ក្នុងកាលាមសូត្រនៃអង្គុត្តរនិកាយ តិកនិបាត ព្រះសម្ពុទ្ធបានសម្តែងអំពីវិធីបដិបត្តិក្នុងរឿងដែលគួរសង្ស័យ ឬគោលការណ៍នៃការជឿចំនួន១០យ៉ាង សម្រាប់ជាការពិចារណា ពិសោធន៍មុននឹងជឿរឿងនោះថា ពិតឬមិនពិត ។ គោលការណ៍ទាំង១០នោះគឺៈ
១-មា អនុស្សវេន កុំដាក់ចិត្តជឿ ព្រោះគ្រាន់តែការបានស្តាប់តៗគ្នាមក។
២-មា បរម្បរាយ កុំដាក់ចិត្តជឿ ព្រោះដោយការកាន់តៗគ្នាជាប្រពៃណីពីបុរាណ ឬពីដើមមក។
៣-មា ឥតិករាយ កុំដាក់ចិត្តជឿ ព្រោះដោយការនិទានតៗគ្នា ។
៤-មា បិដកសម្បទានេន កុំដាក់ចិត្តជឿ ព្រោះដោយការអាងតម្រា ឬគម្ពីរ ។
៥-មា តក្កហេតុ កុំដាក់ចិត្តជឿព្រោះការគិតបែបតក្កវិទ្យា។
៦-មា នយហេតុ កុំដាក់ចិត្តជឿដោយមិនមានហេតុផល ។
៧-មា អាការបរិវិតក្កេន កុំដាក់ចិត្តជឿ ដោយការគិតពិចារណា តាមបែបហេតុផល។
៨-មា ទិដ្ឋិនជ្ឈានក្ខន្តិយា កុំដាក់ចិត្តជឿ ព្រោះត្រូវនឹងទ្រឹស្តីដែលពិនិត្យហើយ ។
៩-មា ភព្វរូបកាយ កុំដាក់ចិត្តជឿ ព្រោះមើលទៅរូបលក្ខណៈ ហាក់ដូចជាអញ្ចឹងមែន ។
១០-មា សមណោ កុំដាក់ចិត្តជឿ ព្រោះសង្ឃអង្គនេះជាគ្រូរបស់យើង ។
បើដូច្នេះ តើយើងគួរជឿងដូចម្តេច ?
ព្រះសម្ពុទ្ធបានត្រាស់ថា លុះត្រាតែកាលណាដឹងច្បាស់ដោយចិត្តរបស់ខ្លួនថា ធម៌ទាំងអស់នោះជាអកុសល ជាកុសល មានទោស មិនមានទោស ជាដើមហើយ ទើបគួរលះបង់ចេញ ឬគួរបដិបត្តិតាមនោះ ។
អ្នកដឹកនាំជាអ្នកទទួលខុសត្រូវលើវាសនារបស់អ្នកដទៃទៀតជាច្រើន ដូច្នេះមុននឹងជឿត្រូវពិចារណាលើគោលការណ៍ទាំង១០នេះជាមុនសិនដើម្បីកុំឱ្យមានវិប្បដិសារីនៅពេលក្រោយ ដូចសុភាសិតខ្មែរថា ស្តាប់មិនទាន់ជាក់ កុំអាលញាក់ចិញ្ចើម ។
ចែករំលែកព័តមាននេះ