ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កា​ស្នេហ៍​ប្រែ​ពណ៌​រុះ​រោយ នាំ​កូន​តូច​ចុះ​ចាក​ចោល​ប្តី ឱ្យ​រស់​ឯកោ​និង​ឈឺ​ចាប់

12 ឆ្នាំ មុន

ខេត្ដ​ប៉ៃ​លិន​ ៖ ធម្ម​ជាតិ​បង្កើត​មនុស្ស​ប្រុស​ស្រី​មក​ក្នុង​លោកិយ​យើង​នេះ​ តែង​ជា​គូ​នឹង​គ្នា​ ។​ ទោះ​បី​ជា​បែប​នេះ​ក្ដី​គូ​ស្នេហ៍​ប្ដី​ប្រ​ពន្ធ​ខ្លះ​ ក៏​មិន​ប្រាកដ​ថា​បាន​រួម​រស់​ជា​មួយ​គ្នា​ រហូត​ចាស់​ព្រឹទ្ធ​ចាស់​ព្រេង​នោះ​ទេ​ តែង​មាន​ការ​បែក​បាក់​ ឬ​ព្រាត់​ប្រាស់​គ្នា​ ហើយ​ភាព​ផ្អែម​ល្ហែម​នៃ​ជី​វិត​បាន​ត្រឹម​តែ​ជា​សុ​បិន​ប៉ុណ្ណោះ ។​ រឿង​រ៉ាវ​ជី​វិត​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ទើប​តែ​រៀប​ការ​ រស់​នៅ​ជា​មួយ​គ្នា​ជាង​មួយ​ឆ្នាំ​ រហូត​បាន​កូន​ស្រី​ម្នាក់​

ខេត្ដ​ប៉ៃ​លិន​ ៖ ធម្ម​ជាតិ​បង្កើត​មនុស្ស​ប្រុស​ស្រី​មក​ក្នុង​លោកិយ​យើង​នេះ​ តែង​ជា​គូ​នឹង​គ្នា​ ។​ ទោះ​បី​ជា​បែប​នេះ​ក្ដី​គូ​ស្នេហ៍​ប្ដី​ប្រ​ពន្ធ​ខ្លះ​ ក៏​មិន​ប្រាកដ​ថា​បាន​រួម​រស់​ជា​មួយ​គ្នា​ រហូត​ចាស់​ព្រឹទ្ធ​ចាស់​ព្រេង​នោះ​ទេ​ តែង​មាន​ការ​បែក​បាក់​ ឬ​ព្រាត់​ប្រាស់​គ្នា​ ហើយ​ភាព​ផ្អែម​ល្ហែម​នៃ​ជី​វិត​បាន​ត្រឹម​តែ​ជា​សុ​បិន​ប៉ុណ្ណោះ ។​ រឿង​រ៉ាវ​ជី​វិត​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ទើប​តែ​រៀប​ការ​ រស់​នៅ​ជា​មួយ​គ្នា​ជាង​មួយ​ឆ្នាំ​ រហូត​បាន​កូន​ស្រី​ម្នាក់​មាន​អាយុ​៤​ខែ​ ក៏​ត្រូវ​ម្ដាយ​ខាង​ស្រី​បំ​បែក​ ដោយ​បង្ខំ​ឱ្យ​នាង​ទៅ​តាម​បុរស​ម្នាក់​ទៀត​ ដែល​គេ​មាន​លុយ​ច្រើន​ ធ្វើ​ឱ្យ​បុរស​ជា​ប្ដី​រស់​នៅ​រង​ទុក្ខ​ ឈឺ​ចុក​ចាប់​ខ្លោច​ផ្សាពេញ​ក្រ​អៅ​បេះ​ដូង​ ។​ បុរស​ជា​ប្ដី​មិន​ដឹង​ជា​ធ្វើ​យ៉ាង​ណា​នឹង​យក​ប្រ​ពន្ធ​កូន​មក​វិញ​បាន​នោះ​ទេ​  មាន​តែ​អង្គុយ​យំ​ម្នាក់​ឯង​ ដោយ​នឹក​ស្រ​ណោះ​អា​ឡោះ​អា​ល័យ​ប្រ​ពន្ធ​និង​កូន​ស្រី​របស់​ខ្លួន​ ។​ សម្ដី​ទាំង​នេះ​គឺ​ជា​ការ​អះ​អាង​របស់​បុរស​ជា​ប្ដី​ ។​

រឿង​រ៉ាវ​ប្រ​ពន្ធ​យក​កូន​ស្រី​អា​យុ​៤​ខែ​ រត់​តាម​ប្រុស​ថ្មី​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៣​០​នា​ទី​ព្រឹក​ថ្ងៃ​ទី​៨​ មី​នា​ ចំ​នឹង​ថ្ងៃ​សិទ្ធិ​នា​រី​ថែម​ទៀត​ ស្ថិត​នៅ​ក្នុង​ភូមិ​វត្ដ​ សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃ​លិន​ ​។​ បុរស​ជា​ប្ដី​ឈ្មោះ​ម៉ៅ​ អាយុ​ ២៥​ឆ្នាំ​ ជា​កម្មករ​មាន​ស្រុក​កំ​ណើត​នៅ​ភូមិ​ព្រែក​ទ្រនប់​ ឃុំ​កំ​ពង់​ស្វាយ​ ស្រុក​ស្អាង​ ខេត្ដ​កណ្ដាល​ មាន​ម្ដាយ​ឈ្មោះ​ម៉ី​ ហៀង​ អា​យុ​៥​៧​ឆ្នាំ​ ឪ​ពុក​ឈ្មោះ​ទ្រី​ លី​ អាយុ​៥​១​ឆ្នាំ​ ជា​កម្មករ​​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ ។​ ចំ​ណែក​ប្រ​ពន្ធ​ឈ្មោះ​មូល​ ស្រី​ចិន​ អាយុ​១​៨​ឆ្នាំ​ មាន​ស្រុក​កំ​ណើត​នៅ​ខេត្ដ​កំ​ពត​ មាន​កូន​ស្រី​ឈ្មោះ​ម៉ៅ​​ ចិន្ដា​ អាយុ​៤​ខែ​ មាន​ម្ដាយ​ឈ្មោះ​ស្រី​ ឃី​ អា​យុ​៤​៧​ឆ្នាំ​​ ជា​ស្រ្ដី​មេ​ម៉ាយ​បច្ចុ​ប្បន្ន​រស់​នៅ​ភូមិ​កុយ​ ឃុំ​សា​លា​ក្រៅ​​ ស្រុក​សា​លា​ក្រៅ​ ។​

តាម​ប្រ​ភព​ពី​ស្រ្ដី​ចំ​ណាស់​ឈ្មោះ​ម៉ី ហៀង​ ត្រូវ​ជា​ម្ដាយ​របស់​បុរស​ប្រ​ពន្ធ​រត់​ចោល​បាន​រៀប​រាប់​ឱ្យ​ដឹង​ថា​ គាត់​មាន​កូន​ប្រុស​២​នាក់​ កូន​ទី​១​-​ឈ្មោះ​លី​ ម៉ៅ​ អាយុ​២​៥​ឆ្នាំ​ ទី​២​-​ឈ្មោះ​លី​ លីន​ អាយុ​១​៨​ឆ្នាំ​ នៅ​លីវ​ សព្វ​ថ្ងៃ​ពួក​គាត់​រស់​នៅ​ធ្វើ​ការ​ជា​កម្មករ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ។​ កាល​ពី​ជាង​១​ឆ្នាំ​មុន​​ កូន​ប្រុស​ច្បង​ឈ្មោះ​ម៉ៅ​ បាន​ចាប់​ចិត្ត​ប្រ​តិ​ព័ទ្ធ​លួច​ស្រ​ឡាញ់​នារី​ម្នាក់​ ដោយ​មិន​បាន​ដឹង​ថា​ នាង​ជា​នា​រី​ដែល​ត្រូវ​គេ​ចាប់​រំ​លោភ​ម្ដង​រួច​មក​ហើយ​នោះ​ទេ​​ ។​ ក្រោយ​ពី​កូន​គាត់​និង​នារី​រូប​នោះ​បាន​ទាក់​ទង​គ្នា​អស់​រយៈ​ពេល​ជាង​១​ខែ​រួច​មក​ ពួក​គេ​ក៏​បាន​ស្គាល់​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​ ។​ នៅ​មុន​រៀប​ការ​ពួក​គេ​ស្រ​ឡាញ់​គ្នា​បាន​ជាង​២​ខែ​ទៅ​ហើយ​ ទើប​កូន​គាត់​បាន​មក​រំ​អុក​ឱ្យ​គាត់​នាំ​ចាស់​ទុំ​ចូល​ទៅ​ស្ដី​ដណ្ដឹង​នា​រី​រូប​នោះ​តាម​ផ្លូវ​ច្បាប់​ ហើយ​គ្រួសារ​ទាំង​ពីរ​ក៏​ព្រម​ព្រៀង​គ្នា​ដែរ​ ដោយ​ម្ដាយ​ខាង​ស្រី​ទារ​ថ្លៃ​ទឹក​ដោះ​ចំ​នួន​តែ​១​០​០​ដុល្លារ​ ។​ ក្រោយ​ពី​ភ្ជាប់​ពាក្យ​រួច​ គាត់​ជា​ម្ដាយ​ខាង​ប្រុស​ក៏​បាន​ទៅ​រក​ហោរ​គន់​គូ​មើល​ថ្ងៃ​ខែ​ ដើម្បី​រើស​វេលា​រៀប​ការ​ឱ្យ​ពួក​គេ​ទាំង​ពីរ​នាក់​ ។​ ពេល​នោះ ម្ដាយ​ខាង​ប្រុស​បាន​កក់​ភ្នួង​ កក់​តុ​ កៅ​អី​ និង​គ្រឿង​ភ្លេង​រួច​រាល់​អស់​ហើយ​​ ដោយ​ចំ​ណាយ​​ជាង​១០០​ដុល្លារ​ ។​ ស្រាប់​តែ​នៅ​ថ្ងៃ​ទី​៥​ មេ​សា​ ឆ្នាំ​២០​១​២​ ស្រ្ដី​ជា​ម្ដាយ​ខាង​ស្រី​បាន​បង្ខំ​កូន​ស្រី​ខ្លួន​ឱ្យ​ទៅ​ដើរ​លេង​ជា​មួយ​ប្រុស​ថ្មី​ម្នាក់​ទៀត​​ដែល​នាង​អត់​បាន​ស្រ​ឡាញ់​ ។​ បុរស​នោះ​គេ​មាន​លុយ​ចាយ​​ និង​មាន​រថយន្ដ​ជិះ​ តែ​នាង​អត់​ព្រម​ទៅ​ជា​មួយ​គេ​ទេ​​ ព្រោះ​នាង​បាន​ស្រ​ឡាញ់​កូន​គាត់​ដែល​ជា​គូ​ដណ្ដឹង​រួច​ទៅ​ហើយ​ គឺ​ឈ្មោះ​ម៉ៅ​ ដោយ​នាង​ប្រាប់​ម្ដាយ​ថា​ គូ​ដណ្ដឹង​នាង​ជា​មនុស្ស​ល្អ​ចេះ​អា​ណិត​អា​សូរ​ ស្មោះ​ត្រង់​ ទោះ​បី​ជា​រូប​នាង​ត្រូវ​គេ​ចាប់​រំ​លោភ​ម្ដង​រួច​ទៅ​ហើយ​ ក៏​គាត់​មិន​ព្រម​បោះ​បង់​នាង​ចោល​ដែរ​ ។​ នាង​បាន​សារ​ភាព​នៅ​ចំ​ពោះ​មុខ​កូន​ប្រុស​គាត់​ថា​ នាង​នៅតែ​ជា​ប្រ​ពន្ធ​ដ​ដែល​ ក្រោយ​មក​នាង​ក៏​រត់​ចេញ​ពី​ផ្ទះ​ម្ដាយ​បង្កើត​របស់​ខ្លួន​មក​រស់​នៅ​ផ្ទះ​គាត់​ជា​ម្ដាយ​ខាង​ប្រុស​ជា​គូ​ដណ្ដឹង​ ព្រោះ​ម្ដាយ​បង្កើត​វាយ​ បង្ខំ​នាង​ឱ្យ​យក​ប្រុស​ថ្មី​ដែល​មាន​ទ្រព្យ​សម្បត្ដិ​ តែ​នាង​មិន​ស្ដាប់​តាម​គាត់​ដែល​បង្ខំ​ឱ្យ​ទៅ​ទាក់​ទង​ប្រុស​ថ្មី​ម្នាក់​ទៀត​នោះ​ទេ​​ ។​
ក្រោយ​ពី​នោះ​មក​ នាង​ត្រូវ​ម្ដាយ​កាត់​កាល​ចោល​ ទោះ​បី​ជា​ដល់​ថ្ងៃ​រៀប​ការ​ពួក​គេ​ទាំង​ពីរ​នាក់​ ក៏​គាត់​អត់​មក​ចូល​រួម​ដែរ​​ គឺ​មាន​តែ​ម្ដាយ​និង​ឪ​ពុក​ខាង​ប្រុស​ ព្រម​ទាំង​ញាតិ​សន្ដាន​ជិត​ខាង​ចូល​រួម​តែ​ប៉ុណ្ណោះ​ ។​ ក្រោយ​រៀប​ការ​នៅ​ថ្ងៃ​ទី​១​៦​ មេ​សា​ ឆ្នាំ​២​០​១​២​ រួច​មក​ អ្នក​ទាំង​ពីរ​បាន​នាំ​គ្នា​គេច​ខ្លួន​ទៅ​រស់​នៅ​ស្រុក​សំ​ពៅ​លូន​ ខេត្ដ​បាត់​ដំ​បង​ ព្រោះ​ខ្លាច​ម្ដាយ​ខាង​ស្រី​តាម​បំ​បែក​ជា​បន្ដ​ទៀត​ ដោយ​បង្ខំ​ឱ្យ​នាង​ទៅ​យក​ប្ដី​ថ្មី​ ។​

ស្រ្ដី​ជា​ម្ដាយ​ខាង​ប្រុស​ដែលពេល​នេះ​ប្រ​ពន្ធ​និង​កូន​ឃ្លាត​បាត់​ទាំង​ស្រ​មោល​ទៅ​ហើយ​បន្ដ​ថា​ លុះ​ពួក​គេ​ទៅ​រស់​នៅ​ទី​នោះ​បាន​ប្រ​ហែល​៣​ទៅ​៤​ខែ​ គាត់​ជា​ម្ដាយ​ខាង​ប្រុស​សុំ​ឱ្យ​ពួក​គេ​ទាំង​ពីរ​នាក់​ត្រ​ឡប់​មក​ធ្វើ​ជា​កម្មករ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​វិញ​ ហើយ​ពេល​នោះ​កូន​ប្រ​សា​ស្រី​មាន​ផ្ទៃ​ពោះ​៣​ខែ​ទៅ​ហើយ​ ស្រាប់​តែ​ម្ដាយ​ខាង​ស្រី​មក​ជួប​កូនរបស់​ខ្លួន​ សុំ​ឱ្យ​នាង​រំ​លូត​កូន​ក្នុង​ផ្ទៃ​ចោល​ ដោយ​ប្រាប់​នាង​ថា​កុំ​ទុក​អី​ កូន​នេះ​ជា​កូន​របស់​បុរស​ដែល​រំ​លោភ​នាង​ពី​មុន​មក​ទេ​ ហើយ​បើ​សិន​ជា​កូន​អា​ឈាម​ខ្មៅ​ដែល​ឯង​រៀប​ការ​នេះ​ ក៏​មិន​ត្រូវ​ទុក​ដែរ​ ព្រោះ​វា​ក្រ​រហេម​រហាម សូម​មក​តាម​ម៉ែ​ ហើយ​យក​ប្ដី​ថ្មី​ទៀត​ទៅ​ មិន​ខ្វះ​ទេ​អ្នក​ស្រ​ឡាញ់​កូន​នោះ​ ។​ តែ​នាង​ជា​ប្រ​ពន្ធ​មិន​ព្រម​តាម​ម្ដាយ​ទេ​​ ដោយ​នាង​និ​យាយ​ថា​ ក្មេង​នេះ​ជា​កូន​ប្ដី​របស់​នាង​ នាង​មិន​ព្រម​យក​ចេញ​ទៅ​ណា​ទេ​ ព្រោះ​អី​នាង​ត្រូ​វគេ​រំ​លោភ​ រួច​បោះ​បង់​ចោល​ តែ​ត្រូវ​បាន​ប្ដី​រូប​នេះ​ជួយ​សង្គ្រោះ​យក​នាង​មក​ធ្វើ​ជា​ប្រ​ពន្ធ​ពេញ​ច្បាប់​ ថែម​ទាំង​ថ្នាក់​ថ្នម​នាង​ដោយ​ក្ដី​ស្រ​ឡាញ់​​ទៀត​ផង​ ។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រោយ​មក​ដោយ​ម្ដាយ​នាង​នៅ​តែ​បន្ដ​លួង​លោម​បញ្ឆោត​ឱ្យ​នាង​ចេញ​ពី​ប្ដី​ ព្រម​ទាំង​មាន​បង​ស្រី​របស់​នាង​បាន​ទូរ​ស័ព្ទ​ប្រាប់​ឱ្យ​នាង​ រត់​ចេញ​ពី​ប្ដី​អោយ​ទៅ​រស់​នៅ​ជាម​ួយ​ពួក​គេ​នៅ​ទី​នោះ​ ហើយ​យក​ប្ដី​ថ្មី​ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ មី​នា​ ស្រាប់​តែ​ម្ដាយ​របស់​នាង​បាន​ទូរ​ស័ព្ទ​ឱ្យ​ម៉ូ​តូ​ឌុប​ម្នាក់​មក​ដឹក​នាង​លួច​រត់​គេច​ខ្លួន​បាត់​ស្រ​មោល​ទៅ​ ។​ ពេល​នេះ​គាត់​ជា​ម្ដាយ​ខាង​ប្រុស​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ខាង​មន្ទីរ​កិច្ច​ការ​នា​រី​រួច​រាល់​ហើយ​ ចំ​ណែក​ខាង​សមត្ថ​កិច្ច​នៅ​ថ្ងៃ​ទី​​៨​ មីនា​ នេះ​គេ​អត់​ធ្វើ​ការ​ទេ​​ ។​​ គាត់​ដាក់​ពាក្យ​ប្ដឹង​នេះ​គឺ​ ដើម្បី​ឱ្យ​ពួក​គេ​យក​ចៅ​ស្រី​របស់​គាត់​ត្រ​ឡប់​មក​វិញ​ និង​ចោទ​ពី​បទ​ជួញ​ដូរ​មនុស្ស​ខុស​ច្បាប់​ ។​

ចំ​ណែក​លោក​​ ម៉ៅ​ ត្រូវ​ជា​ប្ដី​បាន​រៀប​រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​រៀប​ការ​រូប​គេ​បាន​ទៅ​ហូប​ស្រា​បៀរ​ជា​មួយ​មិត្ដ​ភក្ដិ​ជា​ច្រើន​នាក់​នៅ​ក្បែរ​ផ្ទះ​របស់​នាង​ ពេល​បាន​ឃើញ​នាង​ក៏​ចាប់​ចិត្ត​លួច​ស្រ​ឡាញ់​ ។​ លុះ​ក្រោយ​មក​ ក៏​សុំ​លេខ​ទូរ​ស័ព្ទ​របស់​នាង​ ហើយ​ពេល​ត្រ​ឡប់​មក​ដល់​ផ្ទះ​វិញ​ ក៏​បាន​ទាក់​ទង​សា​សង​គ្នា​តាម​ទូរ​ស័ព្ទ​ជា​រៀង​រាល់​ថ្ងៃ​ រហូត​ដល់​បង្កើត​ជា​សេចក្ដី​ស្នេហា​រិត​ចំ​ណង​បេះ​ដូង​ ។​ ប្រ​ភព​បន្ដ​ទៀត​ថា​ ក្រោយ​ពេល​ទាក់​ទង​គ្នា​បាន​១​ខែ​កន្លះ​ នាង​ក៏​ចាប់​ចិត្ត​ស្រ​ឡាញ់​ទៅ​លើ​រូប​គេ​ ចំ​ណែក​រូប​គេ​ក៏​ស្រ​ឡាញ់​នាង​យ៉ាង​ខ្លាំង​ស្ទើរ​តែ​បាត់​មុខ​មិន​បាន​ដែរ​ ហើយ​ក៏​អត់​ដឹង​ថា​ នាង​ជា​នា​រី​ដែល​អស់​ភាព​បរិ​សុទ្ធ​ដែរ​ តែ​ក្រោយ​ពី​ដណ្ដឹង​នាង​រួច​ នាង​បាន​ប្រាប់​ថា​ ត្រូវ​គេ​ចាប់​រំ​លោភ​ម្ដង​រួច​មក​ហើយ​ នៅ​ក្នុង​គម្ពោធ​ព្រៃ​ក្បែរ​មាត់​ស្ទឹង​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​ស្ទឹង​កាច់​ ឃុំ​សា​លា​ក្រៅ​ ស្រុក​សា​លា​ក្រៅ​។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ រូប​គេ​នៅ​តែ​ស្រឡាញ់​នាង​មិន​ព្រម​ដោះ​ដៃ​ បោះ​បង់​ចោល​នាង​ទេ​ ដោយ​អា​ណិង​អា​សូរ​នាង​កាន់​តែ​ខ្លាំង​ ទើប​ឱ្យ​ម្ដាយ​ចូល​ស្ដី​ដណ្ដឹង​និង​រៀប​ការ​រស់​នៅ​ជា​មួយ​គ្នា​តាំង​ពី​ពេល​នោះ​មក​ ។​ ប៉ុន្ដែ​នៅ​មុន​ពេល​រៀប​ការ​ម្ដាយ​ខាង​ស្រី​គាត់​បាន​និ​យាយ​កាត់​កាល​កូន​របស់​ខ្លួន​ចោល​រួច​ទៅ​ហើយ​ ព្រោះ​ខឹង​នឹង​នាង​មិន​ព្រម​ទៅ​ដើរ​លេង​ជា​មួយ​ប្រុស​ផ្សេង​ម្នាក់​ទៀត​ជា​អ្នក​មាន​លុយ​ មាន​ឡាន​ កាល​ពី​រដូវ​ចូល​ឆ្នាំ​ខ្មែរ​​ ឆ្នាំ​២​០​១​២​ កន្លង​មក​ បើ​ទោះ​បី​ជា​ដឹង​ថា​ ពួក​គាត់​បាន​ភ្ជាប់​ពាក្យ​នឹង​គ្នា​ហើយ​ក៏​ដោយ​ ។​

បន្ទាប់​ពី​រៀប​ការ​រួច​ពួកគេ​ក៏​នៅ​មិន​សុខ​ទេ​ ព្រោះ​ម្ដាយ​នាង​តាម​វាយ​ដំ​ធ្វើ​បាប​ប្រ​ពន្ធ​ ទោះ​បី​ជា​ម្ដាយ​ខាង​ប្រុស​ធ្លាប់​ហៅ​សមត្ថ​កិច្ច​មក​ជួយ​ឃាត់​ឃាំង​ជា​ច្រើន​ដង​យ៉ាង​ណា​ក៏​មិន​អាច​ធ្វើ​ទៅ​បាន​ដែរ​​ ព្រោះ​គាត់​ជា​មនុស្ស​ប្រ​មឹក​ ។​

ទាក់​ទិន​នឹង​ការ​បាត់​ប្រ​ពន្ធ​ជា​ទី​ស្រ​ឡាញ់​និង​កូន​ស្រី​តូច​ បុរស​ជា​ប្ដី​និង​ស្រ្ដី​ជា​ម្ដាយ​របស់​ខ្លួន​ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថ​កិច្ច​ ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់​គឺ​មិន​ឱ្យ​ខាង​ម្ដាយ​ក្មេក​ប្រព្រឹត្ត​ផ្ដេស​ផ្ដាស​តាម​អំ​ពើ​ចិត្ត​បែប​នេះ​ទេ​​ ៕​ ​