ខេត្តស្វាយរៀង ៖ រឿងរ៉ាវហួសចិត្តមួយបានកើតឡើង ដោយសារតែគ្មានការយល់អធ្យាស្រ័យគ្នាបណ្តាលឱ្យមីងនិងក្មួយ វាយតប់គ្នាដោយចោទថា ក្មួយស្រីចងគោបន្លាយខ្សែឱ្យស៊ីដំណាំម្តាយមីង ។ ការផ្ទុះជម្លោះវាយតប់និងកាប់គ្នានេះ គឺបានកើតឡើងខណៈក្មួយស្រីវាយម្តាយមីង ពេលនោះកូនឃើញបងស្រីជីដូនមួយវាយម្តាយក៏ទាញបានកាំបិតបុ័ងតោ កាប់បងស្រី៣កាំបិតចំក្បាលផុងលលាដ៍ ។ ចំណែកបុរសជាប្តីឃើញប្អូនថ្លៃកាប់ក្បាលប្រពន្ធ ក៏យកព្រនង់ទៅវាយប្អូនថ្លៃចំកនិងក្បាលសន្លប់ស្តូក ។
មន្ត្រីសមត្ថកិច្ចប្រាប់ឱ្យដឹងថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ មីនា វេលាម៉ោង៧និង៣០នាទីយប់ នៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ។ ពាក់ព័ន្ធនឹងករណីខាងលើលោកវរសេនីយ៍ត្រីកែវ សុថា នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តឱ្យដឹងថា មុនពេលកើតហេតុស្ត្រីឈ្មោះជុំ ចន្ថា អាយុ៤៧ឆ្នាំ បានយកគោទៅចងឱ្យស៊ីស្មៅនៅក្បែរផ្ទះម្តាយមីងឈ្មោះសំ សាវី អាយុ៥០ឆ្នាំ ដែលមានផ្ទះក្បែរគ្នា ប៉ុន្តែដោយសារចងគោបន្លាយខ្សែបណ្តាលឱ្យគោទៅស៊ីដំណាំ របស់ម្តាយមីង ។ ពេលនោះម្តាយមីងឈ្មោះសំ សាវី ក៏ស្រាយចំណងខ្សែលែង ធ្វើឱ្យក្មួយស្រីខឹងក៏ផ្ទុះជាជម្លោះរវាងម្តាយមីងនិង ក្មួយស្រី។
ដោយកំហឹង ក្មួយស្រីរូបនេះបានយកព្រនង់ប៉ុនកដៃវាយទៅលើម្តាយមីងចំ ក្បាល២ព្រនង់ បណ្តាលឱ្យបែកដួលសន្លប់នៅនឹងកន្លែង ស្របពេលនោះកូនប្រុសស្ត្រីរងគ្រោះឈ្មោះភុន សីហា អាយុ៣៣ឆ្នាំ ឃើញបងស្រីជីដូនមួយវាយម្តាយខ្លួន ក៏ទាញបានកាំបិតប័ុងតោស្ទុះទៅកាប់ឈ្មោះជុំ ចន្ថា ចំនួន៣កាំបិតគឺ២កាំបិតចំក្បាលពីលើ និងមួយកាំបិតចំចិញ្ចើមរងរបួសធ្ងន់ហូរឈាមស្រោចពេញផ្ទៃមុខ ។ ស្របពេលនោះបុរសជាប្តីស្ត្រីរងគ្រោះឈ្មោះកែវ នី អាយុ៥០ឆ្នាំ ពេលឃើញប្អូនថ្លៃកាប់ប្រពន្ធខ្លួន ក៏ទាញបានព្រនង់ប៉ុនកដៃស្ទុះទៅវាយប្អូនថ្លៃឈ្មោះភុន សីហា ២-៣ព្រនង់ចំក និងចំក្បាលដួលសន្លប់នៅនឹងកន្លែង ។
ក្រោយកើតហេតុស្ត្រី២នាក់ម្តាយមីងនិងក្មួយត្រូវបានក្រុម គ្រួសារនាំយកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូ ដើម្បីសង្គ្រោះ ។ ចំណែកបុរស២នាក់គឺបងថ្លៃនិងប្អូនថ្លៃ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកស្នងការដា្ឋននគរបាលខេត្ត រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ។ បុរសទាំងពីរនាក់ ត្រូវបានសាលាដំបូងខេត្តឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត នៅថ្ងៃទី១៣ មីនា គឺឈ្មោះភុន សីហា និងឈ្មោះកែវ នី រីឯស្ត្រីឈ្មោះជុំ ចន្ថា ដែលរងរបួសធ្ងន់ក៏ត្រូវព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ដែរ តែឱ្យនៅក្រៅឃុំព្រោះមានរបួសធ្ងន់កំពុងព្យាបាល ។
អ្នកស្រុកមានការហួសចិត្តចំពោះម្តាយមីងដែលគ្រាន់តែគោស៊ី ដំណាំបន្តិចបន្តួចក៏ឈានដល់ការវាយនិងកាប់គ្នារហូតរងរបួស ធ្ងន់២នាក់ដេកពេទ្យ និងពីរនាក់ជាប់ពន្ធនាគារ ។ ពាក្យចាស់លោកបានណែនាំថា ខឹងខុស ខឹងខូច ខឹងខាត ដូចករណីខាងលើដោយខ្វះការយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ទើបសាច់ឈាមឯងបង្ហូរឈាមគ្នាបែបនេះ ៕
ចែករំលែកព័តមាននេះ