​ដាច់ខាត ។ ទីតាំង​ប្រាសាទភ្នំព្រះវិហារ​នេះ

ទី​មួយ គឺ​គេ​ទុក​អាទិទេព ស្រី​សិ​ខៈ រិ​ស្វា​រៈ ជួនកាល​គេ​សរសេរ ខ​រៈ ស្វា​រៈ ជួនកាល​គេ​សរសេរ សិ​ខៈ រិ​ស្វា​រៈ ប៉ុន្តែ​គឺជា​ឈ្មោះ​តែ​មួយ​ទេ ។ គឺជា​កន្លែង​ដែល​គេ​រក្សា​ទុក ពីព្រោះ​អាទិទេព​នេះ ដែល​មាន​លិង្គ​ជា​តំណាង មាន​មហិទ្ធិឫទ្ធិ​ធំ​ណាស់ ។ គេ​ជឿ​ថា នាំ​ភោគ​ផល នាំ​សេចក្តីសុខ​មក​ដល់​ប្រទេស​ខ្មែរ ។

​ទី​ពីរ ប្រាសាទភ្នំព្រះវិហារ ទីកន្លែង​នេះ​មិនមែន​ជាទី​កន្លែង​សម្រាប់​ព្រះរាជា​គង់​នៅទេ​។ មិន​មែន​មាន​ទី​ភូមិ​សម្រាប់​ប្រជាពលរដ្ឋ​ទេ ។ គឺ​មាន​តែ​កន្លែង​សម្រាប់​អ្នកបួស ឲ្យ​ចូល​មក​តាំងសីល ហើយ​និង​ដើម្បី​នឹង​ជួយ​បន្ត​ពិធី​គោរព​បូជា​នេះ តទៅ​ទៀត ។ បើ​បាន​អញ្ជើញ​​ទៅ គឺ​ត្រូវ​ពិនិត្យ​មើល​នៅ​ប្រាសាទ ដែល​ជាប់​នឹង​ខ្លោងទ្វារ​ទី​៣ រាប់​ពីក្រោម​ទៅ នៅ​ខ្លោងទ្វារ​ទី​៣ ហ្នឹង​មាន​សិលាចារឹក​កា​លេខ ៣៨១ នោះ គេ​សង្ស័យ​ថា នៅ​ត្រង់​កន្លែង​ហ្នឹង គឺជា​កន្លែង​ដែល​គេ​បំបួស​ឲ្យ​ទៅ​ជា​ព្រាហ្មណ៍ ដើម្បី​នឹង​បន្ត​កិច្ចការ​គោរព​និង​ថែរក្សា​អាទិទេព ស្រី​សិ​ខៈ រិ​ស្វា​រៈ នោះ​តទៅ​ទៀត ។ ដូច្នេះ​ប្រាសាទភ្នំព្រះវិហារ ខុស​ពី​ប្រាសាទ​ឯទៀត​ៗ​។

៩-ដំណាក់កាល​នៃ​ការ​សាងសង់ ៖ ការ​សាងសង់​ប្រាសាទព្រះវិហារ មាន​បី​ដំណាក់​កាល​ធំ​ៗ គឺទី១ ​ដែល​ក្រុម​អ្នក​ប្រវត្តិវិទូ​គិត​សង្ស័យ​ថា កាលពី​ជំនាន់​ព្រះ​អង្គ​ម្ចាស់ ឥន្ទ្រា​យុទ្ធ គឺ​អាស្រម​ប្រហែល​ធ្វើ​អំពី​ឈើ ។ ទី២ ​តែ​មក​ដល់​រជ្ជកាល ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ គឺ​គេ​ឈូស​ភ្នំ​យក​ថ្មភ្នំ ធ្វើ​ជា​កាំជណ្តើរ​ធ្វើ​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​និង​យក​ថ្មភ្នំ ទៅ​កសាង​ជាទី​តាំង​ប្រាសាទ​ផ្សេង​ៗ នៅ​ក្នុង​ដែនដី​នៃ​ប្រាសាទព្រះវិហារ  និង​ទី៣ -​បន្ទាប់​មក គឺ​ក្នុង​រជ្ជ​កាល​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ ពេល​នោះ​ហើយ​ដែល​គេ​គិត​ថា ប្រាសាទភ្នំព្រះវិហារ គឺ​បាន​ស្ថាបនា​ឲ្យ​កាន់តែ​ល្អ​ឡើង នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១២ ។ ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ នោះ​ហើយ ដែល​ព្រះ​អង្គ​បាន​សាង​ប្រាង្គ​ប្រាសាទអង្គរវត្ត ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប សព្វ​ថ្ងៃនេះ ។

១០-លក្ខណៈ​សំណង់​ប្រាសាទព្រះវិហារ ៖ បើ​គិត​ចាប់ពី​ដី​ទំនាប ពី​ផ្លូវ​ឡើង​ទៅ​ដល់​ប្រាសាទ​ដែល​នៅ​លើ​កំពូលភ្នំ​ខ្ពស់​ជាងគេ​នោះ គឺ​គេ​ត្រូវ​ដើរ​ឡើង​តាម​ជណ្តើរ​ជា​ច្រើន​កាំ ដែល​មាន​ចម្ងាយ​ទាំងអស់ ៨០៤​ម៉ែត្រ ។​មុន​នឹង​ឡើង​ពី​ដី​ទំនាប ទៅ​ដល់​ប្រាង្គ​ប្រាសាទ​​លើ​កំពូលភ្នំ គេ​ត្រូវ​ឆ្លងកាត់​ខ្លោងទ្វារ​៥ ។ ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅ​លើ​កំពូ​លភ្នំ​ខ្ពស់​ជាងគេ មាន​កម្ពស់​៥២៥​ម៉ែត្រ ។ តួ​ប្រាសាទ​សំខាន់​នោះ​មាន​ទំហំ​៣៥​ម៉ែត្រ​គុណ​នឹង​៤៥​ម៉ែត្រ ដែល​គេ​គិត​សង្ស័យ​ថា ជា​កន្លែង​រក្សា​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រី​សិ​ខៈ រិ​ស្វា​រៈ ។

ទី​មួយ ពី​ដី​យើង​ធម្មតា​ហ្នឹង ពី​ដី​គឺ​ជើងភ្នំ​របស់​ភ្នំ​ដងរែក​ហ្នឹង យើង​ឡើង​មក​ហ្នឹង គឺ​ចម្ងាយ ៥៤​ម៉ែត្រ​គេ​ធ្វើ​ជា​ជណ្តើរ​ៗ ទាំងអស់​មាន​១៥៩​កាំ ។ យើង​ឡើងជណ្តើរ​ហ្នឹង​មក​ហើយ បាន​គេ​ធ្វើ​រាង​ជម្រាល​បន្តិច​ចម្ងាយ ២៥​ម៉ែត្រ ហ្នឹង ចូល​មក​ខ្លោងទ្វារ​ទី​១ ។

​សម្គាល់​១ ៖ បើសិនណា​អស់លោក​មាន​សៀវភៅ គេ​សរសេរ​ជា​ភាសា​បារាំង ជា​អង់គ្​លេស គេ​រាប់​បញ្ច្រាស គេ​រាប់​ពី​ទី​មួយ ប្រាសាទធំ​បំផុត មក​ឯខាង​ដើម ។ បន្ទា​ប់​ពី​ខ្លោង ទ្វារ​ទី​១​ហ្នឹង ត្រូវធ្វើ​ដំណើរ​តាម​កាំជណ្តើរ​នោះ ឡើង​មក​ទៀត ចម្ងាយ ២៤៤​ម៉ែត្រ ។ ជណ្តើរ​នេះ គេ​មាន​បោះគោល​តាម​សងខាង​ផ្លូវ ដើរមក​បាន​ចូល​ខ្លោងទ្វារ​ទី​២​។ នៅ​ខ្លោងទ្វារ​ទី​២ នោះ​មាន ហោជាង គេ​ធ្វើ​រូប​រឿង​កូរ​សមុទ្រ​ទឹកដោះ គឺ​ការ​ដែល​បង្កើត​លោក ។

នៅ​ពេល​ដែល​ឡើង​មក​ហ្នឹង នៅ​ខាងឆ្វេង​ដៃ មាន​ស្រះ​មួយ ។ ស្រះ​នេះ​គឺ​មាន​ន័យ​សំខាន់​​ណាស់ ព្រោះថា កាលពី​ពេល​ដែល​ព្រះមហាក្សត្រ​ថៃ សព្វថ្ងៃ​គឺ ព្រះបាទ ភូមិ​ផុ​ន អា​ឌុ​ល យ៉ា​ដេ​ត ឡើង​គ្រងរាជ្យ​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​១៩៤៦ ថៃ​បាន​មក​យក​ទឹក​ពី​ស្រះ​នេះ​ទៅ ដើម្បី​បំពេញ​ពិធី​អភិសេកព្រះ​មហាក្សត្រ​ថៃ នៅ​ឯ​ទីក្រុង​បាងកក ប្រទេស​ថៃ ។

ឡើង​មក​ទៀត ហើយ​ចម្ងាយ​១៥០​ម៉ែត្រ មាន​បោះគោល​តាម​ផ្លូវ​ហ្នឹង​រហូត ។ នៅ​ខាង​ឆ្វេង​​ដៃ​ដដែល​ហ្នឹង មាន​តួ​ប្រាសាទតូច​ៗ ឡើង​មក​ទៀត​អ៊ីចឹង​មក ១៥០​ម៉ែត្រ​ហ្នឹង បាន​មក​ដល់​ខ្លោងទ្វារ​ទី​៣ៗ ហ្នឹង​មាន​សិលាចារឹក ដែល​និយាយ​អំពី​ការ​កសាង​ប្រាសាទ គឺ​នៅ​ក្នុង​ជំនាន់​រជ្ជកាល​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ ប្រហែលជា​ទីកន្លែង​អ្នក​ចូល​ទៅ​បួស គេ​ឲ្យ​តាំងសីល គេ​ឲ្យ​រៀន​ធម៌ នៅ​ហ្នឹង​ចូល​ផុត​ពី​ខ្លោងទ្វារ​ទី​បី​មកនេះ ។

នៅ​ចន្លោះ​ពី​ខ្លោងទ្វារ​ទី​បី​និង​ខ្លោងទ្វារ​ទី បួន មាន​ផ្លូវ​ដើរ ប្រហែល​៤០​ម៉ែត្រ ។ ផ្លូវ​ដើរ​៤០​ម៉ែត្រ​នេះឯង ដែល​មាន​ធ្វើ​ជា​ខ្លួន​នាគ ដូច​ជា​បង្កាន់ដៃ ហើយ​និង​បោះគោល​តាម​ផ្លូវ​នេះ​ឯង ។ យើង​ដើរ​តាម​ផ្លូវ​នាគ​ហ្នឹង​មក បាន​មក​ដល់​ខ្លោងទ្វារ​ទី​៤ ។ មក​ដល់​ខ្លោងទ្វារ​ទី​៤ ប្រាសាទ​ហ្នឹង​បែរមុខ​ទៅ​ទិស​ខាងជើង ។ នៅ​ទិស​ខាងលិច​ឬ​ក៏​នៅ​ស្តាំ​ដៃ​ហ្នឹង មាន​អគារ​មួយ នៅ​ខាងឆ្វេង​ដៃ​អត់​មាន​ទេ ។​អគារ​នេះឯង​ប្រហែល​គេ​ទុក​ឲ្យ​សម្រាប់​ឥសី​ធំ​ៗ​សំណាក់​ឬ​ក៏​តាំងសីល នៅ​ត្រង់​កន្លែង​ហ្នឹង​» ។

ចម្ងាយ​ពី​ខ្លោងទ្វារ​ទី​៤ ទៅ​ដល់​ខ្លោងទ្វារ​ទី​៥​នោះ មាន​ប្រមាណ​ពី​៤០ ទៅ​៥០​ម៉ែត្រ​។ គេ​ត្រូវ​ដើរ​ឆ្លង​ខ្លោងទ្វារ​ទី​៥​នេះ ទើប​ទៅ​ដល់​ប្រាង្គ​ប្រាសាទ​ចុង​ក្រោយបង្អស់ ដែល​ស្ថិត​នៅ​លើ​កំពូលភ្នំ​ខ្ពស់​ជាងគេ ។ ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅ​លើ​កំពូលភ្នំ​ខ្ពស់​ជាងគេ​នោះ មាន​កំ​ពស់ ៥២៥​ម៉ែត្រ ។

កន្លែង​នេះឯង គឺជា​កន្លែង​ដែល​ប្រហែល​គេ​ដាក់​លិង្គ ដែល​គេ​ថា ជា​អាទិទេព​ប្រចាំ​ប្រាសាទ​ព្រះវិហារ បើ​យើង​គិតតែ​តួ​ប្រាសាទធំ​ចុង​ក្រោយ​នេះ គឺ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង​៤៥​ម៉ែត្រ តែ​ប៉ុណ្ណោះ ហើយ​បើ​យើង​ដើរទៅ​ខាងក្រោយ​ប្រាសាទ​ហ្នឹង ប្រយ័ត្ន​ព្រោះ​ហ្នឹង​ដល់​ចុង​ភ្នំ​ហើយ គឺ​កន្លែង​ដែល​ចោទ​ហើយ ផុត​ត្រឹម​ប៉ុណ្ណឹង ។

ដូច្នេះ​ចុង​ខាងក្រោយ​នេះឯង ប្រហែលជា​គេ​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រី​សិ​ខៈ រិ​ស្វា​រៈ នោះ ។ មក​ដល់​ឆ្នាំ​២០០៨ នេះ មាន​បាត់បង់​ក៏​ច្រើន បាក់បែក​ក៏​ច្រើន អ្វី​ដែល​នៅ​ឃើញ​សល់​សព្វ​ថ្ងៃនេះ យើង​មើលទៅ​តាំងពី​ក្បាច់ចម្លាក់ គួរ​ឲ្យ​ស្រលាញ់​ជាទី​បំផុត ពីព្រោះ​ស្អាត​ណាស់ ធ្វើ​ហ្នឹង ធ្វើ​ល្អ​ខ្លាំង​ណាស់​» ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ