ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តែមាន​វិធី​មួយ​​ក្នុង​ចំណោម​វិធី​ជា​ច្រើន ដែល​កំពុង​ត្រូវ​​ចាប់អារម្មណ៍​​ខ្លាំង​បំផុត…

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ដែលប៉ុនប៉ង​នាំ​ក្មេង​ប្រុស​១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​ពួក​គេ​ចេញ ក្រោយ​ពី​ជាប់​នៅ​ក្នុង​រូងភ្នំ​ ដែល​មានទឹក​ជន់​លិច​១៣​ថ្ងៃ​មក​ហើយ​ នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ បាន​និយាយ​​ជា​លើក​ដំបូង​ កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា​…

ប្រទេស​ថៃ ៖ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ដែលប៉ុនប៉ង​នាំ​ក្មេង​ប្រុស​១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​ពួក​គេ​ចេញ ក្រោយ​ពី​ជាប់​នៅ​ក្នុង​រូងភ្នំ​ ដែល​មានទឹក​ជន់​លិច​១៣​ថ្ងៃ​មក​ហើយ​ នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ បាន​និយាយ​​ជា​លើក​ដំបូង​ កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា​ ថា ពួក​គេ​មាន​ពេលវេលា​ខ្លី​ សម្រាប់​ការ​នាំ​អ្នក​ទាំងនោះ​ចេញ។

ប្រមុខ​ក្រុម​កុម្ម​ង់​ដូ​នៃ​កង​ម៉ា​រី​ន​ថៃ លោកApakorn Yookongkaew ដែល​ជា​អ្នកទទួលខុសត្រូវ​មួយ​រូប​នៃ​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះ បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ថា ពី​ដំបូង​យើង​គិត​ថា​ ក្មេង​ប្រុស​ទាំងនោះ​ អាច​ស្ថិត​ក្នុង​រយៈពេល​យូរ​ក្នុង​រូងភ្នំ ទម្រាំ​ទឹក​ស្រក ។​ ប៉ុន្តែ​សភាពការណ៍​បាន​ផ្លាស់​ប្ដូរ ។ ពេលវេលា​ឥឡូវ​ត្រូវ​បាន​កម្រិត ។

លោក​ក៏​បញ្ជាក់​ដែរ​ថា បណ្ដា​ធុង​អុក​សី​ុ​ហ្សែ​ន ត្រូវ​បាន​ដាក់​រាយ​តាម​បណ្ដោយ​រូងភ្នំ ដើម្បី​អាច​ផ្គត់ផ្គង់​ដល់​ក្មេង​ប្រុស​ទាំងនោះ និង​អ្នក​នាំ​ពួក​គេ​ចេញ ។ ទោះបីជា​យ៉ាងណា លោក​បដិសេធ​ពុំ​និយាយ​ថា តើ​ការ​នាំ​ពួក​គេ​ចេញ​ដ៏​លំបាក អាច​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​៦ ខែកក្កដា​ ទៅ​ឬ​យ៉ាងណា​ឡើយ ខណៈ​ភ្លៀង​បាន​ចាប់ផ្ដើម​ធ្លាក់​ឡើង​វិញ​នៅ​តំបន់​ភ្នំ់​នោះ ។

ការ​ប្រកាស​នេះ ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ ក្រោយការ​ជូនដំណឹង​ពី​ការ​ស្លាប់​អ្នក​ជួយ​សង្គ្រោះ​ថៃម្នាក់​ដែល​នាំ​អុក​សី​ុ​ហ្សែ​ន​ទៅ​ផ្គត់ផ្គង់​ដល់​ក្មេងប្រុស​ទាំងនោះ ។ លោក Passakorn Boonyaluck អភិបាលរង​ខេត្ត​ឈៀង​​រ៉ៃ ប្រកាស​ថា អ្នក​ជួយ​សង្គ្រោះ​នោះ​ក្រោយ​ពី​ផ្ដល់​ធុង​អុក​សី​ុ​ហ្សែ​នដល់​គេ​ហើយ តាម​ផ្លូវ​វិល​ត្រឡប់​មក​វិញ​បែរជារូបគេ​ខ្វះ​អុក​សី​ុ​ហ្សែ​ន​ខ្លួនឯង ។ គ្រោះ​អកុសលដែល​កើតឡើង គឺ​សមាជិក​ក្រុម​កុម្ម​ង់​ដូ​នៃ​កង​ម៉ា​រី​ន​ថៃ​រូប​នេះ បាន​សន្លប់​តាម​ផ្លូវ​វិល​ត្រឡប់​មក​វិញ ហើយ​មិត្ត​រួម​ក្រុម​មុជទឹក​ម្នាក់​បាន​សាកល្បង​ជួយ​គេ​និង​នាំ​គេ​ចេញ​ ។

លោក Apakorn Yookongkaew បាន​បញ្ជាក់​ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ​ថា ទោះជា​យើងបាត់បង់​មនុស្ស​ម្នាក់​ក៏​ដោយ ក៏​យើង​នៅ​តែ​បន្ត​បេសកកម្ម​របស់​យើង​ទៀត​ដែរ ។ សោកនាដកម្ម​នេះ បង្ហាញ​ពី​ការ​លំបាក​​នៃ​ការ​ធ្វើ​ដំណើរ​ដោយ​មុជទឹក ដែល​តាម​មើលទៅ​ក្មេង​ប្រុស​ទាំង​១២​នាក់​ និង​គ្រូបង្វឹក​ពួក​គេ ពុំ​អាច​ចៀស​ផុត​ពី​ការ​យក​ចេញពី​រូងភ្នំ​ទេ ។

សម្រាប់​ពេល​នេះ គេ​ត្រូវ​ប្រើ​ពេល​រហូត​ដល់​១១​ម៉ោង សម្រាប់​អ្នក​មុជទឹក​ម្នាក់​មុជ ​ទៅ​មក​ទៅ​កាន់​កន្លែង​ពួកក្មេង​ស្នាក់​នៅ ។ គេ​ត្រូវ​មុជទឹក​៦​ម៉ោង​ទៅ និង​៥​ម៉ោង​មក ។ ដូច្នេះ​ហើយ ទើប​ប្រឹង​បូមទឹក​ឲ្យ​ស្រក ដើម្បី​អាច​ងាយ​ដើរ​ចេញ​ដោយ​គ្រាន់តែ​មុជទឹក​នៅ​កន្លែង​ខ្លះ ។ ប្រព័ន្ធ​បូមទឹក​រៀបចំ​ដោយ​ពួក​វិស្វករ​ជប៉ុន បាន​បូមទឹក​ចេញពី​ក្នុង​រូង​ស្មើនឹង​ទឹក​អាង​ហែល​ទឹកអូ​ឡាំ​ពិ​ក​ដល់​ទៅ​ជាង​៥០​ដង​រួច​ហើយ ។

ការ​ស្លាប់​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ពួក​អ្នក​ជួយ​សង្គ្រោះ​ជា​ច្រើន​រយ​នាក់​ដែល​ក្នុង​នោះ​មាន​ជនបរទេស​ជា​ច្រើន​នាក់​ផង​ដែរ ។ព័ត៌មាន​ស្តី​ពី​អ្នក​សង្គ្រោះ​ស្លាប់ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា​នោះ ក៏​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​រន្ធត់​យ៉ាង​ខ្លាំង​ដែរ​នៅ​ប្រទេស​ថៃ ។

យោង​តាម​ប្រភព​ព័ត៌មាន​បរទេស​បានឱ្យ​ដឹង​ថា អតីត​ទាហាន​មុជទឹក​រូប​នេះ ​ឈ្មោះ Samarn Kunun អាយុ​៣៨​ឆ្នាំ បេសកកម្ម​របស់គាត់​គឺ​នាំ​យក​បំពង់​អុកស៊ីហ្សែន​ចូល​ទៅ​កន្លែង​ក្មេង​ប្រុស​ទាំង​១២​នាក់​និង​គ្រូបង្វឹក​ពួក​គេ​ដែល​ជាប់​នៅ​ក្នុង​រូងភ្នំ​នោះ ។ ប៉ុន្តែ​ជា​អកុសល​ពេល​ត្រឡប់​មក​វិញ បំពង់​អុកស៊ីហ្សែន​របស់​គាត់​ក៏​អស់​ធ្វើ​ឱ្យ​ខ្វះ​ខ្យល់​ដកដង្ហើម ហើយ​សន្លប់​បាត់ស្មារតី​នៅ​ក្នុង​ទឹក ក្រោយមក​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង ។

ជុំវិញ​ការ​រិះរក​មធ្យោបាយ ​ដើម្បី​នាំ​ក្មេង​ប្រុស​ទាំងនោះ​ និង​គ្រូបង្វឹក​ពួក​គេ​ចេញពី​រូងភ្នំ​នេះ កំពុង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រិះរក​វិធី​ផ្សេង​ៗ​គ្នា ។ ប្រជាពលរដ្ឋ​ថៃ និង​ក្រុម​អ្នកជំនាញ​ជា​ច្រើន​នាក់ បាន​សរសេរ​ពី​វិធី​ផ្សេង​ៗ​តាម​ការ​យល់ឃើញ​របស់​ពួក​គេ និង​បាន​ផ្ញើ​ទៅ​កាន់រ​ដ្ឋា​ភិបាល​ថៃ ​ឱ្យធ្វើ​ការ​ពិចារណា ។

វិធី​មួយ​ក្នុង​ចំណោម​វិធី​ជា​ច្រើន ដែល​កំពុង​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​​នោះ គឺ​ការ​ប្រើប្រាស់​បំពង់​ធំ​មួយ ក្តារ​ស្គី និង​ទួ​រ​ប៊ី​ន (​ម៉ូ​ទ័​រវិ​ល​ដែល​អាច​រុញច្រាន​របស់​អ្វីមួយ​ឱ្យទៅ​មុខ​បាន​) ធ្វើ​ជា​ឧបករណ៍​សម្រាប់​នាំ​អ្នក​ទាំង​នោះ​ចេញពី​រូងភ្នំ ។ សារព័ត៌មាន​បាងកក​ប៉ុស្តិ៍បាន​ចុះ​ផ្សាយ​ពី​វី​ធី​ខាងលើ​នេះ​និង​បាន​ពន្យល់​ថា ដំបូង​គេ​ត្រូវ​ដាក់​បំពង់​ធំ​មួយ​ពី​កន្លែង​ដែល​ក្មេង​ប្រុស​ទាំងនោះ​និង​គ្រូបង្វឹក​ពួក​គេ​កំពុង​ស្នាក់​នៅ និង​ដាក់​ឱ្យ​ដល់​មាត់​ល្អាង ដែល​ជា​កន្លែង​ត្រូវ​ចេញ​មក​វិញ ។ បន្ទាប់​មក គេ​ប្រើប្រាស់​ក្តារ​ស្គី​ឱ្យ​ក្មេង​ក្រាប​ពីលើ និង​ប្រើ​ប្រាស់​ទួ​រ​ប៊ី​ន​ដែល​មាន​កម្លាំង​ខ្លាំង​ ដើម្បី​រុញ​ក្តារ​ស្គី​នោះ​ឱ្យ​ចេញ​មក​ក្រៅ​បាន ។

ទោះជា​យ៉ាងណា​ក្តី គេ​នៅ​មិន​ទាន់​អនុវត្ត​វិធី​នេះ​នៅឡើយ​ទេ ដោយ​រង់ចាំ​ពិភាក្សា​ជាមួយ​ក្រុម​អ្នកជំនាញ​ជា​មុន​សិន ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា​តើ​អាច​ទៅ​រួច​ឬ​អត់ ប្រសិនបើ​ត្រូវធ្វើ​តាម​វិធី​នេះ ? ​

អត្ថបទសរសេរ ដោយ